២០១៧
ស្តា បញ្ចេញ​ពន្លឺ
April 2017


ស្តា បញ្ចេញ​ពន្លឺ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។

« It’s nice to be here with you in Primary » ( សៀវភៅ​ចម្រៀង​កុមារ លេខ ២៥៤ ) ។

រូបភាព
Star Shines

ស្តា​បាន​សារ៉េ​សម្លៀក​បំពាក់​របស់​នាង ។ នាង​នៅ​តែ​មាន​អារម្មណ៍​ចម្លែក ដើម្បី​ពាក់​រ៉ូប​ទៅ​ព្រះវិហារ ។ កាល​នៅ​ព្រះវិហារ​ចាស់​របស់​នាង ក្មេង​ស្រីៗ​ស្លៀក​ខោ​វែង ឬ ខោ​ខ្លី​នៅ​ថ្ងៃ​អាទិត្យ ។ ប៉ុន្តែ​នៅ​ព្រះវិហារ​ថ្មី​នេះ​គេ​មិន​ស្លៀកពាក់​បែប​នោះ​ឡើយ ។ នាង និង ម្តាយ​នាង​ទើប​តែ​ជ្រមុជទឹក​ចូល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ស្តា បាន​ដក​ដង្ហើម​ធំ នៅពេល​នាង​ឆ្លុះ​កញ្ចក់ ។ នាង​រំភើប ដើម្បី​ទៅ​ព្រះវិហារ​នា​លើក​ដំបូង ក្នុង​នាម​ជា​សមាជិក​ពេញ​សិទ្ធិ ប៉ុន្តែ​នាង​ក៏​មាន​អារម្មណ៍​ភិតភ័យ​ផងដែរ ។ កាលពីមុន ពេល​នៅ​ព្រះវិហារ​នាង​នៅ​ជាមួយ​ម្តាយ​នាង​ជាប់​ជានិច្ច ។ ប៉ុន្តែ​ពេល​នេះ នាង​នឹង​ចូល​ថ្នាក់​អង្គការ​បឋម​សិក្សា ។

ស្តា​បាន​មិច​ភ្នែក​ពេល​ឆ្លុះ​កញ្ចក់ ។ តើ​វា​មាន​សភាព​បែប​ណា​ទៅ ប្រសិនបើ​នាង​មិន​ចុះ​ចំណោម​នឹង​គេ​នោះ ? តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​ក្មេងៗ​ដទៃ​ទៀត ពុំ​ចូលចិត្ត​នាង ?

« ស្តា ? ហើយ​ឬ​នៅ​កូន ? » ម៉ាក់​បាន​ស្រែក​ហៅ ។

ស្តា បាន​ដើរ​ចុះ​ជណ្តើរ ។ នាង​បាន​សួរ​ថា « តើ​កូន​ស្លៀកពាក់​សមរម្យ​ដែរ​ឬ​ទេ ? »

ម៉ាក់​បាន​ញញឹម ។ « កូន​ស្អាត​ណាស់ » ។

ស្តា​បាន​ធ្វើ​មុខ​ក្រញ៉ូវ ។ « ម៉ាក់​ត្រូវតែ​និយាយ​បែប​នេះ ។ ដោយសារ​ម៉ាក់​ជា​ម៉ាក់​របស់​ខ្ញុំ » ។

« កូន​និយាយ​ត្រូវ ។ ម៉ាក់ ពិត ជា​ត្រូវ​និយាយ​បែប​នេះ​មែន ។ ដោយសារ​វា​ជាការ​ពិត » ។

