២០១៧
ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ៖ មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជា​គ្រិស្តសាសនិក​ដ៏​ពិត​ប្រាកដ
April 2017


ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ៖ មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជា​គ្រិស្តសាសនិក​ដ៏​ពិតប្រាកដ

ដកស្រង់​ចេញពី​សុន្ទរកថា « The Atonement »​ ដែល​បាន​ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី នៅ​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​ទីក្រុង ប្រូវ៉ូ នៅថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០០៨ ។

យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ ហើយ​ក្លាយ​ជា​អមត ដោយសារ​តែ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Savior in Gethsemane painting

សួនច្បារគែតសេម៉ានីដោយ ជេ ឃើក រីឆាដ

មាន​គេ​សួរ ព្យាការី​យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) ថា « តើ​គោលការណ៍​សំខាន់ៗ​នៅក្នុង​សាសនា​របស់​លោក​មាន​អ្វី​ខ្លះ ? » លោក​បាន​ឆ្លើយ​ថា « គោលការណ៍​ដ៏​សំខាន់​នៃ​សាសនាចក្រ​របស់​យើង គឺជា​ទីបន្ទាល់​នៃ​ពួក​សាវក និង ពួក​ព្យាការី​អំពី​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវបាន​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​រឿង​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ទៅ​នឹង​រឿង​នេះ​ប៉ុណ្ណោះ » ។

ខ្ញុំ​ចង់​ផ្តល់​ការគាំទ្រ​ដល់​សេចក្តីថ្លែង​របស់​ព្យាការី យ៉ូសែប ។ ចំណុច​ខ្លឹម​នៃ​ចំណុច​ទាំងអស់​ដែល​យើង​ជឿ​នោះ​គឺ​អំពី​ព្រះអង្គសង្គ្រោះ​របស់​យើង និង ពលិកម្ម​ធួន​របស់​ទ្រង់—« ការយាង​ចុះ​មក​នៃ​ព្រះ » ( នីហ្វៃទី ១ ១១:១៦ ) ហេតុដូច្នោះ​ហើយ ព្រះវរបិតា​បាន​បញ្ជូន​ព្រះរាជបុត្រ​ទ្រង់​មក​កាន់​ផែនដី​ដើម្បី​ធ្វើ​ដង្វាយធួន ។ គោលបំណង​សំខាន់​ក្នុង​ជីវិត​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រេច​ឲ្យ​បាន​នូវ​ពលិកម្ម​ធួន ។ ដង្វាយធួន​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​ជា​គ្រិស្តសាសនិក​ដ៏​ពិតប្រាកដ ។

ហេតុអ្វី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​ជា​គោលការណ៍​ខ្លឹម​នៃ​ដំណឹង​ល្អ​នៅក្នុង​សាសនាចក្រ និង ជីវិត​របស់​យើង ?

មាត្រា​នៃ​សេចក្ដីជំនឿ ១:៣

ខ​ទី​បី​ក្នុង​មាត្រា​នៃ​សេចក្តីជំនឿ​ចែង​ថា « យើង​ខ្ញុំ​ជឿ​ថា តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ នោះ​មនុស្ស​លោក​ទាំង​អស់​អាច​បាន​សង្គ្រោះ ដោយ​សារ​ការគោរព​តាម​ក្រឹត្យ​វិន័យ និង​ពិធីបរិសុទ្ធ​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ » ។

« បាន​សង្គ្រោះ » នៅក្នុង​បរិបទ​នេះ សំដៅ​លើ​ការឈោង​ចាប់​យក​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​សិរីល្អ​នៅក្នុង​នគរ​សេឡេស្ទាល ។ ការរស់ឡើងវិញ​ត្រូវបាន​ប្រទាន​ដល់​អស់​អ្នក​ដែល​បាន​កើត​នៅលើ​ផែនដី ប៉ុន្តែ​ការទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ពរជ័យ​ពេញលេញ​នៃ​ការរីកចម្រើន​អស់កល្ប​ជានិច្ច នោះ​បុគ្គល​ម្នាក់ៗ​ត្រូវ​ធ្វើតាម​ក្រឹត្យវិន័យ ទទួល​ពិធីបរិសុទ្ធ ហើយ​ចុះ​សេចក្តីសញ្ញា​នៃ​ដំណឹង​ល្អ ។

ហេតុអ្វី​ព្រះយេស៊ូវគ្រីស្ទ​អាច ហើយ​មាន​តែ​ទ្រង់​តែ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​នៃ​មនុស្ស​លោក ? ទ្រង់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង ។

