២០១៧
កាបូប​លុយ​ដែល​បាត់
April 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

កាបូប​លុយ​ដែល​បាត់

រូបភាព
lost wallet

រចនា​រូបភាព​ដោយ វិលសុន ជេ អ៊ុង

ថ្មីៗ​នេះ​ខ្ញុំ​បាន​ប្តូរ​ទៅ​នៅ​ផ្ទះ​ថ្មី ហើយ​ខ្ញុំ​បាន​សុំ​ឲ្យ​សមាជិក​សាសនាចក្រ​មួយ​ចំនួន​ជួយ​ក្នុង​គម្រោង​មួយ​នៅ​ផ្ទះ​របស់​ខ្ញុំ ។ នៅ​ពាក់កណ្តាល​នៃ​គម្រោង​នោះ ខ្ញុំ​បាន​ទៅ​ទិញ​សម្ភារ​មួយ​ចំនួន​ដែល​យើង​ត្រូវការ​ដើម្បី​បញ្ចប់​គម្រោង​នោះ ។ បន្ទាប់ពី​យើង​បាន​បញ្ចប់​គម្រោង ខ្ញុំ ស្រាប់​តែ​ដឹង​ថា​ខ្ញុំ​បាន​បាត់​កាបូប​លុយ ។ ខ្ញុំ​ស្លន់ស្លោ​ណាស់ ព្រោះ​នៅក្នុង​កាបូប​លុយ​នោះ​មាន​ឯកសារ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទាំងអស់ រួម​ទាំង​មាន​លុយ​ដែល​ខ្ញុំ​ទើប​តែ​ទទួល​បាន​ពី​អតិថិជន​ម្នាក់​កាល​ពី​ព្រឹក​នោះ ។ ខ្ញុំ​បាន​បក​ក្រោយ​ទៅ​កន្លែង​ដែល​ខ្ញុំ​បាន​ទិញ​សម្ភារ​នោះ ប៉ុន្តែ​ខ្ញុំ​រក​វា​ពុំ​ឃើញ​ឡើយ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​រក​មើល ប្រសិនបើ​ខ្ញុំ​បាន​ជ្រុះ​វា​នៅ​កន្លែង​ណា​មួយ ប៉ុន្តែ​ខ្ញុំ​នៅតែ​រក​វា​ពុំ​ឃើញ​សោះ ។ ខ្ញុំ​បាន​ចាប់ផ្តើម​គិត​អំពី​អ្វី​ដែល​អាច​ធ្វើ ដើម្បី​ទទួល​បាន​ឯកសារ​ទាំងអស់​នោះ​សារ​ជា​ថ្មី​វិញ ។ ក្រោយ​មក​ពីមុន​ចេញ​ពី​ផ្ទះ មាន​មត្តិភក្តិ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា « តើ​ឯង​បាន​អធិស្ឋាន​ហើយ​ឬ​នៅ ? »

ភ្លាម​នោះ ខ្ញុំ​បាន​គិត​ថា « ប្រាកដ​ណាស់ ខ្ញុំ​បាន​អធិស្ឋាន​រួច​ហើយ ! »

ប៉ុន្តែ​តាម​ពិត​ទៅ ខ្ញុំ​ពុំ​បាន​អធិស្ឋាន​ដោយ​អស់​ពី​ចិត្ត​ឡើយ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចង់​បង្ខំ​ឆន្ទៈ​របស់​ខ្ញុំ​លើ​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌ ហើយ​ឲ្យ​ទ្រង់​បំពេញ​កាតព្វកិច្ច​ទ្រង់​យ៉ាង​ណា​ក៏​បាន ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រក​កាបូប​លុយ​នោះ ។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​ចាំ​ខគម្ពីរ​នៅក្នុង អេសាយ ៥៥:៨ ៖ « ពី​ព្រោះ​គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​ឯង​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​ឯង​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ » ។

