ព្រះគម្ពីរ
នីហ្វៃ ទី ១ 5


ជំពូក​ទី ៥

សារ៉ាយ​ត្អូញត្អែរ​ទាស់​នឹង​លីហៃ — អ្នក​ទាំងពីរ​ត្រេកអរ នៅ​ពេល​ឃើញ​កូនៗ​ទាំង​អស់​ត្រឡប់​មក​វិញ — ពួក​គេ​ថ្វាយ​យញ្ញ​បូជា​ទាំង​ឡាយ — ផ្ទាំង​លង្ហិន​មាន​ពាក្យ​សរសេរ​របស់​លោក​ម៉ូសេ និង​ពួក​ព្យាការី — ផ្ទាំង​ទាំង​នោះ បង្ហាញ​ថា​លីហៃ​ជា​ពូជ​នៃ​យ៉ូសែប — លីហៃ​ព្យាករ​អំពី ពូជ​លោក និង​អំពី​ការ​រក្សា​នូវ​ផ្ទាំង​ទាំង​ឡាយ។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​យើង​បាន​ចុះ​មក​ក្នុង​ទីរហោស្ថាន មក​ឯ​ឪពុក​យើង​ហើយ មើល​ចុះ លោក​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ឯ​ម្ដាយ​ខ្ញុំ សារ៉ាយ ក៏​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​ដែរ ត្បិត​គាត់​ពិត​ជា​មាន​ទុក្ខសោក ពី​ព្រោះតែ​ពួក​យើង។

ត្បិត​គាត់​បាន​គិត​ស្មាន​ថា យើង​បាន​វិនាស​នៅ​ក្នុង​ទីរហោស្ថាន​ទៅ​ហើយ ហើយ​គាត់​ក៏​បាន​ពោល​ពាក្យ​ត្អូញត្អែរ​ទាស់​នឹង​ឪពុក​ខ្ញុំ​ថា ឪពុក​ខ្ញុំ​ជា​អ្នក​ប្រកប​ដោយ​ការ​និមិត្ត ដោយ​ថា ៖ មើល​ចុះ លោក​បាន​នាំ​យើង​រាល់​គ្នា​ចាក​ចេញ​ចោល​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​យើង ហើយ​កូន​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ ក៏​ទៅ​បាត់​អស់​ទៀត ហើយ​យើង​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​ទីរហោស្ថាន។

ហើយ​តាម​ពាក្យ​បែប​នេះ​ហើយ ដែល​ម្ដាយ​ខ្ញុំ​បាន​ពោល​ពាក្យ​ត្អូញត្អែរ​ទាស់​នឹង​ឪពុក​ខ្ញុំ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ​បាន​និយាយ​ទៅ​ម្ដាយ​ខ្ញុំ​ថា ៖ ខ្ញុំ​ដឹង​ហើយ​ថា ខ្ញុំ​ជា​មនុស្ស​ប្រកប​ដោយ​ការ​និមិត្ត ត្បិត​បើ​ខ្ញុំ​មិន​បាន​ឃើញ​រឿង​ទាំង​ឡាយ​នៃ​ព្រះ​នៅ​ក្នុង​ការនិមិត្ត​ទេ នោះ​ខ្ញុំ​ក៏​មិន​អាច​ដឹង​នូវ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​បាន​ដែរ ប៉ុន្តែ​បើ​នៅ​ក្នុង​ក្រុង យេរូសាឡិម​ត​ទៅ​ទៀត ច្បាស់​ជា​ត្រូវ​វិនាស​ទៅ​ជាមួយ​នឹង​បងប្អូន​ខ្ញុំ​ហើយ។

ប៉ុន្តែ​មើល​ចុះ ខ្ញុំ​បាន​ទទួល​ដែនដី​សន្យា​ហើយ ការណ៍​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ណាស់ មែន​ហើយ ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​នឹង​រំដោះ​កូន​ប្រុស​ខ្ញុំ​ទាំង​ឡាយ​ឲ្យ​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​ឡាបាន់ ហើយ​នាំ​ពួក​គេ​ចុះ​មក​ក្នុង​ទីរហោស្ថាន​វិញ។

