ជំពូកទី ៦
(វិច្ឆិកា–ធ្នូ ១៨៣០)
ពូជអ័ដាមកត់សៀវភៅរំឭក — ពូជពង្សរបស់លោកដែលសុចរិត គេផ្សាយពីការប្រែចិត្ត — ព្រះទ្រង់សម្ដែងអង្គទ្រង់ដល់ហេណុក — ហេណុកផ្សាយដំណឹងល្អ — ផែនការនៃសេចក្ដីសង្គ្រោះត្រូវបានបើកសម្ដែងដល់លោកអ័ដាម — លោកបានទទួលបុណ្យជ្រមុជទឹក និងបព្វជិតភាព។
១ហើយអ័ដាមបានប្រុងស្ដាប់តាមសំឡេងនៃព្រះ ហើយបានហៅដល់ពួកកូនប្រុសរបស់លោកឲ្យប្រែចិត្ត។
២ហើយអ័ដាមបានស្គាល់ប្រពន្ធគាត់ម្ដងទៀត ហើយនាងបង្កើតបានកូនប្រុសមួយ ហើយគាត់ឲ្យឈ្មោះថា សេត។ ហើយអ័ដាមបានសរសើរតម្កើងដល់ព្រះនាមនៃព្រះ ត្បិតគាត់បាននិយាយថា ៖ ព្រះទ្រង់បានប្រទានពូជមួយទៀតមកខ្ញុំជំនួសអេបិល ដែលកាអ៊ីនបានប្រហារទៅនោះ។
៣ហើយព្រះទ្រង់បានសម្ដែងអង្គទ្រង់ឲ្យសេតឃើញ ហើយគាត់ពុំបានបះបោរឡើយ ប៉ុន្តែបានថ្វាយដង្វាយដ៏សមរម្យ ដូចអេបិល ជាបងខ្លួន។ ហើយគាត់ក៏បង្កើតបានកូនប្រុសមួយដែរ ហើយគាត់ឲ្យឈ្មោះថា អេណុស។
៤ហើយនៅពេលនោះ ពួកគេទាំងប៉ុន្មាននេះបានចាប់ផ្ដើមអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ហើយព្រះអម្ចាស់ ទ្រង់បានប្រទានពរដល់ពួកគេ
៥ហើយសៀវភៅរំឭកមួយត្រូវបានកត់ទុក ដែលកត់នៅក្នុងភាសាអ័ដាម ត្បិតត្រូវបានប្រទានដល់មនុស្សជាច្រើនណាដែលអំពាវនាវដល់ព្រះ ឲ្យសរសេរដោយវិញ្ញាណនៃការបំផុសគំនិត
៦ហើយដោយសារពួកគេ ទើបពួកកូនចៅគេត្រូវបានបង្រៀនឲ្យចេះអាន និងចេះសរសេរ ដោយមានភាសាដែលសុទ្ធសាធ និងមិនខូចខាត។
៧ឥឡូវនេះ រីឯបព្វជិតភាពដដែលនេះ ដែលមានតាំងពីដើមដំបូងមក នោះក៏ត្រូវមានរហូតដល់ចុងបំផុតលោកិយដែរ។
៨ឥឡូវនេះ អ័ដាមបានពោលពាក្យព្យាករណ៍នេះ ក្នុងកាលគាត់ត្រូវបណ្ដាលដោយព្រះវិញ្ញាណបរិសុទ្ធ ហើយពង្សាវតារមួយ ត្រូវបានកត់ទុកអំពីកូនចៅនៃព្រះ។ ហើយនេះហើយគឺជាបញ្ជីពង្សាវតារនៃពូជអ័ដាមដោយនិយាយថា ៖ នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់បានធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់
៩តាមរូបដូចព្រះអង្គផ្ទាល់ នោះទ្រង់បានបង្កើតគេជាប្រុសជាស្រី ហើយបានប្រទានពរដល់ពួកគេ ហើយបានហៅពួកគេថា « អ័ដាម » ក្នុងថ្ងៃដែលពួកគេត្រូវបានបង្កើតមក ហើយដែលបានក្លាយទៅជាព្រលឹងរស់នៅលើដី ដែលជាកំណល់កល់ព្រះបាទនៃព្រះ។
១០ហើយអ័ដាមអាយុបាន១៣០ឆ្នាំ ហើយបង្កើតបានកូនប្រុសមួយតាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ហើយក៏ឲ្យឈ្មោះជា សេត។
១១ហើយក្រោយពីគាត់បង្កើតបានសេតមក នោះអ័ដាមរស់នៅបាន៨០០ឆ្នាំ ហើយគាត់បង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត
