២០២០
ដួងចិត្ត​ត្រូវបាន​ចាក់​ទម្លុះ​ដោយ​របួស​ដ៏​ជ្រៅ ៖ ការយល់ដឹង​ពី​ការរំលោភ​បំពាន​នៅ​ក្នុង​គ្រួសារ
ខែ តុលា ឆ្នាំ ២០២០


ដួងចិត្ត​ត្រូវបាន​ចាក់​ទម្លុះ​ដោយ​របួស​ដ៏​ជ្រៅ ៖ ការយល់ដឹង​ពី​ការរំលោភ​បំពាន​នៅក្នុង​គ្រួសារ

លំនាំ​មិន​ល្អ​អាច​កើតឡើង​ក្នុង​គ្រប់​ចំណង​ទាក់ទង ។ ការស្គាល់​ពី​លំនាំ​ទាំងនោះ​អាច​លាត​ត្រដាង​ពី​ការរំលោភ​បំពាន ឬ​បញ្ឈប់​វា​មុន​ពេល​វា​ចាប់​ផ្ដើម ។

រូបភាព
upset woman and husband

រូបថត​​ទាំងឡាយ​ត្រូវបាន​ប្រើ​សម្រាប់​គោលបំណង​ជា​ការបង្ហាញ​ដោយ​គំរូ

ថ្មីៗ​នេះ​ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ឪពុក​ដែល​ខូច​ចិត្ត​ម្នាក់ ។ កូនស្រី​គាត់ ជេនណា ( ឈ្មោះ​ត្រូវបាន​ប្ដូរ ) រៀន​នៅ​ឆ្ងាយ​នៅ​ឯ​មហាវិទ្យាល័យ មាន​ចំណង​ទាក់ទង​ថ្មី​មួយ ហើយ​វា​ឈាន​ទៅមុខ​យ៉ាង​លឿន ។ មិត្តប្រុស​របស់​នាង ជេក បង្ខំ​ការរៀបការ ហើយ​ដាក់កំណត់​លើ​ទំនាក់ទំនង​របស់​ជេនណា​ជាមួយ​ឪពុក​ម្ដាយ​នាង ។ ជេនណា​បាន​សូម​អភ័យទោស​ដល់​ពួកគាត់ ដោយ​ពន្យល់​ថា​វា​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​របស់​ជេក និង​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ស្វាមី​ភរិយា ។

គ្រួសារ​របស់​ជេនណា​ព្រួយ​បារម្ភ នៅ​ពេល​ដែល​បាន​ដឹង​ថា ជេក​មាន​អតីត​ភរិយា និង​កូន​ម្នាក់​ដែល​គាត់​ពុំ​បាន​ប្រាប់​ដល់​ជេនណា ។ ពួកគេ​បាន​ទូរសព្ទ​ទៅ​អតីត​ភរិយា​ជេក ហើយ​នាង​បាន​ប្រាប់ថា ជេក​ជា​មនុស្ស​ឆេវឆាវ មិនអាច​គ្រប់​គ្រង​អារម្មណ៍ ហើយ​ប្រចណ្ឌ​ច្រើន ។ ពេល​ជេក​បាន​ដឹង​រឿង​នោះ គាត់​ខឹង​ខ្លាំង​ណាស់ ។ គាត់​បាន​និយាយ​ថា ឪពុក​ម្ដាយ​ជេនណា « ត្រួតត្រា » ហើយ​បាន​រំឭក​ពី​ពេល​មួយ​ដែល​ពួកគាត់​មិន​យល់​ស្រប​នឹង​ការនិយាយ​កំប្លែង​លេង​របស់​ជេក​ដែល​ចំអន់​អំពី​ប្រាជ្ញា​របស់​ជេនណា ។ ជេក​បាន​ទាមទារ​ដោយ​ឡកឡឺយ​ថា ជេនណា​ត្រូវ​តែ​ធ្វើ​ការសម្រច​ចិត្ត​ដោយ​ខ្លួន​ឯង​ដោយ​កាត់​ផ្តាច់​ទំនាក់ទំនង​ឪពុក​ម្ដាយ​នាង​ចោល ។ ឪពុក​ម្ដាយ​របស់​ជេនណា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង កាល​ដែល​ពុំ​មាន​ការ​ឆ្លើយ​តប​ចំពោះ​ទូរសព្ទ និង​សារ​របស់​ពួកគាត់ ។

