២០១៧
ទីកន្លែង​របស់​យើង
April 2017


ទីកន្លែង​របស់​យើង

រូបភាព
uncle making ship in a bottle

រចនា​រូបភាព​ដោយ ដាន ប៊ឺ

ព្រះ​ប្រទាន​ឧបករណ៍​នានា​ដល់​យើង

ឪពុក​មា​របស់​ខ្ញុំ​គឺ​ជា​វិចិត្រករ ហើយ​គាត់​ធ្វើ​សំពៅ​ឈើ​តូចៗ​ដាក់​ក្នុង​ដប​កញ្ចក់ ។ វា​ត្រូវ​ចំណាយ​ពេល​ជាច្រើន ការផ្ចិតផ្ចង់ និង ការខិតខំ​ដើម្បី​ធ្វើវា ។

ថ្ងៃ​មួយ​ខ្ញុំ​បាន​ឃើញ​ឧបករណ៍​ទាំងអស់​របស់​គាត់ ហើយ​សម្គាល់​មើល​ពី​របៀប​ដែល​ឧបករណ៍​នីមួយៗ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ធ្វើ​ជា​គ្រឿង​សំខាន់ៗ ឬ ធ្វើ​ផ្នែក​នៃ​សំពៅ ។ នៅពេល​ខ្ញុំ​មើល​គាត់​ធ្វើ​ការ ខ្ញុំ​ភ្ញាក់ផ្អើល​ពី​របៀប​ដែល​គាត់​ប្រើ​ឧបករណ៍​ទាំងនោះ ដើម្បី​សង់​សំពៅ ។ ខ្ញុំ​បាន​ចាំ​អំពី​រឿង​ដែល​នីហ្វៃ​សង់​សំពៅ ( សូមមើល នីហ្វៃទី១ ១៧–១៨ ) ។ លោក​បាន​សង់​សំពៅ​តាម​របៀប​របស់​ព្រះអម្ចាស់ ពុំមែន​តាមរបៀប​របស់​មនុស្ស​ឡើយ ។ ព្រះ​ប្រទាន​ឧបករណ៍​នានា​ដល់​យើង ឲ្យ​សង់​សំពៅ​ផ្ទាល់​របស់​យើង​តាម​របៀប​ទ្រង់ ។ ព្រះគម្ពីរ សេចក្តីជំនឿ និង សេចក្តីស្រឡាញ់​របស់​ព្រះ​គឺ​ជា​ឧបករណ៍ ដែល​ខ្ញុំ​ត្រូវតែ​ប្រើ​នៅក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់ ដើម្បី​សង់​សំពៅ​ផ្ទាល់​ខ្លួន​ខ្ញុំ​ដោយ​ប្រុងប្រយ័ត្ន ដោយ​គ្មាន​ចន្លោះ​ប្រហោង ។ ខ្ញុំ​កំពុង​រៀន​រៀងរាល់​ថ្ងៃ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះអម្ចាស់ ។

ម៉ារៀ មើសេដេស ជី មូណាហ្គាស ប្រទេស វ៉េណេស៊ុយអេឡា

អារម្មណ៍​ឯកោ

វា​ជា​រដូវ​រំហើយ​នៅក្នុង​ប្រទេស​ដាណឺម៉ាក ។ ខ្ញុំ​ទើប​តែ​ចាប់ផ្តើម​បេសកកម្ម​ពេញម៉ោង ហើយ​ទីបន្ទាល់​របស់​ខ្ញុំ​កំពុង​មាន​ភាពប្រទាញប្រទង់ ។ ខ្ញុំ​គឺ​ជា​អ្នក​ប្រែចិត្ត​ជឿ​បាន​តែ ១៩ ខែ​ប៉ុណ្ណោះ ហើយ​មាន​ការភ័យ​ខ្លាច​ក្នុង​ការរស់នៅ​ប្រទេស​ដទៃ និយាយ​ភាសា​ដទៃ​ដែល​ខ្ញុំ​មិន​ចេះ និង ការធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​មាន​ចរាចរណ៍​ខ្វាត់ខ្វែង ដែល​ខ្ញុំ​មិន​ស្គាល់ ។ ការអធិស្ឋាន​របស់​ខ្ញុំ​ដែល​ពីមុន​ពោរពេញ​ដោយ​អំណរគុណ​នោះ បាន​ប្រែ​ជា​ពាក្យ​ចោទប្រកាន់​យ៉ាងល្វីងជូរចត់​ដល់​ព្រះ​ថា ៖ « ឱ ព្រះអើយ ហេតុអ្វី​ទ្រង់​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ​តែ​ឯង ? »

នា​ព្រឹក​មួយ​ខ្ញុំ​បាន​ទូលអង្វរ​ទ្រង់​ដោយ​ការអធិស្ឋាន ។ ជំនួស​ដោយ​ការ​សួរ​ថា « ហេតុអ្វី » ជាមួយ​នឹង​កំហឹង​ដែល​នៅក្នុង​ចិត្ត​ខ្ញុំ នោះ​ខ្ញុំ​បាន​ទូល​សូម​ទ្រង់​នូវ​សាក្សី​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ហើយ​យក​ឈ្នះ​លើ​ការសង្ស័យ​របស់​ខ្ញុំ ។

បន្ទាប់​ពី​អធិស្ឋាន ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​អាន ។ ខ្ញុំ​បាន​បើក​ចំ​ខគម្ពីរ ចោទិយកថា ៣១:៦ ៖ « ដូច្នេះ​ចូរ​មាន​កម្លាំង​ហើយ​ចិត្ត​ក្លាហាន​ឡើង កុំ​ឲ្យ​ខ្លាច ឬ​មាន​សេចក្តី​ភ័យ​ញ័រ​ចំពោះ​គេ​ឡើយ ដ្បិត​គឺ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ » ។

ចិត្ត​ខ្ញុំ​ពេញ​ដោយ​អំណរ នៅពេល​ខ្ញុំ​បាន​ដឹង​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ៖ ថា​ព្រះ​ទ្រង់​គង់​នៅ​ជាមួយ​ខ្ញុំ​ជានិច្ច ។ ទ្រង់​រង់ចាំ​ការអធិស្ឋាន​ដោយ​ស្មោះសរ ជាជាង​ការចោទប្រកាន់​ថា​ទ្រង់​បាន​បោះបង់​ខ្ញុំ​ចោល ។

ព្រះ​នឹង​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ឡើយ ទោះបី​ជា​រឿង​គ្រប់​យ៉ាង​ហាក់បី​ដូច​ជា​គ្មាន​សង្ឃឹម ។ ហើយ​យើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​តាមរយៈ​ការអធិស្ឋាន និង ព្រះគម្ពីរ​របស់​ទ្រង់ ។ ◼

ក្លេតុន អ៊ី រដ្ឋ តិចសាស ស.រ.អា.