២០១៧
ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ និង សេចក្តីពិត​អំពី​ព្រះកាយ​ទ្រង់
April 2017


ការមាន​ព្រះជន្ម​រស់​ឡើង​វិញ របស់ ព្រះយេស៊ូវគ្រីស្ទ និង សេចក្តីពិត​អំពី​ព្រះកាយ​ទ្រង់

តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​បង្រៀន​យើង​អំពី​សេចក្តីពិត​ដ៏​សំខាន់​អំពី​រូប​កាយ ។

រូបភាព
Resurrected Christ with Thomas

ដកស្រង់​ចេញ​ពី ថូម៉ាស​ដែល​ពោរពេញ​ដោយ​ការសង្ស័យ ដោយ ខាល ហ៊ែនរិច ប្លច

ផ្ទៃ​ខាង​ក្រោយ © janniwet/iStock/Getty Images

« ទ្រង់​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ » ( យ៉ូហាន ១៩:៣០ ) ។ នៅ​គ្រា​នោះ វិញ្ញាណ​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​ចាកចេញ​ពី​ព្រះកាយ​ទ្រង់—ជា​ព្រះ​កាយ​ដែល​បាន​ស៊ូទ្រាំ​ការរងទុក្ខ ប្រយោជន៍​ឲ្យ​ទ្រង់​អាច​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​មនុស្ស​ទាំងអស់ ហើយ​ជួយ​ពួកគេ​តាម​ជំងឺ​របស់​ពួកគេ ( សូមមើល អាលម៉ា ៧:១២–១៣ ) ។ ឥឡូវ​ព្រះកាយ​ដែល​វិញ្ញាណ​បាន​ចាកចេញ​នោះ ត្រូវ​បាន​ដាក់​ចុះ​ពី​លើ​ឈើឆ្កាង រុំ​នឹង​សំពត់​ទេសឯក ហើយ​ទីបំផុត​បាន​ដាក់​ទុក​ក្នុង​ផ្នូរ ។ នៅថ្ងៃ​ទី​បី ស្ត្រីបានទៅឯផ្នូរ ដើម្បី​ធ្វើ​ការរៀបចំ​សម្រាប់​ពិធី​បញ្ចុះ​ព្រះ​សព​នោះ ។

ប៉ុន្ដែ ព្រះសព​នោះ​មិន​បាន​នៅ​ទីនោះ​ឡើយ ។

ការឃើញ​ថា​ផ្នូរ​នៅ​ទទេ​គឺ​គ្រាន់តែ​ជា​ការចាប់​ផ្ដើម​ប៉ុណ្ណោះ ។ ក្រោយ​មក​ទៀត ម៉ារា ម៉ាក់ដាឡា ពួក​សាវក និង មនុស្ស​ដទៃ​ទៀត​ជា​ច្រើន​បាន​ឃើញ​អព្ភូតហេតុ ៖ គឺ​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ល្អ​ឥតខ្ចោះ ជា​រូប​ពិត​ជាក់ស្តែង និង ក្នុង​រូបរាង​ជា​មនុស្ស ។

ព្រះអង្គសង្គ្រោះ​ធ្វើ​ឲ្យ​ប្រាកដ​ថា អស់​អ្នក​ដែល​បាន​ឃើញ​ទ្រង់​បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ យល់​ជាក់​ច្បាស់​អំពី​សភាព​នៃ​ព្រះកាយ​ដែល​ទ្រង់​មាន ។ ឧទាហរណ៍ ទ្រង់​បាន​អញ្ជើញ​ពួកសាវក​ឲ្យ​ប៉ះ​ព្រះកាយ​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ប្រាកដ​ក្នុង​ចិត្ត​ពួកគេ​ថា ទ្រង់​មាន​ព្រះកាយ មិន​មែន​ជា​វិញ្ញាណ​ឡើយ ( សូម​មើល លូកា ២៤:៣៦–៤០ ) ។ ទ្រង់​ក៏​បាន​សោយ​អាហារ​ជាមួយ​ពួកគេ​ផងដែរ ( សូមមើល លូកា ២៤:៤២–៤៣ ) ។

ក្រោយ​មក នៅពេល​ពួកសាវក​បាន​បំពេញ​ការចាត់តាំង​របស់​ពួកគេ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពួកគេ​បាន​ជួប​ប្រទះ​នឹង​ការជំទាស់ និង ការបៀតបៀន ដែល​ការជំទាស់ និង ការបៀតបៀន​មួយ​ចំនួន​កើត​ឡើង ដោយ​ព្រោះ​ពួកគេ​បាន​បង្រៀន​ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​មនុស្ស​ទាំងអស់​នឹង​រស់​ឡើង​វិញ​ផងដែរ ( សូមមើល កិច្ចការ ៤:១–៣ ) ។

