២០១៧
សង្រ្គាម​នៅតែ​បន្ដ
April 2017


សង្រ្គាម​នៅតែ​បន្ដ

សង្គ្រាម​ដែល​បាន​ចាប់ផ្ដើម​នៅលើ​ស្ថានសួគ៌ បន្ត​មាន​មក​ដល់​បច្ចុប្បន្ន​នេះ ។ ប្រាកដ​ណាស់ ចម្បាំង​នេះ​កំពុង​ប្រែ​ជា​តាន​តឹង​ឡើង ដោយសារ​ពួកបរិសុទ្ធ​រៀបចំ​ខ្លួន សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ ។

រូបភាព
clouds

ថតរូប​ដោយ កាថារីណា ស្ទេហ្វាណូវិក © iStock/Getty Images Moment/Getty Images

អ្នក​ដែល​តាមដាន​ព័ត៌មាន​អន្តរជាតិ​នឹង​យល់​ស្រប​ថា យើង​រស់នៅក្នុង​សម័យ​មួយ​នៃ « សង្គ្រាម និង​ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម » ( គ. និង ស. ៤៥:២៦ ) ។ សំណាង​ល្អ​ណាស់ ដែល​មនុស្ស​គ្រប់​រូប​នៅ​លើ​ផែនដី​គឺ​ជា​អតីត​យុទ្ធជន​នៅក្នុង​សង្គ្រាម ។ យើង​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ទ័ព​អារក្ស​នៅក្នុង​សង្គ្រាម​ដែល​កំពុង​តែ​បន្ត​កើតមាន ជា​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ពិភព​មុន​ផែនដី​ពីមុន​ពួកយើង​កើត​ម៉្លេះ ។

ដោយសារ​យើង​ពុំ​ទាន់​ទទួល​បាន​រូបកាយ​សាច់​ឈាម នោះ​យើង​បាន​វាយ​ប្រយុទ្ធ​សង្គ្រាម​នៅ​ឋានសួគ៌ ដោយ​មិន​ប្រើ​ដាវ កាំភ្លើង ឬ គ្រាប់​បែក​ឡើយ ។ ប៉ុន្តែ​ការប្រយុទ្ធ​នោះ​គឺ​មាន​សភាពតានតឹង​ដូច​ជា​សង្គ្រាម​បច្ចុប្បន្ន​នេះ ហើយ​មាន​គ្រោះថ្នាក់​រាប់រយ​លាន​ដង ។

សង្គ្រាម​នៅក្នុង​ជីវិត​មុន​ផែនដី​បាន​ប្រយុទ្ធ​ដោយ​ប្រើ​ពាក្យសម្តី គំនិត ការតស៊ូ​មតិ និង ការបញ្ចុះបញ្ចូល ( សូមមើល វិវរណៈ ១២:៧–៩, ១១ ) ។ យុទ្ធសាស្ត្រ​របស់​សាតាំង​គឺ​បំភ័យ​មនុស្ស ។ វា​ដឹង​ថា​ការភ័យ​ខ្លាច​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បំផ្លាញ​សេចក្តីជំនឿ ។ វា​អាច​ប្រើ​ហេតុផល​បែប​នេះ​ថា ៖ « វា​ពិបាក​ខ្លាំង​ណាស់ ។ វា​ពុំ​អាច​ធ្វើ​ឲ្យ​មាន​ការជ្រះស្អាត​វិញ​ឡើយ ។ មាន​ហានិភ័យ​ច្រើន​ពេក​ហើយ ។ តើ​អ្នក​ដឹង​ថា អ្នក​អាច​ទុក​ចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្តេច ? » វា​ច្រណែន​ព្រះអង្គ​សង្គ្រោះ​ខ្លាំង​ណាស់ ។

សំណាង​ណាស់ ផែនការ​របស់​ព្រះ​មាន​ជ័យជម្នះ​លើ​ការកុហក​របស់​សាតាំង ។ ផែនការ​ព្រះ​មាន​ទាក់ទង​នឹង​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​សម្រាប់​មនុស្ស​លោក និង ការបូជា​ដ៏​ធំ​មហិមា ។ ព្រះយេហូវ៉ា ដែល​យើង​ស្គាល់​ថា​ជា​ព្រះយេស៊ូវគ្រីស្ទ បាន​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ការបូជា​នោះ—គឺ​រងទុក្ខ​ចំពោះ​អំពើ​បាប​របស់​ពួក​យើង​ទាំងអស់​គ្នា ។ ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​បងប្អូន​ប្រុស​ស្រី​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​អស់​អ្នក​ដែល​បាន​ប្រែចិត្ត​អាច​ប្រែ​ជា​ជ្រះស្អាត​ឡើង​វិញ ហើយ​ទីបំផុត​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។ ( សូម​មើល ម៉ូសេ ៤:១-៤, អ័ប្រាហាំ ៣:២៧ ) ។

គុណសម្បត្តិ​ផ្សេង​ទៀត​ដែល​បាន​ជួយ​ឲ្យ​ព្រះយេហូវ៉ា​យក​ឈ្នះ​លើ​ដួងចិត្ត​របស់​កូនចៅ​ព្រះ​នោះ គឺ​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​ដែល​បាន​កើត​ឡើង​ពី​អ្នក​គាំទ្រ​របស់​ទ្រង់ ដែល​បាន​ដឹកនាំ​ដោយ​មីកែល ដែល​ជា​មេទ័ព​ពួកទេវតា ( សូមមើល វិវរណៈ ១២:៧, ១១, គ. និង ស. ១០៧:៥៤ ) ។ នៅក្នុង​ជីវិត​មុន​ផែនដី អ័ដាម​ត្រូវបាន​ហៅ​ថា​មីកែល ហើយ​សាតាំង​ត្រូវបាន​ហៅ​ថា លូស៊ីហ្វើរ ដែល​មាន​ន័យ​ថា « អ្នក​កាន់​ពន្លឺ » ។ ឈ្មោះ​នោះ​ហាក់បី​ដូច​ជា​ឈ្មោះ​ចម្លែក​សម្រាប់​មេ​នៃ​សេចក្តី​ងងឹត​នេះ ( សូមមើល ម៉ូសេ ៧:២៦ ) ប៉ុន្តែ​ព្រះគម្ពីរ​បង្រៀន​ថា សាតាំង​គឺ​ជា « ទេវតា​មួយ​នៃ​ព្រះ ដែល​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ » ពីមុន​វា​ធ្លាក់​ចុះ​មក ( សូមមើល គ. និង ស. ៧៦:២៥–២៨ ) ។

តើ​វិញ្ញាណ​ដែល​ពោរពេញ​ដោយ​ការចេះដឹង និង បទពិសោធន៍​បែប​នោះ​អាច​ធ្លាក់​ចុះ​បាន​ដោយ​របៀប​ណា ? វា​កើត​ឡើង​ដោយសារ​តែ​ភាពឆ្មើងឆ្មៃ​របស់​វា ។ លូស៊ីហ្វើរ បាន​បះបោរ​ប្រឆាំង​នឹង​ព្រះវរបិតា​គង់នៅ​ស្ថានសួគ៌​របស់​យើង ព្រោះ​វា​ចង់​បាន​នគរ​របស់​ព្រះ​ធ្វើ​ជា​របស់​វា​ផ្ទាល់ ។

