២០២០
សាល​ជំនុំ—កន្លែង​នៃ​គារវភាព និង​ការថ្វាយ​បង្គុំ
ខែ តុលា ឆ្នាំ ២០២០


សាល​ជំនុំ—កន្លែង​នៃ​គារវភាព និង​ការថ្វាយ​បង្គុំ

ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅក្នុង​សាលជំនុំ​របស់​យើង ហើយ​នឹង​បំផុស​គំនិត​យើង ពេល​យើង​ប្រតិបត្តិ​ដោយ​គារវភាព​នៅ​ចំពោះ​ទ្រង់ ។

រូបភាព
family sitting in sacrament meeting

មាន​ម្ដង​នោះ មិត្ត​រួមការងារ​ដ៏​មាន​ចិត្ត​ស្មោះ​ម្នាក់​បាន​ចែកចាយ​ជាមួយ​ខ្ញុំ​នូវ​បទពិសោធន៍​មួយ ដែល​គាត់​បាន​មាន នៅ​ពេល​បំពេញ​ការចាត់តាំង​មួយ​ឲ្យ​រៀប​កៅអី​ទុក និង​សម្អាត​មណ្ឌល​ស្តេក​ក្រោយ​ពី​សន្និសីទ​ស្តេក​មួយ ។ បន្ទាប់​ពី​ធ្វើ​កិច្ចការ​ទាំងនេះ​អស់​រយះពេល ៣០​នាទី គាត់​បាន​ដឹង​ថា គាត់​ជា​មនុស្ស​ចុងក្រោយ​គេ​នៅក្នុង​អគារ​នោះ ។ ទោះជា​យ៉ាង​ណា ជំនួស​ឲ្យ​ការមាន​អារម្មណ៍​ឯកោ ហើយ​ប្រញាប់​ប្រញាល់​ដើម្បី​ចាកចេញ គាត់​បាន​កត់សម្គាល់​ថា អារម្មណ៍​ដ៏​ផ្អែមល្ហែម​នៃ​ភាពសុខសាន្ត​ដែល​គាត់​បាន​ទទួល​អំឡុង​សន្និសីទ បន្ត​នៅ​ជាមួយ​គាត់ ហើយ​ថែមទាំង​កើនឡើង​ទៀត​ផង ។

ពេល​គាត់​បាន​បញ្ចប់​កិច្ចការ​ដែល​បាន​ចាត់តាំង​នោះ ហើយ​ចាកចេញ​ពី​សាលជំនុំ គាត់​បាន​ជួប​នឹង​សមាជិក​ម្នាក់​ទៀត ដែល​ហាក់ដូច​ជា​បាន​សម្លឹង​មើល​គាត់​ដោយ​ចេតនា ។ ដោយ​ការដឹង​ពី​អ្វី​ដែល​មិត្ត​របស់​ខ្ញុំ​បាន​ធ្វើ សមាជិក​នេះ​បាន​ទាញ​ដៃ​គាត់ ហើយ​បាន​និយាយ​ថា « បងប្រុស ព្រះអម្ចាស់​ទតឃើញ​កិច្ចការ​ដ៏​តូចតាច​ទាំងនេះ ដែល​បង​ធ្វើ​សម្រាប់​ទ្រង់ ហើយ​ទ្រង់​ទតមើល​មក​ក្រោម ហើយ​ញញឹម​ចំពោះ​កិច្ចការ​ទាំងនោះ » ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខណៈ​បម្រើ​ជា​ប៊ីស្សព​ម្នាក់ មិត្ត​ដដែល​នេះ​បាន​ឃើញ​ថា​ខ្លួន​គាត់​នៅ​ម្នាក់ឯង​ម្ដង​ទៀត​នៅក្នុង​សាលជំនុំ​វួដ​របស់​គាត់ ។ បន្ទាប់​ពី​បិទ​ភ្លើង​នៅក្នុង​សាល​ជំនុំ​ហើយ គាត់​បាន​នៅ​បង្អែរ​បង្អង់​មួយ​សន្ទុះ កាលដែល​ពន្លឺ​ព្រះច័ន្ទ​បាន​ចាំង​ពន្លឺ​ចូល​មក​តាម​បង្អួច​ទៅ​លើ​វេទិកា ។