សព្វ​ថ្ងៃ​នេះ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​នៅតែ​ជា​សារលិខិត​សំខាន់ ដែល​បាន​ប្រកាស​ដល់​ពិភពលោក​ដោយ​សាសនាចក្រ​របស់​ទ្រង់ ។ ដូច​ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនាចក្រ​របស់​យើង គឺជា​ទីបន្ទាល់​នៃ​ពួក​សាវក និង ពួក​ព្យាការី អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវបាន​កប់ ហើយ​បានរស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​រឿង​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង គឺជា​រឿង​បន្ទាប់​បន្សំ​ទៅ​នឹង​រឿង​នេះ​ប៉ុណ្ណោះ » ។

ការមាន​ព្រះជន្ម​រស់​ឡើង​វិញ ជួយ​ឆ្លើយ​សំណួរ​សំខាន់ៗ​អំពី​លក្ខណៈ​របស់​ព្រះ លក្ខណៈ​របស់​យើង និង ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះ គោលបំណង​នៃ​ជីវិត​នេះ ព្រមទាំង​សេចក្តីសង្ឃឹម​ដែល​យើង​មាន​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នេះ​គឺ​ជា​សេចក្តីពិត​មួយ​ចំនួន ដែល​បាន​គូស​បញ្ជាក់​ដោយ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះវរបិតាសួគ៌​មាន​ព្រះកាយ​នៃ​សិរី​ល្អ

រូបភាព
First Vision

ការនិមិត្តដំបូងដោយ ហ្គារី អិល ខេព

ប្រាកដ​ណាស់ គំនិត​ដែល​គិត​ថា ព្រះ​មាន​រូបរាង​ដូច​ជា​មនុស្ស​គឺ​មាន​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ ហើយ​មនុស្ស​ភាគច្រើន​គិត​បែប​នេះ​ផងដែរ ប៉ុន្តែ​ជំនឿ​ខាង​សាសនា​វិទ្យា និង ទស្សនៈខាង​សាសនា បាន​បដិសេធ​រឿង​នេះ ដោយ​ចូលចិត្ត​គិត​ថា​ព្រះ​គឺ « គ្មាន​ព្រះកាយ បំណែក ឬ ចំណង់ » ឡើយ  តាម​ទស្សនៈ​នេះ គេ​យល់​ថា រូបកាយ ( ហើយ​ជា​ទូទៅ​គឺ​ធាតុ ) គឺ​អាក្រក់ ឬ មិន​សុទ្ធ ចំណែក​ឯ​វិញ្ញាណ ចិត្ត ឬ គំនិត​វិញ​គឺ​ជា​ធាតុ​ពិត​ដ៏​សំខាន់​នៃ​រូបកាយ ឬ ជា​ជីវិត ។

ឱ ! វិវរណៈ​អំពី​លក្ខណៈ​របស់​ព្រះ​តាមរយៈ​ព្រះរាជបុត្រា​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ រុងរឿង និង​ទូលំទូលាយ​អ្វី​ម៉្លេះ ។

អំឡុង​ពេល​ការងារ​បម្រើ​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ » ( យ៉ូហាន ១៤:៩ ) ។ ការណ៍​នេះ​កាន់តែ​ពិត​ឡើង បន្ទាប់​ពី​ការមាន​ព្រះជន្មរស់​ឡើង​វិញ​ដោយ​មាន​ព្រះកាយ​ល្អ​ឥតខ្ចោះ រូបកាយ​អមត ដែល​បង្ហាញ​ថា « ព្រះវរបិតា​ទ្រង់​មាន​ព្រះ​កាយ​ជា​សាច់ និង ឆ្អឹង​ដែល​ជាក់ស្ដែង ដូចជា​រូបកាយ​មនុស្ស ហើយ​ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ » ( គ. និង ស. ១៣០:២២ ) ។

ដូច្នោះ​ហើយ លក្ខណៈ​នៃ​ព្រះកាយ​របស់​ព្រះវរបិតាសួគ៌​បាន​បើក​សម្តែង​ឡើង ។ ក្រោយ​មក​ដូច យ៉ូសែប ស៊្មីធ បាន​ពន្យល់​ថា « ការគ្មាន​រូបកាយ ឬ បំណែក​នោះ​គឺ​គ្មាន​ជា​អ្វី​ទាំងអស់ ។ គ្មាន​ព្រះ​ផ្សេង​ទៀត​ណា​នៅ​លើ​ឋានសួគ៌​ឡើយ ក្រៅ​ពី​ព្រះ​ដែល​មាន​សាច់ និង ឆ្អឹង » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា ៖ « ការមាន​ព្រះកាយ​មិន​ត្រឹមតែ​ជា​រឿង​ចាំបាច់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ព្រះរាជបំណង​របស់​ព្រះ​ទៀត​ផង បើ​មិន​ដូច្នោះ​ទេ តើ​ហេតុអ្វី​ព្រះប្រោសលោះ​នៃ​មនុស្ស​លោក ប្រោសលោះ​ព្រះកាយ ទ្រង់ ដោយ​ប្រោសលោះ​ព្រះកាយ​ទ្រង់​ពី​ក្រញាំ​នៃសេចក្តី​ស្លាប់ និង ពី​ផ្នូរ ដោយ​ធានា​ថា វា​នឹង​មិន​បែក​ចេញ​ពី​វិញ្ញាណ​របស់​ទ្រង់​ម្តង​ទៀត​ឡើយ នៅក្នុង​ពេល​នោះ ឬ អស់កល្ប​ជានិច្ច​ក្តី​ធ្វើ​អ្វី ? អស់​អ្នក​ដែល​បដិសេធ​នូវ​គំនិត​ដែល​ថា ព្រះ​មាន​ព្រះកាយ នោះ​បដិសេធ​ទាំង​ជីវិត​រមែង​ស្លាប់ និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ហើយ » ។

