ព្រះគម្ពីរ
អាលម៉ា 5


ពាក្យ​ពេចន៍​ដែល​អាលម៉ា ជា​សង្ឃ​ជាន់​ខ្ពស់ ស្រប​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ បាន​ប្រកាស​ប្រាប់​ដល់​ប្រជាជន​នៅ​ក្នុង​ទី​ក្រុង និង​ភូមិ​ទាំង​ឡាយ​របស់​គេ​ទូ​ទៅ​ទាំង​ដែនដី។

មាន​រួម​នៅ​ក្នុង​ជំពូក​ទី ៥។

ជំពូក​ទី ៥

ដើម្បី​ឲ្យ​បាន​ការ​សង្គ្រោះ នោះ​មនុស្ស​លោក​ត្រូវ​តែ​ប្រែចិត្ត ហើយ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ, កើត​ម្ដង​ទៀត, ជំរះ​សំលៀក​បំពាក់​របស់​ខ្លួន ដោយ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ, បន្ទាប​ខ្លួន ហើយ​កម្ចាត់​ការ​ឆ្មើងឆ្មៃ និង​ការ​ឈ្នានីស​ចេញ​ពី​ខ្លួន ហើយ​ធ្វើ​កិច្ចការ​ទាំង​ឡាយ នៃ​សេចក្ដី​សុចរិត — អ្នក​គង្វាល​ល្អ​នឹង​ហៅ​ប្រជាជន​របស់​លោក — អស់​អ្នក​ណា​ដែល​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ដែល​អាក្រក់ គឺជា​កូន​ចៅ​នៃ​អារក្ស — អាលម៉ា​ធ្វើ​បន្ទាល់​អំពី​សេចក្ដី​ពិត នៃ​លទ្ធិ​របស់​លោក ហើយ​បញ្ជា​ឲ្យ​មនុស្ស​ប្រែចិត្ត — ឈ្មោះ​ពួក​សុចរិត នឹង​ត្រូវ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ជីវិត។ ប្រមាណ​ជា​ឆ្នាំ ៨៣ ម.គ.ស.។

ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា​បាន​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន​ដំបូង​បំផុត​នៅ​ឯ​ដែនដី សារ៉ាហិមឡា ហើយ​បន្ទាប់​មក ក៏​ប្រកាស​ជា​ទូទៅ​អស់​ទាំង​ដែនដី។

ហើយ​នេះ​គឺជា​ពាក្យ​ពេចន៍ ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​ប្រជាជន​នៅ​ក្នុង​សាសនាចក្រ ដែល​បាន​តាំង​ឡើង​នៅ​ទី​ក្រុង សារ៉ាហិមឡា ស្រប​តាម​បញ្ជី​របស់​លោក​ផ្ទាល់​ថា ៖

ខ្ញុំ អាលម៉ា ត្រូវ​បាន​ញែក​ជា​សង្ឃ​ជាន់​ខ្ពស់ នៃ​សាសនាចក្រ​នៃ​ព្រះ ដោយ​ឪពុក​ខ្ញុំ​ឈ្មោះ​អាលម៉ា ព្រោះ​លោក​មាន​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ ដើម្បី​ធ្វើ​នូវ​កិច្ចការ​ទាំង​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា លោក​បាន​ចាប់​ផ្ដើម​តាំង​សាសនាចក្រ​មួយ​ឡើង នៅ​ឯ​ដែនដី​មួយ ត្រង់​ព្រំប្រទល់​ដែនដី​នីហ្វៃ មែន​ហើយ ជា​ដែនដី​ដែល​បាន​ហៅ​ថា ដែនដី​មរមន មែន​ហើយ លោក​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​បង​ប្អូន​ទាំង​ឡាយ​នៅ​ក្នុង​ទឹក​មរមន។

ហើយ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​ទាំង​នោះ ត្រូវ​បាន​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​មនុស្ស​របស់​ស្ដេច​ណូអេ ដោយ​សេចក្ដី​មេត្តាករុណា និង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ។

ហើយ​មើល​ចុះ បន្ទាប់​ពី​នោះ​មក ពួក​គេ​ត្រូវ​បាន​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព ដោយ​ដៃ​របស់​ពួក​លេមិន​នៅ​ក្នុង​ទី​រហោស្ថាន មែន​ហើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​ត្រូវ​ជាប់​ក្នុង​ការ​ឃុំឃាំង ហើយ​ជាថ្មី​ទៀត ព្រះ​អម្ចាស់​ទ្រង់​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​នាំ​យើង​មក​កាន់​ដែនដី​នេះ ហើយ​នៅ​ទី​នេះ យើង​បាន​ចាប់​ផ្ដើម​តាំង​សាសនាចក្រ​នៃ​ព្រះ​ឡើង​ទូ​ទៅ​ទាំង​ដែនដី​នេះ​ផង។

ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សួរ​អ្នក គឺ​ពួក​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​នេះ​ថា តើ​អ្នក​នៅ​ចាំ​បាន​ខ្លះៗ​ឬ​ទេ​នូវ​ការ​ជាប់​ឃុំឃាំង​នៃ​ពួក​អយ្យកោ​របស់​យើង? មែន​ហើយ តើ​បង​ប្អូន​នៅ​ចាំ​បាន​ខ្លះ​ទេ​នូវ​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​អត់ធ្មត់​របស់​ព្រះ​អង្គ​ចំពោះ​ពួក​គេ? ហើយ​លើសលែង​ទៅ​ទៀត តើ​អ្នក​នៅ​ចាំ​បាន​ខ្លះ​ទេ​ថា ព្រះ​អង្គ​ទ្រង់​បាន​ដោះ​ព្រលឹង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ស្ថាន​នរក?