នៅក្នុង​សុន្ទរកថា​ចាស់​មួយ​ស្តី​ពី « ចូរ​ប្រយ័ត្ន​នឹង​ភាពឆ្មើងឆ្មៃ » ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បាន​បង្រៀន​ថា លូស៊ីហ្វើរ « មាន​ចិត្ត​ចង់​បាន​កិត្តិយស​លើ​អ្នក​ដទៃ​ផ្សេង​ទៀត​ទាំងអស់ » ហើយ​ថា « ភាពឆ្មើងឆ្មៃ​របស់​វា​គឺ​មាន​ចិត្ត​ទម្លាក់​ព្រះ​ចុះ​ពី​បល្ល័ង្ក » ។ អ្នក​ក៏​ធ្លាប់​បាន​ឮ​ផងដែរ​ថា សាតាំង​ចង់​បំផ្លាញ​សិទ្ធិជ្រើសរើស​របស់​មនុស្ស ប៉ុន្តែ​នោះ​ពុំ​មែន​ជា​ហេតុផល​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ព្រះ​ពុំ​សព្វព្រះទ័យ​នឹង​វា​ឡើយ ។ វា​ត្រូវបាន​បណ្តេញ​ចេញ​ពី​ឋានសួគ៌​ដោយសារ​តែ​ការបះបោរ​ប្រឆាំង​នឹង​ព្រះវរបិតា និង ព្រះរាជបុត្រា ( សូមមើល គ. និង ស. ៧៦:២៥, ម៉ូសេ ៤:៣ ) ។

ហេតុអ្វី​អ្នក និង ខ្ញុំ​ប្រយុទ្ធ​ប្រឆាំង​នឹង​អារក្ស ? យើង​ប្រឆាំង​ដោយ​ព្រោះ​តែ​ភាពស្មោះត្រង់ ។ យើង​ស្រឡាញ់ ហើយ​គាំទ្រ​ព្រះវរបិតា​គង់នៅ​ស្ថានសួគ៌​របស់​យើង ។ យើង​ចង់​ប្រែ​ដូច​ទ្រង់ ។ លូស៊ីហ្វើរ មាន​គោលដៅ​ផ្សេង​ពី​នោះ ។ វា​ចង់​ជំនួស​តំណែង​របស់​ព្រះវរបិតា ( សូមមើល អេសាយ ១៤:១២–១៤, នីហ្វៃទី ២ ២៤:១២–១៤ ) ។ សូម​គិត​អំពី​របៀប​ដែល​ការក្បត់​របស់​សាតាំង​ធ្វើ​ឲ្យ​ព្រះមាតាបិតាសួគ៌​របស់​យើង​មាន​ការឈឺ​ចាប់ ។ នៅក្នុង​ព្រះគម្ពីរ យើង​អាន​ថា « ស្ថាន​សួគ៌​បាន​យំ​ដោយ​សារ​វា » ( គ. និង ស. ៧៦:២៦ ) ។

បន្ទាប់​ពី​មាន​ការពុះពារ​យ៉ាង​ខ្លាំងក្លា​មក មីកែល និង ទ័ព​របស់​ទ្រង់​បាន​ទទួល​ជ័យជម្នះ ។ ពីរ​ភាគ​បី​នៃ​ពលបរិវារស្ថានសួគ៌​បាន​ជ្រើសរើស​ធ្វើ​តាម​ព្រះវរបិតា ( សូមមើល គ. និង ស. ២៩:៣៦ ) ។ សាតាំង និង ពួកពលបរិវារ​ទាំងឡាយ​របស់​វា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ស្ថានសួគ៌ ប៉ុន្តែ​ពួកវា​មិន​ត្រូវបាន​បញ្ជូន​ទៅក្នុង​ពិភព​ងងឹត​ខាង​ក្រៅ​ភ្លាម​នោះ​ទេ ។ ដំបូង​ពួកវា​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី ( សូមមើល វិវរណៈ ១២:៧–៩ ) ជា​កន្លែង​ដែល​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ប្រសូត ហើយ​ជា​កន្លែង​ដែល​ទ្រង់​នឹង​ធ្វើ​ពលិកម្មធួន​ផងដែរ ។

ហេតុអ្វី​ពួកពល​បរិវារ​របស់​សាតាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​កាន់​ផែនដី​នេះ ? ពួកវា​មក​កាន់ផែនដី​នេះ​ដើម្បី​បង្កើត​ឲ្យ​មាន​ភាពផ្ទុយ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​បាន​សាកល្បង​នៅ​ផែនដី​នេះ ( សូមមើល នីហ្វៃទី២ ២:១១ ) ។ តើ​ទីបំផុត​ពួកវា​នឹង​ត្រូវ​បានបណ្តេញ​ចេញ​ទៅក្នុង​ភព​ងងឹត​ខាង​ក្រៅ​ឬ​ទេ ? ប្រាកដ​ណាស់ ។ បន្ទាប់​ពី​សហស្សវត្សរ៍ សាតាំង និង ពួកពលបរិវារ​របស់​វា​នឹង​ត្រូវបាន​បណ្តេញ​ចេញ​ជា​រៀងរហូត ។

សាតាំង​ដឹង​ថា​ពេល​វេលា​របស់​វា​មាន​កំណត់ ។ នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ សាតាំង និង ពួក​ទេវតា​របស់​វា​នឹង​ត្រូវបាន​ចង​អស់​រយៈពេល ១០០០ ឆ្នាំ ( សូមមើល វិវរណៈ ២០:១–៣, នីហ្វៃទី១ ២២:២៦, គ. និង ស. ១០១:២៨ ) ។ នៅពេល​ថ្ងៃ​ផុត​កំណត់​នោះ​មក​ដល់ ពួក​ទ័ព​របស់​អារក្ស​កំពុង​វាយ​ប្រឆាំង​ដោយ​អស់​សង្ឃឹម ដើម្បី​ឆក់​យក​ព្រលឹង​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​វា​អាច​ធ្វើ​បាន ។

យ៉ូហាន​ជា​អ្នក​ទទួល​វិវរណៈ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​សង្គ្រាម​នៅ​ស្ថានសួគ៌ ដែល​ជា​ផ្នែក​មួយ​នៃ​ការនិមិត្ត​ដ៏​ធំ ។ លោក​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ ពី​របៀប​ដែល​សាតាំង ត្រូវបាន​បណ្តេញ​ចុះ​មក​កាន់​ផែនដី​ដើម្បី​ល្បួង​មនុស្ស​លោក ។ នេះ​គឺជា​ប្រតិកម្ម​របស់​យ៉ូហាន ៖ « វេទនា​ដល់​ពួកអ្នក​ដែល​នៅលើ​ផែនដី និង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​ឃោរឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់ » ( វិវរណៈ ១២:១២ ) ។

