ជំពូកទី ១០
លីហៃទាយថាពួកសាសន៍យូដា នឹងត្រូវចាប់យកទៅជាឈ្លើយ ដោយពួកសាសន៍បាប៊ីឡូន — លោកប្រាប់អំពីការយាងមកនៃព្រះមែស៊ី ជាព្រះអង្គសង្គ្រោះ ជាព្រះប្រោសលោះ នៅក្នុងចំណោមពួកសាសន៍យូដា — លោកប្រាប់អំពីការយាងមកនៃបុរសម្នាក់ ដែលនឹងធ្វើ បុណ្យជ្រមុជទឹកថ្វាយកូនចៀមនៃព្រះដែរ — លីហៃប្រាប់អំពីការសុគត និងដំណើររស់ឡើងវិញនៃព្រះមែស៊ី — លោកប្រៀបធៀបការខ្ចាត់ខ្ចាយ និងការប្រមូលនៃសាសន៍អ៊ីស្រាអែល ទៅនឹងដើមអូលីវ — នីហ្វៃនិយាយអំពីព្រះរាជបុត្រានៃព្រះ អំពីអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងអំពីសេចក្ដីត្រូវការសម្រាប់សេចក្ដីសុចរិត។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ នឹងចាប់ផ្ដើមឲ្យដំណើររឿងនៅលើផ្ទាំងទាំងនេះនូវដំណើរការទាំងឡាយរបស់ខ្ញុំ និងរជ្ជកាល ហើយនឹងការងារបម្រើរបស់ខ្ញុំ ហេតុដូច្នោះហើយ ដើម្បីនឹងចាប់ផ្ដើមប្រាប់ពីដំណើររឿងខ្ញុំ ខ្ញុំត្រូវនិយាយអំពីរឿងរបស់ឪពុកខ្ញុំខ្លះ ហើយនឹងរបស់បងៗខ្ញុំដែរ។
២ត្បិតមើលចុះ ហេតុការណ៍បានកើតឡើង គឺបន្ទាប់ពីឪពុកខ្ញុំបានបញ្ចប់ការនិយាយនូវពាក្យទាំងឡាយ អំពីសុបិនរបស់លោក និងការទូន្មានឲ្យបងៗខ្ញុំ មានចិត្តឧស្សាហ៍គ្រប់យ៉ាងហើយ នោះលោកប្រាប់ពួកគេអំពីពួកសាសន៍យូដា —
៣ថាបន្ទាប់ពីពួកគេនឹងត្រូវបំផ្លាញចោល សូម្បីតែក្រុងយេរូសាឡិមដ៏ធំ ហើយមនុស្សជាច្រើន នឹងត្រូវចាប់យកទៅជាឈ្លើយនៅក្រុងបាប៊ីឡូន តាមកំណត់នៃព្រះអម្ចាស់ នោះពួកគេនឹងត្រឡប់មកវិញ មែនហើយ គឺនឹងត្រូវនាំចេញពីការជាប់ឃុំឃាំងមក ហើយបន្ទាប់ពីពួកគេត្រូវបាននាំចេញពីការជាប់ឃុំឃាំងមក នោះពួកគេនឹងបានដែនដីនៃកេរ្តិ៍អាកររបស់គេវិញ។
៤មែនហើយ គឺប្រាំមួយរយឆ្នាំ ចាប់តាំងពីពេលដែលឪពុកខ្ញុំចាកចេញពីក្រុងយេរូសាឡិមមក នោះនឹងមានព្យាការីម្នាក់ដែល ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងលើកឡើងនៅក្នុងចំណោមពួកសាសន៍យូដា — គឺព្រះមែស៊ី ឬពាក្យម្យ៉ាងទៀតថា ព្រះអង្គសង្គ្រោះនៃពិភពលោក។
៥ហើយលោកថែមទាំងបាននិយាយពីពួកព្យាការី ដោយថាមានចំនួនជាច្រើន បានធ្វើបន្ទាល់អំពីរឿងទាំងនេះ គឺអំពីព្រះមែស៊ីអង្គនេះ ដែលលោកបាននិយាយដល់ ឬព្រះដ៏ប្រោសលោះនៃពិភពលោកអង្គនេះ។
៦ហេតុដូច្នោះហើយ មនុស្សលោកទាំងអស់ រស់នៅក្នុងស្ថានភាពវង្វេង និងស្ថានភាពធ្លាក់ ហើយនឹងនៅជាដរាបតទៅ លើកលែងតែពួកគេនឹងពឹងពាក់ទៅលើព្រះដ៏ប្រោសលោះអង្គនេះ។
៧ហើយលោកក៏បានស្ដីអំពីព្យាការីម្នាក់ដែរ ដែលនឹងមកមុនព្រះមែស៊ី ដើម្បីរៀបចំផ្លូវថ្វាយព្រះអម្ចាស់–
