២០១៧
អាន​ចប់​ហើយ !
April 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អាន​ចប់​ហើយ !

រូបភាព
cell phones

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

នៅ​រសៀល​ថ្ងៃ​អាទិត្យ​មួយ ក្នុង​អំឡុងពេល​សម្ភាស​របស់​ខ្ញុំ​ក្នុង​នាម​ជា​ប៊ីស្សព ខ្ញុំ​មាន​ក្តីសោមនស្ស​រីករាយ​អង្គុយ​ជាមួយ​មិត្ត​ល្អ​របស់​ខ្ញុំ​ម្នាក់ ដើម្បី​ជជែក​គ្នា​អំពី​ឧបសគ្គ​មួយ​ចំនួន​ដែល​គាត់​បាន​ជួប ។ បន្ទាប់ពី​បាន​ស្តាប់​កង្វល់​របស់​គាត់​មួយ​សន្ទុះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា អ្វី​ដែល​គាត់​ត្រូវការ​នោះ​គឺ​ការអាន​ព្រះគម្ពីរ​ឲ្យ​បាន​ជាប់លាប់ ។ ក្នុង​នាម​ជា​ប៊ីស្សព ខ្ញុំ​ក៏​ត្រូវបាន​រំឭក​ថា ខ្ញុំ​ក៏​គប្បី​សិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​ជាប់លាប់​ផងដែរ ដែល​ជា​រឿង​មួយ​ដែល​ខ្ញុំ​មាន​ការលំបាក​នឹង​អនុវត្ត​តាម ។ ដូច្នេះ​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា​យើង​ត្រូវ​ក្លាយ​ជា « ដៃ​គូ​ដែល​មាន​ការទទួលខុសត្រូវ​ចំពោះ​គ្នា » ក្នុង​ការព្យាយាម​សិក្សា​ព្រះគម្ពីរ​ឲ្យ​បាន​កាន់តែ​ជាប់​លាប់​ឡើង ។

រៀងរាល់​ថ្ងៃ បន្ទាប់​ពី​អាន​គម្ពីរ​របស់​យើង​ចប់ យើង​បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដោយ​សរសេរ​ពាក្យ​ថា អាន​ចប់​ហើយ ! ការដឹង​ថា​មាន​ម្នាក់​ទៀត​កំពុង​រង់ចាំ​ស្តាប់​ថា​តើ យើង​បាន​អាន ឬ មិន​ទាន់​បាន​អាន​គម្ពីរ​នា​ថ្ងៃ​នេះ ក្លាយ​ជា​ការជំរុញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​យើង​ទាំង​ពីរ​នាក់ ។ ប្រសិនបើ​មាន​ពួកយើង​ណា​ម្នាក់​ភ្លេច​អាន នោះ​ការ​ទទួល​សារ​ជា​ការ​ក្រើន​រំឭក​មួយ ។ ប្រសិនបើ​យើង​ពុំ​បាន​ផ្ញើសារ​ទេ នោះ​យើង​ពុំ​ស្តី​បន្ទោស​ឲ្យ​គ្នា​ទេ ។ យើង​បាន​ធ្វើ​បែប​នេះ​ដោយ​ពុំ​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខុស​ឡើយ ។

ឥឡូវ​នេះ​យើង​បាន​ចាប់ផ្តើម​ធ្វើ​បែប​នេះ​អស់​រយៈពេល​ប្រាំមួយ​ខែ ហើយ​ខ្ញុំ​បាន​ចាំ​ថា គ្មាន​មួយ​ថ្ងៃ​ណា​ដែល​យើង​ខកខាន​ពុំ​បាន​អាន​ព្រះគម្ពីរ​របស់​យើង​ឡើយ ។ បងប្រុស​រូបនេះ​បាន​ឡើង​និយាយ​នៅក្នុង​ការប្រជុំ​តមអាហារ និង ថ្លែងទីបន្ទាល់​កាល​ពី​ពីរ​ខែ​មុន ហើយ​បាន​ចែកចាយ​ទីបន្ទាល់​របស់​គាត់ អំពី​ឥទ្ធិពល​វិជ្ជមាន​ដែល​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​មាន​លើរូប​គាត់ និង គ្រួសារ​គាត់ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បងប្រុស​រូប​នេះ និង មិត្តភាព​របស់​គាត់ រួម​ទាំង​ការផ្ញើសារ​ជា​ប្រចាំ​ថ្ងៃ​របស់​គាត់ ។ ខ្ញុំ​បាន​ឃើញ​ពី​របៀប​ដែល​បច្ចេកវិទ្យា អាច​ពង្រីក​ការយល់​ដឹង​ក្នុង​ជីវិត​យើង នៅពេល​យើង​ប្រើ​វា​ដោយ​ត្រឹមត្រូវ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះគម្ពីរ និង របៀប​ដែល​ព្រះគម្ពីរ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ ខ្ញុំ​ដឹង​ថា ការពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​វិញ​នៅ​ថ្ងៃ​ខាង​មុខ ។