១២ហើយអាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១៣សេតអាយុបាន១០៥ឆ្នាំ ហើយបង្កើតបានអេណុស ហើយបានព្យាករអស់មួយជីវិតគាត់ ហើយបានបង្រៀនអេណុស ជាកូនប្រុស តាមផ្លូវទាំងឡាយនៃព្រះ ហេតុដូច្នោះហើយ ទើបអេណុសព្យាករដែរ។
១៤ហើយក្រោយពីគាត់បង្កើតបានអេណុសមក នោះសេតរស់នៅបាន៨០៧ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។
១៥ហើយមានកូនចៅមនុស្សជាច្រើនឥតគណនានៅលើដែនដី។ នៅសម័យនោះ អារក្សសាតាំងមានអំណាចត្រួតត្រាដ៏ធំទៅលើមនុស្ស ហើយបានញាំញីក្នុងចិត្តពួកគេ ហើយចាប់តាំងពីពេលនោះមក ក៏មានសង្គ្រាម និងការកំចាយឈាមទាំងឡាយ ហើយមនុស្សលើកដៃ ទាស់នឹងបងប្អូនខ្លួនក្នុងការប្រព្រឹត្តអំពើសម្លាប់ ដោយស្វែងរកអំណាច ពីព្រោះមកពីកិច្ចការសម្ងាត់ទាំងឡាយ។
១៦អាយុសេតទាំងអស់បាន៩១២ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១៧ហើយអេណុសអាយុបាន៩០ឆ្នាំ ហើយបង្កើតបានកៃណាន។ ហើយអេណុស និងប្រជារាស្ត្រនៃព្រះដែលនៅសល់ទាំងប៉ុន្មាន បានចេញមកពីដែនដី ដែលហៅថា ស៊ូឡុន ហើយបានអាស្រ័យនៅក្នុងដែនដីសន្យា ដែលបានហៅតាមឈ្មោះកូនប្រុសគាត់ផ្ទាល់ ដែលគាត់ឲ្យឈ្មោះជា កៃណាន។
១៨ហើយក្រោយពីគាត់បង្កើតបានកៃណានមក នោះអេណុសរស់នៅបាន៨១៥ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើនទៀត។ ហើយអាយុអេណុសទាំងអស់បាន៩០៥ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
១៩ហើយកៃណានអាយុបាន៧០ឆ្នាំ ហើយបង្កើតបានម៉ាលេលាល ហើយក្រោយពីគាត់បង្កើតបានម៉ាលេលាល នោះកៃណានរស់នៅបាន៨៤០ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីទៀត។ ហើយអាយុកៃណានទាំងអស់បាន៩១០ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
២០ហើយម៉ាលេលាលអាយុបាន៦៥ឆ្នាំ ហើយបង្កើតបានយ៉ារេឌ ហើយក្រោយពីគាត់បង្កើតបានយ៉ារេឌមក នោះម៉ាលេលាលរស់ នៅបាន៨៣០ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីទៀត។ ហើយអាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
២១ហើយយ៉ារេឌអាយុបាន១៦២ឆ្នាំ ហើយបង្កើតបានហេណុក ហើយក្រោយពីគាត់បង្កើតបានហេណុកមក នោះយ៉ារេឌរស់នៅ បាន៨០០ឆ្នាំ ហើយបង្កើតបានកូនប្រុសកូនស្រីទៀត។ ហើយយ៉ារេឌបានបង្រៀនហេណុកតាមផ្លូវទាំងឡាយនៃព្រះ។
២២ហើយនេះហើយគឺជាពង្សាវតារនៃពួកកូនប្រុសរបស់អ័ដាម ដែលជាបុត្រានៃព្រះ ដែលព្រះអង្គទ្រង់ផ្ទាល់បានមានព្រះបន្ទូលជាមួយ។