មើល​ចុះ ទ្រង់​បាន​កែប្រែ​ចិត្ត​របស់​គេ មែន​ហើយ ទ្រង់​បាន​ដាស់​ពួក​គេ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់​លក់ ហើយ​គេ​ក៏​បាន​ភ្ញាក់​ឡើង​ចំពោះ​ព្រះ។ មើល​ចុះ ពួក​គេ​នៅ​កណ្ដាល​សេចក្ដី​ងងឹត​សូន្យសុង ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រលឹង​របស់​គេ​បាន​ចែង​ចាំង ដោយ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ដ៏​អស់​កល្ប​ជានិច្ច​ដែរ មែន​ហើយ ពួក​គេ​ត្រូវ​បាន​ហ៊ុមព័ទ្ធ ដោយ​ខ្សែ​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ និង​ច្រវាក់​នៃ​ស្ថាន​នរក រីឯ​ការ​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច​បាន​រង់ចាំ​ពួក​គេ​ហើយ។

ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​ពួក​គេ​ត្រូវ​បំផ្លាញ​ចោល​ហើយ​ឬ​អី? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទេ ពួក​គេ​ពុំ​ត្រូវ​បំផ្លាញ​ចោល​ទេ។

ហើយ​ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​ខ្សែ​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់​បាន​ដាច់​ឬ​ទេ និង​ច្រវាក់​នៃ​ស្ថាន​នរក ដែល​បាន​ហ៊ុមព័ទ្ធ​ពួក​គេ​នោះ តើ​មាន​របូត​ឬ​ទេ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បាទ ច្រវាក់​ទាំង​នោះ​ត្រូវ​បាន​របូត​ចេញ ហើយ​ព្រលឹង​ពួក​គេ​បាន​រីករាយ ហើយ​ពួក​គេ​បាន​ច្រៀង​នូវ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ។ ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​បាន​សង្គ្រោះ​ហើយ។

១០ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​ពួក​គេ​បាន​សង្គ្រោះ​ដោយ​លក្ខខណ្ឌ​យ៉ាង​ណា? មែន​ហើយ តើ​អាង​ទៅ​លើ​អ្វី​ដែល​ពួក​គេ​សង្ឃឹម​ថា​នឹង​បាន​សង្គ្រោះ? តើ​មក​ពី​ហេតុ​អ្វី​បាន​ជា​ពួក​គេ​បាន​រួច​ពី​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ មែន​ហើយ ព្រម​ទាំង​ពី​ច្រវាក់​នៃ​ស្ថាន​នរក​ផង?

១១មើល​ចុះ ខ្ញុំ​អាច​ប្រាប់​អ្នក​ថា — តើ​ពុំ​មែន​ឪពុក​ខ្ញុំ អាលម៉ា បាន​ជឿ​ដល់​ពាក្យ​សម្ដី​ដែល​បាន​ប្រកាស​ចេញ​ពី​មាត់​របស់​អ័ប៊ីណាដៃ​ទេ​ឬ​អី? ហើយ​តើ​លោក​ពុំ​មែន​ជា​ព្យាការី​ដ៏​បរិសុទ្ធ​ទេ​ឬ​អី? តើ​លោក​ពុំ​បាន​និយាយ​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ឪពុក​ខ្ញុំ អាលម៉ា បាន​ជឿ​នូវ​ព្រះ​បន្ទូល​ទាំង​នោះ​ទេ​ឬ?

១២ហើយ​ដោយ​សារ​សេចក្ដី​ជំនឿ​របស់​លោក ទើប​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នៅ​ក្នុង​ដួង​ចិត្ត​លោក។ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ទាំង​អស់​នេះ​គឺជា​រឿង​ពិត។

១៣ហើយ​មើល​ចុះ គាត់​បាន​ផ្សាយ​ព្រះ​បន្ទូល​ទាំង​នោះ ដល់​ពួក​អយ្យកោ​របស់​អ្នក ហើយ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ ហើយ​ពួក​គេ​បាន​បន្ទាប​ខ្លួន ហើយ​បាន​ដាក់​ទី​ទុកចិត្ត​របស់​គេ​ទៅ​លើ​ព្រះ​ដ៏​ពិត ហើយ​មាន​ព្រះ​ជន្ម​រស់នៅ។ ហើយ​មើល​ចុះ ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់​រហូត​ដល់​ទីបំផុត ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​បាន​សង្គ្រោះ។

១៤ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ​អើយ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​បាន​កើត​មក​ពី​ព្រះ​នៅ​ក្នុង​វិញ្ញាណ​ហើយ​ឬ​នៅ? តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​ភក្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ទឹកមុខ​របស់​អ្នក​ហើយ​ឬ​នៅ? តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​នេះ នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ហើយ​ឬ​នៅ?

