២០២០
របៀប​ដែល​ខ្ញុំ​បាន​រកឃើញ​ការព្យាបាល​ពី​ការរំលោភ​បំពាន​ផ្លូវ​ភេទ
ខែ តុលា ឆ្នាំ ២០២០


របៀប​ដែល​ខ្ញុំ​បាន​រកឃើញ​ការព្យាបាល​ពី​ការរំលោភ​បំពាន​ផ្លូវ​ភេទ

ខ្ញុំ​បាន​រស់នៅ​ក្នុង​សុបិន​ដ៏​អាក្រក់​មួយ ។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​រៀន​ថា អំឡុង​គ្រា​ដ៏​ងងឹត​បំផុត​របស់​ខ្ញុំ ខ្ញុំ​អាច​ពឹងផ្អែក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

រូបភាព
silhouette of girl

រូបថត​មក​ពី Getty Images បាន​ប្រើ​សម្រាប់​គោលបំណង​ជា​ឧទាហរណ៍ បង្ហាញ​ដោយ​គំរូ

សុបិន​អាក្រក់​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម ពេល​ខ្ញុំ​ទើបតែ​មាន​អាយុ​ប្រាំពីរ​ឆ្នាំ ហើយ​ម្ដាយ​ខ្ញុំ​បាន​រៀបការ​ម្ដង​ទៀត ។ យើង​ពិតជា​ចូលចិត្ត​ឪពុក​ចុង​ថ្មី​របស់​ខ្ញុំ ។ គាត់​មាន​សន្តាន​ចិត្ត​ល្អ ហើយចុះ​សម្រុង​នឹង​គ្រួសារ​យើង​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថភាព​ណាស់​ពេល​នៅ​ក្បែរ​គាត់ ។ អ្វីៗ​គ្រប់យ៉ាង​គឺ​ល្អ​ណាស់ រហូត​ដល់​ថ្ងៃ​មួយ ពេល​ដែល​សមាជិក​គ្រួសារ​គ្រប់​គ្នា​ផ្សេងទៀត​រវល់ គាត់​បាន​រំលោភ​ខ្ញុំ ។

ខ្ញុំ​មិន​យល់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំ​នោះទេ ។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច ភាន់​ច្រឡំ ហើយ​អាម៉ាស់​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​ការបារម្ភ​នឹង​ប្រាប់​គ្រប់គ្នា​ផងដែរ ។ ខ្ញុំ​បាន​គិត​ថា វា​នឹង​បំផ្លាញ​សុភមង្គល​ថ្មី​របស់​គ្រួសារ​ខ្ញុំ ហើយ​ថា​នឹង​គ្មាន​នរណា​ជឿ​ខ្ញុំ​ឡើយ ។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​និយាយ​ពី​វា ។

គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​តែ​ម្ដង​នោះ តែ​ការចងចាំ​ពី​ការរំលោភ​ងតែ​មាន​ឥទ្ធិពល​លើ​គំនិត​ខ្ញុំ ។ ទីបំផុត ខ្ញុំ​បាន​ក្លាយ​ជា​មនុស្ស​ដែល​មាន​គំនិត​ចេះ​តែ​ភ័យ​ខ្លាច​ថា នរណា​ម្នាក់​នឹង​មើល​ឃើញ​ពី​ការឈឺចាប់​របស់​ខ្ញុំ ហើយ​លាត​ត្រដាង​ការសម្ងាត់​របស់​ខ្ញុំ រហូត​ដល់​ខ្ញុំ​បាន​ព្យាយាម​លាក់​ការពិត​ដោយ​ការធ្វើ​ជា​មិត្តល្អ​ជា​មួយ​ឪពុក​ចុង​ខ្ញុំ​ទៀត​ផង ។ គាត់​មាន​សន្តាន​ចិត្ត​ល្អ​ជា​ពិសេស​ចំពោះ​ខ្ញុំ ហើយ​តាមពិត​ទៅ​ខ្ញុំ​បាន​ចាប់ផ្ដើម​ចូលចិត្ត​គាត់​ម្ដង​ទៀត ។