២៣ហើយពួកគេសុទ្ធតែជាអ្នកផ្សាយអំពីសេចក្ដីសុចរិត ហើយបាននិយាយ ហើយព្យាករ ហើយបានហៅមនុស្សទាំងអស់នៅគ្រប់ទិសទីឲ្យប្រែចិត្ត ហើយសេចក្ដីជំនឿក៏ត្រូវបានបង្រៀនដល់កូនចៅមនុស្ស។
២៤ហើយហេតុការណ៍បានកើតឡើងថា អាយុយ៉ារេឌទាំងអស់បាន៩៦២ឆ្នាំ ហើយគាត់ក៏ស្លាប់ទៅ។
២៥ហើយហេណុកអាយុបាន៦៥ឆ្នាំ ហើយបង្កើតបានមធូសាឡា។
២៦ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានធ្វើដំណើរនៅលើដែនដីក្នុងចំណោមប្រជាជន ហើយកាលគាត់កំពុងតែធ្វើដំណើរ នោះស្រាប់តែព្រះវិញ្ញាណនៃព្រះបានយាងចុះមកពីស្ថានសួគ៌ ហើយមកសណ្ឋិតលើគាត់។
២៧ហើយគាត់បានឮសំឡេងចេញពីស្ថានសួគ៌មកថា ៖ ហេណុក បុត្រយើងអើយ ចូរទៅព្យាករដល់ប្រជាជននេះ ហើយប្រាប់ទៅពួកគេថា — ចូរប្រែចិត្តចុះ ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងមានសេចក្ដីខ្ញាល់នឹងប្រជាជននេះ ហើយសេចក្ដីខ្ញាល់របស់យើង បានឆេះឡើងទាស់នឹងពួកគេ ត្បិតចិត្តរបស់ពួកគេបានរឹងរូស ហើយត្រចៀករបស់ពួកគេបានស្ពឹកលែងឮ ហើយភ្នែករបស់ពួកគេពុំអាចមើលឃើញឆ្ងាយឡើយ
២៨ហើយត្បិតចាប់តាំងពីថ្ងៃដែលយើងបានបង្កើតពួកគេមក នោះតំណទាំងប៉ុន្មាននេះ គេបានបែរចេញ ហើយបានបដិសេធយើង ហើយបានស្វែងរកការទូន្មានរបស់ខ្លួនក្នុងសេចក្ដីងងឹត ហើយដោយអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ខ្លួន នោះគេបានគិតបង្កើតនូវអំពើឃាតកម្ម ហើយពុំបានកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានប្រទានដល់អ័ដាម ជាឪពុកពួកគេនោះឡើយ។
២៩ហេតុដូច្នោះហើយ បានជាពួកគេស្បថកុហកដោយខ្លួន ហើយដោយសារសំបថទាំងឡាយរបស់ពួកគេ នោះពួកគេបាននាំសេចក្ដីស្លាប់មកលើខ្លួន ហើយមានស្ថាននរកមួយ ដែលយើងបានរៀបចំសម្រាប់ពួកគេ បើសិនជាពួកគេមិនព្រមប្រែចិត្តសោះ
៣០ហើយនេះហើយគឺជាបញ្ញត្តិមួយដែលយើងបានចាត់ទៅ នៅដើមកំណើតលោកិយ គឺចេញពីព្រះឱស្ឋយើងទៅ ចាប់តាំងពីកំណើតលោកិយមក និងដោយមាត់នៃពួកអ្នកបម្រើរបស់យើង ជាពួកអយ្យកោរបស់អ្នក នោះយើងបានចេញបញ្ញត្តិហើយ គឺដូចជាបញ្ញត្តិនោះនឹងបានចេញទៅក្នុងលោកិយ រហូតដល់ចុងផែនដីផង។
៣១ហើយកាលហេណុកបានឮព្រះបន្ទូលទាំងនេះ នោះគាត់ក៏ក្រាបខ្លួនទៅដល់ដីនៅចំពោះព្រះអម្ចាស់ ហើយទូលចំពោះព្រះអម្ចាស់ថា ៖ ហេតុអ្វីបានជាទូលបង្គំទទួលការប្រណីចំពោះព្រះនេត្ររបស់ព្រះអង្គ ហើយទូលបង្គំគ្រាន់តែជាក្មេងតូចមួយ ហើយប្រជាជនទាំងអស់គ្នាស្អប់ទូលបង្គំ ត្បិតទូលបង្គំមានមាត់រឹង ម្ដេចឡើយក៏ទូលបង្គំជាអ្នកបម្រើទ្រង់?