ព្រះវរបិតាសួគ៌​មាន​គ្រប់​ព្រះចេស្តា​ទាំងអស់ ជ្រាប​ដឹង​ទាំងអស់ និង ស្រឡាញ់​មនុស្ស​ទាំងអស់

លក្ខណៈ​សម្បត្តិ​ដ៏​ប្រសើរ​បំផុត​នៃ​ចរិត​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ ក៏​ត្រូវបាន​បើក​សម្តែង​នៅក្នុង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ ដូច​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ដោយ​មាន​ភាពពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ នោះ​មន្ទិល​សង្ស័យ​អំពី​ព្រះចេស្ដា​ដ៏​អស្ចារ្យ ទេវភាព និង​សេចក្ដី​មេត្តា​របស់​ព្រះ​ជា​ព្រះវរបិតា—ដែល​បាន​ប្រទាន​ព្រះរាជបុត្រា​តែ​មួយ​គត់​របស់​ទ្រង់ សម្រាប់​ជា​សេចក្ដី​ប្រោសលោះ​ដល់​ពិភពលោក—គឺ​គ្មាន​មូលហេតុ​ឡើយ » ។

ព្រះចេស្តា ចំណេះដឹង និង សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​បាន​បង្ហាញ​ឲ្យ​ឃើញ តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ផ្តល់​ជា​ភស្តុតាង​អំពី​ប្រាជ្ញា និង សេចក្ដី​ស្រឡាញ់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង សមត្ថភាព​របស់​ទ្រង់ ( និង របស់​បុត្រា​ទ្រង់ ) ដើម្បី​សម្រេច​បាន​នូវ​ផែនការ​នេះ ។

យើង​គឺ​ជា​កូនចៅ​របស់​ព្រះ

ដូច​ព្រះគម្ពីរ​ប៊ីប​បង្រៀន​យើង​ថា យើង​ត្រូវបាន​បង្កើត​ឡើង « ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង … ជា​ប្រុស​ជា​ស្រី » ( លោកុប្បត្តិ ១:២៧ ) ។ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គូស​បញ្ជាក់​អំពី​សេចក្តីពិត​នេះ ។ ប្រាកដ​ណាស់ នៅ​ចំ​ពេល​ដែល​ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ ព្រះយេស៊ូវគ្រីស្ទ​បាន​គូស​បញ្ជាក់​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ដោយ​មាន​បន្ទូល​ថា « ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះវរបិតា​ខ្ញុំ និង ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​ខ្ញុំ ហើយ​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ២០:១៧ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

ព្រះអង្គសង្គ្រោះ​បាន​បើក​សម្តែង​ថា​ព្រះ និង មនុស្ស​លោក​គឺ​មាន​រូបរាង​ពុំ​ខុស​គ្នា​នោះ​ទេ ។ រូបរាង​ជា​មូលដ្ឋាន​នៃ​រូបកាយ​របស់​យើង គឺ​ស្រដៀង​ទៅ​នឹង​រូបរាង​នៃ​វិញ្ញាណ​របស់​យើង ហើយ​វិញ្ញាណ​របស់​យើង​ត្រូវបាន​បង្កើត​ឡើង​ដូច​ជា​រូប​អង្គ​ទ្រង់ ដោយសារ​នោះ​គឺ​ជា​លក្ខណៈ​នៃ​ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ និង កូន ។

