២០២០
ឈរ​លើ​សិលា​នៃ​វិវរណៈ
ខែ តុលា ឆ្នាំ ២០២០


ឈរ​លើ​សិលា​នៃ​វិវរណៈ

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន « Stand Forever » ដែល​បាន​ផ្តល់​នៅ​សាកលវិទ្យា​ល័យ ព្រិកហាំ យ៉ង់ ថ្ងៃ​ទី ២២ ខែ មករា ឆ្នាំ ២០១៩ ។

ដោយ​ការចាក់​គ្រឹះ​នៅលើ​សិលា​នៃ​វិវរណៈ នោះ​យើង​អាច​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សំខាន់​បំផុត​នានា ។

រូបភាព
man standing on mountain surrounded by people yelling

រចនា​រូបភាព​ដោយ ម៉ៃឃល ហ្សីខាន

ជា​ផ្នែក​មួយ​នៃ​ការចាត់តាំង​ដែល​ខ្ញុំ​បាន​មាន ក្នុង​នាម​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ម្នាក់ កាលពី​ពីរបី​ឆ្នាំ​មុន ខ្ញុំ​បាន​អាន​ជា​ច្រើន​នូវ​ឯកសារ​ដែល​ប្រឆាំង​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្យាការី យ៉ូសែប ស៊្មីធ ព្រះគម្ពីរ​មរមន និង​ព្រឹត្តិការណ៍​នានា​នៃ​ការស្ដារ​ឡើងវិញ ។ ដោយសារ​ការចាត់តាំង​នោះ​បាន​ផ្លាស់ប្ដូរ ខ្ញុំ​ពុំ​បាន​ត្រឡប់​ទៅ​ននៀល​ក្នុង​ភក់​នោះ​ទៀត​ទេ ។

ការអាន​ឯកសារ​នោះ​តែងតែ​បន្សល់​ទុក​នូវ​អារម្មណ៍​ស្រពាប់​ស្រពោន​ដល់​ខ្ញុំ ហើយ​ថ្ងៃ​មួយ​អារម្មណ៍​នៃ​ភាពងងឹត​នោះ​បាន​បំផុស​ខ្ញុំ​ឲ្យ​សរសេរ​ការឆ្លើយ​តប​ខ្លះ​ទៅកាន់​ការអះអាង​ដែល​ប្រឆាំង​ទាំងនោះ ។ ខ្ញុំ​សូម​ចែកចាយ​គំនិត​មួយ​ចំនួន ដែល​ខ្ញុំ​បាន​កត់ត្រា​នៅ​ថ្ងៃ​នោះ ហើយ​ទោះបី​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​នោះ​សម្រាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ខ្ញុំ​មែន ខ្ញុំ​ក៏​បាន​សង្ឃឹម​ថា វា​នឹង​ជួយ​ដល់​បងប្អូន​ផងដែរ ។

តើ​យើង​នឹង​ស្ថិតស្ថេរ​រហូត​ឬ ?

ព្យាការី​ដានីយ៉ែល​បាន​និយាយ​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ « ព្រះ​នៃ​ស្ថានសួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ គឺ​នឹង​បំបាក់​បំបែក ហើយ​លេប​បំបាត់​នគរ​ទាំង​នោះ​វិញ នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » ( ដានីយ៉ែល ២:៤៤ ) ។

នគរ​នៃ​ព្រះ​នោះ​គឺជាសាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ វា​នឹង « ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » ។ សំណួរ​នោះ​គឺ​ថា តើ​បងប្អូន និង​ខ្ញុំ​ស្ថិតស្ថេរ ឬ « [ យើង ] ថយ​ទៅ​ដែរ​ឬ ? »( យ៉ូហាន ៦:៦៧ ) ។ ហើយ​បើ​យើង​ដក​ខ្លួន​ចេញ តើ​យើង​នឹង​ទៅ​ណា ?

រូបភាព
wolf in sheeps clothing

ការបោកបញ្ឆោត​គឺ​ជា​ទីសម្គាល់​មួយ​នៃ​ជំនាន់​របស់​យើង

ពេល​ព្រះអម្ចាស់​ពិពណ៌នា​អំពី​ទីសម្គាល់​ទាំងឡាយ​នៃ​ការយាង​មក​របស់​ទ្រង់ និង​ចុង​បញ្ចប់​នៃ​ផែនដី​នេះ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពី​រឿង​ជា​ច្រើន រួមទាំង​​ចំបាំង និង​ដំណឹង​ពី​ចំបាំង​ទាំងឡាយ ជាតិសាសន៍​ក្រោកឡើង​ប្រឆាំង​នឹង​ជាតិសាសន៍ អំណត់អត់ រោគរាតត្បាត រញ្ជួយ ផែនដី និង​ទីសម្គាល់​ផ្សេងៗ​ទៀត​ជា​ច្រើន រួមទាំង​មួយ​នេះ​ផងដែរ ៖ « ត្បិត​នៅ​គ្រា​នោះ [ ជំនាន់​នេះ ] នឹង​មាន​ព្រះ​គ្រីស្ទ​ក្លែងក្លាយ ហើយ​ព្យាការី​ក្លែងក្លាយ​កើត​ឡើង ហើយ​នឹង​បង្ហាញ​ទី​សម្គាល់​យ៉ាង​ធំ និង​ការ​អស្ចារ្យ ដរាប​ដល់​ពួក​គេ​អាច​បញ្ឆោត​ទាំង​ពួក​រើស​តាំង ដែល​ជា​ពួក​រើស​តាំង ស្រប​តាម​សេចក្ដី​សញ្ញា បើ​សិន​ជា​ធ្វើ​ទៅ​បាន » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២២ សូមមើល​ផងដែរ ម៉ាថាយ ២៤:២៤ ) ។