គ្រប់​គ្នា​ចង់​បាន​គ្រួសារ​ដ៏​រីករាយ​មួយ ប៉ុន្តែ​សូម្បី​តែ​ពេល​ដែល​មនុស្ស​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​ក្ដី ក៏​ចំណង​ទាក់ទង​អាច​មាន​នូវ​ការឈឺ​ចាប់ ។ ឧបសគ្គ​មួយ​ចំនួន​ជា​លទ្ធផល​នៃ​ការយល់​ច្រឡំ និង​ជម្លោះ​ខ្វែង​គំនិត ដែល​ជា​ការទូទៅ​ចំពោះ​គ្រួសារ​ទាំងឡាយ ។ ទោះជា​យ៉ាង​ណា នៅក្នុង​គ្រួសារ​ដែល​មាន​ចំណង​ទាក់ទង​ល្អ មនុស្ស​សូម​អភ័យទោស​ចំពោះ​ឥរិយាបទ​មិន​ល្អ និង​កែប្រែ​ចំណង​ទាក់ទង​ដែល​មិន​ល្អ ខណៈ​ដែល​ស្ថានភាព​មិន​ល្អ​មាន​នូវ​លំនាំ​កាចសាហាវ ឬ​ការធ្វើបាប​ជា​បន្ត​បន្ទាប់ ដែល​ក្លាយ​ជា​ការរំលោភ​បំពាន ។

ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ និង​ដំណឹងល្អ

« អ្នក​បាន​ធ្វើ​ឲ្យ​ភរិយា​ដ៏​ទន់ភ្លន់​របស់​អ្នក​ខូច​ចិត្ត ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​អ្នក​គ្មាន​សេចក្ដី​ទុក​ចិត្ត » ( យ៉ាកុប ២:៣៥ ) ។

ការរំលោភ​បំពាន​រួម​មាន​នូវ​សកម្មភាព​ទាំងឡាយ​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​ឈឺចាប់ ឬ​មាន​ចេតនា​ត្រួតត្រា ។ វា​មាន​នូវ​ឥរិយាបថ​ទាំងឡាយ​ដែល​អាច​រួមមាន ការមិនយក​ចិត្ត​ទុកដាក់ ការគ្រប់គ្រង​ដោយ​ឧបាយកល ការរិះគន់​ដោយ​ពាក្យ​សម្ដី និង​អំពើហឹង្សា​ខាងរាងកាយ និង​ផ្លូវភេទ ។ ជា​អកុសល ឥរិយាបទ​រំលោភ​បំពាន​គឺ​កើតឡើង​ជា​ទូទៅ ដែល​មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ប៉ាន់​ប្រមាណ​ថា ប្រហែល​ជា​មួយ​ភាគ​បួន​នៃ​កុមារ​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​ធ្វើបាប​ខាង​រាងកាយ ផ្លូវភេទ ឬ​ផ្លូវ​ចិត្ត ។ មជ្ឈិមវ័យ​ក៏​មាន​អាត្រា​ខ្ពស់​ក្នុង​ការរងគ្រោះ​ផងដែរ ដោយ​ប្រមាណ​ជា ១នាក់​នៅក្នុង​ស្ត្រី​៤​នាក់ និង ១នាក់​នៅក្នុង​បុរស​១០​នាក់ ដែល​រង​នូវ​អំពើ​ហឹង្សា​ខាង​រាងកាយ​ពី​ស្វាមី ឬ​ភរិយា ។

ការរំលោភ​បំពាន​អាច​កើត​ឡើង​នៅក្នុង​ចំណង​ទាក់ទង ហើយ​ទាំង​បុរស និង​ស្ត្រី​អាច​ជា​ជនល្មើស ។ ទោះ​ជា​យ៉ាង​ណា បុរស​ទំនង​ជា​ត្រួតត្រា និង​ប្រព្រឹត្ត​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ខាង​រាងកាយ និង​ផ្លូវភេទ​ជាង ហើយ​ស្ត្រី​ទំនង​ជា​ត្រូវបាន​ធ្វើ​ឲ្យ​ភិតភ័យ ត្រួតត្រា ឬ​ធ្វើ​ឲ្យ​ឈឺចាប់​យ៉ាង​ខ្លាំង​ដោយ​ស្វាមី ។

