២០១៧
ការយល់​ដឹង​អំពី​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក
April 2017


ការយល់​ដឹង​អំពី ពរ​របស់​លោក​អយ្យកោ​របស់​អ្នក

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ អិលលីណោយ ស.រ.អា. និង នូវ យ៉ោក ស.រ.អា. ។

ការស្គាល់​ពី​ផ្នែក​នានា​នៃ​ពរជ័យ​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​ការដឹកនាំ​នៅក្នុង​ជីវិត​របស់​អ្នក ។

រូបភាព
man with a map in a maze

Man in maze © Digital Vision Vections/Getty Images

ជីវិត​នេះ​ពោរពេញ​ទៅ​ដោយ​ការសម្រេច​ចិត្ត ៖ តើ​ខ្ញុំ​គួរតែ​ចូល​រៀន​សាលា​ណា​មួយ ? តើ​ខ្ញុំ​គួរ​តែ​សិក្សា​មុខ​វិជ្ជា​អ្វី ? តើ​ខ្ញុំ​គួរ​បម្រើ​បេសកកម្ម​ឬ​ទេ ? តើ​ខ្ញុំ​គួរ​រៀបការ​ជាមួយ​នរណា ? ប្រសិនបើ​គេ​ឲ្យ​ផែនទី​ផ្ទាល់​ខ្លួន​មួយ​ដល់​អ្នក ដើម្បី​ស្វែងរក​ការសម្រេច​ចិត្ត​នានា​អំពី​ជីវិត​នេះ តើ​អ្នក​នឹង​ធ្វើ​តាម​ផែនទី​នោះ​ដែរ​ឬ​ទេ ?

ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ផែនទី​បែប​នោះ​ដល់​យើង—គឺ​ពរ​របស់​លោក​អយ្យកោ—ដើម្បី​ផ្តល់​ការណែនាំ​ដល់​ជីវិត​របស់​យើង ។ ទោះបី​ជា​យើង​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ទាន​នៃ​សិទ្ធិជ្រើសរើស ដើម្បី​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​សេរី​ដោយ​ផ្ទាល់ខ្លួន​ក្តី ក៏​ពរ​របស់​លោក​អយ្យកោ អាច​ផ្តល់​ការយល់​ដឹង​អំពី​ផ្លូវ​នានា ដែល​នឹង​នាំ​សុភមង្គល​ដ៏​មហិមា​មក​ដល់​យើង ។

ប៉ុន្តែ​ការ​មាន​តែ​ផែនទី​តែ​មួយ​មុខ​នោះ​គឺ​ពុំ​គ្រប់គ្រាន់​ឡើយ ។ យើង​ត្រូវតែ​សិក្សា យល់ ហើយ​អនុវត្ត​អត្ថន័យ​នានា​ដែល​មាន​នៅ​ក្នុង​ផែនទី​នោះ ។ ដូច​គ្នា​នេះ​ផងដែរ នៅពេល​អ្នក​យល់​ច្បាស់​អំពី​ពាក្យ​ពេចន៍ ដែល​បាន​ប្រើ​នៅ​ក្នុង​ពរ​របស់​លោក​អយ្យកោ​របស់​អ្នក—ជា​មគ្គទេសក៍​ផ្ទាល់ខ្លួន​អំពី​ជីវិត​របស់​អ្នក—នោះ​អ្នក​អាច​ញែក​ដឹង ថា​អ្នក​ជា​នរណា ហើយ​ថា​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​បែប​ណា​នៅក្នុង​ព្រះនេត្រ​នៃ​ព្រះ ។