ខ្ញុំ​មិន​ប្រាកដ​ទេ​អំពី​គុណសម្បត្តិ​ទាំងអស់​ដែល​ត្រូវបាន​បរិយាយ​នោះ « ពួក​គេ​អាច​បញ្ឆោត​ទាំង​ពួក​រើស​តាំង … បើ​សិន​ជា​ធ្វើ​ទៅ​បាន » ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មានន័យ​ថា យ៉ាងហោច​ណាស់ មនុស្ស​គ្រប់គ្នា​នឹង​ប្រឈម​នឹង​ការបោក​បញ្ឆោត​នោះ​នៅក្នុង​ជំនាន់​របស់​យើង ។

មាន​មនុស្ស​ជា​ច្រើន​ដែល​បោក​បញ្ឆោត ហើយ​វិសាលគម​នៃ​ការបោក​បញ្ឆោត​គឺ​ទូលំទូលាយ​ណាស់ ។ វិសាលគម​មួយ​ដែល​យើង​ជួប ជា​ពួក​អ្នក​ដែល​វាយ​ប្រហារ​លើ​ការស្ដារ​ឡើងវិញ ព្យាការី យ៉ូសែប ស៊្មីធ និង​ព្រះគម្ពីរ​មរមន ។ មួយ​ប្រភេទ​ទៀត យើង​ឃើញ​ពួកអ្នក​ដែល​ជឿ​លើ​ការស្ដារ​ឡើងវិញ ប៉ុន្តែ​អះអាង​ថា សាសនាចក្រ​នៅ​ខ្វះ​ចន្លោះ ហើយ​ក៏​បាន​វង្វេង​ទៅ ។ អ្នក​ផ្សេងទៀត​អះអាង​ថា​ជឿ​លើ​ការស្ដារ​ឡើងវិញ ប៉ុន្តែ​ស្រងាក​ចិត្ត​នឹង​គោលលទ្ធិ​ដែល​មិន​ត្រូវ​នឹង​ឥរិយាបថ​កំពុង​ផ្លាស់ប្តូរ​នៃ​ជំនាន់​របស់​យើង ។ មនុស្ស​ខ្លះ​មិន​មាន​សិទ្ធិ​អំណាច​ទេ តែ​បាន​អះអាង​ថា​បាន​ឃើញ​ការនិមិត្ត សុបិន និង​មាន​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាសនាចក្រ​ដែល​ពិត ដែល​ដឹកនាំ​យើង​ទៅកាន់​ផ្លូវ​ដែល​កាន់តែ​ខ្ពង់ខ្ពស់ ឬ​រៀបចំ​សាសនាចក្រ​សម្រាប់​ទីបញ្ចប់​នៃ​លោកិយ​នេះ ។ មនុស្ស​ផ្សេងទៀត​ត្រូវបាន​បោក​បញ្ឆោត​ដោយ​វិញ្ញាណ​ក្លែងក្លាយ ។

នៅ​វិសាលគម​ផ្សេងទៀត យើង​មក​ដល់​សកលលោក​ទាំងមូល​ដែល​ពោរពេញ​ដោយ​ការរំខាន ។ មិន​ដែល​មាន​ពេល​ណា​ដែល​យើង​មាន​ព័ត៌មាន​ច្រើន​យ៉ាង​នេះ​ទេ ទាំង​ព័ត៌មានមិន​ពិត និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទំនិញ គ្រឿងកម្សាន្ត និង​ល្បែង​កាន់តែ​ច្រើន ហើយ​កាន់តែ​មាន​ជម្រើស​ច្រើន កន្លែង​កាន់តែ​ច្រើន​ដើម្បី​ទៅ ព្រមទាំង​អ្វីៗ​ដើម្បី​ទស្សនា និង​ធ្វើ​កាន់តែ​ច្រើន ដើម្បី​ប្រើ​ពេលវេលា និង​ទាញ​ការយកចិត្ត​ទុកដាក់​ពី​អ្វី​ដែល​សំខាន់​បំផុត ។ អ្វីៗ​ទាំងអស់​នោះ និង​ជា​ច្រើន​ទៀត ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ទូទាំង​ពិភពលោក តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិច ។ នេះ​គឺជា​ជំនាន់​នៃ​ការបោក​បញ្ឆោត ។

