២០២០
តើ​យើង​ចូលរួម​នៅក្នុង « កិច្ចការដ៏​អស្ចារ្យ » របស់​ព្រះអម្ចាស់​យ៉ាង​ដូច​ម្ដេច ?
ខែ តុលា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​យើង​ចូលរួម​នៅក្នុង « កិច្ចការដ៏​អស្ចារ្យ » របស់​ព្រះអម្ចាស់​​យ៉ាង​ដូច​ម្ដេច ?

នីហ្វៃទី៣ ២០–២៦

( ថ្ងៃទី ១២–១៨ ខែ តុលា )

រូបភាព
How do we participate in the Lords marvelous work

នៅក្នុង​ចំណោម​កិច្ចការ​ជា​ច្រើន​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពួក​សាសន៍​នីហ្វៃ ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ហើយ​បាន​បញ្ជា​ពួកគេ​ឲ្យ​សិក្សា​ព្រះគម្ពីរ និង​រក្សា​បញ្ជី​ផ្ទាល់​របស់​ពួកគេ ។ តើ​យើង​អាច​ធ្វើ​តាម​ការបង្រៀន​ទាំងនេះ នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

ចូលរួម​នឹង​កិច្ចការ​នេះ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាករ​អំពី « កិច្ចការ​ដ៏​អស្ចារ្យ » មួយ​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃ​ទី៣ ២១:៩ ) ។ កិច្ចការ​នោះ​គឺ​ជា​ការប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល ។ ប្រធាន រ័សុល អិម ណិលសុន បាន​ហៅ​ការណ៍​នេះ​ថា​ជា « កិច្ចការ​​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ » ហើយ​បាន​មាន​ប្រសាសន៍​ថា « បើ​ប្អូនៗ​ជ្រើសរើស បើ​ប្អូនៗ​ចង់​ធ្វើ ប្អូនៗអាច​ធ្វើជា​ចំណែក​ដ៏សំខាន់​ក្នុងកិច្ចការនេះ » ។

  • តើ​បងប្អូន និង​គ្រួសារ​បងប្អូនអាច​រៀន​បន្ថែម​ទៀត និង​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​​យ៉ាង​ដូចម្ដេច ?

ចូរ​ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃពួក​ព្យាការី

ព្រះអង្គ​សង្គ្រោះ​បាន​បញ្ជា​ពួក​សាសន៍​នីហ្វៃ​ឲ្យ « ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​នៃពួក​ព្យាការី » ( នីហ្វៃទី៣ ២៣:៥ ) ។ យើង​មាន​ឱកាស​ដើម្បី​ស្ដាប់​ឮ​ព្យាការី​ដែល​នៅ​រស់ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងៗ​ទៀត​នៅក្នុង​សន្និសីទ​ទូទៅ ។

  • តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​កាន់តែ​ច្រើន​ឡើង​ចេញពី​សន្និសីទ​ទូទៅ ?

  • តើ​ការ « ពិចារណា​មើល​សេចក្ដី​ព្យាករណ៍​ នៃពួក​ព្យាការី » ជួយ​យើង​នៅក្នុង​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច ?

ការ​រក្សា​បញ្ជី​មួយ

ព្រះយេស៊ូវ​បាន​បញ្ជា​ពួក​សិស្ស​សាសន៍​នីហ្វៃ​របស់​ទ្រង់ ឲ្យ​រក្សា​បញ្ជី​មួយ​អំពី​ការបង្រៀន​របស់​ទ្រង់ និង​ការព្យាករ​របស់​សាំយ៉ូអែល​ជា​សាសន៍​លេមិន ( សូមមើល នីហ្វៃទី៣ ២៣:៤, ៦–១៣ ) ។ ស្រដៀង​គ្នា​នោះ​ដែរ យើង​អាច​រក្សា​បញ្ជី​នៃ​បទពិសោធន៍​ជីវិត​របស់​យើង ដើម្បី​ជួយ​យើង និង​ដើម្បី​បង្រៀន​ដល់​មនុស្ស​ផ្សេង​ទៀត ។

  • តើ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ពី​អតីតកាល​អ្វី​ខ្លះ ដែល​បងប្អូន​ពុំ​បាន​កត់ត្រា​ទុក ?

  • តើ​បងប្អូន​អាច​កត់ត្រា​ការណ៍​ទាំងឡាយ​ដែល​ព្រះ​កំពុង​បង្រៀន​បងប្អូន​យ៉ាង​ដូចម្ដេច ?

កំណត់​ចំណាំ

  1. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) ទំព័រ ៨ គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។