១៥តើ​អ្នក​រាល់​គ្នា​អនុវត្ត​សេចក្ដី​ជំនឿ ទៅ​លើ​ការ​ប្រោស​លោះ​របស់​ទ្រង់ ដែល​បាន​បង្កើត​អ្នក​មក​ឬ​ទេ? តើ​អ្នក​រាល់​គ្នា​ទន្ទឹង​ចាំ ដោយ​ភ្នែក​នៃ​សេចក្ដី​ជំនឿ ហើយ​មើល​មក​រូប​កាយ​ខាង​សាច់ឈាម​នេះ​ថា នឹង​បាន​ប្រោស​ឲ្យ​ទៅ​ជា​អមត ហើយ​ឯ​ការ​ពុករលួយ​នេះ នឹង​បាន​ប្រោស​ទៅ​ជា​ឥត​ពុករលួយ​វិញ ដើម្បី​ឈរ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​ជំនុំ​ជំរះ តាម​អំពើ​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​នៅ​ជា​រូប​កាយ​ខាង​ឯ​សាច់ឈាម​នៅ​ឡើយ​ឬ?

១៦ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​អាច​រមិល​មើល​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​ឮ​សំឡេង​នៃ​ព្រះ​អម្ចាស់ មាន​ព្រះ​បន្ទូល​ទៅ​កាន់​អ្នក​ក្នុង​ថ្ងៃ​នោះ​ថា ៖ នែ៎ ពួក​ជន​ដ៏​មាន​ពរ​អើយ ចូរ​មក​រក​យើង​ចុះ ត្បិត​មើល​ចុះ កិច្ចការ​ទាំង​ឡាយ​របស់​អ្នក​រាល់​គ្នា សុទ្ធ​សឹង​ជា​កិច្ចការ​សុចរិត​នៅ​លើ​ផ្ទៃ​ផែនដី​នេះ?

១៧ឬ​ក៏​អ្នក​រាល់​គ្នា​រមិល​មើល​ខ្លួន​ឯង​ថា អ្នក​រាល់​គ្នា​អាច​កុហក​ដល់​ព្រះ​អម្ចាស់​នៅ​ក្នុង​ថ្ងៃ​នោះ​ថា — ឱ​ព្រះ​អម្ចាស់​អើយ កិច្ចការ​របស់​ពួក​យើង​ខ្ញុំ សុទ្ធ​សឹង​ជា​កិច្ចការ​សុចរិត​នៅ​លើ​ផ្ទៃ​ផែនដី​នេះ — ហើយ​ថា ព្រះ​អង្គ​នឹង​ជួយសង្គ្រោះ​ដល់​អ្នក​ឬ?

១៨ឬ​ក៏​និយាយ​ម្យ៉ាង​ទៀត តើ​អ្នក​រាល់​គ្នា​អាច​រមិល​មើល​ខ្លួន​ឯង​ថា ត្រូវ​បាន​នាំ​ទៅ​កណ្ដាល​ទី​ជំនុំ​ជំរះ​នៃ​ព្រះ ដោយ​ព្រលឹង​របស់​អ្នក​ពោរពេញ​ទៅ​ដោយ​ទោស និង​ការ​សោកស្ដាយ ដោយ​ចាំ​នូវ​អស់​ទាំង​ទោសកំហុស​ទាំង​ប៉ុន្មាន​របស់​ខ្លួន មែន​ហើយ ដោយ​មាន​ការ​ចងចាំ​ដ៏​ឥត​ខ្ចោះ​នូវ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទាំង​អស់ មែន​ហើយ គឺជា​ការ​ចងចាំ​នូវ​ការ​ទាស់​នឹង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ?

១៩ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​អាច​សម្លឹង​មើល​ទៅ​ព្រះ​នៅ​ក្នុង​ថ្ងៃ​នោះ ដោយ​ចិត្ត​បរិសុទ្ធ និង​បាតដៃ​ស្អាត​ឬ? ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​អាច​សម្លឹង​ទៅ​លើ​ដោយ​មាន​ព្រះ​ភក្ត្រ​របស់​ទ្រង់​ឆ្លាក់​លើ​មុខ​របស់​អ្នក​ឬ?

២០ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​អាច​គិត​ថា​នឹង​បាន​សង្គ្រោះ នៅ​ពេល​អ្នក​បាន​បណ្ដោយ​ខ្លួន ឲ្យ​ធ្លាក់​ទៅ​ក្នុង​ឥទ្ធិពល​នៃ​អារក្ស​ឬ?

២១ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ដល់​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ ត្បិត​គ្មាន​អ្នក​ណា​អាច​បាន​សង្គ្រោះ​ឡើយ លើក​លែង​តែ​សំលៀកបំពាក់​របស់​អ្នក​នោះ​ត្រូវ​បាន​ជំរះ​ឲ្យ​ស មែន​ហើយ សំលៀកបំពាក់​អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ឲ្យ​បរិសុទ្ធ រហូត​ដល់​បាន​ជ្រះ​ពី​អស់​ទាំង​ការ​ប្រឡាក់ តាម​រយៈ​ព្រះ​លោហិត​នៃ​ទ្រង់ ជា​ព្រះ​អង្គ​ដែល​ពួក​អយ្យកោ​របស់​យើង​ធ្លាប់​និយាយ​ដល់​នោះ ដែល​នឹង​យាង​មក​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ។

២២ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សួរ​អ្នក​ថា តើ​អ្នក​រាល់​គ្នា​នឹង​ចាប់​អារម្មណ៍​យ៉ាង​ណា​ដែរ បើ​សិន​ជា​អ្នក​រាល់​គ្នា​ឈរ​នៅ​ខាង​មុខ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ ដោយ​មាន​សំលៀកបំពាក់​ប្រឡាក់​ដោយ​ឈាម និង​សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង? មើល​ចុះ តើ​ការណ៍​នេះ​នឹង​ធ្វើ​ទី​បន្ទាល់​អ្វី​ខ្លះ​ទាស់​នឹង​រូប​អ្នក?