អារម្មណ៍​នៃ​ភាពសុខសាន្ត​ស្រដៀង​គ្នា​នោះ​បាន​គ្រប​ដណ្តប់​មក​លើ​គាត់​ម្ដង​ទៀត ហើយ​គាត់​បាន​អង្គុយ​ចុះ​នៅ​ខាង​មុខ​នៃ​សាលជំនុំ ហើយ​បាន​សញ្ជឹង​គិត​ពី​គ្រា​ដ៏​ពិសិដ្ឋ​ជា​ច្រើន​អនេកប្បការ ដែល​គាត់​បាន​ដកពិសោធ​នៅក្នុង​ស្ថានភាព​បែបនោះ—ជា​ច្រើន​ដង គាត់​បាន​សង្កេត​ពួសង្ឃ​ហែក​នំប៉័ង​នៅ​ឯ​តុ​សាក្រាម៉ង់ ឱកាស​ទាំងឡាយ​ដែល​គាត់​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​នៅ​ជា​គ្នា​នឹង​គាត់ ពេល​គាត់​ថ្លែង​សារលិខិត​សន្និសីទ​វួដ ពិធីបុណ្យជ្រមុជទឹក​ដែល​គាត់​បាន​ដឹកនាំ ចម្រៀង​ពិសេស​ពី​ក្រុម​ចម្រៀង​ដែល​គាត់​បាន​ឮ និង​ទីបន្ទាល់​រាប់​មិន​អស់​ពី​សមាជិក​វួដ​ដែល​បាន​រំជួល​ចិត្ត​គាត់​យ៉ាង​ជ្រាលជ្រៅ ។ ដោយ​បាន​អង្គុយ​ចុះ​តែ​ម្នាក់ឯង​នៅក្នុង​សាលជំនុំ​ដ៏​ងងឹត នោះ​គាត់​បាន​ទទួលអារម្មណ៍​គ្រប​ដណ្ដប់​ដោយ​ឥទ្ធិពល​រួម​គ្នា​មក​ពី​បទពិសោធន៍​ទាំងនេះ​ទៅ​លើ​ជីវិត​របស់​គាត់ និង​ជីវិត​សមាជិក​ក្នុង​វួដ​របស់​គាត់ ហើយ​គាត់​បាន​ឱន​ក្បាល​ចុះ​ដោយ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ ។

មិត្ត​របស់​ខ្ញុំ​ត្រូវបាន​បង្រៀន​ដោយ​ឆ្លាតវៃ និង​ត្រឹមត្រូវ​ថា ទីកន្លែង​ដ៏​ពិសិដ្ឋ​បំផុត​នៅ​លើ​ផែនដី គឺ​ព្រះវិហារ​បរិសុទ្ធ និង​គេហដ្ឋាន ប៉ុន្តែ​តាមរយៈ​បទពិសោធន៍​ទាំងពីរ​ខាង​លើ​នេះ គាត់​ក៏​បាន​យល់​ផងដែរ​ពី​ធម្មជាតិ​ដ៏​ពិសិដ្ឋ​នៃ​សាលជំនុំ​របស់​យើង ។ ដោយសារ​តែ​សាលជំនុំ​ទាំងនោះ​ត្រូវបាន​ឧទ្ទិស​ឆ្លង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព នោះ​អគារ​ទាំងនេះ​ក្លាយ​ជា​កន្លែង​ដែល​ព្រះអម្ចាស់​ចាក់​វិវរណៈ​មកលើ​រាស្ត្រ​របស់​ទ្រង់ និង​ជា​កន្លែង​ដែល « អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » តាមរយៈ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ដែល​ធ្វើ​ឡើង​នៅទីនោះ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៤:២០ ) ។

