២០១៧
តើ​ខ្ញុំ​អាច​ដឹង​ថា ព្រះ​កំពុង​ស្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ​តាម​របៀប​ណា ?
April 2017


សំណួរ និង ចម្លើយ

« តើ​ខ្ញុំ​អាច​ដឹង​ថា ព្រះ​កំពុង​ស្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ​តាម​របៀប​ណា ? »

ការអធិស្ឋាន​គឺ ជា​ពរជ័យ​មួយ​ដ៏​មហិមា ហើយ​យើង​ត្រូវបាន​សន្យា​ថា ព្រះវរបិតា​សួគ៌​ទ្រង់​ព្រះសណ្តាប់​យើង​ជានិច្ច ប៉ុន្តែ​ជា​រឿយៗ វា​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដើម្បី​ទទួល​ស្គាល់​ចម្លើយ​របស់​ទ្រង់ ។

សូម​គិត​អំពី​រឿង​នេះ ៖ ព្រះ​ទ្រង់​ព្រះសណ្តាប់​អ្នក ឬ ទ្រង់​មិន​ព្រះសណ្តាប់​អ្នក ។ ប្រសិនបើ​ទ្រង់​មិន​ព្រះសណ្តាប់​អ្នក ប្រាកដ​ណាស់​នោះ​អ្នក​គ្មាន​គោលបំណង​ក្នុងការអធិស្ឋាន​ឡើយ ។ ប៉ុន្តែ​ប្រសិនបើ​ទ្រង់​ព្រះសណ្តាប់​វិញ​នោះ ( ហើយ​មែន​ហើយ​ទ្រង់​ពិតជា​ព្រះសណ្តាប់​មែន ! ) ហើយ​ត្រូវតែ​រៀន​អំពី​របៀប​ដើម្បី​ទាក់ទង ពិតប្រាកដ ជាមួយ​ទ្រង់​នៅក្នុង​ការអធិស្ឋាន ទទួលស្គាល់​ចម្លើយ ហើយ​បន្ត​បោះជំហាន​ទៅ​មុខ​ដោយ​ស្មោះត្រង់ ។

នៅពេល​យើង​មាន​អារម្មណ៍​ថា ទ្រង់​មិន​ព្រះសណ្តាប់​យើង​ទេ នោះ​ប្រហែល​ជា​យើង​ត្រូវ​ដក​ពិសោធន៍​នូវ​ការរីកចម្រើន​ផ្ទាល់​ខ្លួន​មួយ​ចំនួន ។ អ្នក​អាច​សួរ​ខ្លួន​ឯង​នូវ​សំណួរ​មួយ​ចំនួន​ថា ៖ តើ​ខ្ញុំ​ស្អាតស្អំ​ឬ​ទេ ? តើ​បំណង​របស់​ខ្ញុំ​សក្តិសម​ឬ​ទេ ? តើ​ខ្ញុំ​មាន​ឆន្ទៈ​ធ្វើ​តាម​អ្វី​ដែល​ទ្រង់​ស្នើ​ឲ្យ​ធ្វើ​ដែរ​ឬ​ទេ ? ប្រសិនបើ​ចម្លើយ​ឆ្លើយ​ថា មែន ចំពោះ​សំណួរ​នីមួយៗ នោះ​អ្នក​អាច​ទុកចិត្ត​ថា « ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង…​ប្រទាន​ចម្លើយ​ដល់​បទ​អធិស្ឋាន​ទាំង​ឡាយ​របស់​អ្នក » ( គ. និង ស. ១១២:១០ ) ។ ចូរ​ចាំ​ថា ជួនកាល​ចម្លើយ​កើត​ឡើង​ក្នុង​របៀប​មួយ​ដោយ​សម្ងាត់ ឬ មិន​បាន​រំពឹង​ទុក ។