ការយល់​ដឹង​អំពី​ពូជពង្ស​របស់​អ្នក

ដំបូង ហើយ​សំខាន់​បំផុត ពររបស់លោកអយ្យកោ​របស់​អ្នក​ប្រកាស​អំពី​ពូជពង្ស​របស់​អ្នក ឬ បញ្ជាក់​ប្រាប់​ថា​អ្នក​នៅក្នុង​កុលសម្ព័ន្ធ​ជាក់លាក់​ណា​មួយ នៃ​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ​របស់​យ៉ាកុប ( ដែល​ក្រោយ​មក​ត្រូវ​បាន​ហៅ​ថា​ជា អ៊ីស្រាអែល ) ។ ទោះបី​ជា​យើង​ទាំងអស់​គ្នា​ពុំ​មែន​ជា​ពូជអំបូរ​ពិតប្រាកដ​របស់​យ៉ាកុប​ក្តី ព្រះគម្ពីរ​បង្រៀន​យើង​ថា សមាជិក​សាសនាចក្រ​គឺ​ត្រូវ​បាន​យក​មក​ចិញ្ចឹម​នៅក្នុង​វង្សអ៊ីស្រាអែល ៖ « ចំពោះ​មនុស្ស​ជាច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​ហៅ​តាម​ឈ្មោះ​អ្នក ហើយ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ​អ្នក ហើយ​នឹង​ក្រោក​ឡើង ហើយ​ជូន​ពរ​ដល់​អ្នក​ជា​ឪពុក​របស់​គេ » ( អ័ប្រាហាំ ២:១០ ) ។

ស្សែលីសា ស្គ្រូពែល មក​ពី រដ្ឋ យូថាហ៍ ស.រ.អា. និយាយ​ថា « ការដឹង​ថា​ខ្ញុំ​មក​ពី​វង្ស​នៃ​លោក​យ៉ាកុប ជួយ​ខ្ញុំ​ឲ្យ​យល់​អំពី​គោលបំណង​នៅក្នុង​ជីវិត​នេះ និង មូលហេតុ​ដែល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​មុខងារ​ជាក់លាក់​នានា​នៅក្នុង​ព្រះវិហារ » ។

ពររបស់​លោក​អយ្យកោ​របស់​អ្នក​ក៏​ពិពណ៌នា​អំពី​ពរជ័យ​ដែល​ទាក់ទង​នានា ដែល​កើត​មាន​មក​ជាមួយ​នឹង​កុលសម្ព័ន្ធ​ជាក់លាក់​របស់​អ្នក ។ ឧទាហរណ៍ សមាជិក​សាសនាចក្រ​ជាច្រើន​គឺ​នៅក្នុង​កុលសម្ព័ន្ធ​អេប្រាអិម ជា​កុលសម្ព័ន្ធ​ដែល​មាន​ការទទួលខុសត្រូវ​ពិសេស ដើម្បី​ផ្សាយ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ដល់​ពិភពលោក ( សូមមើល ចោទិយកថា ៣៣:១៣–១៧, គ. និង ស. ១៣៣:២៦–៣៤ ) ។

ស្វែងរក​ដំបូន្មាន​ផ្ទាល់​ខ្លួន

នៅពេល​ប្រើ​ផែនទី​បាន​ត្រឹមត្រូវ នោះ​វា​ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មិន​វង្វេង​ផ្លូវ​ឡើយ ។ ស្រដៀង​គ្នា​នេះ​ដែរ នៅក្នុង​ដំណើរ​នៃ​ជីវិត​នេះ ពររបស់លោកអយ្យកោ​របស់​អ្នក​អាច​ផ្តល់​ដំបូន្មាន និង ការណែនាំ​ដល់​ជីវិត​របស់​អ្នក ។ ពររបស់លោកអយ្យកោ​របស់​អ្នក​ពុំ​គ្រាន់តែ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឡើយ ប៉ុន្តែ​វា​អាច​ផ្តល់​ការយល់ដឹង​ផ្ទាល់​ខ្លួន​អំពី​ផ្លូវ​ណា​មួយ—ប្រសិនបើ​ដើរ​ដោយ​សេចក្តីជំនឿ—នោះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង ថា​នៅ​ពេល​ណា​ដែល​ជីវិត​របស់​អ្នក​កំពុង​ធ្វើ​អ្វីៗ​ស្រប​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ ។ នៅពេល​អ្នក​សិក្សា ពរ​របស់​លោក​អយ្យកោ​របស់​អ្នក ហើយ​ព្យាយាម​រស់​នៅ​ក្នុង​ឥរិយាបថ​មួយ​ដែល​យាង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នោះ​អ្នក​អាច​រកឃើញ​នូវ​សុវត្ថិភាព អំណរ និង ការណែនាំ ។

