២០១៧
របៀប​ដឹង​ដោយ​ខ្លួន​ឯង​ផ្ទាល់
October 2017


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

របៀប ដឹង​ដោយ​ខ្លួន​ឯង​ផ្ទាល់

ដកស្រង់​ចេញ​ពី​កម្មវិធី Face to Face ខែ មិនា ឆ្នាំ ២០១៧ ជាមួយ​ប្រធាន ហិនរី ប៊ី អាវរិង និង​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ។

រូបភាព
young man

ប្អូនៗ​យុវវ័យ​ជាទី​ស្រឡាញ់​របស់​យើង យើង​មាន​បំណង​ប្រាថ្នា​សម្រាប់​ប្អូនៗ​គ្រប់​គ្នា​ថា ប្អូនៗ​អាច​ដឹង​ដោយ​ខ្លួន​ឯង ដោយ​ឯករាជ្យ​ពី​អ្នក​ផ្សេង​ទៀត​ថា ព្រះ​នៃ​ស្ថានសួគ៌​គឺ​មាន​ពិត ថា​ទ្រង់​ស្រឡាញ់​ប្អូនៗ ហើយ​ថា​ព្រះរាជបុត្រា​ទ្រង់​បាន​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​ពិភពលោក​នេះ ។

យើង​សង្ឃឹម​ថា ប្អូនៗ​នឹង​ទទួល​បាន​ទីបន្ទាល់​ដ៏​ឥត​ងាករេ​មួយ​ដោយ​ខ្លួន​ឯង​ថា ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ស្តារ​ឡើង​វិញ​មក​កាន់​ផែនដី​នេះ​សម្រាប់​គ្រា​ចុង​ក្រោយ​នេះ ។ បេសកកម្ម​របស់ យ៉ូសែប ស៊្មីធ គឺ​ពិសេស ប៉ុន្តែ​ការអធិស្ឋាន​ដ៏​រាបសា​របស់​លោក​គឺ​ជា​គំរូ​ដ៏​មាន​ប្រយោជន៍​សម្រាប់​ប្អូនៗ និង​សម្រាប់​ខ្ញុំ ។ យ៉ូសែប បាន​ចាប់ផ្តើម​ទៅ​ព្រៃ​ពិសិដ្ឋ​ដើម្បី អធិស្ឋាន​ដោយ​សេចក្តីជំនឿ ថា ព្រះ​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​លោក ហើយ​ជួយ​លោក​ឲ្យ​ធូរស្បើយ​ពី​ការច្របូកច្របល់​របស់​លោក ។ លោក​បាន​ទទួល​ការបញ្ជាក់​នោះ​តាមរយៈ ការអាន​ព្រះបន្ទូល​ព្រះ និង ការទទួល​បាន​នូវ​ទីបន្ទាល់​មួយ ថា វា​គឺ​ជា​ការពិត ។ យ៉ូសែប ក៏​បាន​អធិស្ឋាន​ដោយ​ពុំ​គ្រាន់តែ​ចង់​ស្តាប់​ប៉ុណ្ណោះ​ឡើយ ថែម​ទាំង​ចង់​ធ្វើ​តាម​ទោះ​បី​វា​លំបាក​យ៉ាង​ណា​ក្តី ។ លោក​បាន​តាំងចិត្ត ធ្វើ​តាម​អ្វី​ដែល​ព្រះ​បាន​មាន​បន្ទូល មក​កាន់​លោក ។

នៅក្នុង​ស្មារតី​នោះ ខ្ញុំ​ចង់​ផ្តល់​ការអញ្ជើញ​ដល់​ពួក​យុវវ័យ​សាសនាចក្រ ។ ការអញ្ជើញ​នោះ​គឺ ៖ ចូរ​ដឹង​ដោយ​ខ្លួន​ឯង​ថា កិច្ចការ​ទាំង​នេះ​គឺជា​ការពិត ។ ប្អូន​អាច​ធ្វើ​យ៉ាង​នេះ​បាន តាមរយៈ​ការធ្វើ​តាម​គំរូ​របស់ យ៉ូសែប ស្ម៊ីធ ៖ សិក្សា​ព្រះគម្ពីរ ចូរ​ឲ្យ​ព្រះបន្ទូល​ជ្រាបចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ចិត្ត​អ្នក ពិចារណា​អំពី​វា ម្តង​ហើយ​ម្តង​ទៀត ហើយ​ក្រោយ​មក សូម​ដល់​ព្រះ ដោយ​មាន​ឆន្ទៈ​ទទួល​យក​ការណែនាំ​របស់​ទ្រង់ — ដោយ​ពិតប្រាកដ​ថា ព្រះទ័យ​ទ្រង់​នឹង​បាន​សម្រេច ។

ដោយសារ​ការអញ្ជើញ​នេះ​ហាក់​ដូច​ជា​ការអញ្ជើញ​ដ៏​សាមញ្ញ​មួយ នោះ​ខ្ញុំ​សន្យា​នឹង​ប្អូនៗ​ថា វា​ត្រូវការ​ការខំខ្នះខ្នែង​ជា​ខ្លាំង ។ ខ្ញុំ​ពុំ​អាច​សន្យា​ថា ចម្លើយ​របស់​ប្អូន​នឹង​មកក្នុង​រយៈពេល​មួយ​ថ្ងៃ ឬ​មួយ​សប្តាហ៍​នោះ​ឡើយ ប៉ុន្តែ​ខ្ញុំ​អាច​សន្យា​ថា ព្រះ​នឹង​មាន​បន្ទូល​ទៅ​ប្អូន​តាមរបៀប​របស់​ទ្រង់ និង​តាម​ពេល​របស់​ទ្រង់ ប្រសិនបើ​ប្អូនៗ​ទូលសូម​ដោយ​សេចក្តីជំនឿ ។ ពេល​ប្អូន ទទួល​យក ហើយ ធ្វើ​តាម​ការអញ្ជើញ​នេះ នោះ​ប្អូនៗ​នឹង​ឃើញ​ថា ប្អូនៗ​មិន​ត្រឹមតែ​ទទួល​បាន​ចម្លើយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្អូនៗ​ក៏​នឹង​បង្កើត​លំនាំ​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ដែល​នឹង​ផ្តល់​ពរ​ជ័យ​ដល់​ប្អូន​ពេញ​មួយ​ជីវិត ។