២៣មើល​ចុះ តើ​ការណ៍​ទាំង​នេះ​ពុំ​ធ្វើ​ជា​ទី​បន្ទាល់​ថា អ្នក​រាល់​គ្នា​ជា​ឃាតករ មែន​ហើយ ហើយ​ថា អ្នក​រាល់​គ្នា​មាន​ទោស​ដោយ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ទេ​ឬ?

២៤មើល​ចុះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ជន​បែប​នេះ​នឹង​អាច​មាន​ទី​អង្គុយ​នៅ​ក្នុង​នគរ​នៃ​ព្រះ ជាមួយ​អ័ប្រាហាំ ជាមួយ​អ៊ីសាក និង​ជាមួយ​យ៉ាកុប ព្រម​ទាំង​ជាមួយ​ពួក​ព្យាការី​ដ៏​បរិសុទ្ធ​ទាំង​អស់​ផង ដែល​មាន​សំលៀកបំពាក់​ដ៏​ជ្រះ​ស្អាត ហើយ​ឥត​ប្រឡាក់ បរិសុទ្ធ ហើយ​ស​ផង​នោះ​ឬ?

២៥ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ ទេ លើក​លែង​តែ​អ្នក​រាល់​គ្នា​ថា ព្រះ​ដែល​បង្កើត​យើង​មក ទ្រង់​ជា​ជន​ភូត​កុហក​ចាប់​ពី​ដំបូង​វិញ ឬ​ក៏​គិត​ស្មាន​ថា ព្រះ​អង្គ​ជា​ជន​ភូត​កុហក​ពី​ដើមដំបូង​មក នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​គិត​ស្មាន​ថា ជន​បែប​នេះ​អាច​មាន​ទីកន្លែង​នៅ​ក្នុង​នគរ​ស្ថានសួគ៌​បាន​ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​បណ្ដេញ​ចេញ ត្បិត​ពួក​គេ​ជា​កូន​ចៅ​នៃ​នគរ​អារក្ស​វិញ។

២៦ហើយ​ឥឡូវ​នេះ មើល​ចុះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ចាប់​អារម្មណ៍​ចង់​ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ ខ្ញុំ​សូម​សួរ​ថា តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ?

២៧តើ​អ្នក​រាល់​គ្នា​បាន​ដើរ ដោយ​កាន់​ខ្លួន​អ្នក​ថា​ជា​គ្មាន​ទោស​នៅ​ចំពោះ​ព្រះ​ឬ? តើ​អ្នក​រាល់​គ្នា​អាច​និយាយ​នៅ​ក្នុង​ចិត្ត​អ្នក បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បាន​ហៅ​ឲ្យ​ទៅ​ស្លាប់​នៅ​ក្នុង​ពេល​នេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​បន្ទាប​ខ្លួន​គ្រប់​គ្រាន់​ហើយ​ឬ​នៅ? តើ​សំលៀក​បំពាក់​របស់​អ្នក​ត្រូវ​បាន​ជំរះ ហើយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស តាម​រយៈ​ព្រះ​លោហិត​នៃ​ព្រះ​គ្រីស្ទ ដែល​ទ្រង់​នឹង​យាង​មក​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​ហើយ​ឬ?

២៨មើល​ចុះ តើ​អ្នក​រាល់​គ្នា​បាន​រលាស់​ចោល នូវ​ការ​ឆ្មើងឆ្មៃ​របស់​អ្នក​ហើយ​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​រលាស់​ចោល​ទេ នោះ​អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​រៀបចំ​ខ្លួន ដើម្បី​ទៅ​ជួប​នឹង​ព្រះ​ឡើយ។ មើល​ចុះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​រហ័ស​ឡើង ត្បិត​នគរ​ស្ថានសួគ៌​នៅ​ជិត​ដៃ​បង្កើយ ហើយ​ជន​បែប​នេះ នឹង​ពុំ​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ឡើយ។

២៩មើល​ចុះ ខ្ញុំ​និយាយ​ថា តើ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​ពុំ​ទាន់​ចោល​ចិត្ត​ច្រណែន? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ជន​បែប​នេះ​ពុំ​ទាន់​ប្រុងប្រៀប​ខ្លួន​ទេ ហើយ​ខ្ញុំ​ចង់​ឲ្យ​ជន​នោះ ប្រុងប្រៀប​ឲ្យ​បាន​រហ័ស​ឡើង ព្រោះ​ពេល​នោះ​នៅ​ជិត​ដៃ​បង្កើយ ហើយ​ជន​នោះ​ពុំ​បាន​ដឹង​ថា ពេល​នោះ​នឹង​មក​ដល់​កាលណា​ទេ ហើយ​ជន​បែប​នេះ នឹង​ពុំ​បាន​ចាត់​ទុក​ថា គ្មាន​ទោស​ឡើយ។

៣០ហើយ​មួយ​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា តើ​មាន​អ្នក​ណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចំអកឡកឡឺយ​ដល់​បង​ប្អូន​ខ្លួន ឬ​ក៏​បាន​គរ​ការ​បៀតបៀន​ទៅ​លើ​បង​ប្អូន​ខ្លួន​ឬ​ទេ?