ការរំលោភ​បំពាន​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ព្រលឹង​របស់​អ្នក​ប្រព្រឹត្ត​បទល្មើស​ផង និង​របស់​ជន​រងគ្រោះ​ផង ហើយ​វា​ផ្ទុយ​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ ពួក​ព្យាការី​សម័យ​ទំនើប​បាន​ថ្លែង​ថា ពួក​អ្នក « ដែល​បាន​ធ្វើបាប​ភរិយា ឬ​កូនចៅ … គង់តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ​នៅ​ចំពោះ​ព្រះ » ។ ជាញឹកញាប់ អ្នក​ប្រព្រឹត្ត​ការរំលោភ​បំពាន​ព្រងើយ​កន្ដើយ ឬ​ប្រើប្រាស់​គោលការណ៍​នៃ​ដំណឹងល្អ​សម្រាប់​គោលបំណង​ផ្ទាល់​ខ្លួន​វិញ ។ ឧទាហរណ៍ ខ្ញុំ​បាន​ប្រឹក្សា​ស្វាមី​ភរិយា​មួយ​គូ ដែល​ស្វាមី​ផិតក្បត់​លួច​ទាក់ទង​នឹង​ស្ត្រី​ផ្សេង​ទៀត ហើយ​បាន​យក​ប្រាក់​សន្សំ​របស់​ពួកគេ​ទៅ​លេងល្បែង ប៉ុន្តែ​ជំនួស​ឲ្យ​ការសូមទោស គាត់​បែរ​ជា​ដាក់​សម្ពាធ​ឲ្យ​ភរិយា​គាត់​អភ័យទោស​ឲ្យ​គាត់ ហើយ​បាន​និយាយ​ថា នាង​មាន « អំពើបាប​ធ្ងន់ធ្ងរ​ជាង » បើ​នាង​មិន​អភ័យទោស​ដល់​គាត់​ទេ ។ គាត់​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​នាង​ទេ ហើយ​បាន​ប្រកាស​ថា រឿង​ទាំងនេះ​ត្រឹមត្រូវ​ចំពោះ​ព្រះ បើ​មិន​អញ្ចឹង​គាត់​មិន​មែន​ជា​អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ ពេល​ភរិយា​គាត់​បាន​និយាយ​ទៅកាន់​ថ្នាក់​ដឹកនាំ​សាសនាចក្រ គាត់​បាន​និយាយ​ធ្វើ​ឲ្យ​គេ​គិត​ថា ការផិត​ក្បត់​របស់​គាត់​មិន​ធ្ងន់ធ្ងរ ហើយ​បាន​បំផ្លើស​ពី​កង្វល់​របស់​នាង ដោយ​និយាយ​ថា​នាង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ។ ស្វាមី​នោះ​បាន​បដិសេធ « គោលការណ៍​នៃ … ការគោរព​គ្នា សេចក្ដី​ស្រឡាញ់ [ និង ] សេចក្ដី​មេត្តា​ករុណា » ហើយ​កំពុង​ធ្វើបាប​ភរិយា​របស់​គាត់ ។ ការប្រឹងប្រែង​របស់​នាង​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ ពុំ​អាច​ជួសជុល​បញ្ហា​ដែល​គាត់​បង្កើត​ឡើង​បាន​ទេ ។ យើង​ម្នាក់ៗ​អាច​ធ្លាក់​ខ្លួន​ចូលទៅ​ក្នុង​ឥរិយាបទ​ដែល​មិន​ល្អ ។ មាន​លក្ខណៈ​ជាក់លាក់​ទាំងឡាយ​ដែល​ទូទៅ​ចំពោះ​ការរំលោភ​បំពាន​គ្រប់​ប្រភេទ ហើយ​ការមាន​លក្ខណៈ​ទាំងនេះ​កាន់តែ​ធ្ងន់ធ្ងរ និង​កាន់តែ​ញឹកញាប់​ប៉ុណ្ណា នោះ​ចំណង​ទាក់ទង​នោះ​កាន់តែ​មិន​ល្អ​ប៉ុណ្ណោះ​ដែរ ។ នេះ​ជា​លំនាំ​ទូទៅ​ប្រាំ​នៃ​ការរំលោភ​បំពាន​ទាំងនេះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ពី​ឥរិយាបទ​មិន​ល្អ​នៅក្នុង​ខ្លួន​បងប្អូន​ផ្ទាល់ និង​អ្នក​ដទៃ​ទៀត ។

រូបភាព
sad little girl

១. ភាពឃោរឃៅ

« គេ​ប្រើ​អណ្តាត​គេ​សម្រាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន … មាត់ [ របស់គេ ] មាន​ពេញ​ដោយ​សេចក្តី​បណ្តាសា និង​សេចក្តី​ជូរ​ចត់ » ( រ៉ូម ៣:១៣–១៤ ) ។