ដូច្នោះ​តើ​សាតាំង​ចំណាយ​ពេលវេលា​វា​យ៉ាង​ដូច​ម្តេច ដោយសារ​វា​ដឹង​ថា វា​គ្មាន​ពេល​សល់​ច្រើន​នោះ ? សាវក​ពេត្រុស​បាន​សរសេរ​ថា « ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ​របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​បាន » ( ពេត្រុសទី១ ៥:៨ ) ។

រូបភាព
family kneeling in prayer

តើ​អ្វី​ទៅ​ដែល​ជំរុញ​ចិត្ត​របស់​សាតាំង ? វា​នឹង​គ្មាន​រូបកាយ​ឡើយ វា​នឹង​គ្មាន​ភរិយា ឬ គ្រួសារ​ទេ ហើយ​វា​នឹង​គ្មាន​អំណរ​ដ៏​ពោរពេញ​ឡើយ ដូច្នោះ​វា​ចង់​ឲ្យ​បុរស និង ស្ត្រី​ទាំងអស់ « មាន​ទុក្ខវេទនា​ដូច​វា​ដែរ » ( នីហ្វៃទី២ ២:២៧ ) ។

គោលដៅ​របស់​អារក្យ​គឺ​យក​មនុស្ស​ទាំងអស់​គ្នា ជាពិសេស​គឺ​អស់​អ្នក​ដែល​មាន​សក្តានុពល​ច្រើន​បំផុត ក្នុងការ​ទទួល​បាន​សុភមង្គល​អស់កល្ប​ជានិច្ច ។ វា​ពិត​ជា​ច្រណែន​នឹង​អស់​អ្នក​ដែល​កំពុង​ធ្វើ​ដំណើរ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​តម្កើង​ឡើង ។ ព្រះគម្ពីរ​បង្រៀន​ថា សាតាំង « ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ហើយ​ព័ទ្ធជុំវិញ​ពួកគេ » ( គ. និង ស. ៧៦:២៩ ) ។

សង្គ្រាម​ដែល​បាន​ចាប់ផ្ដើម​នៅលើ​ស្ថានសួគ៌ បន្ត​មាន​មក​ដល់​បច្ចុប្បន្ន​នេះ ។ ប្រាកដ​ណាស់ ចម្បាំង​នេះ​កំពុង​ប្រែ​ជា​តាន​តឹង​ឡើង ដោយសារ​ពួកបរិសុទ្ធ​រៀបចំ​ខ្លួន សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គសង្គ្រោះ ។

ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បាន​ព្យាករ « ថា​សាសានចក្រ​នេះ​នឹង​រីកសាយ រុងរឿង រីកចម្រើន ហើយ​កាន់តែ​ធំ​រី​ឯ​អំណាច​របស់​សាតាំង​ក៏​កើន​ឡើង​ក្នុង​កម្រិត​ដូចគ្នា ដែល​ដំណឹងល្អ​នឹង​រីកសាយ​នៅក្នុង​ចំណោម​ប្រជាជាតិ​នៃ​ផែនដី​នេះ​ដែរ » ។

ខ្ញុំ​គិត​ថា អ្នក​ទាំងអស់​យល់ស្រប​ថា ការព្យាករ​នេះ​កំពុង​បំពេញ នៅពេល​យើង​ឃើញ​សេចក្តីអាក្រក់​បាន​ជ្រៀត​ចូល​ក្នុង​សង្គម​នានា​នៃ​ពិភពលោក​នេះ ។ ប្រធាន យាំង បាន​បង្រៀន​ថា យើង​ត្រូវ​សិក្សា​អំពី​ល្បិចកល​របស់​មារសត្រូវ​ដើម្បី​យក​ឈ្នះ​លើ​វា ។ ខ្ញុំ​សូម​ចែកចាយ​យុទ្ធសាស្ត្រ​ជាក់ស្តែង​ចំនួន​បួន​របស់​សាតាំង និង យោបល់​មួយ​ចំនួន​អំពី​របៀប​ដើម្បី​ទប់ទល់​នឹង​យុទ្ធសាស្ត្រ​ទាំងនោះ ។

យុទ្ធសាស្ត្រ​របស់​សាតាំង

១. ការល្បួង ។ អារក្ស​វា​អង់អាច​ណាស់ នៅពេល​វា​ដាក់​គំនិត​ទុច្ចរិត​នៅក្នុង​ចិត្ត​របស់​យើង ។ ព្រះគម្ពីរមរមន​បង្រៀន​ថា សាតាំង​ខ្សឹប​ប្រាប់​គំនិត​ដែល​មិន​ស្អាតស្អំ និង មិន​ល្អ ហើយ​សាបព្រោះ​គំនិត​ដែល​មាន​មន្ទិល​សង្ស័យ ។ វា​ជំរុញ​ចិត្ត​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ធ្វើ​តាម​ចំណង់​ញៀន ហើយ​រីករាយ​នឹង​ភាព​អត្មានិយម និង​ភាពលោភលន់ ។ វា​ពុំ​ចង់​ឲ្យ​យើង​ទទួល​ស្គាល់​ថា គំនិត​ទាំង​នេះ​កើត​មក​ពី​ណា​ឡើយ ដូច្នោះ​វា​ខ្សឹប​ប្រាប់​ថា « ខ្ញុំ​មិនមែន​ជា​អារក្ស​ទេ ដ្បិត​គ្មាន​អារក្ស​ឯ​ណា » ( នីហ្វៃទី២ ២៨:២២ ) ។

តើ​យើង​អាច​ទប់ទល់​នឹង​ការល្បួង​ផ្ទាល់​នេះ​ដោយ​របៀប​ណា ? ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​គឺ​ឲ្យ​សាតាំង​ចេញ​ឲ្យ​ឆ្ងាយ ។ នោះ​ជា​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ។

ដំណើររឿង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ស្តី​ពី​ព្រះអង្គសង្គ្រោះ​គង់នៅ​លើ​ភ្នំ​នៃ​ការល្បួង​គឺ​មាន​ប្រយោជន៍​ណាស់ ។ បន្ទាប់​ពី​ការល្បួង​នីមួយៗ ដែល​អារក្ស​បាន​ល្បួង​ទ្រង់ ព្រះយេស៊ូវ​បាន​ប្រើ​ស្នៀត​ការពារ​ពីរ​ជំហាន ៖ ទីមួយ ទ្រង់​បាន​បញ្ជា​ឲ្យ​សាតាំង​ចាកចេញ ហើយ​ក្រោយ​មក​ទ្រង់​បាន​ដកស្រង់​ខគម្ពីរ ។

ខ្ញុំ​សូម​ផ្តល់​ឧទាហរណ៍​មួយ​ដល់​អ្នក ៖ ព្រះយេស៊ូវ​បាន​បង្គាប់​ថា « នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​យើង​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា ឯង​ត្រូវ​ថ្វាយ​បង្គំ​ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ » ( ម៉ាថាយ ៤:១០ ) ។ ខគម្ពីរ​បន្ទាប់​កត់ត្រា​ថា « ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បម្រើ​ទ្រង់ » ( ម៉ាថាយ ៤:១១ ) ។ ស្នៀត​ការពារ​របស់​ព្រះអង្គសង្គ្រោះ​មាន​ប្រសិទ្ធភាព​ណាស់ !