ប្រសិនបើ​ចម្លើយ​របស់​អ្នក​ឆ្លើយ​ថា ទេ ចំពោះ​សំណួរ​មួយ​ចំនួន​នៃ​សំណួរ​ទាំង​នោះ នោះ​វា​មិន​ទាន់​យឺត​ពេល​ឡើយ ! សូម​ធ្វើ​ការផ្លាស់ប្តូរ​ចាំបាច់​នានា​នៅក្នុង​ជីវិត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​មាន​ព្រះវិញ្ញាណ ។ សូម​មាន​ឆន្ទៈ​ធ្វើ​តាម​ការបំផុស​គំនិត​ដែល​អ្នក​ទទួល​បាន ។

ហើយ​សូម​កុំ​ភ្លេច​ថា មនុស្ស​ម្នាក់ៗ​ទទួល​ចម្លើយ​តាម​របៀប​ផ្សេងៗ​គ្នា ។ សូម​អធិស្ឋាន​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​អ្នក​អំពី​របៀប​ដែល អ្នក អាច​ទទួល​ស្គាល់​ចម្លើយ​ទាំង​នោះ ។ វា​ប្រហែល​ជា​ពុំ​ងាយ​ស្រួល​ឡើយ ក្នុងការ​ទទួល​ស្គាល់​ចម្លើយ​នៅពេល​ដំបូង ប៉ុន្តែ​វា​ដូច​ជា​ជំនាញ​ផ្សេងៗ​ទៀត​ដែរ​គឺ​ថា ៖ ការអនុវត្ត​ធ្វើ​ឲ្យ​ស្ទាត់​ជំនាញ ។ សូម​មាន​សេចក្តីជំនឿ និង ការទុកចិត្ត​ថា ព្រះវរបិតាសួគ៌​ព្រះសណ្តាប់​យើង ជានិច្ច

សូម​ស្ដាប់​ព្រះវិញ្ញាណ

សូម​ព្យាយាម​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មនុស្ស​យើង​ស្តាប់​ឮ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​របៀប​ផ្សេងៗ​គ្នា ដូច្នោះ​អ្នក​ត្រូវ​ស្តាប់​សំឡេង​តូច​រហៀង ពេល​ការបំផុសគំនិត​នោះ​អាច​កើត​ឡើង​ជា​អារម្មណ៍ ។ ខ្ញុំ​ដឹង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ដឹង—អ្នក​គ្រាន់តែ​ស្តាប់​ទ្រង់​ប៉ុណ្ណោះ ។

អ៊ីលីស ជី អាយុ ១៣ ឆ្នាំ អាល់ប៊ើតា ប្រទេស​កាណាដា

ចម្លើយ​នៅក្នុង​សាសនាចក្រ

កាល​ខ្ញុំ​មាន​មន្ទិលសង្ស័យ​យ៉ាង​ខ្លាំង​ថា តើ​ខ្ញុំ​គួរ​ណាត់​ដើរលេង​ជា​គូ​ជាមួយ​អ្នក​មិន​មែន​ជា​សមាជិក​ដែរ​ទេ ។ ថ្ងៃ​អាទិត្យ​មួយ​ពេល​នៅ​ម៉ោង​ប្រជុំ​សាក្រាម៉ង់ មាន​ស្ត្រី​ម្នាក់​បាន​ឡើង​និយាយ ហើយ​ការនិយាយ​នោះ​ហាក់ដូច​ជា​និយាយ​ចំ​នឹង​រឿង​របស់​ខ្ញុំ ។ នៅ​គ្រា​នោះ ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​ថា ព្រះអម្ចាស់​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។ កាល​ពីមុន ខ្ញុំ​មាន​ភាពស្មុគស្មាញ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​បន្ទាប់​ពី​ខ្ញុំ​បាន​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទ្រង់​បាន​ប្រទាន​អំណរ និង ចិត្ត​ក្លាហាន​ដល់​ខ្ញុំ ។ ព្រះ​ឆ្លើយ​តប​មក​កាន់​យើង​តាមរយៈ​អារម្មណ៍ គំនិត ខគម្ពីរ និង អ្នក​ឡើង​និយាយ​នៅ​ព្រះវិហារ !

