២០២០
អាហារ​ថ្ងៃ​ត្រង់​ដ៏​ឯកោ
ខែ តុលា ឆ្នាំ ២០២០


អាហារ​ថ្ងៃ​ត្រង់​ដ៏​ឯកោ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​យូថាហ៍ ស.រ.អា. ។

ខាលី​គ្រាន់តែ​ចង់​បាន​មិត្ត​ម្នាក់​ប៉ុណ្ណោះ ។

« ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្សឹប​ដោយ​សំឡេង​តូច​រហៀង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៦ ) ។

រូបភាព
Lonely Lunchtime

ខាលី​បាន​ដើរ​ទៅ​បន្ទប់​អាហារ ហើយ​មើល​ជុំវិញ ។ ក្មេងៗ​ផ្សេងទៀត​ទាំងអស់​រត់​តម្រង់​ទៅ​មិត្តភក្ដិ​របស់​ពួកគេ ហើយ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តុ ។ បន្ទប់​នោះ​អ៊ូអរ​ដោយ​មាន​សម្លេង​រំភើប និង​សំណើច​ដ៏​រីករាយ ។ វា​ទើប​តែ​ជា​ថ្ងៃ​ទីពីរ​នៅសាលា ប៉ុន្តែ​វា​ហាក់​ដូចជា​គ្រប់គ្នា​មាន​នរណា​ម្នាក់​ដើម្បី​អង្គុយ​ជាមួយ​រួច​ទៅហើយ លើកលែង​តែ​ខាលី ។

នាង​បាន​ច្របាច់​ដៃកាបូប​អាហារ​របស់​នាង ហើយ​បាន​ដើរ​ទៅកាន់​តុ​មួយ ។ « តើ​ខ្ញុំ​អាច​អង្គុយ​នៅ​ក្បែរ​ឯង​បាន​ទេ ? » ខាលី​បាន​សួរ ។

ក្មេងស្រី​ម្នាក់​មាន​សក់​ក្រង​វែង​ពណ៌​ត្នោត​បាន​សម្លឹង​មើល​មក ។ នាង​បាន​ច្រឡោត ហើយ​គ្រវី​ក្បាល​របស់​នាង ។ នាង​បាន​និយាយ​ថា « អត់​ទេ ។ មាន​​អ្នក​អង្គុយ​ហើយ » ។

« មិនអីទេ ! » ខាលី​បាន​ខិត​ទៅ​កន្លែង​អង្គុយ​ទំនេរ​មួយ​ទៀត ហើយ​បាន​អង្គុយ​ចុះ​ជាមួយ​នឹង​កាបូប​អាហារ​របស់​នាង ។

« ឯង​មិន​អាច​អង្គុយ​ទីនេះបាន​ទេ ! « ខ្ញុំ​ទុក​កន្លែង​អង្គុយ​ហ្នឹង​ហើយ » ក្មេង​ប្រុស​ម្នាក់​ពាក់​អាវ​ឆ្នូត​ពណ៌​បៃតង​បាន​និយាយ ។ គេ​បាន​រុញ​កាបូប​អាហារ​របស់​ខាលី​ទៅ​ក្រោម ។ មិត្ត​គេ​ទាំងអស់​គ្នា​បាន​សើច ។

ខាលី​បាន​ឱន​ចុះ​ទៅ​រើស​កាបូប​អាហារ​របស់​នាង​ម្ដង​ទៀត ។ នាង​បាន​ដើរ​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​បន្ទប់​អាហារ ហើយ​អង្គុយ​នៅ​នឹង​តុ​ទំនេរ​មួយ ។ នាង​បាន​ឃើញ​ក្មេង​ម្នាក់​មក​ពី​សហគមន៍​នាង ហើយ​បាន​ព្យាយាម​គ្រវី​ដៃ ប៉ុន្តែ​គេ​បាន​សម្លឹង​ទៅ​ម្ខាង​ទៀត ។ ខាលី​បាន​ជ្រួញ​ចិញ្ចើម ។ ហេតុអ្វី​គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ជា​មិត្ត​របស់​នាង ?