៣២ហើយព្រះអម្ចាស់មានព្រះបន្ទូលទៅហេណុកថា ៖ ចូរទៅ ហើយធ្វើដូចដែលយើងបានបញ្ជាដល់អ្នកចុះ ហើយគ្មាននរណានឹងចាក់ទំលុះអ្នកឡើយ។ ចូរបើកមាត់អ្នក ហើយមាត់នោះនឹងបានពោរពេញ ហើយយើងនឹងប្រទានសំដីដល់អ្នក ត្បិតគ្រប់សាច់ទាំងអស់នៅក្នុងកណ្ដាប់ដៃរបស់យើងហើយ ហើយយើងនឹងប្រព្រឹត្តនូវអ្វីដែលឃើញថាល្អដល់យើង។
៣៣ចូរប្រាប់ទៅប្រជាជននេះថា ៖ ចូរអ្នករាល់គ្នារើសនៅថ្ងៃនេះចុះ ថានឹងបម្រើព្រះអម្ចាស់ដ៏ជាព្រះដែលបានបង្កើតអ្នកមក។
៣៤មើលចុះ ព្រះវិញ្ញាណរបស់យើងកំពុងតែស្ថិតនៅលើអ្នក ហេតុដូច្នោះហើយ គ្រប់អស់ទាំងពាក្យសំដីរបស់អ្នក យើងនឹងរាប់ជាសុចរិត ហើយភ្នំទាំងឡាយនឹងគេចចេញពីមុខអ្នក ហើយទន្លេទាំងឡាយនឹងបែរចេញពីដំណើរវា ហើយអ្នកនឹងនៅក្នុងយើង ហើយយើងក្នុងអ្នក ហេតុដូច្នេះហើយ ចូរដើរជាមួយនឹងយើងចុះ។
៣៥ហើយព្រះអម្ចាស់ទ្រង់មានបន្ទូលទៅហេណុក ហើយប្រាប់គាត់ថា ៖ ចូរលាបភ្នែកអ្នកនឹងដីឥដ្ឋ ហើយលាងចេញ ហើយអ្នកនឹងបានឃើញ។ ហើយគាត់ក៏ធ្វើដូច្នោះ។
៣៦ហើយគាត់បានឃើញវិញ្ញាណទាំងប៉ុន្មានដែលព្រះទ្រង់បានបង្កើតមក ហើយគាត់ក៏ឃើញគ្រប់អ្វីទាំងអស់ដែលពុំអាចមើលឃើញ ដោយភ្នែកធម្មតា ហើយចាប់តាំងពីពេលនោះមក មានឮគេនិយាយទូទៅទាំងដែនដីថា ៖ មានអ្នកមើលឆុតម្នាក់ ដែលព្រះអម្ចាស់ទ្រង់បានបង្កើតឡើងដល់រាស្ត្រទ្រង់។
៣៧ហើយហេតុការណ៍បានកើតឡើងថា ហេណុកបានចេញទៅលើដែនដីក្នុងចំណោមប្រជាជន ដោយឈរលើភ្នំ និងទីខ្ពស់ទាំងឡាយ ហើយស្រែកដោយសំឡេងខ្លាំង ដោយធ្វើទីបន្ទាល់ទាស់នឹងកិច្ចការទាំងឡាយរបស់ពួកគេ ហើយគ្រប់មនុស្សទាំងអស់ក៏អាក់អន់ចិត្ត ដោយព្រោះតែគាត់។
៣៨ហើយពួកគេដែលបានចេញមកស្ដាប់គាត់នៅលើទីខ្ពស់ទាំងឡាយ ក៏និយាយទៅអ្នកថែរក្សាត្រសាលថា ៖ ចូរអ្នករាល់គ្នានៅទីនេះសិនចុះ ហើយថែរក្សាត្រសាលទាំងឡាយផង កាលយើងទៅឯនាយ ដើម្បីទៅមើលអ្នកមើលឆុតម្នាក់ ត្បិតគាត់ព្យាករ ហើយមានការណ៍ចម្លែកមួយនៅលើដែនដី មានមនុស្សព្រៃផ្សៃម្នាក់បានមកក្នុងចំណោមយើងរាល់គ្នា។
៣៩ហើយហេតុការណ៍បានកើតឡើងថា កាលពួកគេបានឃើញគាត់ នោះគ្មាននរណាមួយហានលើកដៃទាស់នឹងគាត់ឡើយ ត្បិតអស់អ្នកណាដែលបានឮគាត់ ក៏កើតមានការភ័យខ្លាចឡើង ព្រោះគាត់បានដើរជាមួយនឹងព្រះ។
៤០ហើយមានមនុស្សម្នាក់បានមកឯគាត់ ដែលមានឈ្មោះថា ម៉ាហ៊ីយ៉ា ហើយបាននិយាយទៅគាត់ថា ៖ សូមប្រាប់យើងខ្ញុំដោយច្បាស់ ថាអ្នកជាអ្នកណា ហើយមកពីណាដែរ?