ការចេះដឹង​គឺ​ចាំបាច់​ណាស់

សេចក្ដីពិត​ធ្វើ​ឲ្យ​យើង​ឃើញ​កាន់តែ​ច្បាស់ ដោយសារ​វា​គឺ​ជា « ការ​ចេះ​ដឹង​អំពី​ការណ៍​ទាំង​ឡាយ​ដែល​មាន​នៅ​ពេល​នេះ និង​ការណ៍​ទាំង​ឡាយ​ដែល​មាន​មក​ហើយ ហើយ​និង​ការណ៍​ទាំង​ឡាយ​ដែល​នឹង​មាន​នៅ​ខាង​មុខ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។ ការចេះដឹង​គឺ​ចាំបាច់​ណាស់ ដើម្បី​ចៀសវាង​ពី​ការបោក​បញ្ឆោត ដើម្បី​ញែក​ចេញ​រវាង​សេចក្ដីពិត និង​កំហុស និង​ដើម្បី​មើល​ឃើញ​កាន់តែ​ច្បាស់ ហើយ​រកឃើញ​វិធី​ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​នានា​នៅ​ក្នុង​ជំនាន់​របស់​យើង ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា ៖ « ការចេះដឹង​គឺ​ចាំបាច់​ដល់​ជីវិត និង​ការគោរពព្រះ ។ … ការចេះដឹង​គឺ​ជា​វិវរណៈ ។ សូម​ស្ដាប់​តាម … គន្លឹះ​ដ៏​មហិមា​នេះ ៖ ការចេះដឹង​គឺជា​អំណាច​នៃ​ព្រះ​ឈាន​ទៅ​រក​សេចក្ដី​សង្គ្រោះ » ។

មនុស្ស​និយាយ​ថា « អ្នក​គួរតែ​ស្មោះត្រង់​ចំពោះ​​ជំនឿ​របស់​អ្នក » ។ ខណៈ​ដែល​វា​ជា​ការពិត បងប្អូន​ពុំ​អាច​បាន​ប្រសើរ​ជាង​អ្វី​ដែល​បងប្អូន​បាន​ដឹង​នោះ​ទេ ។ ពួក​យើង​ភាគច្រើន​បំផុត ធ្វើសកម្មភាព​ដោយ​ផ្អែក​ទៅ​លើ​ជំនឿ​របស់​យើង ជា​ពិសេស​អ្វី​ដែល​យើង​ជឿ​ថា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ។ បញ្ហា​នោះ​គឺ​ថា ពេលខ្លះ​យើង​ខុស ។

មនុស្ស​ខ្លះ​អាច​នឹង​ជឿ​លើ​ព្រះ ហើយ​ថា​រឿង​អាគ្រាម​គឺ​ខុសឆ្គង ប៉ុន្តែ​នៅតែ​ចុច​លើ​គេហទំព័រ​អាគ្រាម ដោយ​ជឿ​ទាំង​ខុស​ថា ពួកគេ​នឹង​រីករាយ​ជាង​បើ​ពួកគេ​ធ្វើ​ដូច្នោះ ឬ​ថា​ពួកគេ​មិន​អាច​ទប់​បាន​ទេ ឬ​ថា​ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​នរណា​ផ្សេង​ទៀត​ឈឺចាប់​នោះ​ឡើយ ។ ពួកគេ​ខុស​ហើយ ។

មនុស្ស​ផ្សេង​ទៀត​អាច​នឹង​ជឿ​ថា វា​ខុស​ក្នុង​ការកុហក ប៉ុន្តែ​នៅតែ​កុហក​នៅពេល​ខ្លះ ដោយ​ជឿ​ទាំង​ខុស​ថា ពួកគេ​នឹង​មិន​អី​ទេ​បើ​មិន​មាន​នរណា​ដឹង​ការពិត​ទេ​នោះ ។ ពួកគេ​ខុស​ហើយ ។

មនុស្ស​ម្នាក់​អាច​នឹង​ជឿ ហើយ​ថែមទាំង​ដឹង​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ហើយ​នៅតែ​បដិសេធ​ទ្រង់ មិន​ត្រឹមតែ​ម្ដង​ទេ តែ​ដល់ទៅ​បី​ដង ដោយសារ​តែ​ជំនឿ​ខុស​ឆ្គង​ថា ការបំពេញ​តាម​ចិត្ត​របស់​ក្រុម​មនុស្ស​នោះ​គឺ​ប្រសើរ​ជាង ។ ពេត្រុស​មិន​មែន​អាក្រក់​ទេ ។ ខ្ញុំ​មិន​ប្រាកដ​ទេ​ថា គាត់​ទន់ខ្សោយ​នោះ ។ គាត់​ពិត​ជា​ខុស​ហើយ ។ ( សូមមើល ម៉ាថាយ ២៦:៣៤, ៦៩–៧៥ ) ។