ការ៉ែន វី អាយុ ១៩ ឆ្នាំ ទីក្រុង មីណាស ហ្គើរេស ប្រទេស​ប្រេស៊ីល

សូម​ចងចាំ​ថា​អ្នក​គឺ​ជា​នរណា

ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ព្រះសណ្តាប់​យើង ដោយសារ​ការអធិស្ឋាន​បង្កើត​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត ការធូរស្បើយ និង សេចក្តីស្រឡាញ់​កើត​មាន​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ឃើញ​ថា ទ្រង់​ដោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រោះថ្នាក់​ជា​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ថា​ទ្រង់​ការពារ​គ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ពីមុន​ខ្ញុំ​ទៅ​សាលា​រៀន ខ្ញុំ​តែងតែ​សូត្រ​បាវចនា​យុវនារី វា​ជួយ​ខ្ញុំ​ឲ្យ​ចាំ​ថា ខ្ញុំ​គឺ​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

នីកូល អិម អាយុ ១៩ លីម៉ា ប្រទេស​ប៉េរូ

ការអធិស្ឋាន​របស់​កុមារ

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ ដោយសារ​ទំនុកបទ​នៅក្នុង​ចម្រៀង​ថ្នាក់​កុមារ « ការអធិស្ឋាន​របស់​កុមារ » ( សៀវភៅ​ចម្រៀង​កុមារ លេខ ៦ ) ៖ ព្រះវរបិតា​អើយ ទ្រង់​នៅទី​នេះ​ឬ ? តើ​ព្រះ​អង្គ​នឹង​ឆ្លើយ​ការអធិស្ឋាន​កូន​ឬទេ ? អ្នក​ខ្លះ​និយាយ​ថា​ស្ថានសួគ៌​នៅ​ឆ្ងាយ​តែ​កូន​ដឹង​ថា​ជិត​បង្កើយ​ពេល​អធិស្ឋាន » ។ ពេល​ខ្ញុំ​ចាំ​ចម្រៀង​នោះ ខ្ញុំ​ដឹង​ថា ទ្រង់​កំពុង​ព្រះសណ្តាប់ ដោយសារ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង សេចក្តីស្រឡាញ់​គ្មាន​ដែន​កំណត់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។ នៅពេល​ខ្ញុំ​ចាំ​ថា​ទ្រង់​ស្រឡាញ់​ខ្ញុំ នោះ​ខ្ញុំ​ទទួល​អារម្មណ៍​លួងលោម ហើយ​ដឹង​ថា ទ្រង់​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ ។

អ៊ីលែន ប៊ី អាយុ ១៦ ឆ្នាំ រដ្ឋ ណស ខា​រ៉ូលីណា ស.រ.អា.

សូម​ទុកចិត្ត​លើ​ទ្រង់

ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​យើង ប៉ុន្តែ​ជួលកាល​វា​ហាក់ដូច​ជា ទ្រង់​ពុំ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ដោយសារ​ទ្រង់​អាច​ពុំ​ឆ្លើយតប​មក​យើង តាម​របៀប ឬ ពេលវេលា​ដែល​យើង​ចង់​ឲ្យ​ទ្រង់​ឆ្លើយ ។ យើង​ត្រូវ​មាន​ចិត្ត​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ព្រះទ័យ​ទ្រង់ ហើយ​មាន​ជំនឿ​ថា ទ្រង់​ជ្រាប​ដឹង​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។ ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ព្យាយាម​ជួយ​យើង​ជានិច្ច ឲ្យ​រៀន ហើយ​រីកចម្រើន នៅពេល​ទ្រង់​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង ។

ម៉ូសាយ អិម អាយុ ១៧ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា.