ជីវប្រវត្តិ​របស់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) ផ្តល់​ការយល់ដឹង​អំពី​របៀប​ដែល​ប្រធាន ក្រាន្ត បាន​ទប់ទល់​នឹង​អារក្យ​កាល​នៅ​ពី​ក្មេង ។ នៅពេល​ប្រធាន ក្រាន្ត បាន​ដឹង​ថា សាតាំង​កំពុង​ខ្សឹប​ប្រាប់​លោក ដោយ​ព្យាយាម​បណ្តុះ​ភាពសង្ស័យ​នៅក្នុង​ចិត្ត​របស់​លោក នោះ​លោក​បាន​និយាយ​ដោយ​ស្រួល ហើយ​ខ្លាំងៗ​ថា « អារក្ស​អើយ ចូរ​បិទ​មាត់​ឯង​ទៅ » ។

អ្នក​មាន​សិទ្ធ​ប្រាប់​សាតាំង​ឲ្យ​ចាកចេញ នៅពេល​អ្នក​ជួប​នឹង​ការល្បួង ។ ព្រះគម្ពីរ​បង្រៀន​ថា « តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់គ្នា​ទៅ » ( យ៉ាកុប ៤:៧ ) ។

ស្នៀត​ការពារ​ផ្សេង​ទៀត​របស់​ព្រះអង្គសង្គ្រោះ​គឺ​ដកស្រង់​ខគម្ពីរ ។ មាន​អំណាច​ដ៏​ខ្លាំង​អស្ចារ្យ​ក្នុង​ការទន្ទេញ​ខគម្ពីរ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។ ខគម្ពីរ​អាច​ក្លាយ​ជា​អាវុធ​គ្រាប់​រំសេវ​ខាង​វិញ្ញាណ ។

នៅពេល​អ្នក​ត្រូវបាន​ល្បួង នោះ​អ្នក​អាច​សូត្រ​បញ្ញត្តិ​ដូចជា « ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ឬ សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក ដោយ​ឥត​ឈប់​ឈរ​ឡើយ » ( និក្ខមនំ ២០:៨, លូកា ៦:២៧, គ. និង ស. ១២១:៤៥ ) ។ អំណាច​នៃ​ព្រះគម្ពីរ​ពុំ​គ្រាន់តែ​បំភ័យ​សាតាំង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​យាង​ព្រះវិញ្ញាណ​មក​គង់​នៅក្នុង​ចិត្ត​របស់​យើង បញ្ជាក់​ដល់​យើង ហើយ​ពង្រឹង​យើង​ប្រឆាំង​ទាស់​នឹង​ការល្បួង​ផងដែរ ។

២. ការកុហក និង ការបោកបញ្ឆោត ។ ព្រះគម្ពីរ​បើក​សម្តែង​ថា សាតាំង​គឺ​ជា « បិតា​នៃ​សេចក្តីកុហក » ( នីហ្វៃទី២ ៩:៩ ) ។ ចូរ​កុំ​ជឿ​វា នៅពេល​វា​ខ្សឹប​សារ​ដូចជា « អ្នក​មិន​ធ្លាប់​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ឡើយ អ្នក​មាន​អំពើ​បាប​ខ្លាំង​ដែល​មិន​អាច​អភ័យទោស​ឲ្យ​បាន​ឡើយ អ្នក​នឹង​មិន​ផ្លាស់ប្តូរ​ឡើយ គ្មាន​នរណា​ម្នាក់​ខ្វល់ខ្វាយ​នឹង​អ្នក​ទេ និង អ្នក​គ្មាន​ទេពកោសល្យ​អ្វី​ឡើយ » ។

ការកុហក​ផ្សេង​ទៀត​ដែល​វា​ប្រើ​ជា​រឿយៗ​នោះ​មាន​ដូច​ជា « យ៉ាង​ហោច​ណាស់ អ្នក​ត្រូវ​សាកល្បង​អ្វីៗ​គ្រប់​យ៉ាង សូម្បី​តែ​ម្តង​ក៏​បាន​ដែរ—ដើម្បី​ទទួល​បាន​បទពិសោធន៍​ពី​វា ។ ធ្វើ​វា​តែ​ម្តង​វា​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គ្រោះ​ថ្នាក់​ទេ » ។ រឿង​សម្ងាត់​ថោកទាប​ដែល​វា​ពុំ​ចង់​ឲ្យ​អ្នក​ដឹង​នោះ​គឺ​ថា អំពើ​បាប​គឺ​ញៀន ។

ការកុហក​ដ៏​មាន​ប្រសិទ្ធភាព​ផ្សេង​ទៀត ដែល​សាតាំង​នឹង​ព្យាយាម​ប្រាប់​អ្នក​នោះ​គឺ​បែប​នេះ ៖ « មនុស្ស​គ្រប់​គ្នា​ធ្វើ​រឿង​ហ្នឹង ។ វា​មិន​អី​ទេ » ។ វា​មិនមែន​អត់​បញ្ហា​នោះ​ទេ ! ដូច្នេះ​សូម​ប្រាប់​ទៅ​អារក្ស​វិញ​ថា អ្នក​មិន​ចង់ទៅ​នគរ​ទេឡេស្ទាល—បើ​ទោះបី​ជា​មនុស្ស​ផ្សេង​ទៀត​នឹង​ទៅ​នគរ​នោះ​ក្តី ។

រូបភាព
father teaching his family

ទោះបី​ជា​សាតាំង​នឹង​កុហក​អ្នក​ក្តី អ្នក​អាច​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ឲ្យ​ប្រាប់​អ្នក​អំពី​សេចក្តីពិត ។ មូលហេតុនោះ​ហើយ​ដែល អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ចាំបាច់​ខ្លាំង​ណាស់ ។

អារក្ស​ត្រូវបាន​ហៅ​ថា « អ្នកបោក​បញ្ឆោត​ដ៏​អស្ចារ្យ » ។ វា​ព្យាយាម​ក្លែង​បន្លំ​គ្រប់​គោលការណ៍​ពិត​ទាំងអស់ ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ ។

ចូរចងចាំ​ថា ការក្លែង​បន្លំ​ពុំ​ដូច​គ្នា​នឹង​ការផ្ទុយ​ឡើយ ។ ពណ៌-ស​ផ្ទុយ​នឹង​ពណ៌​ខ្មៅ ប៉ុន្តែ​ការក្លែងបន្លំ​របស់​ពណ៌-ស អាច​ជា​ពណ៌​រាង​ស ឬ ពណ៌​ប្រផេះ ។ ការក្លែងបន្លំ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការពិត ដើម្បី​បោក​បញ្ឆោត​មនុស្ស​ដែល​គ្មាន​ការសង្ស័យ ។ វា​ជា​អ្វី​ដែល​ស្រដៀង​នឹង​វត្ថុ​ល្អៗ ហើយ​ដូចជា​ក្រដាស​ប្រាក់​ក្លែងក្លាយ​ដែរ វា​គ្មាន​តម្លៃ​អ្វី​ទាំងអស់ ។ ខ្ញុំ​សូម​បង្ហាញ​ដល់​អ្នក ។

