២០១៧
អែនឌ្រេ និង ពាក្យ​សម្តី​អាក្រក់
April 2017


អែនឌ្រេ និងពាក្យ​សម្តី​អាក្រក់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

« I’ll try to repent, to do better, to pray » ( Children’s Songbook លេខ ៩៨ ) ។

រូបភាព
Andrei and the Bad Word

នៅពេល​ម៉ោង​សម្រាក នីកូឡាយ​និយាយ​ថា « ឯង​គិត​ថា ឯង​ល្អ​ប្រសើរ​ជាង​មនុស្ស​ផ្សេង​ទៀត ដោយសារ​ឯង​ពុំ​ប្រើ​ពាក្យ​ជេរ​មែន​ទេ » ។

អែនឌ្រេ បាន​និយាយ​ថា « មិនមែន​ទេ » ។

« អញ្ចឹង​ហេតុអ្វី​បាន​ជា​ឯង​ពុំ​ជេរ ? ជេរ​តែ​ម្តង ? វា​មិន​ស្លាប់​ទេ ។ គេ​ជេរ​គ្រប់តែ​គ្នា​ហ្នឹង » ។

អែនឌ្រេ ញាក់​ស្មា ។ « ខ្ញុំ​ពុំ​ចង់​ជេរ​ទេ » ។

អែនឌ្រេ បាន​ដឹង​ថា​ការជេរ​គឺ​ជា​កំហុស ហើយ​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​យាង​ចេញ​ឆ្ងាយ ។ អែនឌ្រេ ចង់​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​គាត់ ។ ដូច្នោះ​គាត់​ពុំ​ជេរ​គេ​ឡើយ ។

អែនឌ្រេ គឺ​ជា​សិស្ស​ថ្មី​ម្នាក់​នៅ​ឯ​សាលា​រៀន ហើយ នីកូឡាយ​គឺ​ជា​មនុស្ស​ម្នាក់​រៀន​ថ្នាក់​ទី​ប្រាំមួយ​ជាមួយ​គាត់ ដែល​ចង់​ធ្វើ​ជា​មិត្ត​នឹង​គាត់ ។ ហើយ​នីកូឡាយ​បន្ត​សួរ​គាត់​អំពី​ការជេរ​ជា​រៀងរាល់​ថ្ងៃ ។ ហើយ​រាល់​ថ្ងៃ អែនឌ្រេ​កាន់តែ​ធុញទ្រាន់​នឹង​ការនិយាយ​ថា មិន​ជេរ​ទេ។ ក្រៅ​ពី​នោះ​ទៀត អែនឌ្រេ​ខ្លាច​ថា នីកូឡាយ នឹង​ឈប់​ធ្វើ​ជា​មិត្ត​របស់​គាត់ នោះ​គាត់​ប្រាកដ​ជា​ឯកោ ។

នីកូឡាយ បាន​និយាយ​បន្ទាប់​ពី​ចេញ​ពី​រៀន​ថា « ជេរ​តែ​មួយ​ម៉ាត់​ទៅ ។ បើ​មិន​អញ្ចឹង​ទេ ខ្ញុំ​នឹង​មិន​រាប់​អាន​ឯង​ទៀត​ទេ » ។

ទីបំផុត អែនឌ្រេ ធុញទ្រាន់​នឹង​ការរំខាន​នោះ គាត់​ក៏​បាន​ជេរ—ជេរ​តែ​ម្តង​វា​មិន​ជា​បញ្ហា ធ្ងន់ធ្ងរ អី​ទេ ។

នីកូឡាយ​បាន​ងក់​ក្បាល ។ « ល្អ​ណាស់ ឥឡូវ​ឯង​គឺ​ជា​គ្នីគ្នា​យើង​ហើយ » ។

បន្ទាប់​ពី​ពេល​នោះ​មក មិត្តភក្តិ​ផ្សេង​ទៀត​របស់​នីកូឡាយ​បាន​និយាយ​រក​អែនឌ្រេ ផងដែរ ។ ពួកគេ​បរិភោគ​អាហារ​ជាមួយ​គាត់ ហើយ​បាន​លេង​បាល់ឱប​ជាមួយ​គាត់​នៅ​ម៉ោង​សម្រាក ។ ប៉ុន្តែ​ការធ្វើ​ជា​មិត្តភក្តិ​នៅក្នុង​ក្រុម​របស់​នីកូឡាយ​ដូច​ជា​កំពុង​ដើរ​ទៅ​រក​ភាពគ្រោះថ្នាក់ ។ ដរាប​ណា​អែនឌ្រេ​ដើរ​លេង​ជាមួយ​ពួកគេ ដរាប​នោះ​គាត់​កាន់តែ​និយាយ និង មាន​ឫកពា​ដូច​ជា​ពួកគេ​ដែរ ។ ហើយ​ពួកគេ​ទាំងអស់​គ្នា​ចេះ​ជេរ ។ ចេះ​ជេរ​ច្រើន​ទៀត​ផង ។ ពួកគេ​បាន​សើច ហើយ​ជេរ​គ្នា​ទៅ​វិញ​ទៅមក ។ ពួកគេ​និយាយ​ពាក្យ​ឈ្លើយៗ​អំពី​គ្រូបង្រៀន​របស់​ខ្លួន ។ ពួកគេ​ខឹង ហើយ​ធ្វើ​ទង្វើ​កោងកាច​ជាច្រើន ។ យូរៗ​ទៅ អែនឌ្រេ​បាន​ចាប់ផ្តើម​មាន​អារម្មណ៍​ខឹង​កាន់តែ​ញឹកញាប់​ឡើង ហើយ​ចេះ​តែ​ឃើញ​ហេតុផល​នេះ​ហេតុផល​នោះ​ដើម្បី​ជេរ ។