បុរស​ម្នាក់​បាន​មក​ជួប​ខ្ញុំ​ដើម្បី​បាន​ការព្យាបាល ជំទាស់​នឹង​បំណង​របស់​ភរិយា​គាត់ ដែល​បាន​ចំអក​ឲ្យ​គាត់​ព្រោះ​គាត់ « ត្រូវការ​ជំនួយ » ។ នៅ​ព្រះវិហារ​នាង​រាក់ទាក់ ហើយ​មាន​ជំនឿ​ណាស់ ប៉ុន្តែ​នៅ​ផ្ទះ​ការមាន​ឫក​ធំ​ដ៏​សាហាវ​របស់​នាង ឈឺ​ដូច​វាយ​នឹង​រំពាត់​អញ្ចឹង ។ នាង​បាន​រិះគន់​ពី​ប្រាក់​ចំណូល​របស់​គាត់ ហើយ​បាន​ហៅ​អាជីព​បង្រៀន​របស់​គាត់​ថា​ជា « ការងារ​ស្រី » ។ នាង​ប្រាប់​កូនប្រុស​នាង​ថា « ម៉ាក់​សង្ឃឹម​ថា កូន​មិន​ក្លាយ​ជា​មនុស្ស​ទន់ខ្សោយ​ដូច​ជា​ប៉ា​កូន​ទេ » ហើយ​បាន​ចំណាយ​ពេល​លើ​ទូរសព្ទ​រាល់ថ្ងៃ​និយាយ​ជាមួយ​ម្ដាយ​នាង ដែល​ពួកគេ​នាំ​គ្នា​បង្អាប់​ស្វាមី​របស់​ពួកគេ ។ មនុស្ស​ដែល​រក​តែ​កំហុស​ពេញចិត្ត​ក្នុង​ការបង្ក​ការឈឺចាប់ ហើយ « ចូល​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ផ្សេង​រង​ទុក្ខ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១៣ ) ។ សមាជិក​គ្រួសារ​ទាំងនេះ​បំពាន​បទបញ្ញត្តិ​របស់​ព្រះយេស៊ូវ​ដែល « កុំ​ឲ្យ​ថ្កោល​ទោស » និង « កុំ​ឲ្យ​និន្ទា » ( លូកា ៦:៣៧ ) ពេល​ដែល​ពួកគេ​មើលងាយ បង្ហាញ​ការស្អប់ខ្ពើម ឬ​ហៅ​មនុស្ស​តាម​ឈ្មោះ​មិន​ល្អ ។

២. ការបោក​បញ្ឆោត

« អ្នក​ត្រូវ​វិញ្ញាណ​ភូត​កុហក​ចូល​ក្នុង​ខ្លួន​អ្នក ហើយ​អ្នក​បាន​ច្រាន​ចោល​ព្រះ​វិញ្ញាណ​នៃ​ព្រះ » ( អាលម៉ា ៣០:៤២ ) ។

ការបោក​បញ្ឆោត​ជ្រួតជ្រាប​នៅក្នុង​ការរំលោភ​បំពាន កាលដែល​ជនល្មើស​បង្រួម​សកម្មភាព​របស់​ពួកគេ បន្ទោស​អ្នក​ដទៃ ហើយ​បង្កាច់​បង្ខូច ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ភាន់​ច្រឡំ ដូចជា​អ្នក​ចូលរួម​ក្នុង​ការស្រាវជ្រាវ​របស់​ខ្ញុំ​ម្នាក់​បាន​ពិពណ៌នា ៖ « [ ស្វាមី​ខ្ញុំ​នឹង ] ស្លន់ស្លោ ហើយ​ធ្វើ​ការសូមទោស ហើយ​បន្ទាប់​មក​និយាយ​ថា ‹ យ៉ាងណា​ក៏​ដោយ វា​ជា​កំហុស​របស់​អូន › … ហើយ​ បន្ត​និយាយ​ទាល់តែ​ខ្ញុំ​ចាប់ផ្ដើម​ជឿ​នូវ​អ្វី​ដែល​គាត់​និយាយ » ។ ការបដិសេធ​ការពិត​របស់​មនុស្ស​ម្នាក់​ទៀត​នេះ ហៅ​ថា ការបញ្ឆេះ​ភ្លើង ហើយ​វា​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ភាន់​ច្រឡំ ហើយ​មិន​ប្រាកដ​អំពី​ការចងចាំ និង​គំនិត​របស់​ពួកគេ ។ ដូច​ជា​ការបោក​បញ្ឆោត​ផ្សេង​ទៀត​ដែរ ការបញ្ឆេះ​ភ្លើង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​ដោយ​ឧបាយកល​ទៅលើ​ការសន្ទនា និង​សម្ដែង​ឲ្យ​ជឿ ។