ព្រះ​បាន​ស្រឡាញ់​ទ្រង់ ហើយ​បាន​ទុក​ព្រះទ័យ​លើ​ទ្រង់

ព្រះយេស៊ូវ​បាន​ប្រសូត​មក​ពី​ព្រះមាតាបិតាសួគ៌​នៅក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ ។ ទ្រង់​គឺ​ជា​កូន​ច្បង​របស់​ព្រះវរបិតា​សួគ៌​យើង ។ ទ្រង់​ត្រូវបាន​រើស​តាំង​ពី​ដើម​ដំបូង​មក ។ ទ្រង់​គោរព​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់ ។ ជារឿយៗ ព្រះគម្ពីរ​ប្រាប់​អំពី​អំណរ​ដែល​ព្រះវរបិតាសួគ៌​មាន​ចំពោះ​ព្រះរាជបុត្រា​ទ្រង់ ។

នៅក្នុង​គម្ពីរ​ម៉ាថាយ​យើង​អាន​ថា « នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( ម៉ាថាយ ៣:១៧ ) ។

លូកា កត់ត្រា​ថា « ហើយ​មាន​សំឡេង​ចេញ​ពី​ពពក​មក​ថា នេះ​ជា​កូន​ស្ងួនភ្ងា​យើង ចូរ​ឲ្យ​ស្តាប់​តាម​ចុះ » ( លូកា ៩:៣៥ ) ។

ហើយ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង បរិបូរ បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រជាជន​បាន​ឮ​សំឡេង​របស់​ព្រះវរបិតា ៖ « មើល​ន៏ បុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​យើង ដែល​យើង​គាប់​ចិត្ត​ណាស់ » ( នីហ្វៃទី៣ ១១:៧ ) ។

ជា​ពិសេស​វា​ធ្វើ​ឲ្យ​ដួង​ចិត្ត​ខ្ញុំ​ក្តុកក្តួល នៅពេល​ខ្ញុំ​អាន​អំពី​គ្រា​ដែល​ព្រះយេស៊ូវ​កំពុង​រងទុក្ខ​នៅក្នុង​ច្បារ​គែតសេម៉ានី ដោយសារ​តែ​សេចក្តីស្រឡាញ់ និង ក្តីអាណិតអាសូរ​ដ៏​ខ្លាំង​ចំពោះ​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ នោះ​ព្រះវរបិតា​បាន​បញ្ជូន​ទេវតា​ឲ្យ​មក​លួងលោម ហើយ​ផ្តល់​កម្លាំង​ដល់​ទ្រង់ ( សូមមើល លូកា ២២:៤៣ ) ។

ព្រះយេស៊ូវ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ទ្រង់​ដើម្បី​គោរព​ប្រតិបត្តិ

រូបភាព
Christ before the crowd

Ecce Homo, ដោយ ជេ ឃើក រីឆាដ

ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ថ្វាយ​ព្រះជន្ម​ទ្រង់​ដើម្បី​ពួកយើង ។

នៅក្នុង​ក្រុមប្រឹក្សា​ដ៏​ធំ​នៅ​ឯ​ឋានសួគ៌ លូស៊ីហ្វើរ « បុត្រា​នៃ​ពេល​ព្រឹក » ( អេសាយ ១៤:១២, គ. និងស. ៧៦:២៦–២៧ ) បាន​និយាយ​ថា ៖

« មើល​ចុះ ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ ទូលបង្គំ​នឹង​ធ្វើ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ប្រោស​លោះ​មនុស្ស​លោក​ទាំង​អស់ ប្រយោជន៍​កុំ​ឲ្យ​ព្រលឹង​ណា​មួយ​ត្រូវ​បាត់​ឡើយ ហើយ​ទូលបង្គំ​នឹង​ប្រព្រឹត្ត​ការ​នោះ​ជាមិនខាន ហេតុ​ដូច្នោះ​ហើយ សូម​ប្រទាន​ដល់​ទូលបង្គំ​នូវ​កិត្តិយស​របស់​ព្រះ​អង្គ​ចុះ ។

« ប៉ុន្តែ​មើល​ចុះ ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង ដែល​ជាទី​ស្ងួនភ្ងា និង​ជា​ទី​ជម្រើស​របស់​យើង​ចាប់​តាំង​ពី​ដើមដំបូង​មក បាន​ទូល​ដល់​យើង​ថា—ព្រះ​វរបិតា​អើយ សូម​ឲ្យ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរី​ល្អ​របស់​ព្រះ​អង្គ​បាន​ជា​របស់​ផង​ព្រះ​អង្គ​រហូត » ( ម៉ូសេ ៤:១–២ សូមមើល​ផងដែរ អ័ប្រាហាំ ៣:២៧ ) ។