៣១វេទនា​ដល់​ជន​បែប​នេះ ព្រោះ​ជន​នេះ​ពុំ​បាន​ប្រុងប្រៀប​ខ្លួន​ទេ ឯ​ពេល​វេលា​នៅ​ជិត​ដៃ​បង្កើយ​ថា ជន​នោះ​ត្រូវ​តែ​ប្រែចិត្ត បើ​ពុំ​នោះ​សោត​ទេ គេ​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ!

៣២មែន​ហើយ គឺ​វេទនា​ដល់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ចូរ​ប្រែចិត្ត​ចុះ ចូរ​ប្រែចិត្ត​ចុះ ត្បិត​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​បន្ទូល​ថា​ដូច្នោះ!

៣៣មើល​ចុះ ទ្រង់​បាន​អញ្ជើញ​មនុស្ស​លោក​ទាំង​អស់ ត្បិត​ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក​រក​គេ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក។

៣៤មែន​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​មក​រក​យើង​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត មែន​ហើយ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល​ទាន ហើយ​ផឹក នូវ​នំប៉័ង និង​ទឹក​នៃ​ជីវិត​តាម​ចិត្ត

៣៥មែន​ហើយ ចូរ​មក​រក​យើង ហើយ​នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ឡើយ —

៣៦ត្បិត​មើល​ចុះ ពេល​វេលា​នៅ​ជិត​ដៃ​បង្កើយ​ថា អស់​អ្នក​ណា​ដែល​ពុំ​បាន​នាំ​មក​នូវ​ផល​ល្អ ឬ​ក៏​អស់​អ្នក​ណា​ដែល​ពុំ​បាន​ធ្វើ​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត ជន​នោះ​ហើយ​ដែល​នឹង​មាន​ហេតុ​ទួញ​សោក។

៣៧ឱ​អ្នក​រាល់​គ្នា ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ អ្នក​រាល់​គ្នា​ដែល​អួត​ខ្លួន​ចំពោះ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ អ្នក​រាល់​គ្នា​ដែល​អះអាង​ថា ខ្លួន​ដឹង​នូវ​ផ្លូវ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត ប៉ុន្តែ​បាន​ដើរ​វង្វេង​ផ្លូវ បីដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ទោះ​បី​អ្នក​គង្វាល​បាន​ស្រែកហៅ ហើយ​នៅ​តែ​ស្រែកហៅ​ក៏​ដោយ គង់តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់​តាម​សំឡេង​លោក​ដែរ!

៣៨មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​គង្វាល​ល្អ​នឹង​ស្រែកហៅ​អ្នក មែន​ហើយ គឺ​ដោយ​នូវ​ឈ្មោះ​របស់​លោក​ផ្ទាល់​ដែល​លោក​នឹង​ហៅ​អ្នក គឺជា​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ចំពោះ​ឈ្មោះ​ដែល​អ្នក​រាល់​គ្នា នឹង​ត្រូវ​បាន​ហៅ​នោះ​ទេ មើល​ចុះ អ្នក​រាល់​គ្នា​ពុំ​មែន​ជា​ចៀម​នៃ​អ្នក​គង្វាល​ល្អ​ឡើយ។

៣៩ហើយ​ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​មែន​ជា​ចៀម​នៃ​អ្នក​គង្វាល​ល្អ​ទេ តើ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រោល​ណា? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អារក្ស​គឺជា​អ្នក​គង្វាល​របស់​អ្នក​វិញ ហើយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ក្រោល​របស់​វា ហើយ​ឥឡូវ​នេះ តើ​អ្នក​ណា​អាច​បដិសេធ​ការណ៍​នេះ​បាន​ឬ? មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អស់​អ្នក​ណា​ដែល​បដិសេធ​រឿង​នេះ គឺជា​ជន​ភូត​កុហក ហើយ​ជា​កូន​អារក្ស​វិញ។

៤០ត្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្វី​ក៏​ដោយ ដែល​ល្អ​ចេញ​មក​ពី​ព្រះ ហើយ​អ្វី​ក៏​ដោយ ដែល​អាក្រក់​ចេញ​មក​ពី​អារក្ស។

៤១ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​មនុស្ស​ណា​ម្នាក់​ដែល​នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​ដែល​ល្អ គេ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​គេ​នឹង​ដើរ​តាម​លោក ប៉ុន្តែ​អស់​អ្នក​ណា​ដែល​នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​ដែល​អាក្រក់ ជន​នោះ​ក្លាយ​ទៅ​ជា​កូន​អារក្ស​វិញ ព្រោះ​គេ​ប្រុង​ស្ដាប់​តាម​សំឡេង​របស់​វា ហើយ​ដើរ​តាម​វា​ផង។