ពួក​អ្នក​ដែល​រំលោភ​បំពាន​យ៉ាង​ខ្លាំង​ទៅលើ​អ្នក​ផ្សេងទៀត មិនព្រម​ទទួល​ស្គាល់​ថា​ការរំលោភ​បំពាន​ទាំងនោះ​គឺ​គួរ​ឲ្យ​ឈឺ​ចាប់​នោះ​ទេ ហើយ​ជា​ញឹកញាប់​ថែម​ទាំង​ប្រកាស​ថា​ខ្លួន​ជា​ជន​រងគ្រោះ​ទៀត​ផង ។ នៅពេល​ជេនណា​បាន​បង្ហាញ​ពី​ការខ្វល់ខ្វាយ​អំពី​ការរិះគន់​របស់​ជេក​ចំពោះ​ឪពុក​ម្ដាយ​នាង គាត់​ខឹង ហើយ​និយាយ​ដដែលៗ​ថា នាង « ប្រមាថ » គាត់ ។ ជេក​គឺ​នៅក្នុង​ចំណោម « អស់​អ្នក​ណា​ដែល​ស្រែក​ប្រាប់​ពី​អំពើ​រំលង … ហើយ​ជា​កូន​ចៅ​នៃ​ការ​មិន​គោរព​ប្រតិបត្តិ​តាម​ខ្លួន​ឯង​នោះ​ហើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:១៧ ) ។ គាត់​មិន​ត្រឹម​តែ​គាំទ្រ​រឿង​ក្លែងក្លាយ​របស់​គាត់​ទេ ប៉ុន្តែ​ថែមទាំង​មិន​សប្បាយ​ចិត្ត​នឹង​សេចក្ដី​ពិត​ទៀត​ផង ។

រូបភាព
man with head in hands

៣. ការដោះសារ

« ទទួល​ស្គាល់​កំហុស​របស់​ខ្លួន និង​ការ​ខុសឆ្គង ដែល​កូន​បាន​ប្រព្រឹត្ត​មក » ( អាលម៉ា ៣៩:១៣ ) ។

មនុស្ស​ដ៏​រាបទាប​ម្នាក់​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ឈឺចាប់ ហើយ​ប្រែចិត្ត និង​ធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង ។ មនុស្ស​ម្នាក់​ដែល​រំលោភ​បំពាន​មិន​ព្រម​ស្ដាប់​តាម​ការដាស់តឿន​របស់​មនសិការ ដោយ​ការដោះសារ​នានា ។ ពេល​ដែល​អ្នក​ចូលរួម​ការស្រាវជ្រាវ​របស់​ខ្ញុំ​ម្នាក់​បាន​រំឭក​ថា « ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ចំពោះ​ការរំលោភ​បំពាន​លើ​រាងកាយ ហើយ​ក្រោយ​មក​ខ្ញុំ​គិត​ថា វា​អាច​នឹង​មិន​បាន​កើតឡើង​ទេ បើ​នាង​គ្រាន់តែ​បិទ​មាត់​នោះ » ។ « សេចក្ដី​ទុក្ខ​សោក [ របស់​គាត់ ] ពុំ​នាំ​ទៅ​រក​សេចក្ដី​ប្រែ​ចិត្ត » ( មរមន ២:១៣ ) ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ត្រូវបាន​រុញ​ទៅ​ម្ខាង​ជាមួយ​នឹង​កំហឹង និង​ការបន្ទោស​ដ៏​ជូរចត់ ។

នៅក្នុង​ការព្យាបាល មាន​ម្ដង​នោះ​ខ្ញុំ​បាន​ប្រាប់​ភរិយា​ម្នាក់​ថា ខ្ញុំ​ពុំ​ដែល​បាន​ឃើញ​នាង​បង្ហាញ​ទុក្ខ​ព្រួយ​បែប​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​ទេ រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​គឺ​ឃើញ​តែ​ការរិះគន់​ស្វាមី​របស់​នាង​ប៉ុណ្ណោះ ។ ការឆ្លើយ​តប​របស់​នាង​គឺ​មិនមែន​ជា​ការសោកស្ដាយ​ទេ ប៉ុន្តែ​ការខឹង ៖ « ល្អ នេះ​ជា​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​នឹង​មិន​ធ្វើ​ទេ ! » មនុស្ស​ដែល​រំលោភ​បំពាន​បដិសេធ​ការទទួល​ខុសត្រូវ ចិត្តស្រាល ហើយ​ការពារ​ខ្លួន ។ ពួកគេ​ងាយ​នឹង​អន់ចិត្ត​ដោយសារ​រឿង​តូចតាច ។