៤១ហើយគាត់បានប្រាប់ពួកគេថា ៖ ខ្ញុំបានមកពីដែនដីកៃណាន ជាដែនដីនៃពួកអយ្យកោខ្ញុំ ជាដែនដីនៃសេចក្ដីសុចរិតរហូតដល់សព្វថ្ងៃនេះ។ ហើយឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគ្រប់ការណ៍ទាំងអស់ តាមផ្លូវទាំងឡាយនៃព្រះ។
៤២ហើយហេតុការណ៍បានកើតឡើងថា ក្នុងកាលខ្ញុំកំពុងតែធ្វើដំណើរពីដែនដីកៃណាន តាមឆ្នេរសមុទ្រខាងកើត នោះខ្ញុំបានឃើញការនិមិត្តមួយ ហើយមើលន៏ ខ្ញុំបានឃើញស្ថានសួគ៌ ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំ ហើយប្រទានព្រះបញ្ញត្តិដល់ខ្ញុំដូច្នោះ ដោយសារហេតុនេះហើយ បានជាខ្ញុំប្រាប់ពាក្យទាំងនេះ ដើម្បីកាន់តាមព្រះបញ្ញត្តិនោះ។
៤៣ហើយហេណុកបានមានប្រសាសន៍តទៅទៀតថា ៖ ព្រះអម្ចាស់ដែលមានព្រះបន្ទូលមកខ្ញុំ គឺទ្រង់ជាព្រះនៃស្ថានសួគ៌ ហើយទ្រង់ជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នក ហើយអ្នករាល់គ្នាជាបងប្អូនរបស់ខ្ញុំ ហើយម្ដេចក៏អ្នករាល់គ្នាមានសេចក្ដីទូន្មានក្នុងខ្លួនដូច្នេះ ហើយបដិសេធព្រះនៃស្ថានសួគ៌ទៅវិញ?