សាលជំនុំ​រួមគ្នា​ជាមួយ​នឹង​គេហដ្ឋាន ដើម្បី​នាំ​មក​នូវ​សេចក្តី​អំណរ​ដែល​បាន​សន្យា​ដែល​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​អាច​ដកពិសោធ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ វា​ក្លាយទៅ​ជា​កន្លែង​មួយ​ដែល​ការថ្វាយ​បង្គំ​រួមគ្នា​របស់​សមាជិកបណ្ដាល​ឲ្យ​ដួងចិត្ត​របស់​ពួកគេ​ក្លាយ​ទៅ​ជា « មាន​ចិត្ត​ចងក្រង​រួម​គ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ( ម៉ូសាយ ១៨:២១ ) និង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ សម្រាប់​យើង ដើម្បី​បង្ហាញ​ពី​ការដឹងគុណ និង​ការគោរព​ដ៏​ត្រឹមត្រូវ​សម្រាប់​ការចាក់​ស្រោច​នូវ​ពរជ័យ​ខាង​វិញ្ញាណ​មកលើ​យើង តាមរយៈ​សាលជំនុំ​របស់​យើង នោះ​យើង​គួរតែ​ចូល​ទៅ​ក្នុង​កន្លែង​ថ្វាយ​បង្គុំ​ទាំងនេះ​ដោយ​ឥរិយាបថ​នៃ​គារវភាព​ដ៏​ជ្រាលជ្រៅ និង​ស្មោះសរ ។

រូបភាព
taking the sacrament

អត្ថន័យ​នៃ​គារវភាព

នៅក្នុង​វប្បធម៌​សាសនាចក្រ​សម័យ​ទំនើប​របស់​យើង ពាក្យ គារវភាព បាន​ក្លាយ​ជា​សទិសន័យ​ជាមួយ​នឹង​ពាក្យ ស្ងៀមស្ងាត់ ។ ខណៈ​ដែល​សំឡេង​ទន់ភ្លន់​គឺ​ពិតជា​សមរម្យ​សម្រាប់​រោងជំនុំ​របស់​យើង ក៏​ទស្សនៈ​ដ៏​មាន​ដែន​កំណត់​អំពី​គារវភាព​នេះ មិន​បាន​ចាប់​យក​អត្ថន័យ​ពេញលេញ​នៃ​ពាក្យ​នេះ​ទេ ។ គារវភាព (Reverence) អាចប្រទាក់​ទៅ​នឹង​កិរិយាសព្ទ​ឡាតាំង revereri ដែល​មានន័យ​ថា « ឈរ​ស្ងើច​សរសើរ​ដល់ » ។ តើ​យើង​អាច​រក​ពាក្យ​មួយ​ដែល​ពិពណ៌នា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ អំពី​អារម្មណ៍​នៃ​ព្រលឹង​យើង នៅ​ពេល​យើង​ពិតជា​សញ្ជឹង​គិត​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បានធ្វើ​សម្រាប់​យើង​ម្នាក់ៗ​ដែរ​ឬ​ទេ ?​

ខ្ញុំ​ត្រូវបាន​រំឭក​អំពី​ពាក្យពេចន៍​ទាំងឡាយ​នៅក្នុង​ទំនុកតម្កើង​ដ៏​ពិរោះ ដែល​យើង​ច្រៀង​នៅក្នុង​រោង​ជំនុំ​របស់​យើង ៖ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ​នូវ​ក្ដី​​ស្នេហ៍​ព្រះគ្រីស្ទ​ឱ្យ​ដល់​ខ្ញុំ » ។ អារម្មណ៍​នៃ​ការដឹងគុណ ការសរសើរ​តម្កើង និង​ការអស្ចារ្យ​ដ៏​ជ្រាលជ្រៅ​នោះ គឺជា​ខ្លឹមសារ​នៃ​គារវភាព ហើយ​វា​ជំរុញ​យើង​ឲ្យ​ចៀសវាង​ពី​ភាសា ឬ​ឥរិយាបទ​ណា​ក៏​ដោយ ដែល​អាច​កាត់បន្ថយ​នូវ​អារម្មណ៍​ទាំងនោះ​ដែល​មាន​ក្នុង​យើង ឬ​អ្នក​ដទៃ​ផ្សេង​ទៀត ។