ស្តា​បាន​ញញឹម​បន្តិច ។ ម៉ាក់​មាន​វិធី​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ​ប្រសើរ​ជានិច្ច ។ ប៉ុន្តែ នាង​នៅតែ​មាន​អារម្មណ៍​ភ័យ​បុក​ពោះ ។ តើ​មាន​អ្វី​កើត​ឡើង​ប្រសិនបើ​ក្មេងៗ​ទាំង​នោះ​ពុំ​និយាយ​រក​នាង ? នាង​មាន​មិត្តភក្តិ​នៅ​សាលា​រៀន ប៉ុន្តែ​ពួកគេ​ពុំ​មែន​ជា​សមាជិក​នៃ​ព្រះវិហារ​ថ្មី​របស់​នាង​ឡើយ ។ នាង​ប្រាថ្នា​ចង់​មាន​មិត្តភក្តិ​សូម្បី​តែ​ម្នាក់ ឲ្យ​ទៅ​ព្រះវិហារ​ជាមួយ​នាង ។

នាង​បាន​ប្រាប់​ម្តាយ​ថា « ខ្ញុំ​ទើប​តែ​ចាំ​អំពី​អ្វី​មួយ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ » ។

នាង​បាន​រត់​ទៅ​ជាន់​លើ​វិញ ហើយ​លុត​ជង្គង់​ចុះ​ក្បែរ​គ្រែ​របស់​នាង ។ « ឱ ព្រះវរបិតាសួគ៌​អើយ សូម​ជួយ​ខ្ញុំ​ម្ចាស់​ឲ្យ​មាន​មិត្តភក្តិ​ផង ។ ខ្ញុំ​ជឿ​លើ​អ្វី​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ថា​ពិត ប៉ុន្តែ​ខ្ញុំ​មាន​ការភ័យ​ខ្លាច ។

ស្តា​បាន​បន្ត​លុត​ជង្គង់ ហើយ​ស្តាប់ ។ មួយ​សន្ទុះ​ក្រោយ​មក នាង​មាន​អារម្មណ៍​ពេញចិត្ត សុខសាន្ត ហើយ​នាង​គ្មាន​អារម្មណ៍​ភិតភ័យ​ទៀត​ឡើយ ។

នៅ​ព្រះវិហារ ស្តា និង ម៉ាក់​បាន​អង្គុយ​ក្បែរ​គ្រួសារ​មួយ​ដែល​មាន​កូន​ស្រី​តូច​បី​នាក់ ។ ឪពុក​ម្ដាយ​បាន​ណែនាំ​ខ្លួន​ពួកគេ ហើយ​បាន​ចាប់​ផ្តើម​និយាយ​ជាមួយ​ម៉ាក់ ពីមុន​ការប្រជុំ​ចាប់ផ្តើម ។ ស្តា​បាន​ជួយ​ក្មេង​ស្រីៗ​ផាត់​ពណ៌​លើ​រូបភាព​របស់​ព្រះយេស៊ូវ ។

ប៊ីស្សព អែនឌ្រូ បាន​ដើរ​សំដៅ​មក​រក​ពួកគេ ។ « សួស្តី​បងស្រី ខាន់នីងហាំ ! ស្តា ! រីករាយ​ណាស់​ដែល​បាន​ជួប​អ្នក​ទាំង​អស់​គ្នា​ថ្ងៃ​នេះ » ។ គាត់​បាន​ញញឹម​យ៉ាង​ស្រស់ស្រាយ ហើយ​ចាប់​ដៃ​ពួកគេ ។ ស្តា​បាន​ភ្លេច​ថា មនុស្ស​គ្រប់​គ្នា​នៅ​ព្រះវិហារ​ល្អ​ខ្លាំង​ប៉ុណ្ណា ។ ប្រហែល​ជា​នាង​នឹង​ធ្វើ​ជា​មិត្ត​ជាមួយ​ពួកគេ ។

បន្ទាប់​ពី​ការប្រជុំ​សាក្រាម៉ង់ ស្តា​បាន​ទៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ នាង​បាន​ក្រឡេក​មើល​ក្មេង​ផ្សេងៗ​ទៀត​ដោយ​ភ័យខ្លាច ខណៈ​នាង​កំពុង​អង្គុយ ។ ពួកគេ​កំពុង​និយាយ​គ្នា ហើយ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​នឹង​នាង​ទេ ។ ស្តា​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ។ នាង​នឹង​នៅតែ​ឯង ។