៤. អំនួត

« ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ » ( ភីលីព ២:៣ ) ។

អំនួត​រួមមាន​ការផ្ដល់​សិទ្ធិ និង​ការផ្តោត​លើ​ខ្លួន​ឯង ។ បុរស​ម្នាក់​បញ្ចេញ​កំហឹង​ដាក់​ភរិយា និង​កូនៗ​គាត់ រាល់ពេល​ដែល​គាត់​គិត​ថា ពួកគេ « មិន​គោរព » គាត់ ។ បើ​គំនិត​របស់​ពួកគេ​មិន​ត្រូវ​នឹង​គំនិត​គាត់​ទេ នោះ​ពួកគេ « បន្ទាប​បន្ថោក » គាត់ ឬ « មិន​គោរព​ប្រតិបត្តិ » ។ អំនួត​គឺ​មាន​ការប្រកួត​ប្រជែង ហើយ​ផ្តោត​លើ​អំណាច និង​ការយក​ឈ្នះ ។ ផ្ទុយ​ទៅវិញ គ្រួសារ​ដែល​មាន​ចំណង​ទាក់ទង​ល្អ​គឺ​មាន​ការសហការ​គ្នា ដែល​ជា​កន្លែង​ដែល​មាន​តុល្យភាព​នៃ​ភាពយុត្តិធម៌ ហើយ​សមាជិក​គ្រួសារ « មាន​ការទាក់ទង​គ្នា​យ៉ាង​ត្រឹម​ត្រូវ » ( នីហ្វៃទី៤ ១:២ ) ។ ស្វាមី​ភរិយា​គួរតែ​ជា​ដៃគូ​ស្នើភាព​គ្នា ដែល​ម្នាក់ៗ​អាច​ផ្ដល់​យោបល់ ហើយ​គំនិត​ទាំងអស់​ត្រូវបាន​ផ្ដល់​តម្លៃ​ឲ្យ ។

៥. ការត្រួតត្រា

« នៅ​ពេល​យើង … អនុវត្ត​ការ​ត្រួតត្រា ឬ​ការ​គ្រប់​គ្រង ឬ​ការ​បង្ខិតបង្ខំ​ទៅ​លើ​ព្រលឹង​នៃ​កូន​ចៅ​មនុស្ស … ស្ថាន​សួគ៌​ដក​ខ្លួន​ចេញ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២១:៣៧ ) ។

ទោះបី​ជា​យើង​ឲ្យ​តម្លៃ​ដល់​សិទ្ធិ​ជ្រើសរើស តែ​វា​គួរឲ្យ​ភ្ញាក់​ផ្អើល ដែល​ជា​ញឹកញាប់​ណាស់ សមាជិក​គ្រួសារ​ប្រាប់​គ្នា​ទៅវិញ​ទៅមក​ពី​របៀប​ដើម្បី​គិត មាន​អារម្មណ៍ និង​ប្រព្រឹត្ត ។ អ្នក​ខ្លះ​ថែមទាំង​ត្រួតត្រា​តាមរយៈ​ការបំភិត​បំភ័យ ធ្វើ​ឲ្យ​ខ្មាស់ ដក​សេចក្ដី​ស្រឡាញ់ ឬ​គំរាម​កំហែង ។ ស្វាមី​ម្នាក់​មាន​ការរំពឹង​ដ៏​តឹងរឹង​ពី​ភរិយា​គាត់ ដោយ​ថា​នាង​គប្បី​រៀបចំ​អាហារ​ពេលព្រឹក​ជា​រៀងរាល់​ថ្ងៃ នៅ​ពេល​ជាក់លាក់​មួយ បំពេញ​តាម​ការស្នើសុំ​ភាពស្និតស្នាល​ជាក់លាក់ ហើយ​ស្ដាប់​គាត់​ចំពោះ « កង្វល់ » របស់​គាត់ ដែល​ជា​ធម្មតា​រួម​បញ្ចូល​នូវ​របៀប​ដែល​នាង​អាច​ធ្វើ​ខ្លួន​ឲ្យ​ប្រសើរ​ឡើង ។ គាត់​បាន​ត្រួតពិនិត្យ​លើ​ការចំណាយ​របស់​នាង ហើយ​ខឹងសម្បា​បើ​នាង​មិន​ឆ្លើយតប​ទៅ​នឹង​សារ​របស់​គាត់​ឆាប់ៗ ។

ម្ដាយ​ម្នាក់​ទៀត​បាន​បង្ហាញ​ពី​ការខកចិត្ត​ជា​រឿយៗ​ចំពោះ​កូនស្រី​ជំទង់​របស់​គាត់ ពេលណា​ដែល​កូនស្រី​នោះ​បង្ហាញ​ពី​ភាពសោកសៅ ឬ​មិន​បាន​រស់នៅ​តាម​ស្ដង់ដារ​របស់​ម្ដាយ​នោះ​ទេ ។ ប្រសិន​បើ​ការរំពឹងទុក​មិន​ត្រូវបាន​បំពេញ ឬ​បើ​ស្វាមី​របស់​គាត់​បង្ហាញ​ពី​កង្វល់​នានា នោះ​គាត់​មិន​និយាយ​ស្ដី​ធ្វើ​ព្រងើយ ។

