២០១៧
ព្រះវរបិតាសួគ៌​ខ្វល់​ព្រះទ័យ​អំពី​អាជីវកម្ម​ខ្ញុំ
October 2017


ព្រះវរបិតាសួគ៌​ខ្វល់​ព្រះទ័យ​អំពី​អាជីវកម្ម​ខ្ញុំ

ប៊ូយីសីល ស្សូម៉ា ​ទីក្រុង​ខ្វាស្សូលូ ណាតាល់ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង

រូបភាព
woman sewing

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ក្នុងនាម​ជា​ម្តាយ​ទោល​ម្នាក់​ដែល​មាន​កូន​ប្រាំ​នាក់ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ការទទួល​ខុសត្រូវ​ដ៏ធ្ងន់​ក្នុងការ​ផ្គត់ផ្គង់​ដល់​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​ជា​កម្មករក្នុង​ស្រុក ប៉ុន្តែ​ការងារ​ខ្ញុំ​ពុំ​អាច​ផ្តល់​ប្រាក់​គ្រប់គ្រាន់​ដល់​គ្រួសារ​ខ្ញុំ​ឡើយ ។ ខ្ញុំ​បាន​ចូលរួម​ក្រុម​ភាព​ខ្លួន​ទីពឹង​ខ្លួន ដូច្នេះ​ខ្ញុំ​អាច​រៀន​អំពី​របៀប​កែលម្អ​ស្ថានភាព​របស់​ខ្ញុំ ។

ខ្ញុំ​ទទួល​បាន​ការបំផុស​គំនិត​តាមរយៈ​ក្រុម « ការចាប់ផ្តើម និង​ការពង្រីក​អាជីវកម្ម​របស់​ខ្ញុំ » ហើយ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​អាច​ដេរ និង​លក់​កាបូប​អ៊ីសូឡង់​សម្រាប់​ច្រក​ឆ្នាំង​អគ្គិសនី​ចំអិន​ពេល​យូរ ។ បន្ទាប់​ពី​ខ្ញុំ​ចេញ​ពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​បាន​ដេរ​កាបូប​នោះ​ដល់​យប់​ជ្រៅ ។

យប់​មួយ ខ្ញុំ​បាន​ធ្វើ​ការ​ដល់​យប់​ជ្រៅ ដោយសារ​គេ​បញ្ជា​ទិញ​ច្រើន ហើយ​ពេល​កំណត់​គឺ​នៅ​ព្រឹក​បន្ទាប់ តែ​ម៉ាស៊ីនដេរ​របស់​ខ្ញុំ​បាន​ខូច ។ វា​ពាក់​កណ្តាល​អាធ្រាត​ទៅហើយ ដូច្នេះ​គ្មាន​ជាង​ម៉ាស៊ីន​ណា​មក​ជួសជុល​បាន​ឡើយ ។ ម៉ាស៊ីន​នោះ​មាន​ប្រអប់​ឧបករណ៍​តូច​មួយ​នៅជាប់​ជាមួយ​វា ប៉ុន្តែ​ខ្ញុំ​ពុំ​ធ្លាប់​ជួសជុល​ម៉ាស៊ីនដេរ​ពីមុន​ឡើយ ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវចាប់ផ្តើម​ពី​ចំណុច​ណា​ឡើយ ។

បន្ទាប់​មក មេរៀន​នៅក្នុង​សៀវភៅ មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ដែល​មាន​ចំណង​ជើង​ថា « អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ » បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ដាក់​ទី​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​អធិស្ឋាន​ទូលអង្វរ​ដូចនេះ ៖ « ឱ ព្រះវរបិតាសួគ៌​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ជួសជុល​ម៉ាស៊ីន​នេះ​ផង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ដេរ​តាម​ការបញ្ជា​ទិញ​របស់​អតិថិជន​ខ្ញុំ ដែល​គេ​នឹង​ប្រមូល​នៅ​ព្រឹក​ស្អែក​នេះ ។ ឱ ព្រះវរបិតាសួគ៌​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង ! »

បន្ទាប់​មក ខ្ញុំ​បាន​ទទួល​ការបំផុស​គំនិត​ដ៏​ច្បាស់​មួយ ឲ្យ​យក​ទុលល្វីស​មួយ​ចេញ​ពី​ប្រអប់​ឧបករណ៍​នោះ ហើយ​ប្រើ​វា​ដើម្បី​រុញ​លើ​ផ្នែក​ពិសេស​មួយ​របស់​ម៉ាស៊ីន​ដេរ​នោះ ។ ខ្ញុំ​បាន​ធ្វើ​តាម​ការបំផុស​គំនិត​នោះ ដោយ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​សេចក្តីជំនឿ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទប់​ដង្ហើម​ពេល​ខ្ញុំ​បើក​ម៉ាស៊ីន​ដេរ​នោះ​ឡើង​វិញ ។ ម៉ាស៊ីន​ដេរ​នោះ​បាន​ដំណើរ​ការ​ឡើង​វិញ !

ខ្ញុំ​អាច​ដេរ​ទាន់​ការបញ្ជា​ទិញ​ត្រឹម​ថ្ងៃ​កំណត់ ។ ខ្ញុំ​បាន​ឃើញ​ពី​អព្ភូតហេតុ​ក្នុងការ​មាន​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជាដៃគូ​អាជីវកម្ម ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​បន្ត​ទទួល​បាន​ពរជ័យ នៅពេល​ខ្ញុំ​ព្យាយាម​រក​ឱកាស​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ក្រុមភាព​ខ្លួន​ទីពឹង​ខ្លួន ។