រូបភាព
woman at pulpit

រូបថត​ស្ត្រី​នៅលើ​វេទិកា​និយាយ ដោយ ធីហ្វានី ម៉ាយ​ឡូន តុង

សាលជំនុំ និង​ថ្ងៃ​ឈប់​សម្រាក

ចេញមក​ពី​វិវរណៈ​សម័យ​ទំនើប យើង​ដឹង​ថា ផ្នែក​ដ៏​សំខាន់​នៃ​ការថ្វាយ​បង្គំ​ថ្ងៃ​ឈប់​សម្រាក គឺ​ដើម្បី « ទៅ​ដំណាក់​នៃ​ការ​អធិស្ឋាន ហើយ​ថ្វាយ​សាក្រាម៉ង់ [ របស់​យើង ] ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ [ របស់​ព្រះអម្ចាស់ ] » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៥៩:៩ ) ។ « ដំណាក់​នៃ​ការ​អធិស្ឋាន » ដែល​យើង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​ជា​សាលជំនុំ​ដ៏​ពិសិដ្ឋ​របស់​យើង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ជួយ​យើង​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និត​រវាង​គារវភាព​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​អារម្មណ៍​របស់​យើង​ចំពោះ​ថ្ងៃ​ឈប់​សម្រាក ។ នៅក្នុង​ការចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​លោក​អំពី​ការគោរព​ថ្ងៃ​ឈប់​សម្រាក ប្រធាន​ណិលសុន​បាន​ដំណាល​ថា « ខ្ញុំ​បាន​រៀន​ចេញ​ពី​ព្រះគម្ពីរ​ថា ទង្វើ និង​ឥរិយាបថ​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺជា​ទីសម្គាល់​មួយ​រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ » ។

គឺ​ដូចជា​ទង្វើ និង​ឥរិយាបថ​របស់​យើង​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ទីសម្គាល់​នៃ​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ដែរ នោះ​ទង្វើ​របស់​យើង ឥរិយាបថ​របស់​យើង ហើយ​សូម្បី​តែ​របៀប​នៃ​ការស្លៀកពាក់​របស់​យើង ខណៈ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់​ទ្រង់ អាច​ចង្អុល​បង្ហាញ​ដូចគ្នា​ដែរ អំពី​កម្រិត​នៃ​គារវភាព ដែល​យើង​មាន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
people sitting in sacrament meeting

សាលជំនុំ និង​ពិធិបរិសុទ្ធ

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពង្រីក​ការយល់​ដឹង​របស់​យើង​អំពី​គំនិត​នេះ ដោយ​ថ្លែង​ថា ៖

« ក្រៅពី​ការបង្កើត​ពេល​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅ​តាម​ផ្ទះ នោះ​ការកែសម្រួល​ការបម្រើ​របស់យើង​នៅ​ថ្ងៃ​អាទិត្យ … គូស​បញ្ជាក់​យ៉ាង​ត្រឹមត្រូវថា ពិធី​សាក្រាម៉ង់​នៃ​អាហារពេល​យប់​របស់​ព្រះអម្ចាស់​ថា​ពិសិដ្ឋ ជា​ការទទួល​ស្គាល់​ផ្តោត​ទៅលើ​បទពិសោធន៍​ការថ្វាយ​បង្គំ​ប្រចាំ​សប្តាហ៍​របស់​យើង ។ យើង​ត្រូវ​ចងចាំ​ក្នុង​របៀប​ផ្ទាល់​ខ្លួន​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ថា ព្រះគ្រីស្ទ​បាន​សុគតដោយ​ដួង​ចិត្ត​ខ្ទេចខ្ទាំ ដោយ​ការ​រែក​អំពើបាប និង​ភាពសោកសៅ​ទាំងអស់​របស់​គ្រួសារ​មនុស្ស​លោក​ទាំងមូល​តែ​អង្គឯង ។

« ក្នុង​គ្រា​ដូច្នោះ​វា​តម្រូវ​ឲ្យ​មាន​ការ​គោរព​របស់​យើង ជាការ​តប​ស្នង​ចំពោះ​បន្ទុក​ដែល​ចៀស​មិន​រួច​នោះ » ។