៤៤ទ្រង់បានធ្វើផ្ទៃមេឃ ហើយផែនដីជាកំណល់កល់ព្រះបាទទ្រង់ ហើយឫសផែនដីគឺជារបស់ផងទ្រង់។ មើលចុះ ទ្រង់បានដាក់ឫសផែនដី ព្រមទាំងពួកពលបរិវារមនុស្សផង ក៏ទ្រង់បានធ្វើឲ្យមានមកលើផ្ទៃផែនដីដែរ។
៤៥ហើយសេចក្ដីស្លាប់ក៏មានមកលើពួកអយ្យកោរបស់យើង ទោះជាយ៉ាងណាក៏ដោយ គង់តែយើងស្គាល់ពួកគេដែរ ហើយមិនអាចបដិសេធបានឡើយ ហើយសូម្បីតែមនុស្សទីមួយបំផុត គឺអ័ដាម ក៏យើងស្គាល់ដែរ។
៤៦ត្បិតមានសៀវភៅរំឭកមួយដែលបានកត់ទុក ក្នុងចំណោមពួកយើងរាល់គ្នា ស្របតាមគំរូដែលបានប្រទានដោយព្រះអង្គុលីនៃព្រះ ហើយគឺត្រូវបានប្រទានឲ្យមកក្នុងភាសារបស់យើងផ្ទាល់។
៤៧ហើយពេលហេណុកកំពុងតែប្រាប់ពីព្រះបន្ទូលនៃព្រះ នោះប្រជាជនញ័ររន្ធត់ ហើយពុំអាចឈរនៅក្នុងវត្តមានរបស់គាត់បានឡើយ។
៤៨ហើយគាត់មានប្រសាសន៍ទៅពួកគេថា ៖ ពីព្រោះតែអ័ដាមធ្លាក់ ទើបមានពួកយើងមក ហើយដោយសារការធ្លាក់របស់គាត់ ទើបមានសេចក្ដីស្លាប់ ហើយយើងរាល់គ្នាត្រូវបានធ្វើឲ្យទៅជាអ្នកទទួលនូវសេចក្ដីទុក្ខលំបាក និងទុក្ខវេទនា។
៤៩មើលចុះ អារក្សសាតាំងបានមកក្នុងចំណោមកូនចៅមនុស្ស ហើយបានល្បួងពួកគេឲ្យថ្វាយបង្គំវា ហើយមនុស្សលោកបានក្លាយទៅខាងលោកិយ កាមរាគ និងអាក្រក់ ហើយត្រូវបានបិទបាំងចេញពីវត្តមាននៃព្រះ។
៥០ប៉ុន្តែព្រះទ្រង់បានធ្វើឲ្យដឹងដល់ពួកអយ្យកោរបស់យើងថា គ្រប់មនុស្សទាំងអស់ត្រូវតែប្រែចិត្ត។
៥១ហើយទ្រង់បានហៅអ័ដាម ជាឪពុកយើង ដោយសំឡេងទ្រង់ផ្ទាល់ថា ៖ យើងជាព្រះ យើងបានបង្កើតលោកិយ និងមនុស្សលោក មកមុនមានពួកគេនៅក្នុងសាច់ឈាមម្ល៉េះ។
៥២ហើយទ្រង់ក៏មានព្រះបន្ទូលទៅគាត់ថា ៖ បើសិនជាអ្នកបែរមករកយើង ហើយប្រុងស្ដាប់តាមសំឡេងយើង ហើយជឿ ហើយប្រែចិត្តពីអស់ទាំងអំពើរំលងរបស់អ្នក ហើយទទួលបុណ្យជ្រមុជ គឺដោយទឹក ដោយនូវព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែល ពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត ដែលជាព្រះយេស៊ូវគ្រីស្ទ ជាព្រះនាមតែមួយគត់ដែលនឹងបានប្រទានមកក្រោមមេឃ ដែលនឹងមានសេចក្ដីសង្គ្រោះមកដល់កូនចៅមនុស្ស នោះអ្នកនឹងបានទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ដោយសូមអ្វីៗទាំងដោយនូវព្រះនាមទ្រង់ ហើយអ្វីៗក៏ដោយដែលអ្នករាល់គ្នាសូម នោះនឹងបានប្រទានដល់អ្នក។
៥៣ហើយអ័ដាម ជាឪពុករបស់យើង បានទូលទៅព្រះអម្ចាស់ ហើយទូលថា ៖ ហេតុអ្វីបានជាមនុស្សត្រូវប្រែចិត្ត ហើយទទួលបុណ្យជ្រមុជដោយទឹក? ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅអ័ដាមថា ៖ មើលចុះ យើងបានអភ័យទោសដល់អ្នក ចំពោះអំពើរំលងរបស់អ្នកនៅក្នុងសួនច្បារអេដែនហើយ។