រូបកាយ​គឺ​ជា​អំណាយទាន​នៃ​កាយ​សម្បទា និង ភាពខ្ពង់ខ្ពស់

រូបភាព
sleeping infant

រូបថត​ដោយ​ដាវីឌ ស្តូកឃើរ

តាមរយៈ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​យើង​ថា ការ​មាន​រូបកាយ និង ការរស់រាន​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​រូបកាយ​អស់កល្ប​ជានិច្ច​របស់​ព្រះ និង កូនចៅ​របស់​ទ្រង់ ។ ដូច​ព្រះអម្ចាស់​បាន​បើក​សម្តែង​ដល់ យ៉ូសែប ស៊្មីធ ថា « វត្ថុ​ធាតុ​ទាំង​ឡាយ​សុទ្ធ​តែ​មាន​នៅ​អស់​កល្ប​ជានិច្ច ហើយ​វិញ្ញាណ និង​វត្ថុ​ធាតុ​នៅ​ជាប់​គ្នា​ដោយ​ឥត​បែកបាក់​ឡើយ គឺ​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ » ( គ. និង ស. ៩៣:៣៣ ) ។ ទំនាក់ទំនង​ដែល​មិន​អាច​បំបែក​បាន​នេះ ភ្ជាប់​វិញ្ញាណ និង រូបកាយ​ឲ្យ​នៅ​ជាមួយ​គ្នា ដើម្បី​ឲ្យ​វា​ក្លាយ​ជា​រូបកាយ​ដែល​អមត ពុំ​ពុក​រលួយ មាន​សិរីល្អ និង ឥតខ្ចោះ—ជា​រូបកាយ​មួយ​បែប​ដែល​មាន​សមត្ថភាព​ទទួល​បាន​នូវ​ភាពពោរពេញ​នៃ​សេចក្តីអំណរ​ដែល​ព្រះ​មាន ។

ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​មាន​រូបកាយ​សាច់​ឈាម ហើយ​ក្រោយ​មក​ត្រូវបាន​បែក​ចេញ​ពី​វា ដើម្បី​ចូល​ទៅ​ភព​វិញ្ញាណ​នោះ « ពួក​អ្នក​ស្លាប់​បាន [ គិត ] ថា…ការ​បាត់​វិញ្ញាណ​គេ​ដ៏​យូរលង់​ពី​រូប​កាយ​គេ នោះ​ជា​សេវក​ភាព » ( គ. និង ស. ១៣៨:៥០ សូមមើល​ផងដែរ គ. និង ស. ៤៥:១៧ ) ។

ទោះបី​ជា​រូបកាយ​រមែង​ស្លាប់​របស់​យើង គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ហើយ​ជា​អំណោយ​ទាន​មក​ពី​ព្រះ​ក្តី ។ នៅពេល​វិញ្ញាណ​នៃ​ជីវិត​មុន​ផែនដី​មក​កាន់​ផែនដី​នេះ វិញ្ញាណ​ទាំង​នោះ​ត្រូវបាន « បន្ថែម » ( អ័ប្រាហាំ ៣:២៦ ) រូបកាយ​ឲ្យ ។ ដូច​ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ៖ « យើង​មក​លើ​ផែនដី​នេះ ដើម្បី​យើង​អាច​មាន​រូបកាយ ហើយ បង្ហាញ​ថា​វា​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ នៅ​ក្នុង​នគរ​សេឡេស្ទាល ។ គោលការណ៍​នៃ​សុភមង្គល​ដ៏​មហិមា មាន​នៅក្នុង​ការ​មាន​រូប​កាយ ។ អារក្ស​គ្មាន​រូបកាយ​ទេ ហើយ​ការ​គ្មាន​រូបកាយ​នេះ​ហើយ​គឺ​ជា​ទណ្ឌកម្ម​របស់​វា » ។

ដូច​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា ៖ « រូបកាយ​សាច់ឈាម​របស់​យើង ធ្វើ​ឲ្យ​មាន​បទពិសោធន៍​ទូលំទូលាយ ជ្រាលជ្រៅ និង កម្លាំង ដែល​ជាធម្មតា​ពុំ​អាច​ទទួល​បាន​នៅក្នុង​រូបកាយ​មុន​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន​ឡើយ ។ ដូច្នេះ ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ទូទៅ សមត្ថភាព​របស់​យើង​ដើម្បី​ស្គាល់ និង ប្រព្រឹត្ត​ស្របតាម​សេចក្ដីពិត និង លទ្ធភាព​របស់​យើង​ដើម្បី​គោរព​តាម​គោលការណ៍ និង ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់តែ​ល្អ​ឡើង​តាមរយៈ​រូបកាយ​សាច់ឈាម​របស់​យើង ។ នៅពេល​យើង​រៀន​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់​នេះ យើង​ដក​ពិសោធន៍​ពី​ភាពទន់ភ្លន់ ក្ដី​ស្រឡាញ់ ចិត្ត​សប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និង​សូម្បី​តែ​ឧបសគ្គ​នានា​នៃ​ដែន​កំណត់​ខាង​សាច់ឈាម នៅក្នុង​របៀប​ទាំងឡាយ​ដែល​រៀបចំ​យើង​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ និយាយ​ដោយ​សាមញ្ញ​ទៅ មាន​មេរៀន​ជា​ច្រើន ដែល​យើង​ត្រូវតែ​រៀន និង​ដកពិសោធន៍ ដែល​យើង​ត្រូវតែ​មាន ដូច​ព្រះគម្ពីរ​ពិពណ៌នា​ថា ‹ ស្របតាម​សាច់ឈាម › ( នីហ្វៃទី ១ ១៩:៦, អាលម៉ា ៧:១២–១៣ ) » ។១០