រូបភាព
holding hands

សេចក្ដី​សង្ឃឹម និង​ការ​ព្យាបាល

« អញ​បាន​ឮ​ពាក្យ​អធិស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា » ( ពង្សាវតារក្សត្រ ទី២ ២០:៥ ) ។

ទោះបី​ការរំលោភ​បំពាន​ធ្វើ​ឲ្យ​មាន​ការឈឺចាប់​ក្នុង​ចិត្ត ក៏​ការផ្លាស់ប្ដូរ​អាច​កើត​មាន​ឡើង​បាន​ជានិច្ច ។ ជនរងគ្រោះ​អាច​ស្វែងរក​ធនធាន​ខាង​វិញ្ញាណ និង​អ្នក​ជំនាញ និង​ស្វែងរក​ព្រះចេស្ដា​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​ព្យាបាល​របួស​របស់​ពួកគេ ។ ដើម្បី​ស្វែងរក​ជំនួយ សូម​ចូល​ទៅកាន់​គេហទំព័រ abuse.ChurchofJesusChrist.org ។

ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ការរំលោភ​បំពាន ត្រូវតែ​ប្រែចិត្ត ហើយ​ស្វែងរក​ជំនួយ ។ ការណ៍​នេះ​តម្រូវ​ឲ្យ​មាន​ការ « ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ភាព​ទន់​ទាប » ( នីហ្វៃទី៣ ១២:២ ) ហើយ​ទទួល​យក​ការទទួល​ខុសត្រូវ​ពេញលេញ​សម្រាប់​ឥរិយាបទ​របស់​ពួកគេ ។ ការផ្លាស់ប្ដូរ​ត្រូវការ​លើស​ពី​ការសន្យា​រយៈពេល​ខ្លី និង​ការប្រឹងប្រែង​តែ​ខាង​ក្រៅ ។ ការឈឺចាប់​នៃ​ការប្រែចិត្ត​ដ៏​ជ្រាលជ្រៅ គឺ​ការឈឺចាប់​ក្នុង​ព្រលឹង ហើយ​មនុស្ស​ខ្លះ​មិន​មាន​ឆន្ទៈ​នឹង​ធ្វើ​វា​ទេ ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​ការសម្រេច​ចិត្ត​ដ៏​លំបាក​ទៅលើ​វិធី​ដើម្បី​ការពារ​ខ្លួន​ពួកគេ ។

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ព្រួយ​បារម្ភ​ពី​យើង គឺ​ដូច​ជា​ឪពុក​ដ៏​ព្រួយ​បារម្ភ ដែល​បាន​ទូរសព្ទ​មក​ខ្ញុំ​អំពី​កូនស្រី​របស់​គាត់​ដែរ ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គឺ « រីក​ទូលំទូលាយ​ដូច​ជា​ភាព​ដ៏​អស់​កល្ប​ជានិច្ច » ( ម៉ូសេ ៧:៤១ ) ហើយ​ទ្រង់​មាន​ការឈឺចាប់​យ៉ាង​ខ្លាំង ពេល​បុត្រ​របស់​ទ្រង់​ធ្វើ​បាប​គ្នា​ទៅវិញ​ទៅមក ។ នៅក្នុង​ការសន្ទនា​ដ៏​ទន់ភ្លន់​ជាមួយ​ហេណុក ទ្រង់​បាន​ព្រះកន្សែង ។ « នេះ​គឺជា​ពួក​បង​ប្អូន​របស់​អ្នក ពួក​គេ​ជា​ផល​នៃ​ដៃ​យើង​ផ្ទាល់ … ហើយ​ទាំង [ បាន ] ប្រទាន​បញ្ញត្តិ​មួយ​ថា ពួក​គេ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក … ប៉ុន្តែ​មើល​ចុះ ពួក​គេ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ហើយ​ពួក​គេ​ស្អប់​ឈាម​ខ្លួន​ឯង​ទៅ​វិញ » ( ម៉ូសេ ៧:៣២–៣៣ ) ។ មាន​ការយំ​នៅ​ស្ថានសួគ៌ និង​នៅ​ផែនដី ពេល​ដែល​រាងកាយ និង​ព្រលឹង​ត្រូវ​រង​របួស ។ ប៉ុន្តែ ជាមួយ​នឹង​ការបន្ទាប​ខ្លួន ព្រះចេស្ដា​របស់​ព្រះ និង​ជំនួយ​ពី​អ្នក​ជំនាញ នៅពេល​ដែល​ចាំបាច់ នោះ​វា​អាច​បញ្ឈប់​នូវ​ឥរិយាបទ​ដ៏​បំផ្លិចបំផ្លាញ ហើយ​បង្កើត​គេហដ្ឋាន​មួយ​ដែល​មាន​សេចក្តី​ថ្លៃថ្នូរ សុវត្ថិភាព និង​សេចក្ដី​ស្រឡាញ់​បាន ។ ◼

