២០១៧
ការប្រែក្លាយ​ជា​សិស្ស​ដ៏​ពិត
October 2017


សារលិខិត​គណៈប្រធាន​ទី​មួយ

ការប្រែក្លាយ​ជា​សិស្ស​ដ៏​ពិត

រូបភាព
youth, woman, man silhouettes

នៅក្នុង​គ្រប់​ការប្រជុំ​សាក្រាម៉ង់ យើង​មាន​ឯកសិទ្ធិ​នៃ​ការសន្យា​របស់​ព្រះវរបិតាសួគ៌​ដែល​ថា យើង​នឹង​ចងចាំ​ព្រះអង្គ​សង្គ្រោះ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ( សូមមើល មរ៉ូណៃ ៤:៣; ៥:២; គ. និង ស. ២០:៧៧, ៧៩ ) ។ ការចងចាំ​ដល់​ទ្រង់​នឹង​កើត​ឡើង​ដោយ​ឯកឯង នៅពេល​យើង​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​យើង ។ យើង​ធ្វើ​ការណ៍​នេះ​តាម​របៀប​ជាច្រើន ជាពិសេស​ពេល​យើង​បម្រើ​អ្នកដទៃ​នៅ​ក្នុង​ព្រះនាម​ទ្រង់ អាន​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​អធិស្ឋាន​ទូល​សូម​ឲ្យដឹង​អំពី​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើ ។

រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ពេល​ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​យុវជន​ម្នាក់ ។ ខ្ញុំ​បាន​ដឹង​ថា អ្នកបម្រើ​ដែល​ត្រូវ​បាន​រើសតាំង​របស់​ព្រះអង្គសង្គ្រោះ​បាន​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដើម្បី​បង្រៀន​ដំណឹង​ល្អ​ទ្រង់ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​សាសនាចក្រ​ដ៏​ពិត​របស់​ទ្រង់ ។ ដៃ​គូ​ផ្សព្វផ្សាយ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​សន្យា​ដល់​យុវជន​នោះ​ថា គាត់​នឹង​បាន​ជ្រះស្អាត​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ពេល​គាត់​ប្រែចិត្ត​ដោយ​មាន​សេចក្តីជំនឿ​លើ​ព្រះអង្គសង្គ្រោះ ហើយ​ជ្រមុជទឹក​ដោយ​អ្នក​បម្រើ​ដែល​មាន​សិទ្ធិ​អំណាច​ម្នាក់​របស់​ទ្រង់ ។

ពេល​ខ្ញុំ​លើក​យុវជន​នោះ​ចេញ​ពី​ទឹក​នៃ​អាង​ជ្រមុជ​វិញ គាត់​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​បាន​ជ្រះស្អាត​ហើយ ខ្ញុំ​បាន​ជ្រះស្អាត​ហើយ » ។ នា​គ្រា​នោះ ខ្ញុំ​បាន​ចងចាំ​អំពី​បុណ្យ​ជ្រមុជ​ទឹក​របស់​ព្រះអង្គសង្គ្រោះ​ដោយ យ៉ូហាន បាទីស្ទ នៅក្នុង​ទន្លេ​យ័រដាន់ ។ លើសពីនោះ​ទៀត ខ្ញុំ​បាន​ចងចាំ​ថា ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​មាន​ព្រះជន្មរស់​ឡើង​វិញ និង​កំពុង​មាន​ព្រះជន្មរស់ — ដោយ​មាន​វត្តមាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូច​យ៉ូហាន​បាន​មាន​ដែរ ។

ចំពោះ​ខ្ញុំ និង​ពួក​យើង​ម្នាក់ៗ ការចងចាំ​ព្រះអង្គសង្គ្រោះ​អាច​លើស​ពី​ការគ្រាន់​តែ​ពឹង​ទៅលើ​អនុស្សាវរីយ៍​នៃ​ការយល់​ដឹង និង​បទពិសោធន៍​របស់​យើង​ជាមួយ​ទ្រង់​ទៅ​ទៀត ។ យើង​អាច​ធ្វើ​ការ​ជ្រើសរើស​ជា​រៀងរាល់​ថ្ងៃ ដែល​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

ជម្រើស​សាមញ្ញ​បំផុត​ដែល​អាច​ធ្វើ​នោះ​គឺ​អាន​ព្រះគម្ពីរ ។ តាមរយៈការអាន​ព្រះគម្ពីរ យើង​អាច​ទទួល​បាន​អារម្មណ៍​នៃ​ការនៅ​ជិត​ទ្រង់ ។ ចំពោះ​ខ្ញុំ ភាពជិតស្និទ្ធ​កើត​មាន​ឡើង​ញឹក​ញាប់​បំផុត ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន ។ នៅ​នាទី​ដំបូង​ដែល​ខ្ញុំ​អាន​ក្នុង​ជំពូក​នានា​ក្នុង​នីហ្វៃ​ទី ២ ខ្ញុំ​បាន​ឮ​សំឡេង​របស់​នីហ្វៃ និង​លីហៃ រៀបរាប់​អំពី​ព្រះអង្គសង្គ្រោះ​ដូច​ពួកលោក​ស្គាល់​ទ្រង់​ដោយ​ផ្ទាល់​ក្នុង​គំនិត​ខ្ញុំ ។ អារម្មណ៍​នៃ​ភាព​ជិតស្និទ្ធ​បាន​កើត​មាន​ឡើង ។