ដោយសារ​សេចក្តីស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​ព្រះរាជបុត្រា​មាន​ចំពោះ​ព្រះវរបិតា​ទ្រង់ និង ដល់​ពួកយើង​ម្នាក់ៗ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា « សូម​ចាត់​ទូល​បង្គំ​ចុះ » ។ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « សូម​ចាត់​ទូល​បង្គំ​ចុះ » ទ្រង់​បាន​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់​ទ្រង់ ។

« ដូច​ជា​ព្រះវរបិតា​ទ្រង់​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្គាល់​ទ្រង់​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម ។…

ហេតុ​នោះ​បាន​ជា​ព្រះវរបិតា​ទ្រង់​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ដាក់​ជីវិត​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​បាន​យក​មក​វិញ ។

គ្មាន​អ្នក​ណា​ដក​យក​ជីវិត​ពី​ខ្ញុំ​បាន​ទេ គឺ​ខ្ញុំ​ដាក់​ជីវិត​ចុះ​ដោយ​ខ្លួន​ខ្ញុំ ។ ខ្ញុំ​អាច​នឹង​ដាក់​ជីវិត​នេះ​ចុះ ហើយ​ក៏​អាច​នឹង​យក​មក​វិញ​បាន​ដែរ ។ ខ្ញុំ​បាន​ទទួល​អំណាច​នេះ ពី​ព្រះវរបិតា​ខ្ញុំ​មក » ( យ៉ូហាន ១០:១៥, ១៧–១៨ ) ។

ព្រះអង្គសង្គ្រោះ​មាន​ព្រះទ័យ​ឲ្យ ពួក​ពល​ទេវតា​យក​ទ្រង់​ចេញ​ពី​ឈើ​ឆ្កាង​ឆ្ពោះ​ទៅ​ផ្ទះ​របស់​ព្រះវរបិតា​វិញ​ទ្រង់​ដោយ​ផ្ទាល់ ។ ប៉ុន្តែ​ទ្រង់​បាន​ប្រើ​សិទ្ធិជ្រើសរើស​របស់​ទ្រង់ ដើម្បី​បូជា​ព្រះអង្គ​ទ្រង់​សម្រាប់​ពួកយើង ដើម្បី​បំពេញ​បេសកកម្ម​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដោយ​បំពេញ​នូវ​ពលិកម្ម​ធួន ។

ព្រះយេស៊ូវ​មាន​ព្រះទ័យ​យាង​មក​កាន់​ផែនដី ហើយ​ទ្រង់​មាន​គុណសម្បត្តិ​ដើម្បី​ធ្វើ​ដូច្នោះ ។ ហើយ​នៅពេល​ទ្រង់​បាន​យាង​មក ទ្រង់​មាន​ព្រះបន្ទូល​ថា « ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ( យ៉ូហាន ៦:៣៨ ) ។

ព្រះយេស៊ូវ​ត្រូវ​បានតែងតាំង​ពី​មុន​ផែនដី

ពេត្រុស​បាន​បង្រៀន​ថា​ព្រះយេស៊ូវ « បាន​ស្គាល់​តាំង​ពី​មុន​កំណើត​លោកីយ៍​មក » ( សូមមើល ពេត្រុសទី ១ ១:១៩–២១ ) ។

ព្យាការី​នៅ​គ្រប់​គ្រាកាន់កាប់ត្រួតត្រា​ទាំងអស់​បាន​ព្យាករ​អំពី ការយាង​មក​នៃ​ព្រះយេស៊ូវគ្រីស្ទ និង អំពី​បេសកកម្ម​របស់​ទ្រង់​ដែល​នឹង​កើត​ឡើង ។ តាមរយៈ​សេចក្តីជំនឿ​ដ៏​ខ្លាំង នោះ​ហេណុក ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ​ការនិមិត្ត​ដ៏​អស្ចារ្យ​អំពី ការប្រសូត ការសុគត ការយាង​ឡើង​ទៅ​ឋាន​លើ និង ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គសង្គ្រោះ ។

« ហើយ​មើល​ចុះ ហេណុក​បាន​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស គឺ​នៅ​ក្នុង​សាច់​ឈាម ហើយ​ព្រលឹង​គាត់​បាន​អរ​សប្បាយ​ដោយ​ពោល​ថា ៖ អ្នក​សុចរិត​ត្រូវ​បាន​លើក​ឡើង ហើយ​កូន​ចៀម​ត្រូវ​បាន​ប្រហារ តាំងពីកំណើតលោកិយមកម៉្លេះ ។…

« ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​ហេណុក​ថា ៖ ចូរ​មើល ហើយ​គាត់​ក៏​មើល ហើយ​បាន​ឃើញ​កូន​មនុស្ស​ត្រូវ​បាន​លើក​ឡើង​លើ​ឈើ​ឆ្កាង តាម​របៀប​មនុស្ស​លោក

ហើយ​គាត់​បាន​ឮ​សំឡេង​ដ៏​ខ្លាំង ហើយ​ស្ថាន​សួគ៌​បិទមុខ ហើយ​របស់​ទាំង​អស់​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មក​ក៏​ទួញ​សោក ហើយ​ផែនដី​ថ្ងូរ ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​បែក ហើយ​ពួក​បរិសុទ្ធ​បាន​ក្រោក​ឡើង ហើយ​ត្រូវ​បាន​បំពាក់​សិរី​ល្អ​ជា​មកុដ នៅ​ខាង​ស្ដាំ​ដៃ​នៃ​កូន​មនុស្ស ។…

ហើយ​ហេណុក​បាន​ឃើញ​កូន​មនុស្ស​យាង​ឡើង​ទៅ​ឯ​ព្រះ​វរបិតា ។…

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ហេណុក​បាន​ឃើញ​ថ្ងៃ​នៃ​ការ​យាង​មក​របស់​កូន​មនុស្ស គឺ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដើម្បី​មក​គង់​នៅ​លើ​ផែនដី​ក្នុង​សេចក្ដី​សុចរិត អស់​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ » ( ម៉ូសេ ៧:៤៧, ៥៥–៥៦, ៥៩, ៦៥ ) ។

ប្រហែល​ជា ៧៥ ឆ្នាំ​ពីមុន​ព្រះគ្រីស្ទ​ប្រសូត អាមូលេក​បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « មើលចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​ដឹង​ថាព្រះគ្រីស្ទនឹង​យាង​មក​ក្នុង​ចំណោម​កូនចៅ​មនុស្ស ដើម្បី​ទទួល​យក​នូវ​អំពើ​រំលង​ទាំងឡាយ​នៃ​ប្រជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ( អាលម៉ា ៣៤:៨ ) ។

ព្រះយេស៊ូវ​មាន​គុណសម្បត្តិ​ពិសេសៗ

រូបភាព
Mary at the tomb

ចូរ​កុំសង្ស័យ​ឡើយ ថូម៉ាស​អើយដោយ ជេ ឃើក រីឆាដ

មាន​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ពលិកម្មធួន—ប្រសូត​មក​ពី​ម្តាយ​ដែល​មាន​ជីវិត​រមែង​ស្លាប់​គឺ​ម៉ារា ហើយ​បាន​ទទួល​ព្រះចេស្តា​ឲ្យ​មាន​ជីវិត​មក​ពី​ព្រះវរបិតា​ទ្រង់ ( សូមមើល យ៉ូហាន ៥:២៦ ) ។ ដោយសារ​តែ​ព្រះចេស្តា​នៃ​ជីវិត​នេះ​ហើយ ទើប​ទ្រង់​អាច​ឈ្នះ​លើ​សេចក្តីស្លាប់ អំណាច​នៃ​ផ្នូរ​ប្រែ​ជា​គ្មាន​ប្រសិទ្ធភាព ហើយ​ទ្រង់​បាន​ក្លាយ​ជា​ព្រះអង្គសង្គ្រោះ និង ជា​អង្គសង្រួប​សង្រួម​របស់​យើង ព្រមទាំង​ជា​ម្ចាស់​នៃ​ការរស់ឡើង​វិញ—ជា​មធ្យោបាយ​ដែល​ផ្តល់​សេចក្តីសង្គ្រោះ និង ជីវិត​អមត​ដល់​ពួកយើង​ទាំងអស់​គ្នា ។ យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ ហើយ​ក្លាយ​ជា​អមត ដោយសារ​តែ​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវ​ស្ម័គ្រ​ព្រះទ័យ​ធ្វើ​ឲ្យ​ធួន​នឹង​ទោស​ដើម

ខ​ទី​ពីរ​ក្នុង​មាត្រា​នៃ​សេចក្តីជំនឿ​បាន​ចែង​ថា « យើង​ខ្ញុំ​ជឿ​ថា មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​អំពើ​បាប​របស់​ខ្លួន​ផ្ទាល់ គឺ​មិនមែន​ចំពោះ​អំពើ​រំលង​របស់​លោក​អ័ដាម​ទេ » ។