ប៉ុន្តែ​បន្ទាប់​មក​អ្វីៗ​ក្លាយ​កាន់តែ​អាក្រក់​ឡើង ។ ពេល​ម៉ាក់​បាន​ចាប់ផ្ដើម​ធ្វើការ​ពេលយប់ ឪពុក​ចុង​ខ្ញុំ​បាន​ចាប់ផ្ដើម​រំលោភ​ខ្ញុំ​ជា​ប្រចាំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​គ្មាន​ទីពឹងង​សោះ ។ ខ្ញុំ​ចង់​ប្រាប់​ពី​វា ប៉ុន្តែ​គ្រប់គ្នា​ចូលចិត្ត​ឪពុក​ចុង​ខ្ញុំ​ណាស់ ហើយ​ខ្ញុំ​បាន​គិត​ថា គ្រប់គ្នា​នឹង​នៅ​ខាង​គាត់ ។ ដូច្នេះ​នៅ​ពេល​យប់ ពេល​ខ្ញុំ​នៅ​តែ​ឯង ខ្ញុំ​បាន​ទូល​អង្វរ​ព្រះ​ឲ្យ​ជួយ​ខ្ញុំ​រក្សា​រឿង​សម្ងាត់​របស់​ខ្ញុំ ។

ត្រូវ​ហ៊ាន​និយាយ

នៅ​ទីបំផុត​ថ្ងៃណាមួយ ការរំលោភ​បំពាន​នោះ​ត្រូវ​បាន​បញ្ឈប់ ។ ខ្ញុំ​មិន​ដឹង​ថា​ហេតុអ្វី​នោះ​ទេ ។ ទោះបី​ជា​គាត់​មិន​បាន​រំលោភ​ខ្ញុំ​ទៀត ក៏​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​កខ្វក់ ហើយ​អាម៉ាស់ ។ ខ្ញុំ​បាន​ស្អប់​ខ្លួនឯង ។ ពេលខ្លះ​ខ្ញុំ​ថែមទាំងបាន​វែកញែក​ថា បើ​ការស្លាប់​វា​ងាយ​ស្រួល​ជាង​ភាពពិត​របស់​ខ្ញុំ​ឬទេ ។ ខ្ញុំ​នៅតែ​ចង់​ប្រាប់​ពី​វា ប៉ុន្តែ​ខ្ញុំ​បារម្ភ​ពី​អ្វី​ដែល​នឹង​កើត​ឡើង​បើ​ខ្ញុំ​ប្រាប់​ការពិត​នោះ ។

បន្ទាប់​មក នៅ​ថ្ងៃ​អាទិត្យ​មួយ​នៅ​ព្រះវិហារ ពេល​ខ្ញុំ​អាយុ ១៤ ឆ្នាំ ខ្ញុំ​បាន​ស្ដាប់​ដល់​មេរៀន​មួយ​អំពី​ការធ្វើ​ការសម្រេច​ចិត្ត​ដ៏​ធំ​ទាំងឡាយ ។ គ្រូ​របស់​ខ្ញុំ​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​តម​អាហារ ហើយ​អធិស្ឋាន និង​បាន​សន្យា​ថា ព្រះ​នឹង​ពង្រឹង​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ បន្ទាប់​ពី​ចេញ​ពី​ព្រះវិហារ ខ្ញុំ​បាន​បន្ត​គិត​អំពី​អ្វី​ដែល​គាត់​បាន​និយាយ ។ ខ្ញុំ​ឆ្ងល់​ថា បើ​ខ្ញុំ​ទូលសូម តើ​ព្រះ​នឹង​ពិត​ជា​ជួយ​ខ្ញុំ​ឲ្យ​និយាយ​ប្រាប់​ដែរ​ឬ​ទេ ?

