២០១៧
ការ​រៀបចំ​ខ្លួន​សម្រាប់​ការធ្វើ​ដំណើរ​ថ្មី​មួយ
April 2017


ការ​រៀបចំ​ខ្លួន​សម្រាប់ ការធ្វើ​ដំណើរថ្មី​មួយ

អ្នក​និពន្ធ​រស់នៅ ទីក្រុង ប៉ារ៉ាណា ប្រទេស​ប្រេស៊ីល ។

ដូច​នីហ្វៃ​បាន​ជិះ​សំពៅ​ទៅ​កន្លែង​ដែល​លោក​ពុំ​ស្គាល់ នោះ​ខ្ញុំ​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះអម្ចាស់​អំពី​ការចាប់ផ្តើម​គ្រួសារ ។

រូបភាព
sail boat on the water

រូបថត © Getty Images

នៅប៉ុន្មាន​អាទិត្យ​ពី​មុន​ខ្ញុំ​រៀបការ និង​ផ្សារភ្ជាប់​នៅ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ចាប់ផ្តើម​មាន​ចិត្ត​ភ័យព្រួយ​បន្តិច​អំពី​អ្វីៗ​គ្រប់​យ៉ាង ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ ពីមុន​ខ្ញុំ​ចាប់ផ្តើម​គ្រួសារ​ថ្មី​របស់​ខ្ញុំ ។ ទោះបី​ជា​មាន​អំណរ​ក្នុង​គ្រា​នោះ​ក្តី ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​តានតឹង​ក្នុង​ចិត្ត អំពី​ការរៀបចំ​ទម្លាប់​ថ្មី​របស់​យើង ការទុកដាក់​ហិរញ្ញវត្ថុ ការស្វែងរក​កន្លែង​ដើម្បី​ទុកដាក់​ឥវ៉ាន់​របស់​យើង និង ការទទួល​ខុសត្រូវ​ថ្មី​ទាំង​អស់​ដែល​ខ្ញុំ​នឹង​ធ្វើ​ក្នុង​នាម​ជា​ភរិយា​មួយ​រូប ។ ខ្ញុំ​ចង់​ប្រាកដ​ថា យើង​ចាប់ផ្តើម​អាពាហ៍ពិពាហ៍​យើង​តាមរបៀប​ត្រឹមត្រូវ ដោយ​ទុក​ពេល​របស់​យើង​ឲ្យ​មាន​សកម្មភាព​សំខាន់ៗ ដូចជា​ការរក្សា​ព្រះបញ្ញត្តិ និង ចំណាយ​ពេល​ជាមួយ​គ្នា ក្នុង​នាម​ជា​ស្វាមី និង ភរិយា​ទោះបី​ជា​យើង​រវល់​យ៉ាង​ណា​ក្តី ។

កាល​ថ្ងៃ​រៀបការ​ខិត​ជិត​ចូល​មក​ដល់ ខ្ញុំ​ភ្ញាក់ផ្អើល ដោយ​មាន​សុបិន​អាក្រក់​ជាប់ៗ​គ្នា ទាក់ទង​នឹង​គ្រប់​បញ្ហា​ដែល​អាច​ប៉ះពាល់​ដល់​គ្រួសារ ។ សុបិន​អាក្រក់​នោះ​បាន​ប៉ះពាល់​អារម្មណ៍​ខ្ញុំ​កាន់តែ​ខ្លាំង​ឡើង ដោយសារ​ខ្ញុំ​បាន​កើត​មក​ពី​គ្រួសារ​ដែល​ចេះ​ស្រឡាញ់​គ្នា ប៉ុន្តែ​ក៏​មាន​ការរងទុក្ខ​លំបាក​ផងដែរ ដែល​ត្រូវបាន​គេ​គំរាម​កំហែង ការឈ្លោះ​ប្រកែក​ជា​ប្រចាំ និង ខ្លាំង​ក្លា ព្រមទាំង​ការខូច​ចិត្ត​ទៀតផង ។ នា​រាត្រី​មួយ បន្ទាប់​ពី​មាន​សុបិន​បែប​នេះ​ច្រើន​ដង​មក ខ្ញុំ​បាន​ក្រោក​ឡើង​ទាំង​បែកញើស​ពេញ​ខ្លួន ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ដំបូន្មាន ដែល​ស៊ីស្ទើរ នីល អែហ្វ ម៉ារ៉ត ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​យុវនារី​ទូទៅ បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា « បន្ទន់​ចិត្ត​របស់​យើង​ទៅ​រក​ព្រះ » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣០–៣២ ) ។ ខ្ញុំ​បាន​បិទ​ភ្នែក ហើយ​អធិស្ឋាន​ថា « ឱ ព្រះវរបិតាសួគ៌​អើយ តើខ្ញុំម្ចាស់អាចធ្វើ​អ្វី​ទៅ ដើម្បី​ឲ្យ​រឿង​អាក្រក់ៗ​ទាំង​នេះ​ចេញ​ឆ្ងាយ​ពី​គ្រួសាររបស់ខ្ញុំម្ចាស់ ? »