តាមរយៈ​ការប្រើ​សិទ្ធិ​ជ្រើសរើស​របស់​យើង នោះ​យើង​ជ្រើស​អនុវត្ត​សេចក្តីជំនឿ​របស់​យើង ។ ដោយ​ក្តី​ព្យាយាម យើង​អាច​ប្រែចិត្ត​បាន ប៉ុន្តែ​ប្រសិនបើ​គ្មាន​ដង្វាយធួន​ទេ នោះ​យើង​ពុំ​អាច​ប្រែចិត្ត​បាន​ឡើយ ។

នៅក្នុង​គម្ពីរ​ម៉ូសេ​យើង​ត្រូវបាន​បង្រៀន​ថា « មក​ពី​ការណ៍​នេះ​ហើយ ទើប​មាន​គេ​និយាយ​ទូទៅ​ក្នុង​ចំណោម​ប្រជាជន​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទោស​ដើម ម្ល៉ោះ​ហើយ​បាន​ជា​អំពើ​បាប​ទាំង​ឡាយ​នៃ​ឪពុក​ម្ដាយ ពុំ​អាច​ធ្លាក់​ទៅ​លើ​ក្បាល​នៃ​កូន​ចៅ​បាន​ឡើយ » ( ម៉ូសេ ៦:៥៤ ) ។

នៅក្នុង​គម្ពីរ​នីហ្វៃ​ទី ២ យើង​បាន​ទទួល​មេរៀន​មួយ​ដ៏​អស្ចារ្យ ៖

« ដ្បិត​ដូច​ជា​សេចក្ដី​ស្លាប់​បាន​មក​ដល់​មនុស្ស​លោក​គ្រប់រូប ដើម្បី​បំពេញ​ផែនការ​នៃ​ការ​ប្រោសប្រណី​របស់​ព្រះ​បង្ក​បង្កើត​ដ៏​ធំ​យ៉ាង​ណា នោះ​ក៏​ជា​ការ​ចាំបាច់​ដែល​ត្រូវ​តែ​មាន​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​យ៉ាង​នោះ​ដែរ ហើយ​ដំណើរ​រស់​ឡើងវិញ ក៏​ត្រូវ​តែ​មាន​ដល់​មនុស្ស​លោក​ដោយ​ព្រោះ​ការ​ធ្លាក់ ហើយ​ការ​ធ្លាក់​កើតឡើង​ដោយ​ព្រោះ​សេចក្ដី​រំលង ហើយ​ដោយ​ព្រោះ​មនុស្ស​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​ធ្លាក់ នោះ​ពួក​គេ​ត្រូវ​បាន​កាត់​ចេញ​ពី​វត្ត​មាន​នៃ​ព្រះ​អម្ចាស់ ។

ហេតុ​ដូច្នោះ​ហើយ ត្រូវ​តែ​មាន​ដង្វាយ​ធួន​ដ៏​និរន្តរ៍​មួយ—លើកលែង​តែ​មាន​ដង្វាយ​ធួន​ដ៏​និរន្តរ៍ នោះ​ការ​ពុករលួយ​នេះ ក៏​មិន​អាច​ក្លាយ​ទៅ​ជា​មិន​ពុករលួយ​វិញ​បាន​ឡើយ ។ ហេតុ​ដូច្នោះ​ហើយ សេចក្ដី​ជំនុំ​ជម្រះ​ទី​មួយ​ដែល​ធ្លាក់​មក​លើ​មនុស្ស ត្រូវ​ស្ថិត​នៅ​រហូត​ដោយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ ហើយ​បើជា​យ៉ាង​នេះ​មែន សាច់ឈាម​នេះ​នឹង​ត្រូវ​បញ្ចុះ​ឲ្យ​រលួយ ហើយ​រលាយ​នៅ​ក្នុង​ព្រះ​ធរណី ដោយ​មិន​អាច​នឹង​ក្រោក​ឡើង​បាន​ទៀត​ឡើយ » ( នីហ្វៃទី២ ៩:៦–៧ ) ។

ព្រះយេស៊ូវ​គឺ​ជា​អង្គ​តែ​មួយ​ដែល​ល្អ​ឥតខ្ចោះ

នៅក្នុង​គោលលទ្ធិ និង សេចក្តីសញ្ញា ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « ព្រះវរបិតា​អើយ សូម​ទត​មើល​ការ​រងទុក្ខទាំងឡាយ និង ការ​សុគត​របស់​អ្នក​ដែល​ពុំ​បាន​ធ្វើ​បាប​ឡើយ ជា​អ្នក​ដែល​ព្រះអង្គសព្វ​ព្រះ​ហឫទ័យ​ចុះ សូម​ទត​មើល​ព្រះលោហិត​នៃ​ព្រះរាជបុត្រា​របស់​ព្រះអង្គ​ដែល​បាន​ច្រួច ជា​ព្រះលោហិត​របស់​អ្នក​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​ដើម្បី​ឲ្យ​ព្រះអង្គ​បាន​តម្កើង​ឡើង » ( គ. និង ស. ៤៥:៤ ) ។