ស្អែក​ឡើង ខ្ញុំ​បាន​តម​អាហារ​ដើម្បី​ទទួល​បាន​ភាពក្លាហាន​ដើម្បី​ប្រាប់​ម្ដាយ​ខ្ញុំ អំពី​ការរំលោភ​បំពាន​នោះ ។ ខ្ញុំ​មិន​អាច​ផ្ដោត​អារម្មណ៍​នៅ​សាលា​ទេ ដោយសារ​អ្វី​ដែល​ខ្ញុំ​អាច​គិត​ឃើញ គឺ​ថា​តើ​គាត់​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា ? ទម្រាំ​ដល់​ពេល​ខ្ញុំ​មក​ដល់​ផ្ទះ ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ខ្លាំង​មែនទែន ។ ខ្ញុំ​បាន​អធិស្ឋាន​ម្ដង​ទៀត​ដើម្បី​បាន​កម្លាំង ប៉ុន្តែ​ខ្ញុំ​ពុំ​មាន​អារម្មណ៍​ថា​បាន​ត្រៀម​រួចរាល់​ដើម្បី​ប្រាប់​គាត់​ទេ ។

នៅ​ល្ងាច​នោះ ខ្ញុំ​បាន​ទៅកាន់​ម្ដាយ​ខ្ញុំ​ពេល​គាត់​កំពុង​ចម្អិន​អាហារ​ពេល​ល្ងាច ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​សម្លឹង​ទៅក្នុង​ក្រសែ​ភ្នែក​គាត់ ខ្ញុំ​បាន​រកឃើញ​ភាពក្លាហាន​ដើម្បី​ចាប់ផ្ដើម​និយាយ ។ ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​លាក់ទុក​អស់​ជា​ច្រើន​ឆ្នាំ​បាន​ហូរ​ចេញ​មក​អស់ ។

ម៉ាក់ និង​ខ្ញុំ​បាន​អង្គុយ​នៅលើ​សាឡុង ហើយ​យំ​ជាមួយ​គ្នា ។ ក្រោយពី​នោះ​មក យើង​បាន​ទាក់ទង​ទៅ​ប្រធាន​សាខា​របស់​យើង ហើយ​បាន​ហៅ​ប៉ូលីស ។ ឪពុក​ចុង​ខ្ញុំ​បាន​ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទទួល​ការការពារ​ដែល​ខ្ញុំ​ត្រូវការ—ខ្ញុំ​នឹង​មិន​បាច់​ជួប​គាត់​ម្ដង​ទៀត​ទេ ។

រូបភាព
actor portraying Jesus

ផ្លូវ​ទៅ​កាន់​ការជា​សះស្បើយ

អំឡុង​ពេល​នោះ វា​ពិបាក​ក្នុង​ការប្រាប់​ឡើងវិញ​ពី​បទពិសោធន៍​របស់​ខ្ញុំ​ដល់​អ្នក​មាន​សិទ្ធិអំណាច និង​ការមាន​មិត្តភក្ដិ​សួរ​ថា ឪពុក​ចុង​ខ្ញុំ​ទៅ​ណា ប៉ុន្តែ​ដោយ​មាន​ការគាំទ្រ​ពី​គ្រួសារ​ខ្ញុំ ខ្ញុំ​មិន​ឯកោ​ទៀត​ទេ ។ ជាមួយ​គ្នា យើង​បាន​ប្រមូល​គ្នា​ប្រកាន់​នូវ​បាវចនា​គ្រួសារ​ថ្មី​មួយ « ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ » ( ភីលីព ៤:១៣ ) ។ គ្រួសារ​ជិត​ឆ្ងាយ​យើង​ក៏​បាន​ផ្ដល់​ក្ដីស្រឡាញ់ និង​ការគាំទ្រ​របស់​ពួកគេ​ផងដែរ ហើយ​បន្តិច​ម្តងៗ យើង​បាន​ចាប់ផ្ដើម​ជា​សះស្បើយ​ជាមួយ​គ្នា ។

ម៉ាក់ និង​ខ្ញុំ យើង​ទាំង​ពីរ​បាន​ទទួល​ការប្រឹក្សា​ជំនាញ ដែល​បាន​ជួយ​យើង​ខ្លាំង​ណាស់ ! ទីប្រឹក្សា​របស់​ខ្ញុំ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ពិត​ជា​ត្រូវការ ។ គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អារម្មណ៍​ទាំងអស់​ដែល​ខ្ញុំ​បាន​មាន ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដោះស្រាយ​នឹង​ការចងចាំ​អាក្រក់ៗ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ដែល​បាន​ដឹង​ទេ​ថា ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា រហូត​ដល់​ខ្ញុំ​បាន​ចាប់ផ្ដើម​មាន​អារម្មណ៍​សះស្បើយ​ឡើងវិញ ។