វា​សំខាន់​ដើម្បី​ចងចាំ​ថា ទីកន្លែង​ដែល​បាន​តែងតាំង​សម្រាប់​គ្រា​នៃ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នេះ​ចំពោះ​ព្រះអង្គ​សង្គ្រោះ គឺជា​រោង​ជំនុំ​នៃ​សាលជំនុំ ។ ក្រៅពី​គារវភាព​ដែល​យើង​ទទួល​អារម្មណ៍ អំឡុង​ពេល​នៃ​ពិធី​បរិសុទ្ធ​សាក្រាម៉ង់​ប្រចាំ​សប្ដាហ៍ អារម្មណ៍​នៃ​គារវភាព និង​ការគោរព​របស់​យើង​ត្រូវបាន​ពង្រីក ពេល​ដែល​យើង​ពិចារណា​ពី​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព និង​ពរជ័យ​ទាំងឡាយ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឡើង​នៅក្នុង​សាលជំនុំ រួមមាន​ទាំង​ការដាក់ឈ្មោះ និង​ការប្រសិទ្ធិពរ​កុមារ ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ការតែងតាំង​បព្វជិតភាព និង​ការញែក​ចេញ​សម្រាប់​ការហៅ​បម្រើ​ទាំងឡាយ ។ ពិធី​បរិសុទ្ធ​នីមួយៗ និង​ពរជ័យ​ទាំងឡាយ​ទាំងនេះ​អាចនាំ​មក​នូវ​ការចាក់​ស្រោច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ប្រសិន​បើ​ពួក​អ្នក​ដែល​ធ្វើ​ពិធី និង​អ្នក​ចូលរួម​មក​ដោយ​មាន​ឥរិយាបថ​គារវភាព ។

រូបភាព
missionaries in chapel

ថត​រូប​ដោយ ជេមស៍ អ៊ីលីហ្វ ជេហ្វ្រី

សាលជំនុំ និង​ការថ្វាយបង្គំ

ថ្ងៃ​ឈប់​សម្រាក​ផ្ដល់​ដល់​យើង​នូវ​ឱកាស​ដើម្បី​ថ្វាយបង្គំ​ព្រះអម្ចាស់ នៅ​អំឡុង​ពេល​នៃ​ការសិក្សា​នៅ​ផ្ទះ​របស់​យើង និង​ជា​ក្រុមជំនុំ​មួយ​អំឡុង​ពេល​ការប្រជុំ​សាក្រាម៉ង់ និង​ការប្រជុំ​ផ្សេងៗ​ទៀត ។ តាំងពី​ជំនាន់​ដំបូង​បំផុត​របស់​សាសនាចក្រ ពួកបរិសុទ្ធ​បាន​រីករាយ​នឹង​ការមក​ជួបជុំគ្នា ដើម្បីទាក់ទង​គ្នានិង​បង្កើត​ចំណង​នៃ​ភាព​ជា​បង​ប្អូន​ប្រុស​ស្រី ។ សាលជំនុំ​របស់​យើង​ថែមទាំង​បាន​រចនា​ជាមួយ​នឹង​កន្លែង​ទាំងឡាយ​ដើម្បី​ធ្វើ​សកម្មភាព​ទាំងឡាយ​ដូច្នោះ​នៅ​អំឡុង​ថ្ងៃ​នានា​ក្នុង​សប្ដាហ៍​ផងដែរ ។ ទោះជា​យ៉ាង​ណា យើង​មិន​ត្រូវ​ភ្លេច​ពី​គោលបំណង​ចម្បង​នៃ​អគារ​ទាំងនេះ​ឡើយ គឺ​ដើម្បី​ផ្ដល់​កន្លែង​មួយ​សម្រាប់​ការថ្វាយ​បង្គំ ។

ការថ្វាយ​បង្គំ និង​គារវភាព​ទាក់ទង​គ្នា​យ៉ាង​ជិតស្និត ។ « ពេល​យើង​ថ្វាយបង្គំ​ព្រះ យើង​ទៅ​រក​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​គាវរភាព ចិត្តរាបសា និង​ភាពអស្ចារ្យ ។ យើង​ទទួល​ស្គាល់ ហើយ​ទទួល​យក​ទ្រង់​ជា​ស្ដេច ជាព្រះ​បង្កបង្កើត​សកល​លោក ជា​ព្រះវរបិតា​ជាទី​ស្រឡាញ់ និង​អស់កល្ប​ជានិច្ច​របស់​យើង » ។

