២០១៧
របៀប​ស្វែងរក​ភាពសុខសាន្ត​ពិតប្រាកដ
April 2017


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

របៀប ស្វែងរក​ភាពសុខសាន្ត​ពិតប្រាកដ

ដកស្រង់​ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៣ ។

រូបភាព
Jesus Christ in a crowd

សេចក្តីប្រាថ្នា​ដ៏​សុចរិត​នៃ​មនុស្ស​ល្អ​គ្រប់​ទីកន្លែង​នឹង​បាន ហើយ​នឹង​ក្លាយ​ទៅ​ជា​ក្ដី​សុខសាន្ត​ក្នុង​ពិភពលោក​នេះ ។ យើង​មិន​ត្រូវ​បោះបង់​ចោល​ចំពោះ​ការ​សម្រេច​គោលដៅ​នេះ​ឡើយ ។ ប៉ុន្តែ​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ១៨៣៨–១៩១៨ ) បាន​បង្រៀន​ថា « វិញ្ញាណ​នៃ​ក្ដី​សុខសាន្ត និង​ក្ដី​ស្រឡាញ់​នឹង​មិន​កើត​មាន​ក្នុង​ពិភពលោក​នេះ​បាន​ឡើយ…ដរាប​ណា​មនុស្ស​លោក​ទទួល​សេចក្ដីពិត និង​សារ​លិខិត​របស់​ព្រះ…ហើយ​ទទួល​ស្គាល់​ព្រះចេស្ដា និង​សិទ្ធិ​អំណាច​របស់​ទ្រង់​ដែល​មក​ពី​ព្រះ » ។

យើង​សង្ឃឹម ហើយ​អធិស្ឋាន​ដោយ​ស្មោះ​សម្រាប់​ក្ដី​សុខសាន្ត​ជាសកល តែ​វា​ជា​តួ​នាទី​យើង​ក្នុង​នាម​ជា​បុគ្គល និង​គ្រួសារ​ដើម្បី​យើង​សម្រេច​បាន​នូវ​ក្ដី​សុខសាន្ត​នេះ​ដែល​វា​ជា រង្វាន់​នៃ​ក្ដី​សុចរិត​ដែល​បាន​សន្យា ។ ក្ដី​សុខ​សាន្ត​នេះ​ជា​អំណោយ​មួយ​ដែល​បាន​សន្យា​អំពី​បេសកកម្ម និង​ការពលិកម្មធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

ក្ដី​សុខសាន្ត​ពុំ​មែន​គ្រាន់តែ​ជា​ការ​មាន​សុវត្ថិភាព ហើយ​គ្មាន​សង្គ្រាម ការ​រំលោភបំពាន វិបត្តិ និង​ជម្លោះ​នោះ​ទេ ។ ក្ដី​សុខសាន្ត​កើត​ចេញ​ពី ការ​ដឹង​ថា​ព្រះអង្គ​សង្គ្រោះ​ជ្រាប​ថា​យើង​ជា​នរណា ហើយ​ដឹង​ថា​យើង មាន​សេចក្តីជំនឿ​លើ​ទ្រង់ ស្រឡាញ់​ទ្រង់ និង គោរព​បញ្ញត្តិ​ទ្រង់ ហើយ​ពិសេស​ទោះនៅ​ក្នុង​គ្រា​នៃ​ការសាកល្បង និង​សោកនាដកម្ម​ដ៏​រន្ធត់​នៃ​ជីវិត​ក្តី ( សូមមើល គ. និង ស. ១២១:៧–៨ ) ។

« ខ្ញុំ​រក​ក្តីសុខ​ឯណា ? ឯ​ណា​ក្តីរីករាយ ពេល​អ្វីៗ​ទៀត​មិន​អាច​ឲ្យ​ខ្ញុំ​បាន​ជា ? » ( « ខ្ញុំ​រក​ក្តីសុខ​ឯណា ? » ទំនុកតម្កើង លេខ ៦៩ ) ។ ចម្លើយ​គឺ​ព្រះអង្គ​សង្គ្រោះ ទ្រង់​ជា​ប្រភព ហើយ​ជា​ព្រះ​នៃ​ក្ដី​សុខសាន្ត ។ ទ្រង់​ជា « ម្ចាស់​នៃ​មេត្រីភាព » ( អេសាយ ៩:៦ ) ។

