២០២០
ទ្រង់​បាន​ផ្គុំ​ខ្ញុំ​ឡើង​វិញ
ខែ តុលា ឆ្នាំ ២០២០


ទ្រង់​បាន​ផ្គុំ​ខ្ញុំ​ឡើង​វិញ

មិត្ត​របស់​ខ្ញុំ​បាន​ឮ​ថា​ខ្ញុំ​ឈឺ ហើយ​បាន​ផ្ញើរ​រូប​ផ្គុំ​ដែល​ធ្វើ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ជា​ពិសេស​សម្រាប់​ខ្ញុំ ។

រូបភាព
puzzle of a name

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ខ្ញុំ​តែងតែ​គិត​ពី​ខ្លួន​ឯង​ថា​ជា​មនុស្ស​មាន​សុខភាព​ល្អ ។ ដូច្នេះ​ខ្ញុំ​បាន​តក់ស្លុត ពេល​ខ្ញុំ​បាន​ភ្ញាក់​ឡើង​នៅ​ព្រឹក​មួយ ហើយ​មាន​អារម្មណ៍​ថា​តឹង​ទ្រូង​យ៉ាង​ខ្លាំង ដូចជា​វា​រៀបនឹង​ផ្ទុះ ។ ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់ ប៉ុន្តែ​បន្ទាប់​ពី​ការធ្វើ​តេស្ត​អស់​ជា​ច្រើន​ម៉ោង វេជ្ជបណ្ឌិត​ពុំ​អាច​រកឃើញ​បញ្ហា​ទេ ។ ពួកគាត់​បាន​បញ្ជូន​ខ្ញុំ​ទៅ​ផ្ទះ​វិញ ទោះបី​ខ្ញុំ​នៅតែ​មាន​ការឈឺ​ចាប់​ជា​ខ្លាំង​ក្តី ។ ដោយ​ហេតុ​នោះ មាន​ការចាប់ផ្ដើម​ការណាត់​ជួប​វេជ្ជបណ្ឌិត​ដ៏​ពិបាក​រយៈពេល​ប្រាំពីរ​ខែ ការស្នាក់នៅ​មន្ទីរពេទ្យ និង​ការឈឺចាប់​ដ៏​ខ្លាំង​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ក្នុង​ជីវិត​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់ផ្តើម​ធ្លាក់​ទឹកចិត្ត ។ ខ្ញុំ​ត្រូវ​បោះបង់​ចោល​ថ្នាក់​មហាវិទ្យាល័យ​របស់​ខ្ញុំ ហើយ​ប្ដូរ​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ​វិញ ។ ខ្ញុំ​មិន​អាច​ចេញ​ទៅក្រៅ​ជាមួយ​មិត្តភក្ដិ​បាន​ទេ ។ ខ្ញុំ​ឈឺ​ខ្លាំង​ណាស់​រហូត​ដល់​មិន​អាច​ធ្វើ​អ្វីៗ​ដែល​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​បាន ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ខ្វាយខ្វល់—សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ ចំណងទាក់ទង​របស់​ខ្ញុំ ទេពកោសល្យ​របស់​ខ្ញុំ—បាន​បែក​ខ្ចាត់ខ្ចាយ​អស់ ហើយ​ឥឡូវ​នេះ​បំណែក​ទាំងឡាយ​នៃ​ខ្លួន​ខ្ញុំ​ពីមុន ហាក់បី​ដូច​ជាពុំ​អាច​ដាក់​ផ្គុំ​បញ្ចូល​គ្នា​វិញ​បាន​ទេ ។ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ឆ្ងល់​ថា តើ​ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​ការណ៍​នេះ​កើតឡើង​ចំពោះ​ខ្ញុំយ៉ាង​ដូច​ម្ដេច​ទៅ ? តើ​ទ្រង់​មិន​បាន​ស្រឡាញ់​ខ្ញុំ​ទេ​ឬ ?