ការក្លែងបន្លំ​មួយ​របស់​សាតាំង​អំពី​សេចក្តីជំនឿ​នោះ​គឺ​ការជឿ​បែក​ឆ្វេង ។ ការក្លែងបន្លំ​របស់​វា​អំពី​សេចក្តីស្រឡាញ់​នោះ​គឺ​តម្រេក​សម្រើប ។ វា​ក្លែងបន្លំ​ពួក​បព្វជិតភាព​ដោយ​ការណែនាំ​អំពី ឧបាយកល្ប​ផ្នែក​សង្ឃ ហើយ​វា​ក្លែង​ធ្វើ​ត្រាប់​តាម​អព្ភូតហេតុ​របស់​ព្រះ​តាម​មធ្យោបាយ​នៃ​ពួក​អាប​ធ្មប់ ។

អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ប៉ុន្តែ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​គឺ​គ្រាន់តែ​ជា​ការក្លែងបន្លំ​តែ​ប៉ុណ្ណោះ ។ វា​ពុំ​បង្កើត​ឲ្យ​មាន​កូនចៅ និង ភាពតម្កើងឡើង​ឡើយ ។ ទោះបីជា​ការក្លែង​ធ្វើ​តាម​របស់​វា បោក​បញ្ឆោត​មនុស្ស​ជាច្រើន​ក្តី អ្វី​ទាំង​នោះ​ពុំ​មែន​ជា​ការពិត​ឡើយ ។ វា​ពុំ​អាច​នាំ​មក​នូវ​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​បាន​ឡើយ ។

ព្រះ​បាន​ព្រមាន​យើង​អំពី​ការក្លែងបន្លំ​នៅ​ក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ទ្រង់​មាន​បន្ទូល​ថា « អ្វី​ដែល​ពុំ​បាន​ស្អាង​ឡើង នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ តែ​មក​ពី​សេចក្ដី​ងងឹត​វិញ » ( គ. និង ស. ៥០:២៣ ) ។

៣. ការទាស់ទែងគ្នា ។ សាតាំង​គឺ​ជា​បិតា​នៃ​ការទាស់ទែង​គ្នា ។ ព្រះអង្គសង្គ្រោះ​បង្រៀន​ថា « វា​ចាក់រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់​ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក » ( នីហ្វៃទី ៣ ១១:២៩ ) ។

អារក្ស​បាន​ដឹង​ពី​បទពិសោធន៍​ជា​ច្រើន​សតវត្សរ៍​ហើយ​ថា ទីណា​មាន​ការទាស់​ទែង​គ្នា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​នឹង​យាង​ចេញ​ពី​ទីនោះ ។ តាំង​ពី​វា​បាន​ល្បួង​កាអ៊ីន ឲ្យ​សម្លាប់ អេបិល​មក សាតាំង​មាន​ឥទ្ធិពល​លើ​ជម្លោះ​រវាង​បងប្អូន​បង្កើត ។ វា​ក៏​ចាក់រុក​ឲ្យ​មាន​បញ្ហា​នៅក្នុង​អាពាហ៍ពិពាហ៍ ក្នុង​ចំណោម​សមាជិក​វួដ និង ដៃគូ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ វា​រីករាយ​ដើម្បី​ឃើញ​មនុស្ស​ល្អៗ​ឈ្លោះ​គ្នា ។ វា​ព្យាយាម​ចាប់ផ្តើម​ឲ្យ​គ្រួសារ​មាន​ជម្លោះ​ពីមុន​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ពីមុន​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​នា​យប់​ថ្ងៃ​ច័ន្ទ និង គ្រប់​ពេល​ដែល​គូស្វាមី ភរិយា​គ្រោង​ទៅ​ចូលរួម​សម័យ​ប្រជុំ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ ពេលវេលា​របស់​វា​អាច​ទាយ​ទុក​ជា​មុន​បាន ។

នៅពេល​មាន​ជម្លោះ​នៅក្នុង​ផ្ទះ ឬ កន្លែង​ធ្វើការ​របស់​អ្នក ចូរ​ឈប់​ជា​បន្ទាន់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ហើយ​ព្យាយាម​ផ្សះផ្សា​គ្នា​វិញ ។ វា​ពុំ​សំខាន់​ថា​នរណា​ជា​នាំ​អាទិ៍​នោះ​ឡើយ ។

ជារឿយៗ​ជម្លោះ​កើត​ឡើង​មក​ពី​ការស្វែងរក​កំហុស​គ្នា ។ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « អារក្ស​បញ្ជោរ​យើង​ថា យើង​សុចរិត​ណាស់ នៅពេល​យើង​ផ្តោត​លើ​កំហុស​របស់​មនុស្ស​ដទៃ​នោះ » ។ នៅពេល​អ្នក​គិត​អំពី​វា នោះ​ការគិត​ថា​ខ្លួន​សុចរិត​គឺ​គ្រាន់តែ​ជា​ការក្លែងបន្លំ​អំពី​សេចក្តីសុចរិត​ពិតប្រាកដ​ប៉ុណ្ណោះ ។

សាតាំង​ចូលចិត្ត​ធ្វើ​ឲ្យ​ការទាស់ទែង​គ្នា​រីករាល​ដាល​នៅក្នុង​សាសនាចក្រ ។ វា​ជំនាញ​ក្នុងការ​ចង្អុល​ឲ្យ​ឃើញ​កំហុស​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ យ៉ូសែប ស៊្មីធ បាន​ព្រមាន​ពួកបរិសុទ្ធ​ថា ការចាប់ផ្តើម​ទៅ​រក​ការក្បត់​សាសនា​គឺ ការបាត់បង់​ទំនុកចិត្ត​លើ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ឯកសារ​របស់​ពួក​ប្រឆាំង​នឹង​ពួកមរមន​ភាគ​ច្រើន ផ្តោត​ទៅលើ​ការកុហក​អំពី​អត្តចរិត​របស់ យ៉ូសែប ស៊្មីធ ។ មារ​សត្រូវ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បន្ទាបបន្ថោក​កិត្តិយស​របស់​យ៉ូសែប ព្រោះ​សារលិខិត​នៃ​ការស្តារ​ឡើងវិញ ផ្អែក​ទៅលើ​ដំណើរ​រឿង​របស់​ព្យាការី ស្តី​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រៃ​ពិសិដ្ឋ ។ អារក្ស​កំពុង​ខិតខំ​កាន់តែ​ខ្លាំង​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ជាង​ពេល​មុនៗ​ទៅ​ទៀត ដើម្បី​ធ្វើឲ្យ​សមាជិក​មាន​ចម្ងល់​អំពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការស្តារ​ឡើង​វិញ ។