ព្រះយេស៊ូវ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​ភាព​ល្អ​ឥតខ្ចោះ ដែល​គ្មាន​អំពើ​បាប ។ ការបូជា​នៅក្នុង​គម្ពីរ​សញ្ញា​ចាស់​ជា​ការបូជា​ដោយ​ឈាម—ចង្អុល​បង្ហាញ​ទៅ​រក​ការបូជា​នៃ​ព្រះអម្ចាស់ និង ព្រះអង្គ​ប្រោសលោះ​របស់​យើង​នៅលើ​ឈើ​ឆ្កាង ដើម្បី​បំពេញ​ពលិកម្ម​ធួន ។ នៅពេល​ធ្វើ​ការបូជា​ដោយ​ឈាម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ពី​បុរាណ ពួកសង្ឃ​បូជា​សត្វ​ចៀម​ដែល​ឥត​ខ្ចោះ គឺ​ល្អ​ឥត​ខ្ចោះ​គ្រប់​យ៉ាង ។ ជា​រឿយៗ ព្រះអង្គសង្គ្រោះ​ត្រូវបាន​គេ​ហៅ​នៅក្នុង​ព្រះគម្ពីរ​ថា​ជា « កូនចៀម​នៃ​ព្រះ » ដោយសារ​ភាពដ៏​បរិសុទ្ធ​របស់​ទ្រង់ ( ឧទាហរណ៍ សូមមើល យ៉ូហាន ១:២៩, ៣៦, នីហ្វៃទី ១ ១២:៦, ១៤:១០, គ. និង ស. ៨៨:១០៦ ) ។

ពេត្រុស​បាន​បង្រៀន​ថា យើង​ត្រូវបាន​ប្រោសលោះ « ដោយសារ​ព្រះលោហិត​ដ៏​វិសេស​របស់​ព្រះគ្រីស្ទ​វិញ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ ឥត​ស្លាក​ស្នាម » ( ពេត្រុសទី១ ១:១៩ ) ។

ព្រះយេស៊ូវគ្រីស្ទ​បាន​យក​អំពើ​បាប​នៃ​មនុស្ស​លោក

ខគម្ពីរ​ដូច​តទៅ​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ច្បាស់​ថា តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ​សម្រាប់​អំពើ​បាប​របស់​យើង ។

« យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ទម្លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់ » ( ម៉ូសាយ ១៤:៦ ) ។

« តែ​ឯ​ព្រះ ទ្រង់​សម្តែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ។…

ដ្បិត​កាល​យើង​ជា​ខ្មាំងសត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះរាជបុត្រា​ទ្រង់​សុគត ដូចេ្នះ​ដែល​យើង​បាន ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ ។

ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្តី​រីករាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយសារ​ទ្រង់​ហើយ ។…

ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយសារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយសារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ » ( រ៉ូម ៥:៨, ១០–១១, ១៩ ) ។

« ដើម្បី​ឲ្យ​បាន​សំរេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះអង្គ​ទ្រង់ » ( ម៉ាថាយ ៨:១៧ ) ។

« ប៉ុន្តែ​ព្រះ​ទ្រង់​មិន​ឈប់​ធ្វើ​ជា​ព្រះ​ទេ ឯ​សេចក្ដី​មេត្តាករុណា​ការពារ​ដល់​ជន​ណា​ដែល​ប្រែ​ចិត្ត ហើយ​សេចក្ដី​មេត្តាករុណា​បាន​មក ដោយ​សារ​ដង្វាយ​ធួន ឯ​ដង្វាយ​ធួន​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ហើយ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ នឹង​នាំ​មនុស្ស​ឲ្យ​ត្រឡប់​ទៅ​វត្ត​មាន​នៃ​ព្រះ​វិញ ម៉្លោះហើយ គេ​នឹង​បាន​សាង​ឡើង​វិញ នៅ​ឯ​វត្ត​មាន​របស់​ទ្រង់ ដើម្បី​ទទួល​ការ​ជំនុំជម្រះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន គឺ​ស្រប​តាម​ច្បាប់ និង​សេចក្ដី​យុត្តិធម៌ ។…