ហ្គាព្រីយ៉ែល ប៉ារេឌេស មក​ពី​ទីក្រុង លីម៉ា ប្រទេស​ពេរ៉ូ និយាយ​ថា​« ដំបូន្មាន​មួយ​ចំនួន​ដែល​បាន​ផ្តល់​ដល់​ខ្ញុំ​នៅក្នុង​ពរជ័យ​នោះ គឺ​ថា​ខ្ញុំ​អាច​អនុវត្ត​វា​បាន​ពេញលេញ​ជាមួយ​គ្រួសារ​ខ្ញុំ និង បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​ភរិយា​ខ្ញុំ​តែ​ប៉ុណ្ណោះ ។

ថ្មីៗ​នេះ​យើង​មាន​ចម្ងល់​ថា តើ​ពួកយើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ពង្រឹង និង កសាង​គ្រួសារ​ថ្មោងថ្មី​របស់​យើង ។ យើង​បាន​ទទួល​ចម្លើយ​តាមរយៈ​ពរ​របស់​លោក​អយ្យកោ​របស់​ខ្ញុំ ។ នៅក្នុង​ពរជ័យ​នោះ បាន​ណែនាំ​ខ្ញុំ​ឲ្យ​ផ្តល់​អាទិភាព​លើ​ការគោរព​គ្នា ការអត់ធ្មត់ និង មាន​សេចក្តីស្រឡាញ់​នៅក្នុង​គ្រួសារ ដោយសារ​នេះ​គឺ​ជា​គ្រឹះ​សំខាន់​មួយ​ចំនួន​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

« នៅពេល​យើង​បាន​ផ្តោត​ចិត្ត​ទុកដាក់​លើ​រឿង​នេះ ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​បាន​យក​ឈ្នះ​លើ​បញ្ហា​នានា ។ យើង​នៅតែ​មាន​ឧបសគ្គ​ម្តងម្កាល ជាគ្រួសារ ប៉ុន្តែ​យើង​មាន​ភាព​រីករាយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​កំពុង​រំឭក​ខ្ញុំ​អំពី​របៀប​ដែល​ខ្ញុំ​អាច​មាន​គ្រួសារ ដែល​ទ្រង់​បាន​សន្យា​ដល់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​មាន​បន្ទូល​តាមរយៈ ពរ​របស់​លោក​អយ្យកោ ហើយ​ថា​ដំបូន្មាន​នៅក្នុង​ពរជ័យ​នោះ​គឺ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ជីវិត​របស់​យើង » ។

សូម​ស្តាប់​តាម​ការព្រមាន

ផែនទី​នឹង​ពុំ​គូស​បង្ហាញ​អំពី​គ្រោះថ្នាក់​ទាំងអស់ ដែល​នៅ​តាម​ផ្លូវ​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ ប៉ុន្តែ​សំណាង​ណាស់ ជារឿយៗ ពររបស់លោកអយ្យកោ​ប្រាប់​អំពី​ការព្រមាន​នានា ដើម្បី​ការពារ​យើង​នៅ​តាម​ផ្លូវ​នោះ ។ ការព្រមាន​ទាំង​នេះ ជួយ​ការពារ​យើង​ពី​ឥទ្ធិពល​របស់​សាតាំង ការព្រមាន​ផ្សេង​ទៀត​អាច​បំភ្លឺ​យើង​អំពី​របៀប​ដែល​យើង​អាច​យក​ឈ្នះ​លើ​ភាព​ខាង​សាច់​ឈាម​ដែល​មាន​នៅក្នុង​ខ្លួន​យើង ។

សម្រាប់ ខាធ្លីន ខារ មក​ពី​រដ្ឋ យូថាហ៍ ការព្រមាន​មួយ​ចំនួន​នៅក្នុង​ពររបស់លោក​អយ្យកោ​របស់​នាង ពុំ​មាន​ភាព​ច្បាស់​លាស់​ភ្លាមៗ​សម្រាប់​នាង​ឡើយ ប៉ុន្តែ​ក្រោយ​ពី​ការសិក្សា​អំពី​ពរជ័យ​របស់​ខ្លួន នោះ​នាង​ទទួល​បាន​ការយល់​ដឹង​ថ្មី ។

