សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
បានសង្គ្រោះនៅក្នុងបន្ទប់ទទួលភ្ញៀវ
ជារឿយៗ ស្វាមីខ្ញុំត្រូវធ្វើការនៅថ្ងៃអាទិត្យ ដោយទុកឲ្យខ្ញុំយកកូនប្រុសទាំងបួននាក់របស់យើងទៅព្រះវិហារតែម្នាក់ឯង ។ នាថ្ងៃអាទិត្យមួយ អំឡុងពេលប្រជុំសាក្រាម៉ង់ កូនប្រុសពីរនាក់របស់ខ្ញុំបានឈ្លោះគ្នា ។ ប្រសិនបើខ្ញុំឲ្យសៀវភៅទៅកូនណាម្នាក់ នោះកូនផ្សេងទៀតនឹងដណ្តើមគ្នាយកសៀវភៅនោះដែរ ។ ខ្ញុំបានសាកល្បងឲ្យនំ ប្រដាប់លេង និង ឲ្យផាត់រូបភាព ប៉ុន្តែគ្មានប្រយោជន៍សោះ ។ ខ្ញុំស្មុគស្មាញណាស់ជាមួយកូនប្រុសរបស់ខ្ញុំ ព្រោះពួកគេពុំអាចអង្គុយឲ្យស្ងាត់ស្ងៀមបាន សូម្បីតែមួយម៉ោងប៉ុណ្ណោះ ។
ខ្ញុំបានលូកយកប្រដាប់លេងតូចមួយពីកាបូបខ្ញុំ រួចហុចវាឲ្យទៅកូនរបស់ខ្ញុំដែលមានអាយុមួយឆ្នាំ ។ រំពេចនោះ ថាយសុន កូនប្រុសខ្ញុំដែលមានអាយុបីឆ្នាំបានស្រែកឡើង ខណៈដែលគេបានសង្គ្រប់លើប្អូនប្រុសរបស់គេ ព្យាយាមដណ្តើមយកប្រដាប់លេងនោះ ។ ខ្ញុំមានក្តីខ្មាសអៀន ពេលខ្ញុំបីកូនតូចទាំងពីរនាក់ដែលស្រែកយំ ឈ្លោះគ្នានោះយកចេញទៅបន្ទប់ទទួលភ្ញៀវ ។
រំពេចនោះខ្ញុំបានយំ ។ ហេតុអ្វីវាលំបាកម៉្លេះ ? ខ្ញុំបានធ្វើអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំធ្វើហើយ ដោយនាំគ្រួសារខ្ញុំមកព្រះវិហារមែនទេ ? ប៉ុន្តែខ្ញុំពុំអាចធ្វើកិច្ចការនេះបន្តទៀតបានឡើយ ។ វាហត់នឿយ ហើយខ្មាសអៀន ដែលត្រូវគ្រប់គ្រងកូនប្រុសរបស់ខ្ញុំ ពេញមួយការប្រជុំសាក្រាម៉ង់រាល់សប្តាហ៍តែម្នាក់ឯងដូច្នោះ ។ ខ្ញុំពុំចង់ត្រឡប់មកវិញឡើយ ។
ខ្ញុំបានអង្គុយទាំងមានអារម្មណ៍គិតបែបនោះប្រហែលជា ១៥ វិនាទី ស្រាប់តែមានស្ត្រីម្នាក់ដែល ខ្ញុំទើបតែស្គាល់បានដើរចូលមកបន្ទប់ទទួលភ្ញៀវនោះតាមក្រោយខ្ញុំដែរ ។ គាត់ឈ្មោះ ប៊ើស ។ គាត់តែងតែអង្គុយម្នាក់ឯង ដោយសារស្វាមីរបស់គាត់បម្រើនៅក្នុងគណៈប៊ីស្សព ហើយកូនៗរបស់គាត់ធំៗអស់ហើយ ។ គាត់បាននិយាយថា « ប្អូនស្រីមកព្រះវិហារតែម្នាក់ឯងជានិច្ច ! ខ្ញុំអាចឃើញថា ប្អូនកំពុងតែព្យាយាមយ៉ាងខ្លាំង ។ តើអាចឲ្យ ថាយសុន អង្គុយជាមួយបងបានទេ ? » ខ្ញុំពុំអាចរកនឹកឆ្លើយតបវិញឡើយ ! ខ្ញុំគ្រាន់តែងក់ក្បាល នៅពេលគាត់បានយក ថាយសុនពីដៃខ្ញុំទៅ ហើយដឹកដៃគាត់ត្រឡប់ទៅក្នុងសាលាជំនុំវិញដោយស្ងប់ស្ងាត់ និង រីករាយ ។
ខ្ញុំបានជូតទឹកភ្នែកខ្ញុំចេញ លើកកូនខ្ញុំឡើង ហើយបានដើរដោយចិត្តរាបសាត្រឡប់ចូលទៅក្នុងសាលាជំនុំវិញ ដើម្បីរីករាយនឹងភាពសុខសាន្តនៃការប្រជុំនោះបន្តទៀត ។
នៅថ្ងៃអាទិត្យបន្ទាប់ នៅពេលយើងបានដើរចូលទៅការប្រជុំសាក្រាម៉ង់ ថាយសុន បានសម្លឹងរកមើលមិត្តភក្តិថ្មីរបស់គាត់ ។ នៅពេលយប់គាត់បានអធិស្ឋានថា « ឱ ព្រះវរបិតាសួគ៌អើយ សូមអរគុណទ្រង់ចំពោះអ៊ំស្រី ប៊ើស ។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ! »
អស់រយៈពេលជាងបីឆ្នាំហើយជារឿយៗ ថាយសុន នៅតែសម្លឹងរកមើលបងស្រី ប៊ើសពេលនៅក្នុងសាលាជំនុំ ។ ឆ្នាំមុន គាត់ត្រូវបានហៅបម្រើជាគ្រូបង្រៀនថ្នាក់បឋមសិក្សារបស់ ថាយសុន ។ ថាយសុនពិតជាក្មេងដ៏រីករាយម្នាក់ ។
ខ្ញុំមានអំណរគុណចំពោះបងស្រី ប៊ើស និង ឆន្ទៈរបស់គាត់ ដើម្បីស្រឡាញ់ និង បម្រើអ្នកដទៃ ។ ខ្ញុំដឹងថា យើងអាចផ្តល់ពរដល់មនុស្សផ្សេងទៀត ពេលយើងបម្រើពួកគេដូចជាព្រះអង្គសង្គ្រោះបានធ្វើ ។