ការបន្ទាប​ខ្លួន​យើង ចំពោះ​ព្រះ ការ​អធិស្ឋាន ជានិច្ច ការ​ប្រែចិត្ត ពី​អំពើ​បាប ការ​ចូល​ទៅ​ក្នុង​ទឹក​នៃ បុណ្យ​ជ្រមុជទឹក ដោយ​មាន ចិត្ត​សង្រេង និង វិញ្ញាណ​ទន់​ទាប និង ការក្លាយ​ជាសិស្ស​ដ៏​ពិត នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​គំរូ​ដ៏​ប្រពៃ​នៃ​ក្ដី​សុចរិត​ដែល​ត្រូវ​បាន​ផ្ដល់​រង្វាន់​ឲ្យ​ដោយ​ក្ដី​សុខសាន្ត​ជា​និរន្តរ៍ ។

សាសនាចក្រ​ជាទី​ជ្រក​កោន​មួយ​ដែល​ពួក​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ទទួល​បាន​ក្ដី​សុខសាន្ត ។ មាន​មនុស្ស​វ័យ​ក្មេង​មួយ​ចំនួន​ក្នុង​ពិភពលោក​នេះ​និយាយ​ថា ពួកគេ​ជា​មនុស្ស​បរិសុទ្ធ តែ​មិន​ជឿ​សាសនា​ឡើយ ។ ការ​មាន​អារម្មណ៍​បរិសុទ្ធ​ជា​ជំហាន​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ។ តែ​មាន​តែ​នៅ​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ​ដែល​យើង​ត្រូវ​បាន រាប់អាន បង្រៀន និង ចិញ្ចឹម​បីបាច់​ដោយ​បន្ទូល​ល្អ នៃ​ព្រះ ។ សំខាន់​ជាង​នេះ​ទៀត នៅ​ក្នុង​សាសនាចក្រ​មាន​នូវ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​ផ្ដល់​សម្រាប់ ពិធីការ និង​សេចក្ដី​សញ្ញា​ពិសិដ្ឋ ដើម្បី​រួបរួម​គ្រួសារ ហើយ​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​ក្នុង​នគរ​សេឡេស្ទាល ។ ពិធីបរិសុទ្ធ​ទាំងនេះ នាំ​មក​នូវ​សេចក្ដី​សុខសាន្ដ ដោយសារ​វា​ជា​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ។

ព្រះវិហារ​បរិសុទ្ធ​ជាទី​ដែល​ពិធីបរិសុទ្ធ​ពិសិដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង ហើយ​ក៏​ជា​ប្រភព​មួយ​នៃ​ទីជម្រក​ដ៏​សុខសាន្ត​ពី​ពិភពលោក​នេះ​ផង​ដែរ ។ អស់​អ្នក​ដែល ទៅ​លេង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ ឬ​ចូលរួម​ក្នុង​ការ​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ​ក៏​មាន​អារម្មណ៍​នៃ​ក្ដី​សុខសាន្ត​នេះ​ដែរ ។

ព្រះអង្គ​សង្គ្រោះ​ជា​ប្រភព​នៃ​ក្ដី​សុខសាន្ត​ពិត ។ ដោយសារ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ និង​ព្រះគុណ​ទ្រង់ ទោះជា​ស្ថិត​ក្នុង​ការ​សាកល្បង​នៃ​ជីវិត​ក្ដី ក៏​ការ​រស់នៅ​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៃ​ក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន ( សូមមើល យ៉ូហាន ១៤:២៦–២៧, ១៦:៣៣ ) ។