ក្រៅពី​នោះទៀត ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា ៖ « គ្រប់​មនុស្ស និង សត្វលោក​ទាំងអស់ ដែល​មាន​រូបកាយ មាន​អំណាច​លើ​អ្វីៗ ដែល​គ្មាន​រូបកាយ » ។១១ សាតាំង​អាច​ល្បួង​យើង ប៉ុន្តែ​វា​មិន​អាច​បង្ខំ​យើង​បាន​ឡើយ ។ « អារក្ស​គ្មាន​អំណាច​លើ​យើង​ទេ លើក​លែង​តែ​យើង​អនុញ្ញាត​ឲ្យ​វា​ប៉ុណ្ណោះ » ។១២

ទីបំផុត អំណោយ​ទាន​នៃ​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ដែល​រស់​ឡើង​វិញ ធ្វើ​ឲ្យ​យើង​មាន​ឥទ្ធិពល​លើ​អំណាច​របស់​សាតាំង​ជា​រៀង​រហូត ។ ប្រសិនបើ​គ្មាន​ការមាន​ព្រះជន្ម​ឡើង​វិញ​ទេ « នោះ​វិញ្ញាណ​របស់​យើង​នឹង​នៅ​ក្នុង​អំណាច​នៃ…អារក្ស ហើយ​មិន​អាច​ក្រោក​ឡើង​ទៀត​សោះ ។ ហើយ​វិញ្ញាណ​ទាំង​ឡាយ​របស់​យើង​នឹង​ក្លាយ​ទៅ​ដូច​ជា​វា​ដែរ ហើយ​យើង​នឹង​ក្លាយ​ទៅ​ជា​ពួក​អារក្ស គឺជា​ពួក​ទេវតា​នៃ​អារក្ស ដែល​នឹង​ត្រូវ​បិទ​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​របស់​យើង ហើយ​ត្រូវ​នៅ​ជាមួយ​នឹង​បិតា​នៃ​សេចក្ដី​កុហក​ទាំង​ឡាយ​នៅ​ក្នុង​សេចក្ដី​ទុក្ខ​វេទនា​ដូច​វា​ដែរ » ( នីហ្វៃទី ២ ៩:៨–៩ ) ។

វិញ្ញាណ និង រូបកាយ​ពុំ​មែន​ជា​សត្រូវ​នឹង​គ្នា​ឡើយ

ទោះបីជា​វិញ្ញាណ និង រូបកាយ​មាន​ភាព​ខុស​គ្នា​ក្តី ក៏​វិញ្ញាណ និង រូបកាយ​ជាក់ស្តែង​ពុំមែន​ជា​ធាតុ​ពីរ ដែល​មិន​អាច​ចុះ​សម្រុង​នឹង​គ្នា​បាន​ឡើយ ។ ដូច យ៉ូសែប ស៊្មីធ បាន​រៀន​ថា « គ្មាន​អ្វី​ដែល​ជា​អរូប​ធាតុ​នោះ​ឡើយ ។ គ្រប់​អស់​ទាំង​វិញ្ញាណ​សុទ្ធ​តែ​ជា​ធាតុ ប៉ុន្តែ​វា​ម៉ត់ ឬ​សុទ្ធសាធ​ជាង ហើយ​អាច​សម្គាល់​ឃើញ​ដោយ​ភ្នែក​បរិសុទ្ធ​ប៉ុណ្ណោះ យើង​ពុំ​អាច​មើល​ឃើញ​ទេ ប៉ុន្តែ​កាលណា​រូប​កាយ​យើង​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ នោះ​យើង​អាច​មើល​ឃើញ​ថា វា​សុទ្ធ​តែ​ជា​ធាតុ​ទាំង​អស់ » ( គ. និង ស. ១៣១:៧–៨ ) ។

រូបភាព
Christ appears to the Nephites

ដកស្រង់​ចេញ​ពី ព្រះ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​នៅ​អឌ្ឍគោល​ខាង​លិច ដោយអាណុល ហ្វ្រីប៊ឺហ្គ