បន្ទាប់​មក​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​ប្រហែល​នឹង ស្តា​បាន​ដើរ​ចូល​មក​ក្នុង​បន្ទប់ ។ ស្តា បាន​គិត​ថា « នាង​មើល​ទៅ​ដូច​ជា​ភិតភ័យ​ផងដែរ ។ ខ្ញុំ​អាច​ទៅ​និយាយ​ជាមួយ​នាង » ។

ស្តា​បាន​ដក​ដង្ហើម​ធំ ហើយ​ដើរ​ទៅ​រក​ក្មេង​ស្រី​នោះ ។ « សួស្តី​ខ្ញុំ​ឈ្មោះ ស្តា ។ ខ្ញុំ​ជា​សមាជិក​ថ្មី ។ តើ​ឯង​ចង់​អង្គុយ​ក្បែរ​ខ្ញុំ​ឬ​ទេ ? » ស្តា​បាន​ឈប់​នៅ​ស្ងៀម ។ តើ​ក្មេង​នោះ​ចង់​ធ្វើ​ជា​មិត្ត​របស់​នាង​ដែរ​ឬ​ទេ ?

ក្មេង​ស្រី​នោះ​បាន​និយាយ​ទាំង​ញញឹម​តិចៗ​ថា ។ « ខ្ញុំ​ឈ្មោះ សារ៉ា ។ ខ្ញុំ​ក៏​ជា​សមាជិក​ថ្មី​ដែរ ។ គ្រួសារ​ខ្ញុំ​ទើប​ផ្លាស់​ពី​អនទែរីយ៉ូ មក​រស់នៅ​ទីនេះ » ។

ស្តា​និយាយ​ថា « ម្តាយ​ខ្ញុំ​នឹង ខ្ញុំ​ទើប​តែ​ជ្រមុជ​ទឹក​កាល​ពី​ពីរ​សប្តាហ៍​មុន ។ ខ្ញុំ​ពុំ​ប្រាកដ​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ឡើយ » ។

សារ៉ា បាន​ញញឹម​កាន់តែ​ខ្លាំង ។ « ពួកយើង​នឹង​ស្វែងយល់​ជាមួយ​គ្នា » ។

ស្តា និង សារ៉ា​បាន​អង្គុយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​របស់​ពួកគេ ។ ជួនកាល ស្តា បាន​មើល​មុខ​សារ៉ា ហើយ​ញញឹម ។ សារ៉ា បាន​ញញឹម​ដាក់​នាង​វិញ ។ ស្តា​មាន​អារម្មណ៍​ស្ងប់ ហើយ​រីករាយ ។ នាង​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​នាង ហើយ​បាន​ជួយ​នាង​ឲ្យ​រកឃើញ​មិត្តភក្តិ​ម្នាក់ ។

នៅក្នុង​ថ្នាក់​គ្រូបង្រៀន​បាន​សុំ​ឲ្យ​ស្តា និង សារ៉ា ណែនាំ​ខ្លួន​របស់​ពួកគេ ។

ស្តា បាន​ក្រោក​ឈរ ។ « ខ្ញុំ​ឈ្មោះ ស្តា ខាន់នីងហាំ ។ ម្តាយ​ខ្ញុំ​នឹង ខ្ញុំ​ទើប​តែ​ជ្រមុជ​ទឹក​កាល​ពី​ពីរ​សប្តាហ៍​មុន » ។ នាង​បាន​ឈប់​មួយ​សន្ទុះ ហើយ​នាង​បាន​ញញឹម នៅពេល​នាង​បាន​ក្រឡេក​មើល​មិត្តភក្តិ​ថ្មី​របស់​នាង ។ « ហើយ​នេះ​ជា​មិត្តភក្តិ​ថ្មី​របស់​ខ្ញុំ​ឈ្មោះ សារ៉ា » ។