ហើយ​ដោយ​ពោល​ពាក្យ​បែប​នេះ​ហើយ ដែល​ឪពុក​ខ្ញុំ លីហៃ បាន​កម្សាន្ដ​ចិត្ត​ម្ដាយ​ខ្ញុំ សារ៉ាយ​ពី​រឿង​យើង កាល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន ឡើង​ទៅ​ឯ​ដែនដី​យេរូសាឡិម ដើម្បី​ទៅ​យក​បញ្ជី​នៃ​ពួក​សាសន៍​យូដា។

ហើយ​កាល​យើង​បាន​ត្រឡប់​មក​ដល់​ត្រសាល​ឪពុក​ខ្ញុំ​វិញ មើល​ចុះ ឪពុក​ម្ដាយ​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​អំណរ ហើយ​ម្ដាយ​ខ្ញុំ​ក៏​បាន​កម្សាន្ដ​ចិត្ត​ដែរ។

ហើយ​ម្ដាយ​ខ្ញុំ​បាន​ពោល​ថា ៖ ឥឡូវ​នេះ ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ប្ដី​ខ្ញុំ​ឲ្យ​ភៀសខ្លួន​ចូល​ក្នុង​ទីរហោស្ថាន មែន​ហើយ ខ្ញុំ​ក៏​ដឹង​ដោយ​ប្រាកដ​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ការពារ​កូន​ប្រុស​ទាំង​ឡាយ​របស់​ខ្ញុំ​ដែរ ហើយ​បាន​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ឡាបាន់ ហើយ​បាន​ប្រទាន​អំណាច​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​សម្រេច​នូវ​កិច្ចការ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ដល់​ពួក​គេ។ ហើយ​តាម​ពាក្យ​បែប​នេះ​ហើយ ដែល​ម្ដាយ​ខ្ញុំ​បាន​និយាយ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ម្ដាយ​ខ្ញុំ​សប្បាយ​រីករាយ​ជា​ខ្លាំង ហើយ​បាន​ថ្វាយ​យញ្ញ​បូជា ហើយ​ថ្វាយ​ដង្វាយ​ដុត​ទាំង​ឡាយ​ដល់​ព្រះ​អម្ចាស់ ហើយ​លោក​ទាំង​ពីរ បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​នៃ​អ៊ីស្រាអែល។

១០ហើយ​បន្ទាប់ពី​លោក​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ​នៃ​អ៊ីស្រាអែល​ហើយ នោះ​ឪពុក​ខ្ញុំ លីហៃ បាន​យក​បញ្ជី​ទាំង​ប៉ុន្មាន ដែល​បាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន ហើយ​លោក​បាន​ពិចារណា​មើល​ពី​ដើម​ឃ្លា​មក។

១១ហើយ​លោក​បាន​ឃើញ​ថា ផ្ទាំង​ទាំង​នេះ​មាន​គម្ពីរ​នៃ​លោក​ម៉ូសេ​ប្រាំ​ច្បាប់ ដែល​មាន​ដំណើរ​រឿង​អំពី​ដើម​កំណើត​លោកិយ និង​អំពី​លោក​អ័ដាម និង​នាង​អេវ៉ា ដែល​ជា​ឪពុក​ម្ដាយ​ដើម​បង្អស់​របស់​យើង។

១២ហើយ​មាន​បញ្ជី​របស់​ពួក​សាសន៍​យូដា​ដែរ តាំង​ពី​ដើម​រហូត​មក​ដល់​ការ​ចាប់ផ្ដើម​រជ្ជកាល​នៃ​សេដេគា ជា​ស្ដេច​ស្រុក​យូដា។