ម៉្លោះហើយ ព្រះ​ទ្រង់​បាន​នាំ​មក​នូវ​គោលបំណង​ទាំង​ឡាយ​ដ៏​មហិមា ហើយ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ឡើង ចាប់​តាំង​ពី​កំណើត​លោកិយ​មក ។ ម៉្លោះហើយ ទើប​មាន​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប្រោស​លោះ​ដល់​មនុស្ស និង​សេចក្ដី​បំផ្លិចបំផ្លាញ និង​សេចក្ដី​ទុក្ខ​វេទនា​ដល់​គេ​ផង​ដែរ » ( អាលម៉ា ៤២:២៣, ២៦ ) ។

ព្រះយេស៊ូវ​បាន​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

រូបភាព
Christ on the cross

ថ្ងៃ​ដ៏​អាប់អួរ​នៅ​គាល់កូថាដោយ ជេ ឃើក រីឆាដ

ព្រះយេស៊ូវគ្រីស្ទ​បាន​ស៊ូទ្រាំ​នូវ​ការសាកល្បង ការរងទុក្ខ ការ​ពលិកម្ម និង សេចក្តីទុក្ខលំបាក​នៅក្នុង​សួនច្បារ​គែត​សេម៉ានី ព្រមទាំង​ការឈឺចាប់​នៅ​លើ​ឈើ​ឆ្កាង​នៅ​ភ្នំ​គាល់កូថា ។ បន្ទាប់​មក​ទ្រង់​បាន​មាន​បន្ទូល​ថា « ការស្រេច​ហើយ » ( យ៉ូហាន ១៩:៣០ ) ។ ទ្រង់​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​នៅក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ដូច្នោះ​ហើយ​បាន​បំពេញ​នូវ​ពលិកម្ម​ធួន ។

នៅក្នុង​សួនច្បារ​ទ្រង់​មាន​បន្ទូល​ថា « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( ម៉ាថាយ ២៦:៣៩ ) ។

នៅ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​យើង​បាន​រៀន​ថា ៖

« គឺជា​សេចក្ដី​រង​ទុក្ខ​វេទនា ដែល​បណ្ដាល​ឲ្យ​យើង គឺជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ​ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច—

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ​យើង​បាន​ទទួល​ទាន និង​សម្រេច​ការ​រៀបចំ​របស់​យើង​ចំពោះ​កូន​ចៅ​មនុស្ស » ( គ. និង ស. ១៩:១៨–១៩ ) ។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​ព្រះវរបិតា​ទ្រង់​ថា « ទូលបង្គំ​បាន​តម្កើង​ទ្រង់​នៅ​ផែនដី ៖ ទូលបង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ » ( យ៉ូហាន ១៧:៤ ) ។

ក្រោយ​មក​ពេល​នៅ​លើ​ឈើ​ឆ្កាង « កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ » ( យ៉ូហាន ១៩:៣០ ) ។

ព្រះយេស៊ូវ​បាន​យាង​មក​កាន់​ផែនដី រក្សា​ភាព​ជា​ព្រះ​របស់​ទ្រង់ប្រយោជន៍​ឲ្យ​ទ្រង់​អាច​ធ្វើ​ពលិកម្ម​ធួន និង កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។

ចងចាំ​ទ្រង់​តាមរយៈ​ពិធី​សាក្រាម៉ង់

សព្វថ្ងៃ​នេះ យើង​ចងចាំ​ពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ ជាមួយ​នឹង​និមិត្តរូប​នៃ​នំបុ័ង និង ទឹក—ជា​និមិត្ត​សញ្ញា​នៃ​ព្រះកាយ និង ព្រះលោហិត​ទ្រង់—ដែល​បាន​ធ្វើ​ឡើង​នៅ​អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​របស់​ព្រះអម្ចាស់​ជាមួយ​ពួក​សាវក​របស់​ទ្រង់ ។

« រួច​ទ្រង់​ក៏​យក​នំបុ័ង​មក​អរ​ព្រះគុណ ហើយ​កាច់​ប្រទាន​ទៅ​គេ ដោយ​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ ។

ក្រោយ​ដែល​បាន​បរិភោគ​ហើយ នោះ​ទ្រង់​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​ព្រះបន្ទូល​ថា ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​នូវ​ឈាម​ខ្ញុំ គឺ​ជា​ឈាម​ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា » ( លូកា ២២:១៩–២០ ) ។

នៅក្នុង យ៉ូហាន ១១:២៥–២៦ យើង​អាន​ថា ៖

« ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នកណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះបើ​បាន​ស្លាប់​ហើយ​គង់តែ​នឹង​រស់​ឡើង​វិញ​ដែរ ៖

« ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ »។

យើង​ក៏​អាន​ផងដែរ​ថា ៖ « ខ្ញុំ​ជា​នំបុ័ង​ដ៏​រស់ ដែល​ចុះ​ពី​ស្ថានសួគ៌​មក បើ​អ្នក​ណា​បរិភោគ​នំបុ័ង​នេះ នោះ​នឹង​រស់​នៅ​អស់​កល្ប​ជានិច្ច ឯ​នំបុ័ង​ដែល​ខ្ញុំ​ឲ្យ គឺ​ជា​រូប​សាច់​ខ្ញុំ ដែល​ខ្ញុំ​នឹង​ឲ្យ​ជំនួស​ជីវិត​មនុស្ស​លោក » ( យ៉ូហាន ៦:៥១ ) ។

« ជីវិត​មនុស្ស​លោក » មាន​ន័យ​ថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

យើង​ត្រូវ​រៀបចំ​ខ្លួន និង គ្រួសារ​យើង​រៀងរាល់​សប្តាហ៍ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​ដោយ​សក្តិសម ហើយ​រំឭក​សេចក្តីសញ្ញា​របស់​យើង​ដោយ​ដួងចិត្ត​ដែល​ប្រែចិត្ត ។

ព្រះវរបិតា និង​ព្រះរាជបុត្រា​ស្រឡាញ់​ពួកយើង

រូបភាព
Resurrected Christ

ព្រះវរបិតា​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់​មក​លើ​ផែនដី—ការយាង​ចុះ​មក​នៃ​ព្រះ—ដើម្បី​អនុញ្ញាត​ឲ្យ​ទ្រង់​ត្រូវបាន​គេ​ឆ្កាង ហើយ​ឲ្យ​ទ្រង់​ឆ្លង​កាត់​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​ទ្រង់​បាន​ហែល​ឆ្លងកាត់ ។ នៅ​ក្នុង​យ៉ូហាន យើង​អាន​ថា ៖

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល…ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ ។

« បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះវរបិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង » ( យ៉ូហាន ១៤:៦–៧ ) ។

« នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង » ( យ៉ូហានទី១ ៤:១០ ) ។

ដង្វាយ​ឲ្យ​ធួន មាន​ន័យ​ថា ផ្សះផ្សារ ឬ ធ្វើ​ឲ្យ​ស្ងប់​ចិត្ត ។

សេចក្ដីបញ្ចប់

មនុស្ស​គ្រប់​គ្នា​ដែល​កើត​មក​ផែនដី ហើយ​ទទួល​រូបកាយ​នៃ​ជីវិត​រមែង​ស្លាប់​នេះ នឹង​ត្រូវ​បាន​រស់​ឡើង​វិញ ប៉ុន្តែ​យើង​ត្រូវ​ខិតខំ​ដើម្បី​ទទួល​បាន​ពរជ័យ​នៃ​ភាពតម្កើង​ឡើង តាមរយៈ​ភាពស្មោះត្រង់ សិទ្ធិជ្រើសរើស ការគោរពប្រតិបត្តិ និង ការប្រែចិត្ត​របស់​យើង ។ សេចក្តីមេត្តាករុណា​នឹង​ត្រូវ​ប្រទាន​មក​ជាមួយ​នឹង​សេចក្តី​យុត្តិធម៌ ដែល​អនុញ្ញាត​ឲ្យ​មាន​ការប្រែចិត្ត ។

ដោយសារ​យើង​ជ្រើស​រើស​ធ្វើ​តាម និង ទទួល​យក​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​យើង នោះ​យើង​បាន​លើក​ដាក់​ព្រះនាម​ទ្រង់​លើ​យើង​នៅពេល​បុណ្យ​ជ្រមុជទឹក ។ យើង​ទទួល​យក​ក្រឹត្យវិន័យ​នៃ​ការ​គោរពប្រតិបត្តិ ។ យើង​បាន​សន្យា​ថា យើង​នឹង​ចងចាំ​ទ្រង់​ជានិច្ច ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ យើង​រំឭក​សេចក្តីសញ្ញា​របស់​យើង ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។

តាមរយៈ​ការរំឭក​សេចក្តីសញ្ញា​របស់​យើង នោះ​យើង​ត្រូវបាន​សន្យា​ថា​នឹង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង​ជា​ដរាប ។ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​របស់​ទ្រង់ យាង​ចូល​មក ហើយ​ដឹកនាំ​ជីវិត​យើង នោះ​យើង​អាច​ត្រឡប់​ទៅ​ទីវត្តមាន​នៃ​ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​វិញ ដែល​នោះ​គឺ​ជា​ផែនការ​នៃ​សុភមង្គល​របស់​ពួកទ្រង់​សម្រាប់​ពួកយើង—គឺ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។

កំណត់​ចំណាំ

  1. ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ៤៩ ។