៤២ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​យ៉ាង​នេះ ត្រូវ​តែ​ទទួល​ឈ្នួល​ពី​វា ហេតុ​ដូច្នេះ​ហើយ ឯ​ឈ្នួល​នៃ​ជន​នោះ គឺ​សេចក្ដី​ស្លាប់ គឺ​ចំពោះ​អ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត ដោយ​ស្លាប់​ចំពោះ​ការ​ល្អ​គ្រប់​យ៉ាង។

៤៣ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្ដាប់​ខ្ញុំ ត្បិត​ខ្ញុំ​និយាយ​នៅ​ក្នុង​ថាមពល​នៃ​ព្រលឹង​របស់​ខ្ញុំ ត្បិត​មើល​ចុះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​យ៉ាង​ជាក់​ច្បាស់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ភាន់ច្រឡំ ឬ​ក៏​ថា ខ្ញុំ​បាន​និយាយ​នេះ តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​វិញ។

៤៤ព្រោះ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​និយាយ​បែប​នេះ តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ មែន​ហើយ គឺ​ខ្ញុំ​ត្រូវ​បាន​បញ្ជា​ឲ្យ​ឈរ​ឡើង ហើយ​ធ្វើ​បន្ទាល់​ដល់​ប្រជាជន​នេះ នូវ​អ្វីៗ​ដែល​ពួក​អយ្យកោ​របស់​យើង​បាន​និយាយ អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង។

៤៥ហើយ​នេះ នៅ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ។ តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំង​នេះ ដោយ​ខ្លួន​ឯង​ឬ​អី? មើល​ចុះ ខ្ញុំ​សូម​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដឹង​រឿង​ដែល​ខ្ញុំ​បាន​និយាយ​ទាំង​អំបាលម៉ាន​នេះ​ថា​ជា​រឿង​ពិត។ ហើយ​តើ​អ្នក​រាល់​គ្នា​គិត ស្មាន​ថា ខ្ញុំ​ដឹង​រឿង​ទាំង​នោះ​យ៉ាង​ប្រាកដ​ដូច​ម្ដេច​ដែរ?

៤៦មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា រឿង​ទាំង​នោះ​គឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​ទ្រង់​បាន​ប្រាប់​ដល់​ខ្ញុំ។ មើល​ចុះ ខ្ញុំ​បាន​តម​អាហារ ហើយ​បាន​អធិស្ឋាន​ជាច្រើន​ថ្ងៃ ដើម្បី​ខ្ញុំ​អាច​ដឹង​នូវ​រឿង​ទាំង​នេះ​ដោយ​ខ្លួន​ខ្ញុំ។ ហើយ​ឥឡូវ​នេះ ខ្ញុំ​ដឹង​រឿង​ទាំង​នោះ​ដោយ​ខ្លួន​ខ្ញុំ ថា​ជា​រឿង​ពិត ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​បាន​សម្ដែង​ប្រាប់​ខ្ញុំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ហើយ​នេះ​គឺជា​វិញ្ញាណ​នៃ​វិវរណៈ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ។

៤៧ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា វិញ្ញាណ​នេះ​ទើប​តែ​សម្ដែង​ប្រាប់​ដល់​ខ្ញុំ​ថា ពាក្យ​ទាំង​ឡាយ​ដែល​ពួក​អយ្យកោ​យើង​បាន​និយាយ គឺជា​ពាក្យ​ពិត គឺ​ដូច​ជា​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ ដែល​មាន​នៅ​ក្នុង​ខ្លួន​ខ្ញុំ ក៏​បាន​បង្ហាញ​ដោយ​សារ​ការ​បើក​សម្ដែង នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដែរ។

៤៨ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​អ្វី​ដែល​នឹង​កើត​ឡើង នោះ​គឺជា​រឿង​ពិត​ដែរ ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខ្ញុំ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក មែន​ហើយ ព្រះ​រាជ​បុត្រា ដែល​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ​វរបិតា ពោរពេញ​ទៅ​ដោយ​ព្រះ​គុណ និង​សេចក្ដី​មេត្តាករុណា និង​សេចក្ដី​ពិត។ ហើយ​មើល​ចុះ គឺ​ព្រះ​អង្គ​នេះ​ហើយ​ដែល​នឹង​យាង​មក ដើម្បី​យក​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក មែន​ហើយ គឺ​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​គ្រប់​រូប ដែល​ជឿ​យ៉ាង​ខ្ជាប់​ខ្ជួន​ដល់​ព្រះ​នាម​របស់​ទ្រង់។

៤៩ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា នេះ​គឺ​តំណែង​ដែល​ខ្ញុំ​បាន​ទទួល មែន​ហើយ គឺ​ដើម្បី​ផ្សាយ​ប្រាប់​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ មែន​ហើយ និង​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ផែនដី​នេះ មែន​ហើយ គឺ​ដើម្បី​ផ្សាយ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ ទាំង​ចាស់​ទាំង​ក្មេង ទាំង​បាវ​បម្រើ​គេ​ទាំង​អ្នក​សេរី មែន​ហើយ ខ្ញុំ​សូម​ប្រាប់​ដល់​មនុស្ស​ចាស់ និង​មនុស្ស​វ័យ​កណ្ដាល និង​ជំនាន់​ដែល​កំពុង​ពេញវ័យ​ផង មែន​ហើយ ដើម្បី​ស្រែក​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​តែ​ប្រែចិត្ត ហើយ​កើត​ម្ដង​ទៀត។