« ពេល​ខ្ញុំ​បាន​ទទួល ពររបស់លោកអយ្យកោ ខ្ញុំ​ត្រូវបាន​ព្រមាន​អំពី​មនុស្ស​ដែល​ព្យាយាម និង ទាក់ទាញ​ខ្ញុំ​ឲ្យ​ចេញ​ពី​សេចក្តីពិត​ដោយ​ការនិយាយ​អ្វីៗ​ដែល​ផ្គាប់​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ពុំ​បាន​គិត​ច្រើន​អំពី​រឿង​នោះ​ឡើយ ខ្ញុំ​មាន​ជំនឿ​រឹងមាំ​លើ​គោលលទ្ធិ​ដែល​បាន​បង្រៀន​ដល់​ខ្ញុំ ។

« ប៉ុន្តែ នៅ​ឆ្នាំ​បន្ទាប់​មក​នោះ ដំបូង​ខ្ញុំ​បាន​ជួប​គំនិត និង ទស្សនៈ​ដែល​ហាក់បី​ដូច​ជា​បាន​ផ្តោត​ទៅលើ​ភាពយុត្តិធម៌ និង សេចក្តីស្រឡាញ់ ប៉ុន្តែ​តាម​ពិតទៅ​វា​មិន​ដូច្នោះ​ទេ ។ គំនិត និង​ទស្សនៈ​ទាំង​នេះ​ហាក់បី​ដូចជា​មក​ពី​គ្រប់​ទិសទី ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ សាលា​រៀន សូម្បី​តែ​មិត្តភក្តិ​ស្និទ្ធស្នាល ។ ទោះបីជា​យ៉ាង​ណា​ក្តី ខ្ញុំ​បាន​ដឹង​ថា​ទស្សនៈ​ទាំង​នេះ ផ្ទុយ​ទៅ​នឹង​ផែនការ​របស់​ព្រះ ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ចង់​គាំទ្រ​ទាំង​គំនិត​ថ្មី​បែប​លោកិយ​ទាំង​នេះ និង សាសនាចក្រ ។ មិនយូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា ‹ គ្មាន​អ្នក​ណា​អាច​នឹង​បម្រើ​ចៅហ្វាយ​ពីរ​នាក់​បាន​ទេ › ( ម៉ាថាយ ៦:២៤ ) ហើយ​ថា​ខ្ញុំ​ពុំ​គួរ​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ ។ ព្រះវរបិតាសួគ៌​បាន​ដោះស្រាយ​ចម្ងល់​របស់​ខ្ញុំ តាមរយៈ​ព្រះគម្ពីរ និង​មាន​បន្ទូល​នាំ​ភាពសុខសាន្ត​មក​ក្នុង​គំនិត និង​ដួងចិត្ត​របស់​ខ្ញុំ ។ ជា​លទ្ធផល ទីបន្ទាល់​របស់​ខ្ញុំ​បាន​ប្រែ​ជា​រឹងមាំ ហើយ​ខ្ញុំ​បាន​ប្រែ​កាន់តែ​រឹងប៉ឹង នៅក្នុង​ការការពារ​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​ថា​ជា​ការពិត » ។

ការ​អភិវឌ្ឍ​អំណោយ​ទាន និង​ទេពកោសល្យ

ពររបស់លោកអយ្យកោ​របស់​អ្នក​ក៏​ប្រាប់​អ្នក​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ និង ទេពកោសល្យ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អ្នក ដើម្បី​កសាង​នគរ​របស់​ទ្រង់ ។ ប្រសិនបើ​ពរជ័យ​របស់​អ្នក​ប្រាប់​អំពី​ទេពកោសល្យ ដែល​អ្នក​មិន​ស្គាល់ នោះ​អាច​មក​ពី​អ្នក​ពុំ​ទាន់​មាន​ឱកាស​រក​ឃើញ ឬ អភិវឌ្ឍ​ទេពកោសល្យ​នោះ ។ អ្នក​អាច​ប្រើ និង ធ្វើ​ឲ្យ​ទេពកោសល្យ​នេះ និង ទេពកោសល្យ​ជា​ច្រើន​ផ្សេង​ទៀត​រីកចម្រើន​បាន តាមរយៈ​ការស្វែងរក និង​សូម​ជំនួយ​ពី​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។