១៣ហើយ​ព្រម​ទាំង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​ពួក​ព្យាការី​ដ៏​បរិសុទ្ធ ចាប់​ពី​ដើម​រហូត​មក​ដល់​ការ​ចាប់ផ្ដើម​រជ្ជកាល​នៃ​សេដេគា ហើយ​ព្រម​ទាំង​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ ដែល​បាន​ពោល​ដោយ​មាត់​លោក​យេរេមា។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឪពុក​ខ្ញុំ លីហៃ បាន​រក​ឃើញ​នៅ​លើ​ផ្ទាំង​លង្ហិន​នេះ​នូវ​ពង្សាវតារ​របស់​ពួក​អយ្យកោ​លោក ហេតុ​ដូច្នោះ​ហើយ ទើប​លោក​ដឹង​ថា លោក​ត្រូវ​ជា​ពូជពង្ស​របស់​យ៉ូសែប មែន​ហើយ គឺ​យ៉ូសែប ត្រូវ​ជា​កូន​ប្រុស​របស់​យ៉ាកុប ដែល​បាន លក់​ទៅ​ដែនដី​អេស៊ីព្ទ ហើយ​គឺជា​អ្នក​ដែល​ត្រូវ​បាន​ថែរក្សាទុក ដោយ​ព្រះហស្ត​នៃ​ព្រះ​អម្ចាស់ ដើម្បី​ឲ្យ​គាត់​អាច​ថែរក្សា​ឪពុក​គាត់ គឺ​យ៉ាកុប និង​គ្រួសារ​លោក​ទាំងមូល កុំ​ឲ្យ​វិនាស​បង់​ទៅ​ដោយ​អំណត់​អត់។

១៥ហើយ​ពួក​គេ​បាន​ត្រូវ​នាំ​ចេញ​ពី​ការ​ជាប់​ឃុំឃាំង ហើយ​ចេញ​ពី​ដែនដី​អេស៊ីព្ទ​ដោយ​ព្រះ​ដដែល ជា​ព្រះ​ដែល​បាន​ថែរក្សា​ពួក​គេ​ទុក។

១៦ហើយ​ដោយ​ដូច្នេះ​ហើយ ទើប​ឪពុក​ខ្ញុំ លីហៃ បាន​រក​ឃើញ​នូវ​ពង្សាវតារ​របស់​ពួក​អយ្យកោ​លោក។ រីឯ​ឡាបាន់ ក៏​ត្រូវ​ជា​ពូជពង្ស​របស់​យ៉ូសែប​ដែរ ហេតុ​ដូច្នោះ​ហើយ គាត់ និង​ពួក​អយ្យកោ​គាត់ បាន​កត់​បញ្ជី​ទាំង​នេះ។

១៧ហើយ​ឥឡូវ​នេះ កាល​ឪពុក​ខ្ញុំ​បាន​ដឹង​រឿង​ទាំងអស់​នេះ លោក​ក៏​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ហើយ​ក៏​ចាប់ផ្ដើម​ព្យាករ អំពី​ពូជ​លោក។

១៨ថា​ផ្ទាំង​លង្ហិន​ទាំង​នេះ នឹង​បាន​ចេញ​ផ្សព្វផ្សាយ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ដែល​ជា​ពូជ​របស់​លោក។

១៩ហេតុ​ដូច្នោះ​ហើយ លោក​មាន​ប្រសាសន៍​ថា ផ្ទាំង​លង្ហិន​ទាំង​នេះ​មិន​ត្រូវ​វិនាស​បង់​ឡើយ ហើយ​ក៏​មិន​ត្រូវ​ស្រអាប់​ត​ទៅ​ទៀត តាម​ពេល​វេលា​ឡើយ។ ហើយ​លោក​បាន​ព្យាករ​រឿង​ជាច្រើន ដែល​ទាក់ទង​ទៅ​នឹង​ពូជ​របស់​លោក។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដូចដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​បញ្ជា​យើង។

២១ហើយ​យើង​បាន​បញ្ជី​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​យើង ហើយ​បាន​ពិចារណា​មើល ហើយ​រក​ឃើញ​ថា បញ្ជី​ប្រវត្តិ​ទាំង​នេះ​គឺ​គួរ​ឲ្យ​ចង់​បាន មែន​ហើយ ព្រម​ទាំង​មាន​ប្រយោជន៍​ជា​អតិបរមា​ចំពោះ​យើង ដរាប​ដល់​យី​ង​នឹង​អាច​ថែរក្សា​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ទុក​ដល់​កូន​ចៅ​យើង។

២២ហេតុ​ដូច្នោះ​ហើយ គឺ​ជា​ប្រាជ្ញា​នៃ​ព្រះ​អម្ចាស់ ថា​យើង​គប្បី​យក​បញ្ជី​ប្រវត្តិ​នេះ​ទៅ​ជាមួយ​នឹង​យើង នៅ​ពេល​ដែល​យើង​ធ្វើ​ដំណើរ​ក្នុង​ទីរហោស្ថាន​ទៅ​ឯ​ដែនដី​សន្យា៕