បន្ទាប់​ពី​ការជួប​ជាមួយ​វេជ្ជបណ្ឌិត​ដ៏​ឈឺចាប់ និង​ខកចិត្ត​មួយ​ទៀត អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​ដេក​ក្រវៀនៗ ហើយ​យំ ។ ប៉ុន្តែ​ពេល​ខ្ញុំ​មកដល់​ផ្ទះ ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ចម្លែក​នៅលើ​រានហាល ៖ ប្រអប់​ស្បែកជើង​រហែក​កញ្ចាស់​មួយ​រុំ​ដោយ​ស្កុត ហើយ​ចារ​ឈ្មោះ​ខ្ញុំ ។

សំបុត្រ​នៅលើ​ប្រអប់​នោះ​បង្ហាញ​ថា ប្រអប់​នោះ​មក​ពី​មិត្ត​ម្នាក់​របស់​ខ្ញុំ ។ នាង​បាន​ឮ​ថា​ខ្ញុំ​ឈឺ ហើយ​ចង់​លើក​ទឹកចិត្ត​ខ្ញុំ​ឡើង ។ ពេល​ខ្ញុំ​បើក​ប្រអប់​ស្បែកជើង​នោះ ខ្ញុំ​បាន​ឃើញ​វា​មាន​ពេញ​ដោយ​បំណែក​ស្នោ​តូចៗ ។ វា​ជា​រូប​ផ្គុំ​ដែល​ធ្វើ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ជា​ពិសេស​សម្រាប់​ខ្ញុំ ។

ពេល​ខ្ញុំ​ដាក់​ផ្គុំ​រូប​នោះ ខ្ញុំ​បាន​ចាប់ផ្ដើម​យំ ។ រូបផ្គុំ​នោះ​បាន​បង្កើត​ជា​ឈ្មោះ​ខ្ញុំ ហ៊ុំ​ព័ទ្ធ​ដោយ​សារ​ដ៏​ផ្អែមល្ហែម​នៃ​សេចក្ដី​ស្រឡាញ់ និង​ការលើក​ទឹកចិត្ត ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា បំណែក​នៃ​ខ្លួន​ខ្ញុំ​ដែល​បែក​ខ្ចាត់ខ្ចាយ ឥឡូវ​នេះ​ត្រូវបាន​ដាក់​ផ្គុំ​ចូល​គ្នា​វិញ កាលដែល​ខ្ញុំ​ផ្គុំ​បំណែក​នៃ​អំណោយ​របស់​មិត្ត​ខ្ញុំ ។

មួយ​រយៈ​ខ្លី​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រើ​ថ្នាំ​មួយ​ដែល​បាន​កាត់បន្ថយ​រោគសញ្ញា​របស់​ខ្ញុំ ហើយ​បាន​ជួយ​វេជ្ជបណ្ឌិត​ធ្វើ​រោគវិនិច្ឆ័យ ។ ខ្ញុំ​មាន​ស្ថានភាព​ដ៏​កម្រ​តែ​អាច​ព្យាបាល​បាន ហើយ​ដោយ​មាន​ថ្នាំ​ត្រឹមត្រូវ ខ្ញុំ​អាច​ត្រឡប់​ទៅកាន់​ជីវិត​ធម្មតា​របស់​ខ្ញុំ​វិញបាន ។

សូម្បី​តែ​ពេល​ដែល​រាងកាយ​ខ្ញុំ​បាន​ជា ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​មិន​ដែល​ភ្លេច​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ឡើយ ។ ដោយសារ​តែ​អំណោយ​ដ៏​ផ្អែមល្ហែម​របស់​មិត្ត​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវបាន​ស្រឡាញ់ ហើយ​ថា ព្រះវរបិតាសួគ៌​ពុំ​បាន​ភ្លេច​ខ្ញុំ​ទេ ។ សូម​អរគុណ​ដល់​ចិត្តសប្បុរស​របស់​មិត្ត​ម្នាក់ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌ ខ្ញុំ​បាន​ជា​សះស្បើយ​ម្តងទៀត បន្ទាប់​ពី​មាន​អារម្មណ៍​ថា​ត្រូវ​បែកខ្ចាត់ខ្ចាយ​អស់​ជា​ច្រើន​ខែ ។ ◼