ការអភិវឌ្ឍ​ទេពកោសល្យ ជួយ​អ្នក​ឲ្យ​ទទួល​ស្គាល់​អ្វីៗ​ដែល​ពិសេស ដែល​អ្នក​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​របស់​ព្រះ​អម្ចាស់ ។ ចូហាន់ណា ប្លេកវែល មក​ពី រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ពិចារណា​អំពី​អំណោយ​ទាន និង​ទេពកោសល្យ​នានា​នៅក្នុង​ពរជ័យ​របស់​នាង ពេល​នាង​មាន​អារម្មណ៍​ថា​ត្រូវបាន​ល្បួង​ឲ្យ​ប្រៀបធៀប​ខ្លួន​នាង​ជាមួយ​មនុស្ស​ដទៃ​ទៀត ៖ « នៅពេល​ខ្ញុំ​អាន ពាក្យពេចន៍​ទាំងនោះ​នៅក្នុង​ពររបស់លោកអយ្យកោ​របស់​ខ្ញុំ វា​រំឭក​ខ្ញុំ​ថា ខ្ញុំ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​អំណោយ​ទាន ដែល​ខ្ញុំ​ត្រូវការ​ចាំបាច់​ផ្ទាល់​ខ្លួន​ខ្ញុំ ដើម្បី​យក​ឈ្នះ​លើ​ការសាកល្បង និង ការចូលរួម​នៅក្នុង​ការពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ពរជ័យ​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​អំពី​សមត្ថភាព​របស់​ខ្ញុំ ឲ្យ​ស្រឡាញ់ អភ័យទោស និង មាន​ចិត្ត​ក្លាហាន​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្ញុំ ។ នៅពេល​ខ្ញុំ​បាន​អនុវត្ត​តាម​អំណោយ​ទាន​ទាំង​នេះ ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ ឲ្យ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង ដើម្បី​ប្រឈម​មុខ និង ទាក់ទង​ជាមួយ​មនុស្ស និង វប្បធម៌​ថ្មីៗ ។ ជា​លទ្ធផល ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើន​ឡើង​ថា យើង​ទាំងអស់​គ្នា​គឺ​ជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ ហើយ​ខ្ញុំ​អាច​បម្រើ​អ្នក​ដទៃ ពេល​យើង​ម្នាក់ៗ​ព្យាយាម​ក្លាយ​ឲ្យ​ដូច​ជា​ព្រះគ្រីស្ទ » ។

រូបភាព
points on the map

ស្វែងរក​ពរជ័យ​ដែល​បាន​សន្យា

ជាចុង​ក្រោយ ពររបស់លោកអយ្យកោ​របស់​យើង​បើក​បង្ហាញ​អំពី​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះវរបិតាសួគ៌ដល់យើង ប្រសិនបើ​យើង​នៅ​បន្ត​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ គ្មាន​ការធានា​ថា តើ​ការសន្យា​ទាំង​នេះ​នឹង​ត្រូវបាន​បំពេញ​នៅពេល​ណា​នោះ​ទេ ប៉ុន្តែ​យើង​អាច​ដឹង ដរាប​ណា​យើង​រស់នៅ​ដោយ​គោរព​ប្រតិបត្តិ​តាម​ដំណឹង​ល្អ នោះ​ការសន្យា​ទាំង​នោះ​នឹង​ត្រូវបាន​បំពេញ ទោះបី​ជា​នៅក្នុង​ជីវិត​នេះ ឬ នៅ​ជីវិត​បន្ទាប់​ទៀត​ក្តី ។