៨មែនហើយ គឺលោកនឹងចេញទៅ ហើយស្រែកប្រកាសនៅទីរហោស្ថានថា ៖ ចូរអ្នករាល់គ្នារៀបចំផ្លូវទទួលព្រះអម្ចាស់ ហើយតម្រង់ផ្លូវថ្វាយទ្រង់ចុះ ត្បិតនៅចំណោមពួកអ្នករាល់គ្នា មានព្រះមួយអង្គ ដែលអ្នករាល់គ្នាមិនស្គាល់ ហើយទ្រង់មានអំណាចលើសជាងខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុពណ៌បាទទ្រង់ទេ។ ហើយឪពុកខ្ញុំបាននិយាយជាច្រើនអំពីរឿងនេះ។
៩ហើយឪពុកខ្ញុំបាននិយាយថា លោកនោះនឹងធ្វើបុណ្យជ្រមុជទឹកនៅភូមិបេថាបារ៉ា ខាងនាយទន្លេយ័រដាន់ ហើយឪពុកខ្ញុំក៏បាននិយាយដែរថា លោកនោះនឹងធ្វើបុណ្យជ្រមុជដោយទឹក គឺលោកនេះឯង ដែលនឹងធ្វើបុណ្យជ្រមុជថ្វាយព្រះមែស៊ីដោយទឹក។
១០ហើយបន្ទាប់ពីលោក បានធ្វើបុណ្យជ្រមុជថ្វាយព្រះមែស៊ីដោយទឹកហើយ នោះលោកនឹងឃើញ ហើយនឹងធ្វើបន្ទាល់ថា លោកបានធ្វើបុណ្យជ្រមុជថ្វាយកូនចៀមនៃព្រះ គឺជាព្រះដែលនឹងលោះអំពើបាបទាំងឡាយនៃមនុស្សលោក។
១១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឪពុកខ្ញុំបាននិយាយនូវពាក្យទាំងនេះរួចហើយ លោកបាននិយាយទៅបងៗខ្ញុំ អំពីដំណឹងល្អដែលនឹងត្រូវយកទៅផ្សព្វផ្សាយនៅក្នុងចំណោមពួកសាសន៍យូដា ហើយនឹងអំពីការចុះអន់ថយ ក្នុងការឥតជំនឿនៃពួកសាសន៍យូដាផង។ ហើយបន្ទាប់ពីពួកគេបានធ្វើគតព្រះមែស៊ីដែលនឹងយាងមក ហើយបន្ទាប់ពីទ្រង់ត្រូវគេធ្វើគត នោះទ្រង់នឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយនឹងសម្ដែងរូបអង្គទ្រង់ដល់ពួកសាសន៍ដទៃ ដោយព្រះវិញ្ញាណបរិសុទ្ធ។
១២មែនហើយ គឺឪពុកខ្ញុំបាននិយាយជាច្រើន អំពីពួកសាសន៍ដទៃ និងអំពីវង្សអ៊ីស្រាអែលផងថា ពួកគេនឹងត្រូវប្រៀបធៀបដូចជាដើមអូលីវ ដែលមែកទាំងឡាយនឹងត្រូវកាត់ចេញ ហើយត្រូវខ្ចាត់ខ្ចាយពាសពេញនៅលើផ្ទៃផែនដី។
១៣ហេតុដូច្នោះហើយ លោកបាននិយាយថា ជាការចាំបាច់ ដែលយើងត្រូវនាំទៅឯដែនដីសន្យា ដើម្បីបំពេញនូវព្រះបន្ទូលនៃព្រះអម្ចាស់ថា យើងនឹងត្រូវខ្ចាត់ខ្ចាយពាសពេញនៅលើផ្ទៃផែនដី។
១៤ហើយបន្ទាប់ពីវង្សអ៊ីស្រាអែល ត្រូវខ្ចាត់ខ្ចាយទៅហើយ នោះពួកគេនឹងបានប្រមូលរួមគ្នាជាថ្មី ឬសរុបសេចក្ដីថា បន្ទាប់ពី ពួកសាសន៍ដទៃ បានទទួលនូវភាពពោរពេញនៃដំណឹងល្អហើយ នោះមែកកំណើតទាំងឡាយនៃដើមអូលីវ ឬក៏សំណល់ទាំងឡាយនៃវង្សអ៊ីស្រាអែល នឹងបានបំបៅជាប់នឹងដើមវិញ ឬនឹងបានការចេះដឹងអំពីព្រះមែស៊ីដ៏ពិត គឺជាព្រះអម្ចាស់របស់ពួកគេ និងព្រះដ៏ប្រោសលោះរបស់ពួកគេ។