ចម្លើយ​នោះ​បាន​មក​ភ្លាមៗ ដូច​មាន​នរណា​ម្នាក់​បើក​ទ្វារ ហើយ​ដាក់​គំនិត​នោះ​ទៅក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​អញ្ចឹង ។ សំឡេង​តូច​រហៀងៗ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ថា « ចូរ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​ទៅ ។ ចូរ​ស្មោះត្រង់​គ្រប់​ជំហាន​ទាំងអស់ » ។ ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​នូវ​ឱវាទ​ជាក់លាក់​មួយ​ចំនួន ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ប្រសិនបើ​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ នោះ​គ្រប់​យ៉ាង​នឹង​ដំណើរការ​ល្អ » ។

ខ្ញុំ​បាន​ញញឹម ហើយ​ខ្ញុំ​មាន​ភាពកក់ក្តៅ​ក្នុង​ចិត្ត ។ រាល់​ក្តី​បារម្ភ​ទាំងអស់​បាន​រសាយ​បាត់​ទៅ​មួយ​រំពេច ដោយសារ​ខ្ញុំ​ដឹង​ថា​វា​គឺជា​ការពិត ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​មុន ប៉ុន្តែ​អារម្មណ៍​នោះ​ពុំ​ធ្លាប់​មាន​ខ្លាំង​ដូច​យប់​នោះ​ឡើយ ។ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​ពី​ព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ​របស់​យើង​ហ៊ុម​ព័ទ្ធ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា ភាពលួងលោម និង សេចក្តីសង្គ្រោះ​របស់​គ្រួសារ​ខ្ញុំ​សំខាន់​ចំពោះ​ពួកទ្រង់​ដូច​ជា​វា​សំខាន់​ចំពោះ​រូប​ខ្ញុំ​ដែរ ។

មាន​រឿង​មួយ​មក​ពី​ព្រះគម្ពីរ​ដែល​ខ្ញុំ​ចាំ បាន​បន្ថែម​ការបញ្ជាក់​ដល់​ខ្ញុំ—នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ នីហ្វៃ សង់​សំពៅ​ថា ៖ « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​ត្រូវ​សង់​សំពៅ​មួយ តាម​របៀប​ដែល​យើង​នឹង​បង្ហាញ​អ្នក ដើម្បី​យើង​អាច​នាំ​គ្រួសារ​របស់​អ្នក​ឆ្លង​កាត់​ទឹក​ទាំង​នេះ » ( នីហ្វៃទី១ ១៧:៨ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

នីហ្វៃ និង គ្រួសារ​របស់​លោក​បាន​នៅ​ក្នុង​ទីរហោស្ថាន​អស់​ជា​ច្រើន​ឆ្នាំ ដោយ​បាន​ស៊ូ​ទ្រាំ​នឹង​សេចក្តីទុក្ខលំបាក​គ្រប់​បែប​យ៉ាង ។ លោក​អាច​មាន​អារម្មណ៍​ភ័យខ្លាច ក្នុង​ការចាប់ផ្តើម​ការធ្វើ​ដំណើរ​ឆ្លង​សមុទ្រ ហើយ​បណ្តាល​ឲ្យ​ការភ័យ​ខ្លាច​របស់​លោក​មាន​ខ្លាំង​ជាង​សេចក្តីជំនឿ​លោក ។ ប៉ុន្តែ​លោក​ពុំ​ធ្វើ​បែប​នោះ​ទេ ។ លោក​បាន​ទទួល​យក ហើយ​ធ្វើ​តាម​ការណែនាំ​ពី​ព្រះ ។ លោក​មាន​សេចក្ដី​ជំនឿ​ថា ព្រះ​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ។ ព្រះអម្ចាស់​ពុំ​បាន​ប្រាប់ នីហ្វៃ ថា​នឹង​គ្មាន​ខ្យល់​ព្យុះ ឬ រលក​ដែល​នឹង​បក់បោក​ប៉ះ​សំពៅ​ឡើយ ។ ប៉ុន្តែ​ទ្រង់​បាន​ប្រាប់ នីហ្វៃ ថា ប្រសិនបើ​លោក​ធ្វើ​តាម​ការណែនាំ​របស់​ទ្រង់ នោះ​លោក​នឹង​អាច​នាំ​គ្រួសារ​ឆ្លង​មហាសមុទ្រ​ទៅកាន់​ដែនដី​សន្យា​ដោយ​សុវត្ថិភាព ។

ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីរហោស្ថាន​អស់​ជា​ច្រើន​ឆ្នាំ​ផងដែរ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​កំពុង​នៅ​មុខ​សមុទ្រ​ហើយ ត្រូវ​រៀបចំ​ខ្លួន​សម្រាប់​ការធ្វើ​ដំណើរ​ថ្មី​មួយ ៖ គឺ​អាពាហ៍ពិពាហ៍ ។ ខ្ញុំ​ត្រូវបាន​ហៅ—ហើយ​ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​កាហៅ​ដល់​ក្រុមគ្រួសារ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំង​អស់—ឲ្យ​សង់​សំពៅ​ដោយ​ធ្វើ​តាម​ការណែនាំ​របស់​ព្រះអម្ចាស់ ។

នៅពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​រៀបការ​រួច នោះ​បញ្ហា​ក៏​បាន​កើត​មាន​ឡើង ។ ខ្ញុំ​មាន​ជំងឺ ហើយ​យើង​មាន​ការលំបាក​ដើម្បី​រក្សា​ហិរញ្ញវត្ថុ​របស់​យើង​ឲ្យ​មាន​លំនឹង និង​ពិបាក​អនុវត្ត​នូវ​ទម្លាប់​ល្អៗ​ទាំងអស់​ដែល​យើង​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​នោះ ។

ប៉ុន្តែ​ព្រះ​ឱវាទ​ដែល​ខ្ញុំ​បាន​ទទួល​កាល​ពី​យប់​នោះ បាន​រំឭក​ចាំ​ក្នុង​ចិត្ត​ខ្ញុំ ។ យើង​បាន​ព្យាយាម​រៀន និង​រក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ទុក​នៅ​ក្នុង​ចិត្ត​របស់​យើង ធ្វើតាម​គំរូ​ល្អៗ​របស់​ថ្នាក់​ដឹកនាំ​ជា​ទីស្រឡាញ់​របស់​យើង—រួម​ទាំង​ព្រះគ្រីស្ទ—ហើយ​កែលម្អ​ឥរិយាបថ​ផ្ទាល់​ខ្លួន​របស់​យើង​ឲ្យ​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​ទទួល​ទីបន្ទាល់​រឹងមាំ​អំពី​ការអធិស្ឋាន ហើយ​បាន​ភ្លក់​នូវ​សេចក្តីស្រឡាញ់​ដ៏​ពិតប្រាកដ​របស់​ព្រះវរបិតា​ដែល​ទ្រង់​មាន​ចំពោះ​ពួកយើង ។ ខ្ញុំ​បាន​ចាប់ផ្តើម​ទុកចិត្ត​ច្រើន​ជាង​ការភ័យ​ខ្លាច ។ យើង​បាន​ដឹង​ថា ទុក្ខ​លំបាក​ដែល​យើង​បាន​ជួបប្រទះ​ប្រែ​ជា​ជំហាន​ឆ្ពោះ​ទៅ​រកការកែលម្អ​ឲ្យ​បាន​ប្រសើរ​ឡើង ។ សព្វ​ថ្ងៃ​នេះ ផ្ទះ​របស់​យើង​ហាក់បី​ដូច​ជា​ផ្នែក​តូច​មួយ​នៃ​ស្ថានសួគ៌ ។

យើង​កំពុង​នៅ​ក្នុងការចាប់ផ្តើម​នៃ​ដំណើរ​របស់​យើង ប៉ុន្តែ​ការរៀបការ និង ការចាប់ផ្តើម​គ្រួសារ​គឺ​ជា​ជម្រើស​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ ។ ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរ ពេល​ខ្ញុំ​គិត​អំពី​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​បាន​ទទួល ហើយ​ដឹង​ថា​វា​ត្រូវបាន​ផ្សារភ្ជាប់​ដោយ​សិទ្ធិ​អំណាច​របស់​ព្រះ ។ ដរាប​ណា​ខ្ញុំ​យល់​កាន់តែ​ច្រើន អំពី​សារៈសំខាន់​នៃ​គ្រួសារ​នៅក្នុង ផែនការ​របស់​ព្រះវរបិតាសួគ៌ និង ភាពពិសិដ្ឋ​នៃ​សេចក្តីសញ្ញា​ដែល​យើង​បាន​ធ្វើ ដរាប​នោះ​ខ្ញុំ​កាន់តែ​ចង់​ជួយ​គ្រួសារ​ផ្សេង​ទៀត​ឲ្យ​ទទួល​ពិធីបរិសុទ្ធ​ទាំង​នោះ​ដែរ ។

ខ្ញុំ​បាន​រៀន​ថា យើង​ពុំ​ចាំបាច់​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នោះ​ឡើយ ដោយសារ​ព្រះ « ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្ដីស្រឡាញ់ និង​ប្រាជ្ញា​នឹង​ធឹង​វិញ » ( ធីម៉ូថេទី២ ១:៧ ) ។ យើង​គ្រាន់តែ​គោរព​ប្រតិបត្តិ​តាម ធ្វើ​តាម​ការណែនាំ​ដែល​បាន​ប្រទាន​មក តាមរយៈ​ព្រះគម្ពីរ និង ប្រសាសន៍​របស់​ព្យាការី​សម័យ​ទំនើប​នេះ ហើយ​អធិស្ឋាន​ទូលសូម​ការណែនាំ​ផ្ទាល់ខ្លួន​បន្ថែម​ទៀត ។ ប្រសិនបើ​យើង​ធ្វើ​រឿង​ទាំង​នេះ នោះ​យើង​អាច​ឆ្លង​កាត់​មហា​សមុទ្រ​នៃ​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​មាន​ទំនុកចិត្ត​ថា មិន​ថា​មាន​ការលំបាក​បែប​ណា​កើត​ឡើង​ចំពោះ​យើង​នោះ​ទេ នោះ​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​នឹង​មាន​សុវត្ថិភាព ។