នៅ​ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​ទៅ​ព្រះវិហារ ហើយ​សមាជិក​ម្នាក់​ដែល​បាន​នៅ​ជាមួយ​ខ្ញុំ​កាល​ពី​ថ្ងៃ​មុននោះ បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​អធិស្ឋាន​ដោយ​ស្មោះ​ទូលសូម​ដល់​ព្រះវរបិតាសួគ៌ ឲ្យ​ខ្ញុំ​អាច​រក​កាបូប​លុយ​នោះ​ឃើញ​វិញ ។ គាត់​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា​ខ្ញុំ​នឹង​រក​ឃើញ​កាបូប​លុយ​នោះ​វិញ ។ ក្រោយ​មក នៅពេល​ខ្ញុំ​អង្គុយ​សិក្សា​ផ្ទាល់​ខ្លួន នោះ​ខ្ញុំ​បាន​ចាប់ផ្តើម​អាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា ការទទួល​ចម្លើយ​ពី​ការអធិស្ឋាន​របស់​យើង ដែល​ថ្លែង​ដោយ​អែលឌើរ ជីន អ័រ ឃុក ដែល​បាន​ដោះលែង​ពី​សមាជិក​នៃ​ពួក​ចិតសិប​នាក់ ។ ទំព័រ​ដំបូង​បាន​ប្រាប់​អំពី​រឿង​មួយ​ដែល​ស្រដៀង​ទៅនឹង​រឿង​របស់​ខ្ញុំ​បេះបិទ ៖ កូន​ប្រុស​របស់​អែលឌើរ ឃុក បាន​បាត់​កាបូប​លុយ​របស់​គាត់ ដូច្នោះ​គ្រួសារ​ទាំងមូល​បាន​ប្រជុំ​គ្នា ហើយ​អធិស្ឋាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ពួកគេ​រក​កាបូប​លុយ​នោះ​ឃើញ​វិញ ។

បន្ទាប់​ពី​អាន​អំពី​បទពិសោធន៍​នោះ​មក ខ្ញុំ​បាន​អនុវត្ត​អ្វី​ដែល​ខ្ញុំ​បាន​អាន​នោះ ហើយ​បាន​ប្រមូល​ប្រពន្ធ និង កូនៗ​របស់​ខ្ញុំ​មក​ជុំ​គ្នា ។ យើង​ឈរ​ជា​រង្វង់ ហើយ​ពួក​យើង​ម្នាក់ៗ​បាន​ពោលពាក្យ​អធិស្ឋាន អង្វរករ​សូម​ឲ្យ​ព្រះអម្ចាស់​ជួយ​ពួកយើង រក​កាបូប​លុយ​នោះ​ឃើញ​វិញ ប្រសិនបើ​វា​ជា​ព្រះទ័យ​របស់​ទ្រង់ ។

កាល​ពីមុន ខ្ញុំ​បាន​ឃើញ​ពី​អំណាច​នៃ​ការអធិស្ឋាន​ហើយ ប៉ុន្តែ​ក្រោយ​មក នៅ​ពេល​ខ្ញុំ​បាន​អធិស្ឋាន​តែ​ឯង នោះ​ខ្ញុំ​បាន​ទូល​សូម​ព្រះវរបិតាសួគ៌​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ដើម្បី​ពង្រឹង​សេចក្តីជំនឿ​របស់​ភរិយា និង កូនៗ​របស់​ខ្ញុំ ។

ថ្ងៃ​ស្អែក​ឡើង​មាន​បុរស​ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ ។ គាត់​បាន​និយាយ​ថា គាត់​រើស​បាន​កាបូប​លុយ​របស់​ខ្ញុំ រួម​ទាំង​លុយ​ដែល​មាន​នៅក្នុង​កាបូប​នោះ​ផងដែរ ។ ខ្ញុំ​បាន​យំ​ដូច​ជា​កូនក្មេង ដោយសារ​ការអធិស្ឋាន​របស់​ខ្ញុំ​បាន​ទទួល​ចម្លើយ ហើយ​សេចក្តីជំនឿ​របស់​គ្រួសារ​ខ្ញុំ​ត្រូវ​បាន​ពង្រឹង​ឡើង ។

ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌ ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​ម្នាក់ៗ​ទៅតាម​ពេល​វេលា​របស់​ទ្រង់ និង តាម​របៀប​របស់​ទ្រង់ ទោះ​មាន​កូនចៅ​ទ្រង់​ជាច្រើន​បាន​អធិស្ឋាន​ទៅ​រក​ទ្រង់​ក្តី ។