នៅក្នុង​ស្ថានភាព​នៃ​សិរី​ល្អ និង មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​តំណាង​ឲ្យ​ការរួបរួម​ដ៏​ឥតខ្ចោះ​នៃ​វិញ្ញាណ និង រូបកាយ ដោយ​បង្ហាញ​ដល់​ពួកយើង​ថា « វិញ្ញាណ និង រូប​កាយ​គឺ​ជា​ព្រលឹង​នៃ​មនុស្ស » ( គ. និង ស. ៨៨:១៥ ) ។ នៅក្នុង​ជីវិត​នេះ​យើង​ព្យាយាម​ឲ្យ​មាន « គំនិត​ដែល​ជាប់​ទៅ​ខាង​វិញ្ញាណ » ជាជាង « គំនិត​ដែល​ជាប់​ខាង​រូបកាយ » ( នីហ្វៃទី ២ ៩:៣៩ ) « [ សម្រាត ] ភាព​ខាង​សាច់​ឈាម​ចេញ » ( ម៉ូសាយ ៣:១៩ ) ហើយ « ទប់​អស់​ទាំង​តណ្ហា [ របស់​យើង ] ( អាលម៉ា ៣៨:១២ ) ។ ប៉ុន្តែ​នោះ​ពុំ​មែន​មាន​ន័យ​ថា វិញ្ញាណ និង រូបកាយ​គឺ​ជា​សត្រូវ​នឹង​គ្នា​ឡើយ ។ ដូច​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​យើង​ថា រូបកាយ​គឺ​ពុំ​មែន​ត្រូវបាន​គេ​ស្អប់​ខ្ពើម និង ធ្វើ​ឲ្យ​ឆើតឆាយ​ហួស​ហេតុ​ឡើយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​រូបកាយ​យើង ហើយ​ផ្លាស់ប្តូរ​វា ។

ជីវិត​នៅក្នុង​រូបកាយ​រមែង​ស្លាប់ មាន​គោលបំណង​ដ៏​សំខាន់

គំនិត​ដែល​ថា​ជីវិត​នេះ​គឺ​ជា​ការសាកល្បង ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ន័យ​ឡើង នៅពេល​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​ដឹង​អំពី​ជីវិត​របស់​យើង កាល​ពីមុន និង បន្ទាប់​ពី​ជីវិត​នេះ ។ យើង​បាន​រស់​នៅ​ជា​វិញ្ញាណ​ពីមុន​យើង​បាន​មក​កាន់​ផែនដី​នេះ ហើយ​ព្រះវរបិតាសួគ៌​យើង​មាន​ព្រះទ័យ​ឲ្យ​យើង ក្លាយ​ដូច​ជា​ទ្រង់ ហើយ​រស់នៅ​ជា​រៀង​រហូត​ជាមួយ​រូបកាយ​អមត ។ សេចក្តីពិត​ទាំង​នេះ​មាន​ន័យ​ថា ពេលវេលា​នៃ​ការសាកល្បង​របស់​យើង​នៅក្នុង​រូបកាយ​រមែង​ស្លាប់​នេះ គឺ​ពុំ​មែន​ជា​ភាពចៃដន្យ​ទេ ប៉ុន្តែ​គឺ​វា​មាន​អត្ថន័យ និង គោលបំណង​ច្បាស់​លាស់ ។

ដូច​អែលឌើរ គ្រីស្តូហ្វឺសិន បាន​ពន្យល់​ថា ៖ « តាម​ការ​ជ្រើសរើស​របស់​យើង នោះ​យើង​នឹង​បង្ហាញ​ដល់​ព្រះ ( និង​ខ្លួន​យើង ) នូវ​ការ​ប្តេជ្ញា​ចិត្ត និង​សមត្ថភាព​របស់​យើង ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​សេឡេស្ទាល​របស់​ទ្រង់ ខណៈ​ដែល​នៅ​ក្រៅ​វត្តមាន​របស់​ទ្រង់ និង​នៅក្នុង​រូបកាយ​សាច់ឈាម​ដែល​មាន​នូវ​ថាមពល ការ​ស្រេកឃ្លាន និង​តណ្ហា ។ តើ​យើង​អាច​គ្រប់គ្រង​សាច់​ឈាម​យើង ដើម្បី​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ឧបករណ៍ ជាជាង​ឲ្យ​វា​ធ្វើ​ជា​ចៅហ្វាយ​លើ​វិញ្ញាណ​យើង​បាន​ឬ​ទេ ? តើ​យើង​អាច​ទុកចិត្ត​បាន​ឬទេ​ទាំង​ក្នុង​ពេលវេលា​នេះ និង ភាពអស់​កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះចេស្ដា​ពី​ព្រះ រួមទាំង​អំណាច​ដើម្បី​បង្កើត​ជីវិត​នោះ ? តើ​យើង​ម្នាក់ៗ​អាច​យក​ឈ្នះ​លើ​អារក្ស​ដែរ​ឬទេ ? អ្នក​ទាំង​ឡាយ​ដែល​បាន​ឈ្នះ​នឹង ‹ មាន​សិរីល្អ​បន្ថែម​ទៅលើ​ក្បាល​គេ​ជា​រៀង​ដរាប​រហូត​តទៅ › [អ័ប្រាហាំ ៣:២៦]—ជា​សណ្ឋាន​ដ៏​សំខាន់​មួយ​ដែល​រូបកាយ​សិរីល្អ​បាន​រស់​ឡើង​វិញ នៅ​អមត និង​ជា​តួរអង្គ​ដ៏​រុងរឿង » ។១៣

