២០២០
សាគីអ៊ូសា និង សាឡូត មៃវីរីវីរី
ខែ តុលា ឆ្នាំ ២០២០


ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

សាគីអ៊ូសា និង សាឡូត មៃវីរីវីរី

ទីក្រុង​សូវ៉ា កោះ​ហ្វីជី

រូបភាព
Sakiusa and Salote

ខ្ញុំ​ស្ទើរ​មិន​ជឿ​ពី​សេចក្តី​សុខសាន្ត និង​សុភមង្គល​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នុង​គ្រួសារ​មៃវីរីវីរី ។ ពួកគេ​រស់នៅ​ដោយ​អំណរ និង​គោលបំណង​ជារៀងរាល់​ថ្ងៃ ថ្វីបើ​មាន​កូន​ពីរនាក់​បាន​ស្លាប់​ទៅ​ហើយ​ក្ដី ។

ឡេសលី នីលសុន ជាង​ថត​រូប

សាឡូត ៖

ពីរ​ឆ្នាំ​ក្រោយ​ពី​កូន​ប្រុស​យើង អ៊ីសា បាន​ស្លាប់​ដោយសារ​មហារីក​ថ្លើម កូនស្រី​យើង អ៊ីសាលីន បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​ស្រោមខួរ ។ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​ទទួល​ការបំផុស​ដ៏​ខ្លាំង​ឲ្យ​និយាយ​ជាមួយ​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណាស់​ជា​ស៊ីស្ទើរ​ម្នាក់ ដែល​បាន​បាត់បង់​កូន​ពីរនាក់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា « បើ​ប្អូន​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​ប្អូន​ជា​ទី​បរិសុទ្ធ​មួយ នោះ​ប្អូន​អាច​មាន​អារម្មណ៍​នៃ​វត្តមាន​របស់​កូនៗ​ប្អូន​នៅ​ទី​នោះ » ។

ការណ៍​នោះ​បាន​ក្លាយ​ជា​គោលដៅ​របស់​យើង ។ អ្វីៗ​គ្រប់យ៉ាង​ដែល​យើង​ធ្វើ គឺ​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​ទីបរិសុទ្ធ​មួយ ។ យើង​ចង់​មាន​អារម្មណ៍​ថា​ពួកគេ​នៅ​ក្បែរ​យើង ។

យើង​អត់ចេះ​ពី​របៀប​ធ្វើ​ជា​ឪពុក​ម្ដាយ​ដល់​កូនៗ​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ទេ ។ ប៉ុន្តែ​បើ​យើង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​រស់នៅ​ដោយ​សុចរិត នោះ​យើង​ជឿ​ថា ពួកគេ​នឹង​ដឹង​ពី​ការប្រឹងប្រែង​របស់​យើង ។ នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​គ្រួសារ​យើង យើង​ស្វាគមន៍​អ៊ីសា និង អ៊ីសាលីន ដោយ​ឈ្មោះ ។

នៅក្នុង​ផ្ទះ​យើង សូម្បី​តែ​ពេល​យើង​មាន​ការមិន​ចុះ​សម្រុង​មួយ យើង​ព្យាយាម​ដោះស្រាយ​វា​ឲ្យ​បាន​លឿន ។ យើង​ចង់​ឲ្យ​ផ្ទះ​របស់​យើង​បន្ត​នៅ​ជា​ទី​បរិសុទ្ធ​មួយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ កាលដែល​យើង​ធ្វើ​ដូច្នោះ យើង​ទាំងអស់​គ្នា​មាន​សង្ឃឹម និង​ទទួល​បាន​ការព្យាបាល ព្រមទាំង​សេចក្ដី​ស្រឡាញ់ ។

សាគីអ៊ូសា ៖

បទពិសោធន៍​នៃ​ការបាត់បង់​អ៊ីសា និង អ៊ីសាលីន ទី​បំផុត​បាន​នាំ​ឲ្យ​គ្រួសារ​យើង​កាន់តែ​មាន​ភាពជិតស្និត​នឹង​គ្នា ។ យើង​ប្រឹក្សា​ជាមួយ​គ្នា​នឹង​កូនៗ​យើង​ផ្សេង​ទៀត ។ យើង​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា​ជា​ក្រុមគ្រួសារ ។ យើង​រស់នៅ​សាមញ្ញ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​ជ្រើសរើស​ការដឹងគុណ​ជា​រៀងរាល់​ថ្ងៃ ។ ពេល​យើង​និយាយ​អំពី​អត្ថន័យ​នៃ​ការបាន​ផ្សារភ្ជាប់​ជា​គ្រួសារ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ការផ្សារភ្ជាប់​នោះ​ក្លាយ​ជា​រស់​រវើក​ចំពោះ​យើង ។ ហើយ​តាមរយៈ​ការណ៍​ទាំងអស់​នេះ យើង​ពិត​ជា​មាន​អារម្មណ៍​នៃ​វត្តមាន​របស់​កូនៗ​យើង ។