៥០មែន​ហើយ ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ឱ​អស់​អ្នក​ដែល​នៅ​ចុង​ផែនដី​អើយ ត្បិត​នគរ​ស្ថានសួគ៌​នៅ​ជិត​ដៃ​បង្កើយ មែន​ហើយ ព្រះ​រាជ​បុត្រា​នៃ​ព្រះ ទ្រង់​នឹង​យាង​មក​ក្នុង​សិរី​ល្អ​របស់​ទ្រង់​ក្នុង​ឥទ្ធិ​ឫទ្ធិ​ឫទ្ធានុភាព ព្រះ​ចេស្ដា និង​ក្នុង​អំណាច​របស់​ទ្រង់។ មែន​ហើយ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ព្រះ​វិញ្ញាណ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ មើល​ន៏ សិរី​ល្អ​នៃ​មហាក្សត្រ​នៃ​អស់​ទាំង​ផែនដី និង​មហាក្សត្រ​នៃ​ស្ថានសួគ៌​ផង នឹង​មក​ចែងចាំង​ជា​ឆាប់ៗ​ក្នុង​ចំណោម​កូន​ចៅ​មនុស្ស​លោក​ទាំង​អស់។

៥១ហើយ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ មែន​ហើយ ទ្រង់​បាន​ស្រែក​ប្រាប់​ខ្ញុំ ដោយ​ព្រះ​សូរសៀង​ដ៏​ឥទ្ធិ​ឫទ្ធិ​ថា ៖ ចូរ​អ្នក​ធ្វើ​ដំណើរ​ទៅ​មុខ ហើយ​ប្រាប់​ប្រជាជន​ទាំង​នេះ​ថា ៖ ចូរ​ប្រែចិត្ត​ចុះ ត្បិត​លើក​លែង​តែ​អ្នក​រាល់​គ្នា​ប្រែចិត្ត នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​នគរ​ស្ថានសួគ៌​ជា​មរតក​ឡើយ។

៥២ហើយ​មួយ​ទៀត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ មើល​ចុះ ពូថៅ​បាន​ទុក​នៅ​ក្បែរ​គល់​ឈើ ហេតុ​ដូច្នេះ​ហើយ ដើម​ណា​ដែល​ពុំ​ផ្ដល់​នូវ​ផ្លែ​ល្អ នោះ​នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង មែន​ហើយ គឺជា​ភ្លើង​មួយ​ដែល​ពុំ​ចេះឆេះ​អស់ គឺជា​ភ្លើង​ដែល​ពន្លត់​មិន​បាន។ មើល​ចុះ ហើយ​ចូរ​ចងចាំ​ថា ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៥៣ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​សួរ​គ្នា​ថា តើ​អ្នក​អាច​ទ្រាំទ្រ​នឹង​ពាក្យ​ទាំង​នេះ​បាន​ឬ មែន​ហើយ តើ​អ្នក​រាល់​គ្នា​អាច​ទុក​រឿង​ទាំង​នេះ​មួយ​អន្លើ ហើយ​ជាន់​ឈ្លី​ព្រះ​ដ៏​បរិសុទ្ធ នៅ​ខាង​ក្រោម​ជើង​ខ្លួន​បាន​ឬ មែន​ហើយ តើ​អ្នក​រាល់​គ្នា​អាច អួត​ខ្លួន ដោយ​នូវ​ការ​ឆ្មើងឆ្មៃ​ក្នុង​ចិត្ត​បាន​ឬ មែន​ហើយ តើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រឹង​ពាក់​នូវ​ប្រដាប់​ស្លៀកពាក់​ដ៏​មាន​តម្លៃ​ត​ទៅ ហើយ​ភ្ជាប់ ចិត្ត​អ្នក​ទៅ​លើ​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ប្រយោជន៍​នៃ​លោកិយ ហើយ​ទៅ​លើ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ឬ?

៥៤មែន​ហើយ តើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រឹង​ស្មាន​ថា ខ្លួន​គ្រាន់បើ​ជាង​អ្នក​ឯ​ទៀត​ឬ មែន​ហើយ តើ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រឹង​ក្នុង​ការ​បៀតបៀន​បង​ប្អូន​របស់​ខ្លួន ដែល​បាន​បន្ទាប​ខ្លួន ហើយ​ដើរ​តាម​របៀប​ដ៏​បរិសុទ្ធ​នៃ​ព្រះ ដោយ​ហេតុ​នេះ​ហើយ​ដែល​ពួក​គេ​ត្រូវ​បាន​នាំ​មក​ក្នុង​សាសនាចក្រ​នេះ គឺ​ដោយ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​គេ​បាន​នាំ​មក​នូវ​កិច្ចការ​ទាំង​ឡាយ​ដែល​គ្រប់​គ្រាន់​ដល់​ការ​ប្រែចិត្ត —

៥៥មែន​ហើយ តើ​អ្នក​រាល់​គ្នា​នៅ​តែ​រឹងរូស បែរខ្នង​ដាក់​អ្នក​ក្រីក្រ និង​អ្នក​ខ្វះ​ខាត ហើយ​ឱប​ក្រសោប​ទ្រព្យសម្បត្តិ​របស់​ខ្លួន​មិន​ឲ្យ​ធ្លាក់​ដល់​អ្នក​ទាំង​នោះ​ឬ​អី?