៥៤មកពីការណ៍នេះហើយ ទើបមានគេនិយាយទូទៅក្នុងចំណោមប្រជាជនថា ព្រះរាជបុត្រានៃព្រះ បានធ្វើឲ្យធួននឹងទោសដើម ម្ល៉ោះហើយបានជាអំពើបាបទាំងឡាយនៃឪពុកម្ដាយ ពុំអាចធ្លាក់ទៅលើក្បាលនៃកូនចៅបានឡើយ ត្បិតពួកគេនៅសុទ្ធសាធ ចាប់តាំងពីកំណើតលោកិយមកម្ល៉េះ។
៥៥ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅអ័ដាមថា ៖ ដរាបណាកូនចៅអ្នកត្រូវបានចាប់កំណើតមកក្នុងអំពើបាប ម្ល៉ោះហើយ កាលណាគេចាប់ផ្ដើមធំឡើង នោះអំពើបាបក៏កើតមានក្នុងចិត្តគេដែរ ហើយពួកគេភ្លក់នូវសេចក្ដីល្វីងជូរចត់ ប្រយោជន៍ឲ្យពួកគេអាចចេះឲ្យតម្លៃដល់របស់ល្អ។
៥៦ហើយគឺត្រូវបានប្រទានដល់ពួកគេ ឲ្យចេះដឹងខុសត្រូវ ហេតុដូច្នោះហើយ ទើបពួកគេជាភ្នាក់ងារចំពោះខ្លួនផ្ទាល់ ហើយយើងបានប្រទានដល់អ្នកនូវក្រឹត្យវិន័យ និងបញ្ញត្តិមួយទៀត។
៥៧ហេតុដូច្នោះហើយ ចូរបង្រៀនកូនចៅអ្នក ថាមនុស្សទាំងអស់នៅគ្រប់ទិសទីត្រូវតែប្រែចិត្ត បើពុំនោះសោតទេ ពួកគេពុំអាចគ្រងនគរព្រះទុកជាមរតកបានឡើយ ត្បិតគ្មានអ្វីដែលមិនស្អាតអាចអាស្រ័យនៅទីនោះ ឬនៅក្នុងវត្តមានរបស់ទ្រង់បានឡើយ ត្បិតនៅក្នុងភាសាអ័ដាម មនុស្សនៃបរិសុទ្ធភាព គឺជាព្រះនាមរបស់ទ្រង់ ហើយព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ គឺកូនមនុស្ស គឺព្រះយេស៊ូវគ្រីស្ទ ជាចៅក្រមសុចរិត ដែលនឹងយាងមកក្នុងពេលដ៏ខ្ពង់ខ្ពស់បំផុត។
៥៨ហេតុដូច្នេះហើយ យើងប្រទានដល់អ្នកនូវបញ្ញត្តិមួយ ឲ្យបង្រៀនការណ៍ទាំងនេះដោយសេរីដល់កូនចៅអ្នកថា ៖
៥៩គឺដោយសារការរំលង នោះទើបមានការធ្លាក់ ឯការធ្លាក់នោះនាំឲ្យមានការស្លាប់ ហើយដរាបណាអ្នករាល់គ្នាបានកើតមកក្នុងលោកិយដោយសារទឹក និងឈាម និងវិញ្ញាណ ដែលយើងបានធ្វើ ហើយទើបបានក្លាយជាធូលីដីមានព្រលឹងរស់ឡើងជាយ៉ាងណា នោះអ្នករាល់គ្នាក៏ត្រូវតែបានកើតម្ដងទៀតទៅក្នុងនគរស្ថានសួគ៌ ដោយសារទឹក និងដោយសារព្រះវិញ្ញាណ ហើយត្រូវបានសំអាត ដោយសារឈាម គឺជាព្រះលោហិតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើងយ៉ាងនោះដែរ ប្រយោជន៍ឲ្យអ្នកអាចបានញែកជាបរិសុទ្ធចេញពីអស់ទាំងអំពើបាប ហើយមានសេចក្ដីអំណរចំពោះព្រះបន្ទូល អំពីជីវិតដ៏នៅអស់កល្បជានិច្ចនៅនាលោកិយនេះ និងជីវិតដ៏នៅអស់កល្បជានិច្ច នៅឯនាបរលោក គឺជាសិរីល្អដ៏នៅអមត
៦០ត្បិតដោយសារទឹក នោះអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដោយសារព្រះវិញ្ញាណ នោះអ្នករាល់គ្នាត្រូវបានរាប់ថា សុចរិត ហើយដោយសារព្រះលោហិត នោះអ្នករាល់គ្នាត្រូវបានញែកចេញជាបរិសុទ្ធ