ពេល​យើង​ប្រព្រឹត្ត​មិន​ល្អ យើង​អាច​នឹង​គិត​ថា​យើង​អាក្រក់ ពេល​ដែល​ការពិត​ទៅ យើង​គ្រាន់តែ​ខុស ។ ឧបសគ្គ​នោះ​គឺ​មិនមែន​ជា​ការបិទ​គម្លាត​រវាង​សកម្មភាព​របស់​យើង និង​ជំនឿ​របស់​យើង​នោះទេ ប៉ុន្តែ ឧបសគ្គ​នោះ​គឺ​ការបិទ​គម្លាត​រវាង​ជំនឿ​របស់​យើង និង​សេចក្ដីពិត ។

តើ​យើង​អាច​បិទ​គម្លាត​នោះ​យ៉ាង​ដូចម្ដេច ? តើ​យើង​ចៀសវាង​ពី​ការបោក​បញ្ឆោត​យ៉ាង​ដូច​ម្ដេច ?

រូបភាព
man walking up steps

សំណួរ​ចម្បង និង​សំណួរ​បន្ទាប់​បន្សំ

មាន​សំណួរ​ចម្បង និង​មាន​សំណួរ​បន្ទាប់​បន្សំ ។ សូម​ចាប់ផ្ដើម​ដោយ​ការឆ្លើយ​ដល់​សំណួរ​ចម្បង​ជាមុន ។ សំណួរ​ចម្បង​គឺ​សំខាន់​បំផុត ។ មាន​សំណួរ​ចម្បង​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​លើក​ឡើង​បួន​សំណួរ ៖

  1. តើ​មាន​ព្រះ​មួយ​អង្គ​ជា​ព្រះវរបិតា​របស់​យើង​ឬ ?

  2. តើ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គ​សង្រ្គោះ​នៃ​ពិភពលោក​ឬ ?

  3. តើ​យ៉ូសែប​ស្ម៊ីធ​ជា​ព្យាការី​ម្នាក់​ឬ ?

  4. តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគរ​ព្រះនៅ​លើ​ផែនដី​នេះ​ឬ ?

ផ្ទុយទៅវិញ សំណួរ​បន្ទាប់​បន្សំ​គឺ​មិនមាន​ទីបញ្ចប់​ទេ ។ សំណួរ​ទាំងនោះ​រួមមាន​សំណួរ​អំពី ប្រវត្តិសាស្ត្រ​សាសនាចក្រ, ពហុអាពាហ៍ពិពាហ៍, ប្រជាជន​ដើមកំណើត​អាហ្វ្រិក និង​បព្វជិតភាព, ស្ត្រី និង​បព្វជិតភាព, ការបកប្រែ​នៃ​ព្រះគម្ពីរ​មរមន, មុក្ដា​ដ៏​មានតម្លៃ​មហិមា, DNA និង​ព្រះគម្ពីរ​មរមន, អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា, ដំណើររឿង​ផ្សេងៗ​គ្នា​នៃ​ការនិមិត្ត​ដំបូង ។ល។ និង ។ល។

ប្រសិន​បើ​បងប្អូន​ឆ្លើយ​សំណួរ​ចម្បង នោះ​សំណួរ​បន្ទាប់​បន្សំ​នឹង​ត្រូវបាន​ឆ្លើយ​ផងដែរ ឬ​វា​ហាក់​មិន​សូវ​សំខាន់​ពេក​នោះ​ទេ ។ ចូរ​ឆ្លើយ​សំណួរ​ចម្បង​ទាំងឡាយ នោះ​បងប្អូន​អាច​ដោះស្រាយ​នឹង​រឿង​ដែល​បងប្អូន​យល់ និង​រឿង​ដែល​បងប្អូន​មិន​យល់ ក៏ដូចជា​រឿង​ដែល​បងប្អូន​យល់ស្រប និង​រឿង​ដែល​បងប្អូន​មិន​យល់ស្រប ដោយ​មិន​បាច់​ចាកចេញ​ពី​សាសនាចក្រ ។

វិធីសាស្ត្រ​ដ៏​ទេវភាព​នៃ​ការរៀនសូត្រ

មាន​វិធីសាស្ត្រ​នៃ​ការរៀនសូត្រ​ខុសៗ​គ្នា រួមមាន វិធីសាស្ត្រ​ខាង​វិទ្យាសាស្ត្រ ខាង​ការវិភាគ ខាង​សិក្សា​មុខ​វិជ្ជា និង​វិធីសាស្ត្រ​ដ៏​ទេវភាព ។ វិធីសាស្ត្រ​ទាំង​បួន​នេះ​គឺ​ចាំបាច់​ដើម្បី​ដឹង​អំពី​សេចក្ដីពិត ។ វិធីសាស្ត្រ​ទាំងអស់​ចាប់ផ្ដើម​តាម​របៀប​ដូចគ្នា ៖ ជាមួយ​នឹង​សំណួរ​មួយ ។ សំណួរ​គឺ​សំខាន់ ជាពិសេស​សំណួរ​ចម្បង​ទាំងឡាយ ។