បទពិសោធន៍​របស់​យើង​នៅក្នុង​រូបកាយ​បច្ចុប្បន្ន​នេះ រួមទាំង​ទំនាក់ទំនង​របស់​យើង​ជាមួយ​មនុស្ស​ដទៃ​គឺ​មាន​អត្ថន័យ​ណាស់ ដោយសារ​វា​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅក្នុង​ជីវិត​បន្ទាប់ ។ ដូច យ៉ូសែប ស៊្មីធ បាន​រៀន​ថា « ទំនាក់​ទំនង​ដែល​មាន​នៅ​ក្នុង​ចំណោម​ពួកយើង​នៅ​ទី​នេះ​យ៉ាង​ណា នោះ​ក៏​នឹង​មាន​នៅក្នុង​ចំណោម​យើង​នៅ​ទី​នោះ​យ៉ាង​នោះ​ដែរ គ្រាន់តែ​រួបរួម​ដោយ​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺជា​សិរី​ល្អ​ដែល​យើង​ពុំ​មាន​ការពិសោធន៍​នៅ​ពេល​ឥឡូវ​នេះ​ប៉ុណ្ណោះ » ( គ. និង ស. ១៣០:២ ) ។

យើង​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
women at the tomb

ម៉ារា​ទាំង​បី​នៅ​ឯ​ផ្នូរ ដោយ វិល្លាម អាដុលហ្វេ បោហ្គើរ៉ូ Superstock.com

ចាប់តាំង​ពី​ការដឹង​ថា​ផ្នូរ​នៅ​ទទេ​មក នោះ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ បាន​នាំ​ក្តីសង្ឃឹម​ឲ្យ​កើត​មាន​ឡើង ដោយសារ​យើង​ទទួល​ស្គាល់ ក្នុង​ការយល់​ឃើញ​ផ្ទាល់​របស់​យើង​ថា នៅក្នុង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ « ភាព​បរាជ័យ​ទាំងអស់ [ របស់​យើង ] នឹង​ត្រូវបាន​សង​មក [ យើង ] វិញ… បាន​ផ្តល់​ឲ្យ [ យើង ] បន្ត​ដោយ​ស្មោះត្រង់ » ។១៤

ពួកសាវក​របស់​ព្រះអង្គសង្គ្រោះ​កាល​ពី​ជំនាន់​មុនៗ អាច​ថ្លែង​ទីបន្ទាល់​យ៉ាង​ក្លាហាន​អំពី ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ដោយសារ​ពួកលោក​បាន​ឃើញ ហើយ​បាន​ប៉ះ​ព្រះកាយ​របស់​ទ្រង់ ។ ប៉ុន្តែ​វា​មាន​អ្វី​ច្រើន​លើស​ពី​នោះ​ទៅ​ទៀត ។ ដូច​ដែល ព្រះយេស៊ូវគ្រីស្ទ​បាន​ព្យាបាល​ជំងឺ​នៃ​រូបកាយ​ឲ្យ​បាន​ជា​សះស្បើយ ដើម្បី​បង្ហាញ​ថា​ទ្រង់​មាន​ព្រះចេស្តា​អភ័យ​បាប​បាន ( សូមមើល លូកា ៥:២៣–២៥ ) នោះ​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់—ជា​ភស្តុតាង​ជាក់ស្តែង​អំពី​ព្រះចេស្តា​របស់​ទ្រង់​ឈ្នះ​លើ​សេចក្តីស្លាប់​ខាង​រូបកាយ—បាន​ក្លាយ​ជា​ការបញ្ជាក់​អះអាង​របស់​ពួក​អ្នក​ដើរតាម​ទ្រង់ អំពី​ព្រះចេស្តា​ទ្រង់ ដើម្បី​ឈ្នះ​លើ​សេចក្តីស្លាប់​ខាង​វិញ្ញាណ ។ ការសន្យា​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​នៅក្នុង​ការបង្រៀន​របស់​ទ្រង់—ការអភ័យ​បាប ភាពសុខសាន្ត​ក្នុង​ជីវិត​នេះ ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅក្នុង​នគរ​របស់​ព្រះវរបិតា—បាន​ក្លាយ​ជា​ការពិត ហើយ​សេចក្តីជំនឿ​របស់​ពួកគេ​ពុំ​រេរា​ឡើយ ។

« បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ [ របស់​យើង ] ក៏​ជា​ការ​ឥត​អំពើ ( កូរិនថូស​ទី ១ ១៥:១៧ ) ។ ប៉ុន្តែ​ដោយសារ​ទ្រង់ បាន មាន​ព្រះជន្ម​រស់​ឡើង​វិញ​ពី​សេចក្តី​ស្លាប់ នោះ​យើង​អាច « មាន​សេចក្តីសង្ឃឹម តាម​រយៈដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ [ របស់​យើង ] ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១ ) ។

អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​មនុស្ស​ឲ្យ​ដើរ​តាម​ទ្រង់ ។ បន្ទាប់​ពី​ការសុគត និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​គោលដៅ​ប្រែ​កាន់តែ​ច្បាស់​ឡើង ។ តាមរយៈ​ការគោរព​ប្រតិបត្តិ​ក្រឹត្យវិន័យ និង ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ ប្រសិនបើ​យើង​បណ្តុះ​ឲ្យ​មាន « វិញ្ញាណ​នៃ​សេឡេស្ទាល » នៅក្នុង​ចិត្ត​យើង នោះ​យើង​អាច « ទទួល​រូប​កាយ​ដដែល ដែល​ជា​រូប​កាយ​ធម្មតា » ហើយ « ដោយ​សារ​ចំណែក​នៃ​សិរី​ល្អ​ខាង​សេឡេស្ទាល [ ហើយ ] ខណៈ​នោះ​នឹង​បាន​ទទួល​ដដែល គឺ​ជា​ភាព​ពោរ​ពេញ » ( គ. និង ស. ៨៨:២៨–២៩ ) ។ ទ្រង់​បាន​បង្ហាញ​ផ្លូវ​ហើយ ។ ទ្រង់​គឺ​ជា​ផ្លូវ ។ ដោយសារ​ព្រះចេស្តា​របស់​ទ្រង់—តាមរយៈ​ដង្វាយធួន និង ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់—ដែល​អាច​ធ្វើ​ឲ្យ​មាន​ភាពពោរពេញ​នៃ​សេឡេស្ទាល​នេះ​កើត​មាន​ឡើង ដែល​រួម​មាន​នូវ​ភាពពោរពេញ​នៃ​សេចក្តីអំណរ​នៅក្នុង​រូបកាយ​ដែល​បាន​រស់​ឡើង​វិញ ។

កំណត់​ចំណាំ

  1. នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​នៅក្នុង​ពិភព​លោក​ថ្មី ( ទ្វីប​អាមេរិក ) នោះ​ទ្រង់​បាន​សុំ​ឲ្យ​ពួកគេ—មនុស្ស​រាប់​ពាន់​នាក់—ឲ្យ​មក « ម្តង​ម្នាក់ៗ » ហើយ​ស្ទាប​ព្រះហស្ត ព្រះបាទា និង ចំហៀង​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ឃើញ​ថា ពួកគេ​បាន​ទាំង​ស្ទាប និង ឃើញ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( សូមមើល នីហ្វៃទី ៣ ១១:១៤–១៥, ១៨:២៥ ) ។

  2. ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ), ទំព័រ ៤៩ ។

  3. សូមមើល លោកុប្បត្តិ ១:២៧, និក្ខមនំ ៣៣:១១, កិច្ចការ ៧:៥៦ ។

  4. ទោះបី​ជា​គំនិត​ស្រដៀង​គ្នា​មាន​នៅក្នុង​ជំនឿ​សាសនា​ពួក​គ្រិស្តសាសនា​ពី​មុនៗ​ក្តី ក៏​ការបង្ហាញ​ពិសេស​នេះ​កើត​ឡើង​មក​ពី​រូបមន្ត​ក្នុង​មាត្រា​ទី​សាមសិប​ប្រាំបួន​នៃ​ព្រះវិហារ អង់ហ្គ្លីខេន ( ឆ្នាំ ១៥៦៣ ) ។

  5. Teachings: Joseph Smith ទំព័រ ៤២ ។

  6. ជែហ្វ្រីអ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤២ ។

  7. ឌី ថត គ្រីស្តូហ្វឺសិន « The Resurrection of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១៣ ។

  8. ទោះបី​ជា​វិវរណៈ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅ​ជីវិតមុន​ឆាក​ជីវិត​នេះ គឺ​ជា​ទីបន្ទាល់​អំពី​សេចក្តីពិត​នេះ​ក្តី នោះ​វា​បាន​បង្ហាញ​ថា​ព្រះកាយ​នៃ​វិញ្ញាណ​របស់​ទ្រង់​គឺ​មាន​សភាព​ជា​រូបរាង​មនុស្ស ( សូមមើល អេធើរ ៣:១៦ ) ។

  9. Teachings: Joseph Smith ទំព័រ ២១១ ។

  10. ដេវីដ អេ បែដណា « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១ ។

  11. Teachings: Joseph Smith ទំព័រ ២១១ ។

  12. Teachings: Joseph Smith ទំព័រ ២១៤ ។

  13. ឌី ថត គ្រីស្តូហ្វឺសិន « Why Marriage, Why Family » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥១ ។

  14. Teachings: Joseph Smith ទំព័រ ៥១ ។