រឿង​ដំបូង​មួយ​ដែល​យើង​បាន​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​កាន់តែ​បរិសុទ្ធ គឺ​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​មរមន​រាល់ថ្ងៃ ។ ពី​ដំបូង យើង​បាន​ចែកចាយ​រឿង​ពី​ព្រះគម្ពីរ​មរមន​ដែល​មាន​រូបភាព​ជាមួយ​នឹង​កូន​តូចៗ​របស់​យើង ។ បន្ទាប់​មក​យើង​បាន​បន្ថែម​វីដេអូ ។ ឥឡូវ​នេះ​យើង​អាន​បន្ថែម​ទៀត​ពី​ព្រះគម្ពីរ​មរមន ។ ខ្ញុំ​អាច​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​ក៏​អាច​ថ្លែង​ទីបន្ទាល់​អំពី​អំណាច​នៅក្នុង​​ផែនការ​​នៃ​សេចក្តី​សង្រ្គោះ​ផងដែរ ។ ពេល​យើង​រៀបចំ​ពិធី​បុណ្យសព​របស់​អ៊ីសា និង​អ៊ីសាលីន យើង​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​ពិធី​បុណ្យសព​យ៉ាង​ឧឡារិក​ដែល​ជា​រឿង​ធម្មតា​នៅក្នុង​វប្បធម៌​ហ្វីជី ។ ផ្ទុយ​ទៅ​វិញ ភរិយា​ខ្ញុំ និង​ខ្ញុំ​ជាមនុស្ស​តែ​ពីរ​នាក់​ដែល​ឡើង​និយាយ ហើយ​ពួកយើងបាន​និយាយ​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ ចាប់តាំង​ពី​ពេល​នោះ​មក សមាជិក​គ្រួសារ​ជិត​ឆ្ងាយ​ជា​ច្រើន​របស់​យើង​បាន​ចូល​សាសនាចក្រ​ជា បន្ត​បន្ទាប់​ក្រោយ​ពី​បាន​ឮ​សេចក្ដី​ពិត​ទាំងនេះ​នៅ​ក្នុង​ពិធី​បុណ្យសព​នោះ ។

រូបភាព
Sakiusa in the kitchen

សាគីអ៊ូសា​បង្រៀន​គ្រួសារ​គាត់​ថា ជីវិត​មិន​អាច​ត្រឡប់​ថយ​ក្រោយ​បាន​ទេ គឺ​មាន​តែ​ទៅមុខ ។ គាត់​និយាយ​ថា « យើង​កាន់តែ​ត្រូវបាន​បន្សុទ្ធ​ឡើង​ជា​រៀងរាល់​ថ្ងៃ » ។ ពួកគេ​រស់នៅ​សាមញ្ញ​បំផុត​តាម​ដែល​ធ្វើ​ទៅបាន ហើយ​ផ្ដោត​លើ​ការដឹងគុណ ។

រូបភាព
Salote with a little girl

សាឡូត​រកឃើញ​អំណរ​ដ៏​អស្ចារ្យ​ក្នុង​ការចំណាយ​ពេល​ជាមួយ​កូនៗ​គាត់ និង​ក្នុង​ការបង្រៀន​ដំណឹងល្អ​ដល់​ពួកគេ ។

រូបភាព
Little girl holding up photo

គ្រួសារ​មៃវីរីវីរី​មាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ការផ្សារភ្ជាប់​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ ពួកគេ​រក្សា​សេចក្ដី​ពិត​ទាំងនេះ​ក្នុង​ដួងចិត្ត​ពួកគេ​កាលដែល​ពួកគេ​ចងចាំ​ដល់​អ៊ីសា និង​អ៊ីសាលីន ។

រូបភាព
Maiwiriwiri family smiling boys

កាលដែល​ពួកគេ​ផ្ដោត​ទៅ​លើ​ការរស់នៅ​ដោយ​សាមញ្ញ ហើយ​បន្ត​ឆ្ពោះ​ទៅ​មុខ នោះ​គ្រួសារ​មៃវីរីវីរី​រកឃើញ​ការដឹងគុណ​ចំពោះ​ពរជ័យ​របស់​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ ។ សាគីអ៊ូសា​និយាយ​ថា « យើង​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​យើង​មាន » ។