១៥ហើយដោយពាក្យបែបនេះហើយ ដែលឪពុកខ្ញុំបានព្យាករ ហើយនិយាយទៅបងៗខ្ញុំ ហើយព្រមទាំងរឿងជាច្រើនទៀត ដែលខ្ញុំពុំបានសរសេរទុកនៅក្នុងសៀវភៅនេះ ត្បិតខ្ញុំបានសរសេរជាច្រើនរឿង ដែលគាប់ចិត្តខ្ញុំ ទុកនៅក្នុងសៀវភៅរបស់ខ្ញុំមួយទៀតហើយ។
១៦ហើយគ្រប់រឿងទាំងអស់ ដែលខ្ញុំបាននិយាយនេះ គឺកើតឡើងក្នុងកាលដែលឪពុកខ្ញុំអាស្រ័យនៅក្នុងត្រសាល នៅក្នុងច្រកភ្នំលេមយួល។
១៧ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំ នីហ្វៃ បានឮពាក្យពេចន៍ទាំងអស់របស់ឪពុកខ្ញុំ អំពីរឿងទាំងឡាយ ដែលលោកបានឃើញនៅក្នុងការនិមិត្ត ហើយព្រមទាំងរឿងទាំងឡាយ ដែលលោកបាននិយាយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ គឺជាអំណាចដែលលោកបានទទួល ដោយសារសេចក្ដីជំនឿជឿដល់ព្រះរាជបុត្រានៃព្រះ — ហើយឯព្រះរាជបុត្រានៃព្រះនោះ គឺជាព្រះមែស៊ី ដែលនឹងយាងមក — នោះខ្ញុំ នីហ្វៃ ក៏ប្រាថ្នាចង់ឃើញ និងឮ និងដឹងនូវរឿងទាំងនេះដែរ គឺដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណោយទាននៃព្រះដល់អស់អ្នកណា ដែលព្យាយាមស្វែងរកទ្រង់ ទោះជានៅជំនាន់បុរាណ ក៏ដូចជានៅជំនាន់ដែលទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់កូនចៅមនុស្សដែរ។
១៨ត្បិតទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ ហើយផ្លូវត្រូវបានរៀបចំឡើង សម្រាប់មនុស្សទាំងអស់ ចាប់តាំងពីកំណើតលោកិយមក ប្រសិនបើពួកគេប្រែចិត្ត ហើយមករកទ្រង់។
១៩ត្បិតអ្នកណាដែលព្យាយាមរកនឹងឃើញ ហើយការអាថ៌កំបាំងទាំងឡាយនៃព្រះ នឹងបានបើកបង្ហាញដល់គេ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ទោះនៅជំនាន់នេះ ក៏ដូចជានៅជំនាន់ដើមដែរ ហើយទោះជានៅជំនាន់ដើម ក៏ដូចជានៅជំនាន់ខាងមុខដែរ ហេតុដូច្នោះហើយដំណើរនៃព្រះអម្ចាស់ គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច។
២០ហេតុដូច្នេះ ចូរចាំចុះ ឱអ្នកអើយ ត្បិតគ្រប់ការប្រព្រឹត្តទាំងអស់របស់អ្នក នោះនឹងត្រូវបញ្ជូនមកជំនុំជំរះវិញ។
២១ហេតុដូច្នោះហើយ បើសិនជាអ្នករាល់គ្នាព្យាយាមប្រព្រឹត្តអំពើអាក្រក់ នៅក្នុងថ្ងៃទាំងឡាយ នៃការសាកល្បងរបស់អ្នករាល់គ្នា នោះនឹងឃើញថា អ្នករាល់គ្នាមិនស្អាតនៅចំពោះវេទិកាជំនុំជំរះនៃព្រះទេ ហើយគ្មានអ្វីដែលមិនស្អាត អាចអាស្រ័យនៅជាមួយនឹងព្រះបានឡើយ ហេតុដូច្នោះហើយ អ្នកនឹងត្រូវបោះបង់ចោលជារៀងដរាបតទៅ។
២២ហើយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប្រទានអំណាចឲ្យខ្ញុំនិយាយរឿងទាំងនេះ ហើយមិនឲ្យខ្ញុំបដិសេធរឿងទាំងនេះឡើយ៕