វិធីសាស្ត្រ​ដ៏​ទេវភាព​នៃ​ការរៀនសូត្រ រួម​បញ្ចូល​នូវ​ធាតុ​ទាំងឡាយ​របស់​វិធីសាស្ត្រ​ផ្សេងៗ​ទៀត ប៉ុន្តែ​នៅទី​បំផុត ឈ្នះ​លើ​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់ ដោយ​ការចូល​ទៅ​ក្នុង​អំណាច​នៃ​ស្ថានសួគ៌ ។ នៅទី​បំផុត ការណ៍​ទាំងឡាយ​របស់​ព្រះ​ត្រូវបាន​ធ្វើ​ឲ្យ​យល់ដឹង​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ ដែល​ជា​ធម្មតា​ជា​សំឡេង​តូច​រហៀង ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « ព្រះ​ទ្រង់​នឹង​ប្រទាន​តម្រិះ​ដល់​អ្នក​ដោយព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ មែន​ហើយ ដោយអំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ពុំ​អាច​ប្រាប់​បាន » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:២៦ ) ។

សាវក​ប៉ុល​បាន​បង្រៀន​ថា យើង​មិនអាច​ដឹង​ពី​ការណ៍​ទាំងឡាយ​របស់​ព្រះ​ឡើយ លើកលែង​តែ​តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះ​ប៉ុណ្ណោះ ( សូមមើល កូរិនថូស ទី១ ២:៩–១១ សូមមើល​​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស៊្មីធ កូរិនថូស ទី១ ២:១១ ) ។ លោក​បាន​និយាយ​ថា « មនុស្ស​ខាង​សាច់​ឈាម​គេ​មិន​ទទួល​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ​ទេ ពី​ព្រោះ​ជា​សេចក្តី​ល្ងង់ល្ងើ​ដល់​គេ » ។ យើង​ឃើញ​ការណ៍​នោះ​ជា​រៀងរាល់​ថ្ងៃ ។ ប៉ុល​បាន​បន្ត​ទៀត​ថា « ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្តី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ( កូរិនថូស ទី១ ២:១៤ ) ។

ក្នុង​ចំណោម​បញ្ហា​ទាំងអស់​ដែល​បងប្អូន​ជួប​ប្រទះ​ក្នុង​ជីវិត មាន​មួយ​សំខាន់​ជាង​គេ​ទាំងអស់ ហើយ​ជា​អ្វី​ដែល​បាន​យល់​តិច​បំផុត ។ ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​មនុស្ស​លោក​ទាំងអស់ គឺ​មិន​មែន​ភាពក្រីក្រ ការឈឺ ភាពឯកោ ការរំលោភ​បំពាន ឬ​សង្គ្រាម​នោះ​ទេ—ថ្វីបើ​ស្ថានភាព​ទាំងនោះ​វា​គួរ​ឱ្យ​ខ្លាច​យ៉ាង​ណា​ក្ដី ។ ស្ថានភាព​ដ៏​អាក្រក់​បំផុត​នៃ​មនុស្ស​លោក​ទាំងអស់ គឺ​សាមញ្ញ​បំផុត ៖ វា​គឺជា​ការស្លាប់​ខាង​វិញ្ញាណ ។ វា​គឺ​ការត្រូវ​បំបែក​ចេញ​ពី​វត្តមាន​របស់​ព្រះ ហើយ​នៅក្នុង​ជីវិត​នេះ វត្តមាន​របស់​ទ្រង់​គឺ​ជា​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​របស់​ទ្រង់​នោះ​ឯង ។

ផ្ទុយ​ទៅ​វិញ ស្ថានភាព​ដ៏​ល្អ​បំផុត​នៃ​មនុស្ស​លោក​ទាំងអស់ គឺ​មិនមែន ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ កិត្យានុភាព សុខភាពល្អ កិត្តិយស​របស់​មនុស្ស តើ​មាន​អ្វី​ផ្សេងទៀត​ដែល​ព្រះអង្គ​សង្គ្រោះ និងពួក​ព្យាការី​និង​ពួកសាវក​នៃ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​បង្រៀន​អំពី​ការអធិស្ឋាន ឬ សន្តិសុខ នោះ ស្ថានភាព​ដ៏​ល្អ​បំផុត​នៃ​មនុស្ស​លោក​ទាំងអស់ គឺ​ការបាន​ទទួល​អំណោយ​ពិសិដ្ឋ​ពី​អំណាច​នៃ​ស្ថានសួគ៌ ។ វា​គឺ​ជា​ការបាន​កើត​ម្ដង​ទៀត បាន​ទទួល​អំណោយ និង​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជា​ប្រភព​នៃ​ការចេះដឹង វិវរណៈ កម្លាំង ភាពច្បាស់លាស់ សេចក្ដីស្រឡាញ់ អំណរ ភាពសុខសាន្ត ក្ដីសង្ឃឹម ទំនុកចិត្ត សេចក្ដីជំនឿ និង​ស្ទើរតែ​គ្រប់​អស់​អ្វីៗ​ដែល​ល្អ ។

ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល ៖ « ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ … នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ » ( យ៉ូហាន ១៤:២៦ ) ។ វា​គឺ​ជា​អំណាច​ដែល​ឲ្យ​យើង « អាចស្គាល់​សេចក្ដី​ពិត​នៃ​គ្រប់​ការណ៍​ទាំង​អស់ » ( មរ៉ូណៃ ១០:៥ ) ។ « ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​បង្ហាញ … ដល់ [ យើង] នូវ​គ្រប់​អ្វី​ទាំង​អស់ ដែល [ យើង ] ​ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៥ ) ។ វា​គឺ​ជា​ប្រភព​នៃ « ទឹករស់ » ដែល​រលាស់​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ( យ៉ូហាន ៧:៣៨ សូមមើល ខ ៣៧ ផងដែរ ) ។

បង់ថ្លៃ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ត្រូវ​បង់ ទទួល​បន្ទុក​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ត្រូវ​ទទួល ហើយ​ធ្វើ​ការលះបង់​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ត្រូវ​លះបង់ ដើម្បី​ទទួល និង​រក្សា​វិញ្ញាណ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ គ្រប់​ការណ៍​ល្អ​ទាំងអស់​ពឹងផ្អែក​ទៅលើ​ការទទួល និង​ការរក្សា​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិត​របស់​បងប្អូន ។

រូបភាព
man surrounded by question marks

« អ្វី​ដែល​ពុំ​បាន​ស្អាង​ឡើង »

ដូច្នេះ តើ​អ្វី​ទៅ​ដែល​ជា​ភាពស្រពាប់​ស្រពោន​ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ខណៈ​ពេល​អាន​ឯកសារ​ប្រឆាំង​ទាំងនោះ ? អ្នក​ខ្លះ​អាច​នឹង​និយាយ​ថា ភាពស្រពាប់​ស្រពោន​នោះ​គឺ​ជា​ផល​នៃ​ភាពលំអៀង​ខាង​ជំនឿ ដែល​ជា​ទំនោរ​ក្នុង​ការជ្រើសរើស​តែ​ការណ៍​ទាំងឡាយ​ដែល​ស្រប​ទៅនឹង​ការសន្មត់ និង​ជំនឿ​របស់​យើង ។ គំនិត​ដែល​ថា អ្វីៗ​គ្រប់យ៉ាង​ដែល​មនុស្ស​ម្នាក់​បាន​ជឿ និង​ត្រូវបាន​បង្រៀន អាច​ជា​ការខុសឆ្គង ជាពិសេស​ពេល​គ្មាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង គឺ​ពិតជា​គំនិត​ដ៏​ស្រពាប់​ស្រពោន និង​ដែល​គួរ​ឲ្យ​បារម្ភ ។

ប៉ុន្តែ​ភាពស្រពាប់​ស្រពោន​ដែល​ខ្ញុំ​បាន​ដក​ពិសោធ ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​ដល់​សំឡេង​នៃ​ក្រុម​ចម្រៀង​ដ៏​ងងឹត​ងងុល​ដែល​ស្រែក​ទាស់​នឹង​ព្យាការី យ៉ូសែប ស៊្មីធ និង​ការស្ដារ​ឡើងវិញ​នៃ​សាសានចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺ​ខុស​ពី​នោះ ។ ភាពស្រពាប់​ស្រពោន​នោះ​មិនមែន​ជា​ការលំអៀង​ខាង​ជំនឿ​ទេ ហើយ​វា​មិនមែន​ការភ័យខ្លាច​ថា​ខុស​នោះ​ទេ ។ វា​គឺ​ជា​អវត្តមាន​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ ។ វា​គឺជា​ស្ថានភាព​របស់​មនុស្ស ពេលដែល « គេ​នៅ​តែ​ម្នាក់​ឯង » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៨ ) ។ វា​គឺ​ជា​ភាពស្រពាប់​ស្រពោន​នៃ​ភាពងងឹត និង « អាប់​គំនិត » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩:៩ សូមមើល ខ ៨ ផងដែរ ) ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដូចនេះ ៖

« ហើយ​អ្វី​ដែល​ពុំ​បាន​ស្អាង​ឡើង នោះ​ពុំ​មែន​មក​ពី​ព្រះ​ទេ តែ​មក​ពី​សេចក្ដី​ងងឹត​វិញ ។

« អ្វី​ដែល​មក​ពី​ព្រះ ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយនៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥០:២៣–២៤ ) ។

វិវរណៈ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ​ជំនួស​ឲ្យ​ការលំអៀង​ខាង​ជំនឿ ដោយសារ​វា​មិន​សំអាង​តែ​ទៅលើ​ភស្ដុតាង​ប៉ុណ្ណោះ​ទេ ។ ខ្ញុំ​បាន​ចំណាយ​ពេល​អស់​មួយ​ជីវិត​ក្នុង​ការព្យាយាម​ដើម្បី​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​រៀន​ស្គាល់ និង​ធ្វើតាម​ព្រះវិញ្ញាណ​នៃ​ព្រះ ។ វិញ្ញាណ​ដែល​ទាក់ទង​នឹង​សំឡេង​ងងឹត​ដែល​វាយប្រហារ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះគម្ពីរ​មរមន និង​ការស្ដារ​ឡើងវិញ ពុំ​មែន​ជា​វិញ្ញាណ​នៃ​ពន្លឺ ប្រាជ្ញា និង​សេចក្ដីពិត​ទេ ។ ខ្ញុំ​មិន​ដឹង​អ្វី​ច្រើន​ទេ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ និង​ព្រះសូរសៀង​របស់​ទ្រង់​ពុំ​នៅក្នុង​ក្រុម​ចម្រៀង​ងងឹត​ងងុល​នោះ​ទេ ។