ហេតុ​ដូច្នោះ​ហើយ គោលបំណង​ដ៏​សំខាន់​​នៃ​ការថ្វាយបង្គំ​នេះ​គួរតែ​ជះឥទ្ធិពល​លើ​ទង្វើ​របស់​យើង​នៅក្នុង​សាលជំនុំ សូម្បីតែ​ពេល​យើង​ចូលរួម​ក្នុង​សកម្មភាព​សង្គម ឬ​កម្សាន្ត​ក៏​ដោយ ។ គប្បី​មាន​ការថែទាំ​យ៉ាង​អស្ចារ្យ ដើម្បី​កាត់បន្ថយ​ការគ្មាន​របៀប​រៀបរយ កំទេចកំទី ឬ​ការខូចខាត​ឲ្យ​តិច​បំផុត​ដល់​ផ្នែក​ណា​ក៏​ដោយ​នៃ​អគារ​ដែល​បណ្ដាល​មក​ពី​សកម្មភាព​សាសនាចក្ ហើយ​ត្រូវ​ធ្វើ​ការសម្អាត​ភ្លាមៗ ឬ​ជួសជុល​វា​ភ្លាមៗ​ប្រសិន​បើ​ការខូចខាត​បែបនោះ​កើតឡើង ។

កុមារ និង​យុវវ័យ​អាច​ត្រូវ​បាន​បង្រៀន​ថា គារវភាព និង​ការថែ​រក្សា​សាលជំនុំ​គឺ​ត្រូវ​ធ្វើ​ឡើង​លើស​ពី​ការប្រជុំ​ថ្ងៃ​អាទិត្យ​ទៅទៀត ។ ការចូលរួម​របស់​សមាជិក​នៅក្នុង​ការសម្អាត​សាលជំនុំ—ជា​ពិសេស​ការចូលរួម​ជាមួយ​គ្នា​របស់​ឪពុក​ម្ដាយ និង​កូនៗ—គឺជា​មធ្យោបាយដ៏​ល្អ​ប្រសើរ​ក្នុង​ការបង្កើត​នូវ​អារម្មណ៍​នៃ​គារវភាព​សម្រាប់​អគារ​ដ៏​ពិសិដ្ឋ​របស់​យើង ។ ដូច​ត្រូវបាន​បង្ហាញ​យ៉ាង​ជាក់ស្ដែង​នៅក្នុង​បទពិសោធន៍​របស់​មិត្ត​ខ្ញុំ ក្នុង​ការរៀបចំ​មណ្ឌល​ស្តេក​របស់​គាត់​បន្ទាប់​ពី​សន្និសីទ​ស្តេក ទង្វើ​នៃ​ការថែទាំ​សាលជំនុំ​ដូច​នោះ ជា​មធ្យោបាយ​មួយ​នៃ​ការថ្វាយ​បង្គំ និង​អញ្ជើញ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ។

រូបភាព
woman cleaning door to the chapel

រូបថត​សមាជិក​ឈរ​ខាងក្រៅ ដោយ ម៉ាសស៊ីមូ គ្រីសឃូន

សាលជំនុំ និង​ព្រះអង្គ​សង្គ្រោះ

នៅក្រោម​ការដឹកនាំ​នៃ​ការព្យាករ​របស់​ប្រធាន​ណិលសុន កិច្ចខិតខំ​ដ៏​សំខាន់ៗ​ត្រូវបាន​ធ្វើ​ឡើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ​មិនត្រូវ​បាន​គេ​ដក​ចេញ​ឡើយ នៅ​ពេល​យើង​និយាយ​ដល់​សាសនាចក្រ​របស់​ទ្រង់ ។ ក្នុង​របៀប​ស្រដៀង​គ្នា​នេះ​ដែរ យើង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ត្រូវ​ប្ដូរ​ទីតាំង​ពី​មូលដ្ឋាន​នៃ​ការថ្វាយ​បង្គំ​របស់​យើង​ឡើយ—រួម​ទាំង​ទីកន្លែង​នៃ​ការថ្វាយ​បង្គំ​របស់​យើង​ផងដែរ ។

