២០១៧
ភ្លេច​សៀវភៅ ប៉ុន្តែ​ចងចាំ​ទីបន្ទាល់
April 2017


ភ្លេច​សៀវភៅ ប៉ុន្តែ​ចងចាំ​ទីបន្ទាល់

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង កាហ្គាយ៉ាន ប្រទេស​ហ្វីលីពីន ។

មនុស្ស​គ្រប់​គ្នា​បាន​មើល​មក​ខ្ញុំ ។ តើ​ខ្ញុំ​អាច​ការពារ​សាសនាចក្រ​ជាមួយ​នឹង​ទីបន្ទាល់​ដ៏​សាមញ្ញ​របស់​ខ្ញុំ​បាន​ដែរ​ឬ​ទេ ?

រូបភាព
girl in classroom

នា​ឆ្នាំ​ណា​មួយ​នោះ ខ្ញុំ​មាន​គោលដៅ​បង្កើន​ការរៀន​សូត្រ​ខាង​វិញ្ញាណ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​យក​សៀវភៅ កូន​សៀវភៅ សៀវភៅ​សិក្សា និង ព្រះគម្ពីរ​របស់​សាសនាចក្រ​ទៅ​គ្រប់​ទីកន្លែង ទាំង​ទៅ​សាលា​រៀន ដោយសារ​ខ្ញុំ​ស្រែក​ឃ្លាន​ចង់​ដឹង​ព្រះ​បន្ទូល​របស់​ព្រះ ។ ប៉ុន្តែ​ការខិតខំ​របស់​ខ្ញុំ​បាន​ថយ​ចុះ នៅពេល​ខ្ញុំ​រវល់​សិក្សា​សម្រាប់​ការប្រឡង​ដែល​នឹង​មក​ដល់​ឆាប់ៗ ។

មាន​ថ្ងៃ​មួយ​គ្រូបង្រៀន​របស់​យើង បាន​ដឹកនាំ​ការពិភាក្សា ដែល​នៅ​ក្នុង​នោះ​គាត់​បាន​ស្នើសុំ​ឲ្យ​ពួកសិស្ស​នៅក្នុង​ថ្នាក់ ដែល​មិន​កាន់​សាសនា​កាតូលិក​ក្រោក​ឈរ​ឡើង ។ ខ្ញុំ​គឺ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​តែ​ម្នាក់​ឯង​គត់​នៅ​ក្នុង​ថ្នាក់ ។ សិស្ស​ប្រាំមួយ​នាក់​ផ្សេង​ទៀត​ក៏​បាន​ក្រោក​ឈរ​ផងដែរ ។

បន្ទាប់​មក​គេ​សួរ​ពួកយើង​ថា ៖ តើ​អ្នក​ជា​សមាជិក​ព្រះវិហារ​មួយ​ណា ? តើ​នរណា​ជា​អ្នក​បង្កើត​ព្រះវិហារ​នោះ ? តើ​ព្រះវិហារ​របស់​អ្នក​បង្កើត​ឡើង​តាម​របៀប​ណា ?

ខ្ញុំ​ជា​អ្នក​ឆ្លើយ​សំណួរ​នោះ​ចុង​ក្រោយ​គេ ។ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់​ណាស់ នៅពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពុំ​បាន​យក​សៀវភៅ​របស់​សាសនាចក្រ​មក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​ចងចាំ​អ្វី​ដែល​ខ្ញុំ​បាន​សិក្សា ។ មាន​ខគម្ពីរ​ក្នុង​គម្ពីរ​ប៊ីប​មួយ​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ៖

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ។

ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ( សុភាសិត ៣:៥–៦ ) ។

ខ្ញុំ​បាន​ឈរ​នៅ​ពី​មុខ​សិស្ស​ក្នុង​ថ្នាក់​ដោយ​ក្លាហាន ហើយ​បំភ្លេច​ការភ័យ​ខ្លាច​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ថ្លែង​ថា ខ្ញុំ​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ខ្ញុំ​បាន​ចែកចាយ​រឿង​របស់​ក្មេង​ប្រុស យ៉ូសែប ស៊្មីធ ដែល​បាន​ជួប​ព្រះ ។ ខ្ញុំ​មាន​អារម្មណ៍​ខ្មួលខ្មាញ់​ក្នុង​ទ្រូង​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក ។ ខ្ញុំ​បាន​ចែកចាយ​ថា សាសនាចក្រ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ហើយ​ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ថា មាន​ព្យាការី​របស់​ព្រះ​មួយ​រូប ត្រូវបាន​ហៅ ហើយ​បព្វជិតភាព​ត្រូវបាន​ស្តារ​ឡើង​វិញ ។ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ថា រឿង​ទាំង​នេះ​ពិត ។

ការសិក្សា​ដំណឹង​ល្អ​អស់​ជា​ច្រើន​ម៉ោង​នោះ​គឺ​ពិតជា​មាន​តម្លៃ​ណាស់ ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ការពារ​សេចក្តីជំនឿ​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ចែកចាយ​ដំណឹង​ល្អ ។ បួន​ប្រាំ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​មាន​មោទភាព​ណាស់ ដោយសារ​មាន​មិត្តភក្តិ​បួន​នាក់​មក​ពី​ថ្នាក់​រៀន​របស់​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​ជាមួយ​ខ្ញុំ ។

បទពិសោធន៍​នោះ​បាន​បង្រៀន​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ទីបន្ទាល់ ។ ដំបូង​ខ្ញុំ​បាន​ឆ្ងល់​ថា ហេតុអ្វី​ព្រះអម្ចាស់​ពុំ​បាន​បំផុស​គំនិត​ឲ្យ​ខ្ញុំ​យក​សៀវភៅ​របស់​ព្រះវិហារ​ទៅ​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​នោះ ។ សៀវភៅ​ទាំង​នោះ​នឹង​ជួយ​ឲ្យ​ខ្ញុំ​ឆ្លើយ​សំណួរ​ដែល​បាន​សួរ​នោះ​បាន​ល្អ​បំផុត ។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា យើង​ពុំ​ចាំបាច់​ទន្ទេញ​អ្វី​គ្រប់​យ៉ាង​អំពី​សាសនាចក្រ ឬ ពឹង​ទៅលើ​ឯកសារ​យោង​ឡើយ—យើង​គួរតែ​សិក្សា រស់នៅ និង ចែកចាយ​ដំណឹង​ល្អ ដោយ​ផ្អែក​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​អាច​គ្មាន​សៀវភៅ​ទាំង​នោះ​បាន ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​គ្មាន​ទីបន្ទាល់​បាន​ឡើយ ។