ចូរ​សូម នោះ​អ្នក​នឹង​បាន​ទទួល

តាម​រយៈ​ព្រះគម្ពីរ យើង​ត្រូវ​បាន​បង្រៀន​ថា ព្រះ​នឹង​ព្រះសណ្តាប់​ការអធិស្ឋាន​យើង​ជានិច្ច ហើយ​ទ្រង់​នឹង​ឆ្លើយតប ប្រសិនបើ​យើង​អធិស្ឋាន​ទៅ​ទ្រង់​ដោយ​សេចក្តីជំនឿ និង ស្មោះ​អស់​ពី​ចិត្ត ។ យើង​នឹង​ទទួល​អារម្មណ៍​បញ្ជាក់​មក​ក្នុង​ចិត្ត​របស់​យើង​ថា ទ្រង់​ពិតជា​ព្រះសណ្តាប់​យើង ថា​យើង​នឹង​មាន​អារម្មណ៍​សុខសាន្ត និង ស្ងប់ ។ យើង​ក៏​អាច​ទទួល​អារម្មណ៍​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ល្អ នៅពេល​យើង​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ។ ប្រសិនបើ​យើង​សង្ស័យ​ថា ទ្រង់​ព្រះសណ្តាប់​យើង​ឬ​អត់​នោះ យើង​គួរតែ​ស្វែងរក​ការណែនាំ​ពី​ក្នុង​ព្រះគម្ពីរ ហើយ​បន្ទាប់​មក​សូម​ទូល​សួរ​ប្រសិនបើ​អ្វី​ដែល​យើង​បាន​អាន​នោះ​ពិត​ឬ​ទេ ។

ខុនស្ទែនស្សា អិល អាយុ ២០ ឆ្នាំ ទីក្រុង ប៊យ ប៊យ ប្រទេស​ឈីលី

ចូរ​ស្រាវជ្រាវ​រក​វា

មាន​គ្រា​មួយ​នោះ ខ្ញុំ​បាន​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​ព្រះសណ្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ​ឬ​ទេ ហើយ​ក្រោយ​មក ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួល​ចម្លើយ​ក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ឮ​គេ​ថ្លែង​ទីបន្ទាល់​អំពី​ការអធិស្ឋាន ហើយ​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​សូម​ផ្តល់​យោបល់​ផ្សេង​ទៀត​ថា សូម​សួរ​ឪពុកម្តាយ ប៊ីស្សព ឬ សមាជិក​ផ្សេង​ទៀត​ក្នុង​វួដ​របស់​អ្នក ។ អ្នក​ក៏​អាច​អធិស្ឋាន​ទូល​សូម​ជំនួយ​សម្រាប់​ប្រធាន​បទ​នេះ​ផងដែរ !

យ៉ូស្វេ អេស អាយុ ១៣ ឆ្នាំ អូរីហ្គិន ស.រ.អា.

អធិស្ឋាន​ដោយ​ស្មោះសរ

បន្ទាប់​ពី​អធិស្ឋាន អ្នក​អាច​ស្តាប់​អារម្មណ៍ និង គំនិត​ដែល​ផុស​ឡើង​ក្នុង​ចិត្ត​របស់​អ្នក ។ អារម្មណ៍ និង គំនិត​នោះ​អាច​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​នោះ ។ នៅពេល​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត នោះ​ព្រះវរបិតាសួគ៌​របស់​យើង​ឆ្លើយ​តប​មក​យើង ស្របតាម​សេចក្តីជំនឿ​ដែល​យើង​មាន​លើ​ទ្រង់ ។ ទ្រង់​ពុំ​ឆ្លើយ​ដោយ​គ្រាន់តែ​បំពេញ​ការចង់ដឹង​ចង់​ឮ​របស់​យើង​នោះ​ទេ ។

ចៀន ខ្លោឌ អិន អាយុ ១៦ ឆ្នាំ កាសា សេនត្រល់ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