ខ្ញុំ​ពុំ​បាន​គិត​ថា ការឈឺចាប់​នោះ​នឹង​បាត់​ទៅ​វិញ ដោយ​គ្រាន់តែ​ដោយសារ​ខ្ញុំ​បាន​និយាយ​ប្រាប់​នោះទេ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​ផងដែរ​ថា វា​ត្រូវការ​ពេលវេលា ( និង​ការអត់ធ្មត់ ) ច្រើន​ប៉ុណ្ណា​ដើម្បី​បាន​ជា​សះស្បើយ​នោះ ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ​អស់​រយៈពេល​យ៉ាង​យូរ ។ ខ្ញុំ​ត្រូវតែ​រៀន​ឡើងវិញ ដើម្បី​ស្រឡាញ់​ខ្លួនឯង ។

ខ្ញុំ​បាន​រកឃើញ​ភាពសុខសាន្ត​បំផុត ពេល​ខ្ញុំ​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ការដឹង​ថា ពួកទ្រង់​ពិតជា​ត្រាស់​ដឹង​ថា ខ្ញុំ​បាន​មាន​អារម្មណ៍​បែបណា បាន​ផ្តល់​នូវ​កម្លាំង និង​ក្ដីសង្ឃឹម​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​ពឹងផ្អែក​លើ​ពួក​ទ្រង់ អំឡុង​គ្រា​ដ៏​ងងឹត​បំផុត ។ យូរៗ​ទៅ ការចងចាំ​ទាំងនោះ​បាន​ចាប់​ផ្ដើម​រសាយ​ទៅ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សុខសាន្ត​តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

ផ្នែក​ដ៏​មាន​រង្វាន់​បំផុត​មួយ​នៃ​ដំណើរ​ការ​ជាសះស្បើយ គឺ​ការដឹង​ថា ខ្ញុំ​ពិតជា​មាន​អនាគត​ដ៏​ចែងចាំង​មួយ ។ ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​រំលោភ​បំពាន ខ្ញុំ​មិន​ទាំង​អាច​ស្រមៃ​ពី​ការមាន​ជីវិត​ដ៏​ធម្មតា​មួយ​ផង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ត្រូវ​បាក់បែក​រហូត ។ ប៉ុន្តែ​តាមរយៈ​ជំនួយ និង​ការជា​សះស្បើយ ខ្ញុំ​បាន​រកឃើញ​អ្វីៗ​ដែល​ខ្ញុំ​ទន្ទឹង​រង់ចាំ ។ ខ្ញុំ​បានចាប់ផ្ដើម​ប្រាប់​រឿង​ខ្ញុំ​ដល់​ក្មេង​ស្រី​ផ្សេងៗ​ទៀត ដែល​មាន​ការឈឺចាប់ ហើយ​ថែមទាំង​បាន​សម្រេច​ចិត្ត​ដើម្បី​បម្រើ​បេសកកម្ម​ទៀតផង ។ ការចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​មនុស្ស​ដទៃ​ទៀត បាន​ពង្រឹង​ខ្ញុំ ។

ខ្ញុំ​មិន​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ដោយ​អ្វី​ដែល​ឪពុក​ចុង​ខ្ញុំ​បាន​ធ្វើ​ចំពោះ​ខ្ញុំ​នោះទេ ។ គាត់​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ​ជា​រៀង​រហូត ប៉ុន្តែ​ខ្ញុំ​ជ្រើសរើស​ដើម្បី​ប្រើប្រាស់​បទពិសោធន៍​របស់​ខ្ញុំ​ដើម្បី​ជួយ​មនុស្ស​ផ្សេង​ទៀត ។ ថ្ងៃ​ខ្លះ​នៅតែ​ពិបាក ប៉ុន្តែ​តាមរយៈ​អ្វីៗ​គ្រប់យ៉ាង ព្រះអម្ចាស់​បាន​ពង្រឹង​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​បន្ត​ជួយ​ដល់​ខ្ញុំ ។ ខ្ញុំបាន​ប្រែក្លាយ​ពី​ជនរងគ្រោះ​ទៅ​ជា​អ្នករស់រាន្ត​មាន​ជីវិត​ម្នាក់ ។