នា​យប់​មួយ ពេល​ម៉ាក់ និង ប៉ា​មិន​នៅ​ផ្ទះ អែនឌ្រេ និង បងស្រី​របស់​គាត់​ឈ្មោះ ខាត់យ៉ា បាន​ឈ្លោះ​ដណ្តើម​គ្នា​មើល​កម្មវិធី​ទូរទស្សន៍។ ពីមុន អែនឌ្រេ​បាន​គិត ស្រាប់​តែ​គាត់​របូត​មាត់​ជេរ ។

ខាត់យ៉ា​បាន​សម្លឹង​ដោយ​ក្តី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ « ‹ បង › នឹង​ប្រាប់​ម៉ាក់​ហើយ »។

អែនឌ្រេ បាន​រត់​ទៅ​បន្ទប់​ខ្លួន ហើយ​ទាញ​ទ្វារ​បិទ​គ្រាំង ។ តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ទាំងអស់​គ្នា ? ហេតុអ្វី​ពួកគេ​ធ្វើ​ឲ្យ​គាត់​ខឹង​គ្រប់​ពេល ? ពេល​ឪពុក​ម្តាយ​របស់​គាត់​មក​ផ្ទះ​វិញ អែនឌ្រេ បាន​បើក​ទ្វារ​បន្ទប់​របស់​គាត់​បន្តិច ហើយ​ឮ ខាត់ធី​និយាយ​ថា « ម៉ាក់ អែនឌ្រេ​ជេរ​ខ្ញុំ » ។

« មែន​ឬ ? » ម៉ាក់​បាន​ស្រែក​ដោយ​ភ្ញាក់​ផ្អើល ។ « អែនឌ្រេ មិន​ចេះ​ជេរ​ទេ » ។

អែនឌ្រេ បានបិទទ្វារបន្ទប់គាត់ ហើយ​ទម្លាក់​ខ្លួន​គាត់​នៅលើ​គ្រែ ។ គាត់​បាន​គិត​អំពី​ភាពខុស​គ្នា ដែល​គាត់​បាន​មាន ចាប់តាំង​ពី​គាត់​ចាប់ផ្តើម​ជេរ ។ គាត់​ធ្លាប់​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ យូរ​ណាស់​មក​ហើយ ។

អែនឌ្រេ បាន​លុតជង្គង់​ចុះ​នៅក្បែរ​គ្រែ​របស់​គាត់ ហើយ​អធិស្ឋាន ។ « ឱ​ព្រះវរបិតាសួគ៌​អើយ ឲ្យ​ទូលបង្គំ​សូម​ទោស ដែល​ខ្ញុំ​បង្គំ​មាន​ចិត្ត​កោង​កាច និង មាន​កំហឹង ។ ទូល​បង្គំ​សូម​ទោស ដែល​ទូលបង្គំ​បាន​ចាប់​ផ្តើម​ជេរ ។ ទូលបង្គំ​នឹង​កែខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង » ។

ពេល​អែនឌ្រេ​អធិស្ឋាន ចិត្ត​គាត់​ពោរពេញ​ដោយ​អារម្មណ៍​កក់ក្តៅ ។ នោះ​គាត់​មាន​អារម្មណ៍​រីករាយ​ណាស់ ដ្បិត​នេះ​គឺ​ជា​អារម្មណ៍​ដែល​គាត់​បាន​មាន​មុន​នឹង​គាត់​ចាប់ផ្តើម​ចេះ​ជេរ​ជា​លើក​ដំបូង ។ គាត់​បាន​ដឹង​ថា ព្រះ​ស្រឡាញ់​គាត់ ហើយ​គាត់​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​ទទួល​អារម្មណ៍​បាន​ការអភ័យទោស ហើយ​ដឹង​ថា​គាត់​អាច​ផ្លាស់ប្តូរ ហើយ​កែប្រែ​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង ។

បន្ទាប់​ពី​អធិស្ឋាន​ហើយ គាត់​បាន​ប្រាប់​ម្តាយ​គាត់​អំពី​ការពិត ព្រម​ទាំង​សូម​ទោស ខាត់យ៉ា ។ អែនឌ្រេ​មាន​អារម្មណ៍​ល្អ​ជាង​មុន​បន្ទាប់​ពី​ធ្វើ​បែប​នោះ ។ វា​មាន​អារម្មណ៍​ល្អ​ដើម្បី​ប្រែចិត្ត ។

នា​ថ្ងៃ​បន្ទាប់​នៅ​ឯ​សាលា​រៀន អែនឌ្រេ​ពុំ​បាន​ញ៉ាំ​អាហារ​ពេល​ថ្ងែ​ត្រង់​ជាមួយ​ក្រុម​របស់ នីកូឡាយ ឡើយ ។ ផ្ទុយ​ទៅវិញ គាត់​បាន​អង្គុយ​ជាប់​ក្មេងៗ​មួយ​ចំនួន ដែល​គាត់​មិន​ស្គាល់ ។ វា​នឹង​ចំណាយ​ពេល​យូរ ប៉ុន្តែ​អែនឌ្រេ បាន​ដឹង​ថា គាត់​នឹង​រក​បាន​មិត្តភក្តិ​ដែល​ល្អ ហើយ​រីករាយ ព្រមទាំង​មិន​ប្រើ​ពាក្យ​ជេរ ។ ដូច​ជា​រូប​គាត់​ដែរ ។