សើជីអូ ហ្គូធារ៉េស មក​ពី​រដ្ឋ ណាវ៉ាដា ស.រ.អា. ពឹងផ្អែក​លើ​ការសន្យា​ដែល​មាន​នៅក្នុង ពររបស់លោកអយ្យកោ​របស់​គាត់ នៅពេល​គាត់​មាន​អារម្មណ៍​ភ័យ​ព្រួយ​អំពី​ផែនការ​ក្នុង​វិជ្ជាជីវៈ​នា​ពេល​អនាគត​របស់​គាត់ ៖ « នៅពេល​ណា ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​អំពី​ភាព​មិន​ប្រាកដ​ប្រាជា​អំពី​អនាគត​ខ្ញុំ នោះ​មាន​ពរជ័យ​មួយ​នៅក្នុង​ពររបស់លោក​អយ្យកោ ដែល​បាន​លួងលោម​ចិត្ត​ខ្ញុំ​ឲ្យ​មាន​ភាពសុខសាន្ត​ជានិច្ច ។ ការសន្យា​នេះ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ដរាប​ណា​ខ្ញុំ​ខិតខំ ហើយ​បន្ត​ស្មោះត្រង់ នោះ​ខ្ញុំ​នឹង​មាន​ធនធាន​ចាំបាច់​នានា​ដែល​អាច​មើល​ថែ​ដល់​គ្រួសារ​របស់​ខ្ញុំ និង ដើម្បី​កសាង​សាសនាចក្រ ។ ខ្ញុំ​ពុំ​ដឹង​ពិតប្រាកដ​នៅ​ឡើយ​ទេ​ថា តើ​វិជ្ជាជីវៈ​ណា​មួយ​ដែល​ខ្ញុំ​ចង់​ធ្វើ​នោះ​ទេ ប៉ុន្តែ​ការមាន​ការសន្យា​នេះ ជួយ​ខ្ញុំ​ឲ្យ​មាន​ជំនឿ និង ទំនុកចិត្ត » ។

ប្រសិនបើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​យ៉ាង​ណា​ខ្លះ​ចំពោះ​អ្នក នោះ​អ្នក​មិន​នៅ​ឯកោ​ឡើយ ។ ព្រះអម្ចាស់​បាន​ជ្រាប​ដឹង​ថា អ្នក​នឹង​ជួប​នូវ​ជម្រើស​ផ្សេងៗ​ជា​ច្រើន​ដែល​អ្នក​អាច​ចាប់​យក​នៅក្នុង​ជីវិត​នេះ ដូច្នោះ​ទ្រង់​បាន​ប្រទាន​ផែនទី​ផ្ទាល់​ខ្លួន​មួយ​ដល់​អ្នក ដើម្បី​រក្សា​ជីវិត​អ្នក​ឲ្យ​ស្រប​ទៅ​នឹង​ដំណឹង​ល្អ​របស់​ទ្រង់ ។ ពររបស់លោកអយ្យកោ​ពុំ​អាច​ធ្វើ​ការសម្រេច​ចិត្ត​ឲ្យ​យើង​ឡើយ ប៉ុន្តែ​ពរជ័យ​នេះ​អាច​នាំ​យើង​ទៅ​រក​វិវរណៈ​ផ្ទាល់​ខ្លួន ។ តាមរយៈ​ពររបស់លោកអយ្យកោ​របស់​យើង នោះ​យើង​ត្រូវបាន​បង្ហាញ​អំពី​របៀប ដែល​យើង​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះអម្ចាស់ ដើម្បី​ប្រមូល​ពួក​អ៊ីស្រាអែល តាមរយៈ​ការរៀន​អំពី​កុលសម្ព័ន្ធ​របស់​ពួកយើង យើង​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការទូន្មាន​ផ្ទាល់​ខ្លួន ការព្រមាន និង ការសន្យា ហើយ​យើង​ត្រូវបាន​បង្រៀន​អំពី​អំណោយ​ទាន និង ទេពកោសល្យ​ពិសេសៗ ដែល​ព្រះវរបិសួគ៌​បាន​ប្រទាន​ដល់​ពួកយើង ដើម្បី​បម្រើ​ទ្រង់ ។ ដរាប​ណា​អ្នក​ព្យាយាម​រស់នៅ ស្រប​តាម​ចំណុច​ទាំងអស់ ដែល​មាន​នៅក្នុង​ពររបស់​លោកអយ្យកោ​របស់​អ្នក​ផ្ទាល់ នោះ​អ្នក​អាច​ដឹង​ថា ការសម្រេច​ចិត្ត​របស់​អ្នក​គឺ​នៅក្នុង​ព្រះទ័យ​របស់​ព្រះអម្ចាស់​ដែល​បាន​សម្រេច​ឲ្យ​អ្នក ។