កំណត់​ចំណាំ

  1. សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដី​អំពីអំពើ​ហឹង្សា​លើ​រាងកាយ សូមមើល​នៅ​គេហទំព័រ abuse.ChurchofJesusChrist.org ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការរំលោភ​បំពាន​ផ្លូវ​ភេទ សូមមើល Benjamin M. Ogles, “Agency, Accountability, and the Atonement of Jesus Christ: Application to Sexual Assault” ( ការប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨ ) speeches.byu.edu និង Chieko N. Okazaki, “Healing from Sexual Abuse” ( សន្និសីទ​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០០២ ) ។

  2. សូមមើល Maryam Ajilian Abbasi, Masumeh Saeidi, Gholamreza Khademi, Bibi Leila Hoseini, Zahra Emami Moghadam, “Child Maltreatment in the World: A Review Article,” International Journal of Pediatrics, វ៉ុល ៣ លេខ ១ ( ឆ្នាំ ២០១៤ ) ទំព័រ ៣៥៣–៦៥ ។

  3. សូមមើល Hamby, S., “Current controversies: Are women really as violent as men? The ‘gender symmetry’ controversy,” in Claire M. Renzetti, Jeffrey L. Edleson, and Raquel Kennedy Bergen, Sourcebook on Violence Against Women, កំណែ​ទី៣ ( ឆ្នាំ ២០១៨ ) ទំព័រ ៧៨–៨២ ។

  4. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona, ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ សូមមើល​ផងដែរ abuse.ChurchofJesusChrist.org ។

  5. « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។

  6. Jason B. Whiting, Megan Oka, and Stephen T. Fife, “Appraisal distortions and intimate partner violence: Gender, power, and interaction,” Journal of Marital and Family Therapy (2012), suppl: 1:113–49 ។

  7. សម្រាប់​គំរូ​នៃ​ការ​មិន​សប្បាយ​ចិត្ត​នឹង​សេចក្ដី​ពិត​ពី​ព្រះគម្ពីរ​ផ្សេង​ទៀត សូមមើល យ៉ូហាន ៣:១៩–២១; កិច្ចការ ៧:៥៤; នីហ្វៃទី២ ១:២៥–២៦ និង នីហ្វៃទី២ ៤:១៣ ។

  8. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » សូមមើល​ផងដែរ H. Burke Peterson, “Unrighteous Dominion,” Ensign, ខែ កក្កដា ឆ្នាំ ១៩៨៩ ទំព័រ ៦–១១ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​គោលលទ្ធិ​នៃ​សមភាព និង​សំណួរ​នានា​ដើម្បី​ពិចារណា ទាក់ទង​ទៅ​នឹង​ចំណង​ទាក់ទង​ក្នុង​សេចក្ដី​សញ្ញា ។

  9. អ្នក​ដែល​នៅក្នុង​ស្ថានភាព​រំលោភ​បំពាន ជា​ញឹកញាប់​ប្រឈម​មុខ​នឹង​ជម្រើស​អំពី​វិធី​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន​ពួកគេ​ផ្ទាល់ ឬ​របស់​អ្នក​ផ្សេង​ទៀត ក៏​ដូចជា​ថាតើ​ពួកគេ​ត្រូវ​ដាក់​កម្រិត​ព្រំដែន ឬ​កម្រិត​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជាមួយ​នឹង​ពួក​មនុស្ស​ដែល​គ្មាន​មេត្តា​ទាំងនោះ ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) បាន​ពិភាក្សា​ពី​ស្ថានភាព​ដ៏​លំបាក​នៅពេល​នរណា​ម្នាក់​ជាប់​នៅក្នុង « ចំណង​ទាក់ទង​ដែល​យូរ​អង្វែង និង​មិន​អាច​កែកុន​បាន ដែល​បំផ្លាញ​ដល់​ភាពថ្លៃថ្នូរ​របស់​មនុស្ស​ក្នុង​នាម​ជា​មនុស្ស​លោក​ម្នាក់ » ( « Enriching Your Marriage » Liahona, ខែ មេសា ឆ្នាំ ២០០៧ ទំព័រ ៣ ) សូមមើល​ផងដែរ​នៅ​ផ្នែក « Help for Victims » នៅ​គេហទំព័រ​ការការពារ​ការរំលោភ​បំពាន​របស់​ព្រះវិហារ​ដើម្បី​បាន​ព័ត៌មាន និង​ជម្រើស​បន្ថែម​ទៀត ។