ចំពោះ​បងប្អូន វា​មាន​កន្លែង​ច្រើន​ទៀត​នៅក្នុង​ព្រះគម្ពីរ ដែល​អាច​នាំ​បងប្អូន​ឲ្យ​ខិត​ជិត​ទ្រង់ ។ ប៉ុន្តែ​ទោះបី​បងប្អូន​អាន​ព្រះបន្ទូល​របស់​ព្រះ​នៅ​ពេល​ណា និង​ទីណា​ក្តី ដោយសារ​ភាព​បន្ទាប​ខ្លួន និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​ចងចាំ​ដល់​ព្រះអង្គសង្គ្រោះ នោះ​បំណង​ប្រាថ្នា​របស់​បងប្អូន​ក្នុង​ការ​លើក​ដាក់​ព្រះនាម​ទ្រង់​មក​លើ​ខ្លួន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​នឹង​កើន​ឡើង ។

បំណង​ប្រាថ្នា​នោះ​ហើយ​ដែល​នឹង​ផ្លាស់ប្តូរ​របៀប​ដែល​បងប្អូន​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ បងប្អូន​នឹង​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​ជំនួយ ដើម្បី​តម្កើង​ការហៅ​បម្រើ​ខ្លួន ទោះបី​បងប្អូន​ចាត់ទុក​វា​ថា​ជា​ការហៅ​តូចតាច​ក្តី ។ ជំនួយ​ដែល​បងប្អូន​ទូលសូម​នោះ​គឺ​ជា​សមត្ថភាព​ដើម្បី​បំភ្លេច​ខ្លួន​ឯង ហើយ​ផ្តោត​យក​ចិត្តទុកដាក់​កាន់តែ​ខ្លាំង​ទៅលើ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​ទៅ​ដល់​អស់​អ្នក​ដែល​បងប្អូន​ហៅ​ឲ្យ​បម្រើ ។

ខ្ញុំ​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​ទ្រង់ និង​ភាពជិត​ស្និទ្ធ​របស់​ទ្រង់​នៅក្នុង​ការបម្រើ​របស់​ខ្ញុំ​ជាមួយ​កូនៗ​របស់​យើង ពេល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ដឹង​អំពី​របៀប​ជួយ​ពួកគេ​ស្វែងរក​ភាពសុខសាន្ត ដែល​កើត​មាន​ឡើង​តាមរយៈ​ដំណឹង​ល្អ​តែ​ប៉ុណ្ណោះ​នោះ ។ នា​គ្រា​បែប​នោះ ខ្ញុំ​ពុំសូវ​ខ្វល់ខ្វាយ​ថា អ្នក​ដទៃ​មើល​ឃើញ​ថា​តើខ្ញុំ​ជា​ឪពុក ឬ​ម្តាយ​ដែល​មាន​ជោគជ័យ​ឡើយ ប៉ុន្តែ​ខ្ញុំ​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ទៅលើ​ភាព​ជោគជ័យ និង​សុខុមាលភាព​របស់​កូនៗ​ខ្ញុំ​វិញ ។

បំណង​ប្រាថ្នា​ដើម្បី​ផ្តល់នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​យើង​បម្រើ នាំ​យើង​ឲ្យ​អធិស្ឋាន ជា ការទូល​អង្វរ យ៉ាង​ពិត​ប្រាកដ​ទៅកាន់​ព្រះវរបិតាសួគ៌​ក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​យើង​អធិស្ឋាន​តាម​របៀប​នោះ — នៅ​ក្នុង​ព្រះនាម​ព្រះអង្គសង្គ្រោះ​ដោយ​មាន​ជំនឿ​លើ​ទ្រង់ — នោះ​ព្រះវរបិតា​នឹង​ឆ្លើយ​តប ។ ទ្រង់​បាន​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ដឹកនាំ លួងលោម និង​លើក​ទឹកចិត្ត​យើង ។ ដោយសារ​ព្រះវិញ្ញាណ​ធ្វើ​បន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ( សូមមើល នីហ្វៃទី ៣ ១១:៣២, ៣៦; ២៨:១១; អេធើរ ១២:៤១ ) នោះ​សមត្ថភាព​របស់​យើង​ក្នុងការ​ស្រឡាញ់​ព្រះអម្ចាស់​ដោយ​អស់​ពី​ចិត្ត គំនិត និង​ពល្លំ​នឹង​កើន​ឡើង ( សូមមើល ម៉ាកុស ១២:៣០; លូកា ១០:២៧; គ. និង ស. ៥៩:៥ ) ។

ពរជ័យ​នៃ​ការចងចាំ​ជា​រៀងរាល់ថ្ងៃ និង​សកម្ម​នេះ​នឹង​កើត​មាន​ឡើង​បន្តិច​ម្តងៗ និង​ទៀងទាត់ ពេល​យើង​បម្រើ​ទ្រង់ ទទួល​ទាន​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​អធិស្ឋាន​ដោយ​សេចក្តីជំនឿ​ក្នុង​ព្រះនាម​ទ្រង់ ។ ហើយ​ការចងចាំ​នេះ​នឹង​ជះឥទ្ធិពល​ដល់​យើង ឲ្យ​ប្រែ​ក្លាយ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​នគរ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ — និង​ក្រោយ​មក​ទៀត​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់​នៅក្នុង​ស្ថាន​នៃ​សិរី​រុងរឿង​នា​ពេល​ខាង​មុខ ។