ផ្ទុយ​ស្រឡះ​នឹង​ភាពស្រពាប់​ស្រពោន និង​ការអាប់​គំនិត​ដ៏​គួរ​ឲ្យ​រំខាន ដែល​ធ្វើ​ឲ្យ​ជ្រួតជ្រាប​នូវ​ល្បាប់​នៃ​ការសង្ស័យ នោះ​គឺ​វិញ្ញាណ​នៃ​ពន្លឺ ប្រាជ្ញា ភាពសុខសាន្ត និង​សេចក្ដីពិត ដែល​មាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នានា និង​គោលលទ្ធិ​ដ៏​រុងរឿង​នៃ​ការស្ដារ​ឡើងវិញ ជាពិសេស​ព្រះគម្ពីរ​ទាំងឡាយ​ដែល​បាន​បើកសម្ដែង​ដល់​ពិភពលោក​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ សូម​អាន​វា ហើយ​សួរ​ខ្លួនឯង និង​ព្រះ ថា​បើ​វា​ជា​ពាក្យ​កុហក បោកបញ្ឆោត និង​ការបំភាន់ ឬ​ថា​បើ​វា​គឺ​ជា​សេចក្ដីពិត ។

បងប្អូន​ពុំ​អាច​រៀន​ពី​សេចក្ដីពិត​ដោយ​ការលប់​បំបាត់​នោះទេ

មនុស្ស​ខ្លះ​ដែល​ភ័យខ្លាច​ថា សាសនាចក្រ​អាច​ជា​មិនពិត ចំណាយ​ពេល និង​ការយកចិត្ត​ទុក​ដាក់​របស់​ពួកគេ​ក្នុង​ការពុះពារ​ឥត​ឈប់ឈរ​ឆ្លងកាត់​ល្បាប់​នៃ​សំណួរ​បន្ទាប់​បន្សំ ។ ពួកគេ​ព្យាយាម​ទាំងខុស​ឆ្គង ដើម្បី​រៀន​សេចក្ដីពិត​តាមរយៈ​ដំណើរការ​នៃ​ការលប់​បំបាត់ ដោយ​ការព្យាយាម​លប់បំបាត់​គ្រប់​ការសង្ស័យ ។ នោះ​តែងតែ​ជា​គំនិត​ដ៏​អាក្រក់​មួយ ។ វា​នឹង​មិនដែល​បាន​សម្រេច​ឡើយ ។

មាន​នូវ​ការអះអាង និង​គំនិត​រាប់​មិន​អស់ ដែល​ប្រឆាំង​នឹង​សេចក្ដីពិត ។ រាល់ពេល​ដែល​បងប្អូន​រកឃើញ​ចម្លើយ​ចំពោះ​ការអះអាង​ដែល​ប្រឆាំង​មួយ នោះ​បងប្អូន​ក៏​ជួប​នឹង​ការអះអាង​ប្រឆាំង​មួយ​ទៀត ។ ខ្ញុំ​មិន​មែន​និយាយ​ថា បងប្អូន​គួរតែ​កប់​ក្បាល​របស់​បងប្អូន​ទៅក្នុង​ខ្សាច់​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ន័យ​ថា បងប្អូន​អាច​ចំណាយ​ពេល​អស់​មួយ​ជីវិត​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ស្វែងរក​ចម្លើយ​ចំពោះ​គ្រប់​ការអះអាង​ដែល​ប្រឆាំង​នឹង​សាសនាចក្រ ប៉ុន្តែ​មិនដែល​បាន​មក​ដល់​ការចេះដឹង​មួយ​អំពី​សេចក្ដីពិត​ដ៏​សំខាន់​បំផុត​នោះ​ទេ ។