នៅ​ជំនាន់​ដំបូង​នៃ​ការ​កាន់​កាប់​ត្រួត​ត្រា​របស់​យើង​នេះ ពួកបងប្អូនប្រុសកាន់បព្វជិតភាពមួយចំនួនមានវិប្បដិសារីដែល ពុំ​បាន​បន្ត​ស្មោះត្រង់​ចំពោះ​ព្យាការី ។ ក្នុង​ចំណោម​នោះ​មាន​ម្នាក់​ឈ្មោះ ឡៃម៉ាន អ៊ី ចនសុន ដែល​ត្រូវបាន​កាត់​កាល​ចេញ​ពី​សាសនាចក្រ​ដោយសារ​តែ​ទង្វើ​ដែល​ឥត​សុចរិត ។ ក្រោយ​មក​ដោយ​ត្រូវ​ចេញ​ពី​សាសនាចក្រ គាត់​បាន​ទួញយំ​ដូច្នេះ​ថា ៖ « ខ្ញុំ​ស៊ូ​នឹង​កាត់​ដៃ​ស្តាំ​របស់​ខ្ញុំ​បោះ​ចោល ប្រសិនបើ​ខ្ញុំ​នឹង​ជឿ​វា​ម្តង​ទៀត ។ ពីមុន​ខ្ញុំ​ពោរពេញ​ដោយ​អំណរ និង ភាពរីករាយ ។ ខ្ញុំ​មាន​សុបិន​គួរ​ឲ្យ​ពេញ​ចិត្ត​ណាស់ ។ នៅពេល​ខ្ញុំ​ក្រោក​ពី​ដំណេក​ពេល​ព្រឹក​ឡើង វិញ្ញាណ​របស់​ខ្ញុំ​មាន​ក្តី​រីករាយ ។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​ទាំង​យប់​ទាំង​ថ្ងៃ ពោរពេញ​ដោយ​ភាពសុខសាន្ត និង អំណរ ព្រមទាំង​មាន​អំណរគុណ ។ ប៉ុន្តែ​ឥឡូវ​នេះ​វា​ប្រែ​ជា​ងងឹត​សូន្យ​ឈឹង មាន​តែ​ការឈឺចាប់ សោកសៅ វេទនា​ជា​ខ្លាំង​ពន់​ពេក ។ ព្រោះ​ខ្ញុំ​ពុំ​ដែល​បាន​យល់​ពី​គ្រា​រីករាយ​ឡើយ » ។

សូម​គិត​អំពី​ពាក្យ​សម្តី​ទាំងនោះ ។ ពាក្យ​សម្តី​ទាំង​នោះ​គួរតែ​ជា ការព្រមាន​មួយ​ដល់​សមាជិក​សាសនាចក្រ​ទាំងអស់ ។

ខ្ញុំ​ជា​អ្នក​ប្រែចិត្តជឿ​ចូល​សាសនាចក្រ ។ ខ្ញុំ​បាន​ជ្រមុជ​ទឹក​កាល​ខ្ញុំ​អាយុ ២៣ ឆ្នាំ ជា​យុវមជ្ឈិមវ័យ​ដែល​កំពុង​រៀន​ផ្នែក​វេជ្ជសាស្ត្រ​នៅ រដ្ឋ អារីហ្សូណា ស.រ.អា. ។ ខ្ញុំ​ដឹង​ជា​មុន​អំពី​របៀប​ដែល​សាតាំង​ល្បួង​សាសនាគន់ការី ឲ្យ​យល់​ច្រឡំ និង បំបាក់​ទឹកចិត្ត​ពួកគេ នៅពេល​ពួកគេ​កំពុង​ស្វែងរក​សេចក្តីពិត ។

ក្នុង​អំឡុង​ពេល​យុវវ័យ​របស់​ខ្ញុំ ខ្ញុំ​បាន​មើល​គំរូជា​ច្រើន​របស់​មិត្តភក្តិ​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ខ្ញុំ​មាន​ការកោត​សរសើរ​ចំពោះ​របៀប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅក្នុង​ជីវិត​របស់​ខ្លួន ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ​ពុំ​ចង់​ប្រាប់​នរណា​ម្នាក់​ថា ខ្ញុំ​កំពុង​រៀន​អំពី​សាសនា​ពួកមរមន​ឡើយ ។ ដើម្បី​គេច​ពី​សម្ពាធ​ផ្លូវ​ចិត្ត​ពី​សំណាក់​មិត្តភក្តិ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការស្រាវជ្រាវ​អំពី​សាសនា​នេះ​តែ​ម្នាក់​ឯង ។

រឿង​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មុន​មាន​អ៊ិនធើរណែត ដូច្នេះ​ខ្ញុំ​បាន​ទៅ​បណ្ណាល័យ​សាធារណៈ ។ ខ្ញុំ​បាន​ឃើញ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល និង សៀវភៅ​មួយ​ក្បាល​ទៀត​ដែល​មាន​ចំណង​ជើង​ថា A Marvelous Work and a Wonder ដែល​និពន្ធ​ដោយ​អែលឌើរ ឡឺហ្គ្រង់ រីឆាដ ( ១៨៨៦–១៩៨៣ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​សៀវភៅ​ទាំង​នេះ​ដោយ​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​ឃើញ​ថា​សៀវភៅ​ទាំង​នោះ​បំផុស​គំនិត​ខ្ញុំ ។

អំឡុង​ពេល​ដែល​ចិត្ត​របស់​ខ្ញុំ​ចង់​រៀន​បន្ថែម​ទៀត​នោះ សាតាំង​បាន​ចាប់ផ្តើម​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ ។ វា​បាន​ប្រាប់​ខ្ញុំ​ថា ដើម្បី​មាន​ភាព​ត្រឹមត្រូវ​ទាំងស្រុង នោះ​ខ្ញុំ​ត្រូវតែ​អាន​ឯកសារ​នានា​ដែល​ពួក​អ្នក​រិះគន់​អំពី​សាសនាចក្រ​នេះ​បាន​សរសរ​ផងដែរ ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​បណ្ណាល័យ​សាធារណៈ​នោះ​វិញ ហើយ​ចាប់ផ្តើម​រកមើល​ឯកសារ​ទាំងនោះ ។ ប្រាកដណាស់ ខ្ញុំ​បាន​រកឃើញ​សៀវភៅ​មួយ​ដែល​បាន​សរសេរ​បន្ទាបបន្ថោក​កិត្តិយស​របស់ យ៉ូសែប ស្ម៊ីធ ។

ការអាន​សៀវភៅ​ដែល​ប្រឆាំង​នឹង​ពួក​មរមន​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ច្របូកច្របល់ ។ ខ្ញុំ​បាន​បាត់បង់​វិញ្ញាណ និង ឥទ្ធិពល​ផ្អែមល្ហែម ដែល​បាន​ដឹកនាំ​ក្នុងការស្រាវជ្រាវ​របស់​ខ្ញុំ​នោះ ។ ខ្ញុំ​ប្រែ​ជា​មាន​ចិត្ត​ស្មុគស្មាញ ហើយ​ស្ទើរតែ​បោះបង់​ការស្វែងរក​សេចក្តីពិត​របស់​ខ្ញុំ​ចោល ។ ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ចម្លើយ អំឡុង​ពេល​អាន​ឯកសារ​ដែល​សរសេរ​ប្រឆាំង​នឹង​ពួក​មរមន​នោះ ។

ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ណាស់ មិត្តភក្តិ​របស់​ខ្ញុំ​កាល​រៀន​នៅ​វិទ្យាល័យ​បាន​ទូរសព្ទ​មក​ខ្ញុំ ដែល​ពេល​នោះ​គាត់​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ នាង​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​សួរសុខទុក្ខ​នាង​នៅ​រដ្ឋ យូថាហ៍ ដោយ​សន្យា​ថា​ខ្ញុំ​នឹង​ចូលចិត្ត​ការធ្វើ​ដំណើរ​មើល​ទេសភាព​ដ៏​ស្អាត​នោះ ។ នាង​ពុំ​ដឹង​សោះ​ថា ខ្ញុំ​កំពុង​សិក្សា​អំពី​សាសនាចក្រ​របស់​នាង​ដោយ​សម្ងាត់​នោះ​ឡើយ ។

ខ្ញុំ​បាន​ព្រម​ទទួល​ការអញ្ជើញ​នោះ ។ មិត្ត​របស់​ខ្ញុំ​បាន​ផ្តល់​យោបល់​ថា យើង​ទៅ​ទីក្រុង សលត៍ លេក ដើម្បី​ទៅ​លេង វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ។ គាត់​មាន​ចិត្ត​រំភើប ចំពោះ​ចម្លើយ​ដ៏​រំភើបរីករាយ​របស់​ខ្ញុំ ។ នាង​ពុំ​ដឹង​ថា​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុណ្ណា​ឡើយ ក្នុង​ការរៀន​សេចក្តីពិត​អំពី យ៉ូសែប ស៊្មីធ និង ការស្តារឡើងវិញ ។

ស៊ិស្ទើរ ដែល​ជា​អ្នកផ្សព្វផ្សាយសាសនា​នៅ វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​ពិតជា​ជំនួយ​ដ៏​ធំ ។ ពួកគេ​បាន​ឆ្លើយ​សំណួរ​ជា​ច្រើន​ដែល​ខ្ញុំ​មាន ដោយ​ពុំ​បាន​រពឹង​ទុក ។ ទីបន្ទាល់​របស់​ពួកគេ​មាន​ឥទ្ធិពល​លើ​ខ្ញុំ​ចំពោះ « សង្ស័យ​មន្ទិល [ របស់​ខ្ញុំ ] » ហើយ​សេចក្តីជំនឿ​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​រីកចម្រើន​ឡើង ។ អំណាច​នៃ​ទីបន្ទាល់​ដ៏​ស្មោះសរ ពុំ​អាច​ត្រូវ​បាន​មើល​ស្រាល​បាន​ឡើយ ។

មិត្ត​របស់​ខ្ញុំ​ក៏​បាន​ចែកចាយ​ទីបន្ទាល់​របស់​នាង​ដល់​ខ្ញុំ ហើយ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​អធិស្ឋាន រួច​សួរ​ដល់​ព្រះ ថា​តើ​សាសនាចក្រ​នេះ​ពិត​ដែរ​ឬ​ទេ ។ នៅ​តាមផ្លូវ​ពេល​ជិះ​ឡាន​ត្រឡប់​មក​រដ្ឋ អារីហ្សូណា វិញ ខ្ញុំ​បាន​ចាប់ផ្តើម​អធិស្ឋាន​ដោយ​សេចក្តីជំនឿ—ជា​លើក​ដំបូង « ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត » ( មរ៉ូណៃ ១០:៤ ) ។ នៅពេល​ធ្វើ​ដំណើរ​នោះ ឡាន​របស់​ខ្ញុំ​ទាំងមូល​ហាក់បី​ដូច​ជា​ពោរពេញ​ដោយ​ពន្លឺ ។ ខ្ញុំ​បាន​រៀន​ដោយ​ខ្លួន​ឯង​ថា ពន្លឺ​អាច​បណ្តេញ​នូវ​ភាពងងឹត​ចេញ ។

បន្ទាប់មក​ខ្ញុំ​បាន​សម្រេច​ចិត្ត​ជ្រមុជទឹក អារក្ស​បាន​ដាក់​ឧបសគ្គ​ជា​លើក​ចុងក្រោយ​មួយ​ទៀត ។ វា​បាន​ចាក់​រុក​គ្រួសារ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​ពួកគេ ដើម្បី​បង្អាក់​ចិត្ត​ខ្ញុំ ហើយ​ពួកគេ​បដិសេធ​មិន​ចូល​រួម​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​ឡើយ ។

ទោះជា​យ៉ាង​ណា ខ្ញុំ​បាន​ជ្រមុជ​ទឹក ហើយ​ដោយ​សន្សឹមៗ ពួកគេ​បាន​ទន់ចិត្ត ។ ពួកគេ​បាន​ជួយ​ខ្ញុំ​ស្វែងរក​ពង្សប្រវត្តិ​របស់​ខ្ញុំ ។ ពីរបីឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ជ្រមុជទឹក​ប្អូនប្រុស​របស់​ខ្ញុំ ។ ឥឡូវ​នេះ មិត្តភក្តិ​ដែល​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​សួរសុខទុក្ខ​នាង​នៅ​រដ្ឋ យូថាហ៍​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ។

៤. ការបាក់​ទឹកចិត្ត ។ សាតាំង​ប្រើ​ឧបករណ៍​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​ពួកបរិសុទ្ធ​ស្មោះត្រង់​ជា​ច្រើន នៅពេល​វិធី​ផ្សេងៗ​ទៀត​បរាជ័យ ។ សម្រាប់​ខ្ញុំ នៅពេល​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​បាក់​ទឹកចិត្ត នោះ​ខ្ញុំ​បាន​គិត​ថា​តើ​នរណា​ដែល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹកចិត្ត ។ ការធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីករាយ​ឡើង—គឺ​គ្រាន់តែ​ធ្វើ​ឡើង​ដើម្បី​ស្អប់ខ្ពើម​អារក្ស​ប៉ុណ្ណោះ ។

ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ប្រធាន ប៊ែនសឹន បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​មាន​ចំណង​ជើង​ថា « ចូរ​កុំ​អស់​សង្ឃឹម »។ នៅក្នុង​សុន្ទរកថា​ដ៏​ច្បាស់លាស់​នោះ លោក​បាន​ព្រមាន​ថា « សាតាំង​កំពុង​បង្កើន​ការព្យាយាម​យក​ឈ្នះ​លើ​ពួកបរិសុទ្ធ​ដោយ​ធ្វើ​ឲ្យ​ពួកគេ​អស់​សង្ឃឹម បាក់​ទឹកចិត្ត រងទុក្ខ និង គ្រាំគ្រា​ក្នុង​ចិត្ត » ។១០ ប្រធាន ប៊ែនសឹន បាន​ជំរុញ​ឲ្យ​សមាជិក​សាសនាចក្រ​ប្រុងប្រយ័ត្ន ហើយ​លោក​បាន​ផ្តល់​យោបល់​ច្បាស់ៗ​ចំនួន ១២ ដើម្បី​ទប់ទល់​នឹង​ការបាក់​ទឹកចិត្ត ។

