២០២០
នាង​នៅតែ​ជា​កូន​របស់​យើង
ខែ តុលា ឆ្នាំ ២០២០


នាង​នៅតែ​ជា​កូន​របស់​យើង

ស្វាមី​ខ្ញុំ និង​ខ្ញុំ​នឹង​ត្រូវ​ផ្សារភ្ជាប់​គ្នា ប៉ុន្តែ​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ គឺ​ធំធេង​ជាង​យើង​តែ​ពីរ​នាក់​ទៅទៀត ។

រូបភាព
photo of baby and temple

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

បន្ទាប់​ពី​រយៈពេល​ប្រាំពីរ​ឆ្នាំ​នៃ​ការសង្ឃឹម និង​ការរង់ចាំ​ដើម្បី​មាន​កូន ស្វាមី​របស់​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​កូនស្រី​មួយ ។ អាលីស៊ី​ជា​ពន្លឺ​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​នាង​បាន​រស់នៅ​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​ស្លាប់​ទៅ​ដោយសារ​ជំងឺ​រលាក​សួត ។

នោះ​គឺជា​បទពិសោធន៍​ដ៏​ពិបាក​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​ពី​កន្លែង​ធ្វើការ​វិញ ហើយ​អង្គុយ​យំ​រៀង​រាល់​ថ្ងៃ ។ ជា​ញឹកញាប់ សាច់​ថ្លៃ​ខ្ញុំ​បាន​មក​អង្គុយ​ជាមួយ​ខ្ញុំ​ដើម្បី​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ ។ ខ្ញុំ​បាន​បន្ត​អធិស្ឋាន​ទូល​សូម​កូន​មួយ​ទៀត ប៉ុន្តែ​មិន​មាន​ទេ ។ ខ្ញុំ​បាន​វង្វេង​នៅក្នុង​ភាពទុក្ខ​ព្រួយ ។

សាច់​ថ្លៃ​ខ្ញុំ​បាន​ចាប់ផ្ដើម​លើក​ទឹកចិត្ត​ស្វាមី​ខ្ញុំ និង​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​សូវ៉ា​ហ្វីជី ដើម្បី​ផ្សារភ្ជាប់ ។ យើង​មិន​ដែល​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ហើយ​យើង​បាន​សម្រេច​ចិត្ត​ថា នេះ​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ស្វែងរក​សេចក្ដី​សង្ឃឹម និង​ការ​ព្យាបាល ។

គ្មាន​អ្វី​អាច​រៀបចំ​ខ្ញុំ សម្រាប់​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៅ​ថ្ងៃ​នោះ​ទេ ! ខ្ញុំ​បាន​ដឹង​ថា ស្វាមី​ខ្ញុំ និង​ខ្ញុំ​នឹង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ​គ្នា​អស់កល្ប​ជានិច្ច ។ ការចេះដឹង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​ការដឹងគុណ និង​សេចក្ដី​ស្រឡាញ់ ។ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​យល់​ទេ​ថា ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នេះ គឺ​ធំធេង​ជាង​យើង​តែ​ពីរ​នាក់​ទៅ​ទៀត ។

នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​រៀន​ថា អាលីស៊ី​អាច​ផ្សារភ្ជាប់​នឹង​យើង ។ ខ្ញុំ​យំ​ដោយ​សេចក្ដី​អំណរ ពេល​ខ្ញុំ​បាន​ដឹង​ពី​គោលលទ្ធិ​ដ៏​ពិសិដ្ឋ​នេះ ។ កូនស្រី​យើង​នឹង​ជា​របស់​យើង​អស់កល្ប​ជានិច្ច ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​បាន​ប្រទាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​យើង​ត្រូវការ​ដើម្បី​មាន​សុភមង្គល​នៅក្នុង​ព្រះរាជ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

តាំង​ពី​ពេល​នោះ​មក ស្វាមី​ខ្ញុំ និង​ខ្ញុំ​ត្រូវបាន​ប្រទានពរ​ឲ្យ​មាន​កូន​ប្រុស​ម្នាក់ និង​កូន​ចញ្ចឹម​បី​នាក់​ទៀត ។ តែ​យើង​មិនដែល​ភ្លេច​អាលីស៊ី​ទេ ។ ដោយសារ​តែ​ពិធី​បរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ កូនស្រី​របស់​យើង​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​យើង​ជារៀង​រហូត ។

ពេល​ខ្ញុំ​ជួប​នរណា​ម្នាក់​ដែល​បាន​បាត់បង់​កូន ខ្ញុំ​ស្គាល់​ពី​ការឈឺចាប់​របស់​ពួកគេ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ផងដែរ​ថា ការឈឺចាប់​នេះ​មិនមែន​ជា​ទីបញ្ចប់​នោះ​ទេ ។ ដោយ​ការបាត់បង់​អាលីស៊ី ក៏ដូចជា​ដក​ពិសោធ​ការសាកល្បង​ផ្សេងៗ​ទៀត ខ្ញុំ​ដឹង​ថា​ព្រះ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ ។ ពេល​ខ្ញុំ​បាក់​ទឹកចិត្ត ឬ​រអ៊ូរទាំ​អំពី​ការណ៍​ទាំងឡាយ ខ្ញុំ​ដឹង​ថា ព្រះ​តែងតែ​គង់​នៅ​ទីនោះ ។

ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ជួប​អាលីស៊ី​ម្ដង​ទៀត ហើយ​សេចក្ដីពិត​នោះ​បន្ត​ធ្វើ​ឲ្យ​ស្វាមី​ខ្ញុំ និង​ខ្ញុំ​ពោរពេញ​ដោយ​សេចក្ដី​អំណរ​យ៉ាង​ជ្រាលជ្រៅ ។ ◼