៦១ហេតុដូច្នេះហើយ ទើបបានប្រទានឲ្យនៅជាប់នឹងអ្នក ជាទីបន្ទាល់ពីស្ថានសួគ៌ ជាព្រះដ៏ជាជំនួយ ជាការណ៍ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត អំពីសិរីល្អដ៏នៅអមត ជាសេចក្ដីពិតអំពីគ្រប់ការណ៍ទាំងអស់ ដែលប្រោសគ្រប់អ្វីទាំងអស់ ដែលធ្វើឲ្យគ្រប់ អ្វីទាំងអស់មានជីវិត ដែលជ្រាបគ្រប់ការណ៍ទាំងអស់ ហើយមានព្រះចេស្ដាគ្រប់យ៉ាង ស្របតាមប្រាជ្ញា សេចក្ដីមេត្តាករុណា សេចក្ដីពិត សេចក្ដីយុត្តិធម៌ និងសេចក្ដីជំនុំជំរះ។
៦២ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកថា ៖ នេះហើយជាផែនការនៃសេចក្ដីសង្គ្រោះដល់មនុស្សទាំងអស់ គឺតាមរយៈព្រះលោហិតនៃព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ដែលនឹងយាងមកក្នុងពេលដ៏ខ្ពង់ខ្ពស់បំផុត។
៦៣ហើយមើលចុះ គ្រប់អ្វីទាំងអស់មានរូបភាពដូចគ្នា ហើយគ្រប់អ្វីទាំងអស់ត្រូវបានបង្កើត ហើយធ្វើឡើងមក ដើម្បីធ្វើទីបន្ទាល់អំពីយើង ទាំងរបស់ខាងសាច់ឈាម និងទាំងរបស់ខាងវិញ្ញាណផង របស់ទាំងឡាយដែលនៅស្ថានសួគ៌ពីលើ និងរបស់ទាំងឡាយ ដែលនៅលើផែនដី និងរបស់ទាំងឡាយដែលនៅក្នុងផែនដី និងរបស់ទាំងឡាយដែលនៅខាងក្រោមផែនដី ទាំងខាងលើ និងទាំងខាងក្រោមផង ៖ គឺគ្រប់ការណ៍ទាំងអស់ធ្វើទីបន្ទាល់អំពីយើង។
៦៤ហើយហេតុការណ៍បានកើតឡើងថា កាលព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាមួយនឹងអ័ដាម ជាឪពុករបស់យើងរួចហើយ នោះស្រាប់តែអ័ដាមបានអំពាវនាវទៅព្រះអម្ចាស់ ហើយគាត់ត្រូវបាននាំទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយបាននាំចុះទៅក្នុងទឹក ហើយបានកប់នៅក្នុងទឹក ហើយបាននាំចេញមកពីទឹកវិញ។
៦៥ហើយគាត់បានទទួលបុណ្យជ្រមុជទឹកយ៉ាងដូច្នោះហើយ ហើយព្រះវិញ្ញាណនៃព្រះបានយាងចុះមកសណ្ឋិតលើគាត់ ហើយគាត់បានកើតពីព្រះវិញ្ញាណយ៉ាងដូច្នោះហើយ ហើយបានក្លាយទៅជាមនុស្សដែលបានប្រោសខាងក្នុង។
៦៦ហើយគាត់បានឮចេញពីស្ថានសួគ៌ថា ៖ អ្នកបានទទួលបុណ្យជ្រមុជដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធហើយ។ នេះហើយជាទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា ចាប់ពីអំណឹះ និងរៀងដរាបតទៅ
៦៧ហើយអ្នកនៅតាមរបៀបនៃទ្រង់ដែលគ្មានថ្ងៃចាប់ផ្ដើម ឬឆ្នាំបញ្ចប់ឡើយ គឺពីអស់ទាំងភាពអស់កល្បទៅអស់ទាំងភាពអស់កល្បជានិច្ច។
៦៨មើលចុះ អ្នកក្លាយទៅតែមួយក្នុងយើងគឺជាកូននៃព្រះ ហើយដូច្នេះ ទើបមនុស្សទាំងអស់អាចក្លាយទៅជាកូនរបស់យើងបាន។ អាម៉ែន ៕