រូបភាព
family walking on Boston Massachusetts Temple grounds

យោបល់​របស់​លោក​រួមមាន ការបម្រើ​អ្នក​ដទៃ ខិតខំ​ធ្វើ​ការងារ និង ចៀសវាង​ពី​ភាពខ្ជិលច្រអូស អនុវត្ត​ទម្លាប់​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ដែល​រួម​មាន​ដូច​ជា ការហាត់​ប្រាណ និង ការបរិភោគ​អាហារ​ធម្មជាតិ ការសុំ​ការប្រសិទ្ធពរ​បព្វជិតភាព ការស្តាប់​តន្ត្រី​ដែល​បំផុស​គំនិត ការរាប់​ព្រះពរ​របស់​អ្នក និង ការដាក់​គោលដៅ​នានា ។ ក្រៅពីនោះ​ទៀត ដូច​ព្រះគម្ពីរ​បង្រៀន យើង​ត្រូវ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​ឲ្យ​យើង​អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ( សូមមើល គ. និង ស. ១០:៥ ) ។១១

សាតាំង​ញាប់ញ័រ​នៅពេល​វា​ឃើញ

ពួកបរិសុទ្ធ​ដែល​ទន់ខ្សោយ​បំផុត​លុតជង្គង់​ចុះ​អធិស្ឋាន ។១២

វា​ជា​ការ​សំខាន់​ដើម្បី​ដឹង​ថា អំណាច​របស់​សាតាំង​មាន​ដែន​កំណត់ ។ ក្រុមព្រះ​កំណត់​ពី​ដែនកំណត់​ទាំង​នោះ ហើយ​សាតាំង​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឆ្លង​កាត់​ដែន​កំណត់​នោះ​ឡើយ ។ ឧទាហរណ៍ ព្រះគម្ពីរ​បញ្ជាក់​ដល់​យើង​ថា « អំណាច​ពុំ​បាន​ប្រទាន​ឲ្យ​អារក្ស​សាតាំង ដើម្បី​ទៅ​ល្បួង​កូន​ក្មេង​តូច​ទេ » ( គ. និង ស. ២៩:៤៧ ) ។

ដែន​កំណត់​សំខាន់​មួយ​ផ្សេង​ទៀត​គឺ​ថា សាតាំង​ពុំ​ដឹង​អំពី​គំនិត​របស់​យើង លុះត្រា​ណា​យើង​ប្រាប់​វា​អំពី​គំនិត​នោះ ។ ព្រះអម្ចាស់​បាន​ពន្យល់​ថា « គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ព្រះ​ដែល​ជ្រាប​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ​ទេ » ( គ. និង ស. ៦:១៦ ) ។

ប្រហែល​នោះ​គឺ​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​បញ្ញត្តិ​ដល់​យើង​ដូចជា « ចូរ​កុំ​រអ៊ូរទាំ​ឡើយ » ( គ. និង ស. ៩:៦ ) ហើយ « កុំ​ឲ្យ​និយាយ​អាក្រក់​ពី​អ្នក​ជិត​ខាង​ខ្លួន​ឲ្យ​សោះ ឬ​ធ្វើ​ទុក្ខ​អ្វី​ដល់​គាត់​ឡើយ » ( គ. និង ស. ៤២:២៧ ) ។ ប្រសិនបើ​អ្នក​អាច​រៀន​ទប់​អណ្តាត​របស់​អ្នក ( សូមមើល យ៉ាកុប ១:២៦ ) នោះ​អ្នក​នឹង​ពុំ​ភ្លយ​មាត់​ផ្តល់​ព័ត៌មាន​ច្រើន​ដល់​សាតាំង​ឡើយ ។ នៅពេល​វា​ឮ​ការរអ៊ូរទាំ ការត្អូញត្អែរ និង ការរិះគន់ នោះ​វា​កត់ត្រា​រឿង​ទាំងនោះ​យ៉ាង​យកចិត្ត​ទុកដាក់ ។ ពាក្យ​សម្តី​អវិជ្ជមាន​របស់​អ្នក​បង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​អ្នក​ដល់​មារសត្រូវ ។

ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក ។ កងទ័ព​របស់​ព្រះ​មាន​ច្រើន​ជាង​កងទ័ព​របស់​លូស៊ីហ្វើរ ។ អ្នក​អាច​មើល​ជុំ​វិញ​ខ្លួន​អ្នក ហើយ​គិត​ថា « ពិភពលោក​នេះ​កំពុង​ប្រែ​កាន់តែ​ទុច្ចរិត​ខ្លាំង​ឡើងៗ ។ សាតាំង​ត្រូវតែ​ឈ្នះ​សង្គ្រាម​នេះ » ។ ចូរ​កុំ​ឲ្យ​វា​បំភាន់​អ្នក​ឡើយ ។ សេចក្តីពិត​នោះ​គឺ​ថា​យើង​មាន​ចំនួន​ច្រើន​ជាង​ពួក​មារសត្រូវ ។ សូម​ចាំ​អំពី​កូនចៅ​ពីរ​ភាគបី​របស់​ព្រះ ដែល​បាន​ជ្រើសរើស​ផែនការ​របស់​ព្រះវរបិតា ។

បងប្អូនប្រុស​ស្រី សូម​ប្រាកដ​ថា​អ្នក​កំពុង​តយុទ្ធ​នៅ​ខាង​របស់​ព្រះអម្ចាស់ ។ សូម​ប្រាកដ​ថា អ្នក​កំពុង​កាន់​ដាវ​នៃ​ព្រះវិញ្ញាណ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​អ្នក អ្នក​អាច​និយាយ​ដូច​សាវក​ប៉ុល​និយាយ​ថា « ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ » ( ធីម៉ូថេទី២ ៤:៧ ) ។

កំណត់ចំណាំ

  1. សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « លូស៊ីហ្វើរ » scriptures.lds.org ។

  2. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៥ ។

  3. Discourses of Brigham Young sel. John A. Widtsoe ( ឆ្នាំ ១៩៥៤ ) ទំព័រ ៧២ ។

  4. សូមមើល Francis M. Gibbons Heber J. Grant: Man of Steel, Prophet of God ( ឆ្នាំ ១៩៧៩ ) ទំព័រ ៣៥–៣៦ ។

  5. ឧទាហរណ៍ សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « You Matter to Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២០ ហ្គរដុន ប៊ី ហ៊ិងគ្លី « The Times in Which We Live » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ៨៦ ។

  6. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៥៤ ។

  7. សូមមើល Teachings: Joseph Smith ទំព័រ ៣១៨ ។

  8. Lyman E. Johnson នៅក្នុង Brigham Young Deseret News ខែ សីហា ឆ្នាំ ១៨៧៧ ទំព័រ ៤៨៤ ។

  9. ឌៀថើរ អេស្វ អុជដូហ្វ « Come, Join with Us » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៣ ។

  10. អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Do not Despair » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៤ ទំព័រ ៦៥ ។

  11. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « Do not Despair » ទំព័រ ៦៥-៦៧ ។

  12. William Cowper នៅក្នុង Robert Andrews បាន​កែសម្រួល​ដោយ The Concise Columbia Dictionary of Quotations ( ឆ្នាំ ១៩៨៧ ) ទំព័រ ៧៨ ។