៥៦ហើយ​ជាទី​បញ្ចប់ អស់​អ្នក​ដែល​ប្រឹង​នៅ​ក្នុង​អំពើ​ទុច្ចរិត ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​នេះ​ហើយ​ដែល​នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង លើក​លែង​តែ​ពួក​គេ​ប្រែចិត្ត​ឲ្យ​បាន​ទាន់​រហ័ស។

៥៧ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ៖ អស់​អ្នក​ណា​ដែល​ប្រាថ្នា​ចង់​ធ្វើ​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ចូរ​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ទុច្ចរិត​មក ហើយ​ញែក​ខ្លួន ហើយ​ចូរ​កុំ​ប៉ះពាល់​ដល់​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ស្អា​ត​របស់​ពួក​នោះ​ឡើយ ហើយ​មើល​ចុះ ឈ្មោះ​របស់​ពួក​នោះ​នឹង​ត្រូវ​លុប​ចេញ ដើម្បី​កុំ​ឲ្យ​ឈ្មោះ​របស់​ពួក​ទុច្ចរិត​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ឈ្មោះ​នៃ​ពួក​សុចរិត​ឡើយ ដើម្បី​ឲ្យ​ព្រះ​បន្ទូល​នៃ​ព្រះ​បាន​បំពេញ​ដែល​មាន​ព្រះ​បន្ទូល​ថា ៖ ឈ្មោះ​នៃ​ពួក​ទុច្ចរិត​នឹង​ពុំ​ត្រូវ​លាយឡំ​ជាមួយ​នឹង​ឈ្មោះ​នៃ​រាស្ត្រ​របស់​យើង​ឡើយ។

៥៨ត្បិត​ឈ្មោះ​នៃ​ពួក​សុចរិត នឹង​ត្រូវ​បាន​កត់​នៅ​ក្នុង​សៀវភៅ​ជីវិត ហើយ​យើង​នឹង​ប្រទាន​ដល់​ពួក​គេ​នូវ​មរតក​ឲ្យ​នៅ​ខាង​ស្ដាំ​ដៃ​របស់​យើង។ ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ តើ​អ្នក​រាល់​គ្នា​អាច​និយាយ​អ្វី​ទាស់​នឹង​ការណ៍​នេះ​បាន​ឬ? ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​និយាយ​ទាស់​នឹង​ព្រះ​បន្ទូល​ទាំង​នេះ ក៏​មិន​ជា​ការណ៍​អ្វី​ដែរ ត្បិត​ព្រះ​បន្ទូល​នៃ​ព្រះ​ត្រូវ​តែ​បាន​បំពេញ។

៥៩ត្បិត​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​គង្វាល​ណាមួយ ដែល​មាន​ចៀម​ច្រើន ហើយ​ពុំ​បាន​មើល​ចៀម​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​ចចក​ចូល​មក​ស៊ី​ចៀម​របស់​ខ្លួន? ហើយ​មើល​ចុះ បើ​សិន​ជា​ចចក​ណា​ចូល​មក​ក្នុង​ហ្វូង​ចៀម​ខ្លួន តើ​អ្នក​គង្វាល​ពុំ​ដេញ​វា​ចេញ​ទេ​ឬ​អី? មែន​ហើយ ទីបំផុត បើ​សិន​ជា​អ្នក​នោះ​អាច​ធ្វើ​បាន នោះ​គាត់​នឹង​បំផ្លាញ​ចចក​នោះ​ចោល។

៦០ហើយ​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​គង្វាល​ល្អ​នឹង​ហៅរក​អ្នក ហើយ​បើ​សិន​ជា​អ្នក​ស្ដាប់​តាម​សំឡេង​លោក នោះ​លោក​នឹង​នាំ​អ្នក​ចូល​ក្នុង​ក្រោល​របស់​លោក ហើយ​អ្នក​រាល់​គ្នា​គឺជា​ចៀម​របស់​លោក ហើយ​លោក​នឹង​បញ្ជា​អ្នក​ថា អ្នក​មិន​ត្រូវ​ទ្រាំ​ឲ្យ​ចចក​ល្មោភ ស៊ី ចូល​មក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​បង់។

៦១ហើយ​ឥឡូវ​នេះ ខ្ញុំ អាលម៉ា សូម​បញ្ជា​ដល់​អ្នក​ក្នុង​ភាសា​របស់​ព្រះ​អង្គ ដែល​បាន​បញ្ជា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​អ្នក។

៦២ខ្ញុំ​និយាយ​ជា​ការ​បញ្ជា​ដល់​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ ហើយ​ដល់​អស់​អ្នក​ណា​ដែល​ពុំ​នៅ​ក្នុង​សាសនាចក្រ​នេះ​ទេ នោះ​ខ្ញុំ​និយាយ​ជា​ការ​អញ្ជើញ​ថា ៖ ចូរ​មក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចំពោះ​ការ​ប្រែចិត្ត​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ទៅ​ជា​ពួក​អ្នក​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត​ដែរ៕