យើង​មាន​ទម្លាប់​ហៅ​ព្រះវិហារ​បរិសុទ្ធ​ថា​ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ដែល​ចាត់​ទុក​ថា​ជា​ការត្រឹមត្រូវ និង​សំខាន់ ។ ទោះជា​យ៉ាង​ណា យើង​អាច​នឹង​ងាយ​ភ្លេច​ថា សាលជំនុំ​នីមួយៗ​របស់​យើង​ត្រូវបាន​ឧទ្ទិស​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ទុក​ជា​កន្លែង​មួយ​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់​នៅ និង​ជា​កន្លែង​ដែល​បុត្រា​បុត្រី​របស់​ព្រះ—ទាំង​អ្នក​នៅក្នុង និង​នៅក្រៅ​សាសនាចក្រ—អាច​មក « ស្គាល់​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្លួន » ( ម៉ូសាយ ១៨:៣០ ) ។

ការផ្ដួចផ្ដើម​ដែល​ទើបតែ​ប្រកាស​ថ្មីៗ​ឲ្យ​តែងលម្អ​សាលជំនុំ​របស់​យើង​ជាមួយ​នឹង​គំនូរ​ដែល​ពិពណ៌នា​ដោយ​គោរព​ដល់​ព្រះអង្គ​សង្គ្រោះ និង​ព្រឹត្តិការណ៍​ដ៏​ទេវភាព​នៃ​ព្រះជន្ម​រមែង​ស្លាប់ និង​ក្រោយ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ត្រូវបាន​រចនា​ដើម្បី​ទាក់ទាញ​ភ្នែក គំនិត និង​ដួងចិត្ត​របស់​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ។ កាលដែល​បងប្អូន​ចូល​ក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​ទាំងនេះ​សម្រាប់​ការប្រជុំ និង​សកម្មភាព​នានា យើង​សូម​អញ្ជើញ​បងប្អូន​ដោយ​ក្ដីស្រឡាញ់​ឲ្យ​ឈប់ សង្កេត​មើល ហើយ​សញ្ជឹង​គិត​គំនូរ​ដ៏​ពិសិដ្ឋ​ទាំងនេះ ដើម្បី​មើល​វា​ជាមួយ​កូនៗ​របស់​បងប្អូន ហើយ​អនុញ្ញាត​ឲ្យ​គំនូរ​ទាំងនេះ​បង្កើន​អារម្មណ៍​នៃ​ការថ្វាយ​បង្គំ និង​គារវភាព​របស់​បងប្អូន​ចំពោះ​ព្រះ ។

ព្យាការី​ព្រះគម្ពីរ​សញ្ញាចាស់ ហាបាគុក​បាន​ប្រកាស​ថា « ឯ​ព្រះយេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ » ( ហាបាគុក ២:២០ ) ។ ចូរ​ឲ្យ​យើង​ចងចាំ​ដូចគ្នា​នោះ​ដែរ​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​គង់​នៅក្នុង​សាលជំនុំ​របស់យើង ហើយ​នឹង​ជ្រាប​ចូល​ក្នុង​ដួងចិត្ត​យើង​ម្នាក់ៗ ដល់​កម្រិត​មួយ​ដែល​យើង​ប្រតិបត្ត​ដោយ​គាវរភាព​ចំពោះ​ទ្រង់ ។ ◼

កំណត់​ចំណាំ

  1. « Revereri » Lexico Powered by Oxford, lexico.com ។

  2. « ខ្ញុំ​ឆ្ងល់​យ៉ាងអស្ចារ្យ » ទំនុក​តម្កើង លេខ ១១៥ ។

  3. រ័សុល អិម ណិលសុន « ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ » លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១៣០ ។

  4. ជែហ្វ្រី អ័រ ហូឡិន « នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ » លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៤៥ ។

  5. ឌីន អិម ដេវីស « ពរជ័យ​នៃ​ការ​ថ្វាយ​បង្គំ » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៤ ។