ចម្លើយ​ចំពោះ​សំណួរ​ចម្បង​ទាំងឡាយ ពុំ​បាន​មក​ដោយ​ការឆ្លើយ​នឹង​សំណួរ​បន្ទាប់​បន្សំ​ទាំងនោះ​ទេ ។ មាន​ចម្លើយ​នានា​ចំពោះ​សំណួរ​បន្ទាប់​បន្សំ​ទាំងនោះ ប៉ុន្តែ​បងប្អូន​ពុំអាច​ចង្អុល​បង្ហាញ​ពី​ភាពវិជ្ជមាន​មួយ ដោយ​ការបង្ហាញ​ថា​គ្រប់​ការអវិជ្ជមាន​ទាំងអស់​ខុស​នោះ​ទេ ។ បងប្អូន​មិន​អាច​បង្ហាញ​ថា សាសនាចក្រ​ពិត ដោយ​ការចង្អុល​បង្ហាញ​ថា​គ្រប់​ការអះអាង​ទាំងអស់​ដែល​ជំទាស់​នឹង​សាសនាចក្រ គឺ​ខុស​នោះ​ទេ ។ វា​ជា​យុទ្ធសាស្រ្ត​ដែល​មាន​កំហុស ។ នៅ​ទីបំផុត ត្រូវតែ​មាន​ភស្ដុតាង​បញ្ជាក់ ហើយ​ជាមួយ​នឹង​ការណ៍​ទាំងឡាយ​របស់​ព្រះ នោះ​នៅ​ទីបំផុត និង​ដោយ​ប្រាកដ ភស្ដុតាង​ពិត​ជា​បាន​មក​ដោយ​វិវរណៈ​តាមរយៈ​វិញ្ញាណ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះយេស៊ូវ​បាន​សួរ​ដល់​ពួក​សិស្ស​ទ្រង់ ៖

« តើ​ថា​ខ្ញុំ​ជា​នរណា ?

« ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ។

« រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​តប​ថា អ្នក​ស៊ីម៉ូន កូន​យ៉ូណាស​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​ជា​សាច់​ឈាម ដែល​បាន​សម្ដែង​ឲ្យ​អ្នក​ស្គាល់​ទេ គឺ​ព្រះវរបិតា​នៃ​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​វិញ ។

« … អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ » ( ម៉ាថាយ ១៦:១៥–១៨ សូមមើល ខ ១៣–១៤ ផងដែរ ) ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ត្រូវបាន​ចាក់​គ្រឹះ​នៅលើ​សិលា​នៃ​វិវរណៈ ហើយ​ក្លោងទ្វារ​នៃ​ស្ថាន​នរក​នឹង​មិន​ឈ្នះ​វា​ឡើយ ។ បងប្អូន និង​ខ្ញុំ​គឺ​ជា​សាសនាចក្រ ។ យើង​ត្រូវតែ​ចាក់​គ្រឹះ​នៅលើ​សិលា​នៃ​វិវរណៈ ហើយ​ទោះបី​យើង​អាច​នឹង​​មិន​ដឹង​ពី​ចម្លើយ​ចំពោះ​គ្រប់​សំណួរ តែ​យើង​ត្រូវតែ​ដឹង​ពី​ចម្លើយ​ចំពោះ​សំណួរ​ចម្បង​ទាំងឡាយ ។ បើ​យើង​ដឹង នោះ​ក្លោងទ្វារ​នៃ​ស្ថាន​នរក​នឹង​មិន​ឈ្នះ​យើង​ឡើយ ហើយ​យើង​នឹង​ស្ថិតស្ថេរ​ជា​រៀងរហូត ។

រូបភាព
man holding up candle

ឈរ​លើ​សិលា​នៃ​វិវរណៈ

មាន​ព្រះ​មួយ​អង្គ​ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង ។ ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។ យ៉ូសែប ស៊្មីធ ជា​ព្យាការី​របស់​ព្រះ ដែល​បាន​ចាក់គ្រឹះ​សម្រាប់​ការស្ដារ​ឡើងវិញ​នៃ​នគរ​របស់​ព្រះ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគរ​ព្រះនៅ​លើ​ផែនដី​នេះ ។ ខ្ញុំ​ដឹង​ការណ៍​ទាំងនេះ​ដោយ​បទពិសោធន៍​របស់​ខ្ញុំ—បទពិសោធន៍​ទាំងអស់ ។ ខ្ញុំ​ដឹង​ការណ៍​ទាំងនេះ​ដោយ​ភស្ដុតាង ហើយ​ភស្ដុតាង​គឺ​លើសលុប​ណាស់ ។ ខ្ញុំ​ដឹង​ការណ៍​ទាំងនេះ​ដោយ​ការសិក្សា ។ ហើយ ប្រាកដ​បំផុត​នោះ​គឺ ខ្ញុំ​ដឹង​ការណ៍​នេះ​ដោយ​វិញ្ញាណ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ហើយ​ដោយ​ហេតុ​ដូច្នោះ ខ្ញុំ​ដឹង​នូវ​អ្វីៗ​គ្រប់​យ៉ាង ដែល​ខ្ញុំ​ត្រូវការ​ដឹង ដើម្បី​ស្ថិតស្ថេរ​ជា​រៀង​រហូត ។ ចូរ​ឲ្យ​យើង​ឈរ​នៅលើ​សិលា​នៃ​វិវរណៈ ជា​ពិសេស​ទាក់ទង​នឹង​សំណួរ​ចម្បង​ទាំងឡាយ ។ បើ​យើង​ធ្វើ​ដូច្នោះ យើង​នឹង​ស្ថិតស្ថេរ​ជា​រៀងរហូត ហើយ​និង​មិនដែល​ថយ​ទៅ​ដែរ ។ ◼

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៦៥ ។