ខាលី​បាន​ឈ្ងោកមុខ​មើល​ទៅ​ស្បែកជើង​របស់​នាង ។ នាង​មិន​មាន​អារម្មណ៍​ចង់​ញ៉ាំ​ទៀត​ទេ ។ នាង​បាន​ជូត​ភ្នែក​នាង បិទ​កាបូប​អាហារ​របស់​នាង ហើយ​បាន​ដើរ​ទៅខាង​ក្រៅ ។

គ្រប់គ្នា​កំពុង​លេង​ជាមួយ​មិត្តភ្ដិ​ពួកគេ​ទៅ​ហើយ ។ ខាលី​បាន​អង្គុយ​តែ​ម្នាក់ឯង​នៅលើ​កៅអី​វែង ហើយ​បាន​មើល​ក្មេង​ផ្សេង​ទៀត​លេង​សប្បាយ​ដោយ​គ្មាន​រូបនាង ។ បន្ទាប់​មក​ខាលី​បាន​សម្គាល់​ឃើញ​ក្មេង​ប្រុស​ម្នាក់​អាយុ​ប្រហែល​នាង កំពុង​អង្គុយ​ម្នាក់​ឯង​នៅលើ​ស្មៅ ។ គេ​ពាក់​អាវ​ដែល​មាន​ស្នាម​ប្រលាក់​ពណ៌លឿង ហើយ​សក់​គេ​បះ​ទៅ​ក្រោយ ។

ខាលី​បាន​បែរ​មុខ​ចេញ ។ នាង​បាន​ឃើញ​ក្មេងស្រី​មួយ​ក្រុម​មក​ពី​ថ្នាក់​នាង​កំពុង​លេង​បោះបាល់​ទៅវិញ​ទៅមក ។ នាង​ពិតជា​ចង់​ឲ្យ​ពួកគេ​អញ្ជើញ​នាង​ឲ្យ​លេង​ជាមួយ​ពួកគេ​ណាស់ ។

ខាលី​បាន​ក្រឡេកមើល​ទៅ​ក្មេងប្រុស​នោះ​ម្ដង​ទៀត ។ គេ​ឱនក្បាល​ចុះ ហើយ​កំពុង​បោច​ស្មៅ​នៅ​នឹង​ជើង​របស់​គេ ។ ខាលី​បាន​ចងចាំ​ពី​អ្វី​មួយ​ដែល​ម្ដាយ​នាង​បាន​និយាយ​នៅពេល​ខ្លះ ៖ រកមើល​ក្មេងៗ​ដែល​ឯកោ ។

ខាលី​បាន​ជ្រួញ​ចិញ្ចើម ។ នាង​ក៏​ឯកោ​ដែរ ។ គ្មាន​នរណា​ម្នាក់​ព្យាយាម​ធ្វើ​ជា​មិត្ត​របស់​នាង​ទេ !

ប៉ុន្តែ បន្ទាប់​មក​ខាលី​បាន​គិត​អំពី​ពេល​ដែល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​ពី​ឆ្នាំ​មុន ។ នាង​បាន​សន្យា​ថា​នឹង​​ស្ដាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រហែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​នាង​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ម្ដាយ​នាង​បាន​ប្រាប់ ។ ប្រហែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ព្យាយាម​ប្រាប់​នាង​ឲ្យ​លេង​ជាមួយ​ក្មេងប្រុស​ពាក់​អាវ​ពណ៌​លឿង​នោះ ។

ខាលី​ដក​ដង្ហើម​ធំ ហើយ​បាន​ក្រោក​ឈរ​ឡើង ។ អារម្មណ៍​ដ៏​កក់ក្ដៅ​មួយ​ជ្រាប​ក្នុង​ចិត្ត​របស់​នាង ។ នាង​បាន​ដើរ​ទៅ ហើយ​បាន​អង្គុយ​ជិត​ក្មេងប្រុស​នោះ​នៅលើ​ស្មៅ ។

នាង​បាន​និយាយ​ថា « សួស្ដី » ។

គាត់​បាន​និយាយ​រហឹមៗ​តប​វិញ​ថា « សួស្ដី » ។

« តើ​ឯង​ចូល​ចិត្ត​ពណ៌​អ្វី​ជាង​គេ ? »

« អើ …បៃតង » ។

ខាលី​បាន​និយាយ​ថា « ល្អ​ណាស់ ។ ខ្ញុំ​ចូលចិត្ត​ពណ៌​ផ្កាឈូក » ។ « តើ​ឯង​មាន​សត្វ​មួយ​ដែល​ឯង​ចូលចិត្ត​ទេ ? »

ក្មេងប្រុស​នោះ​បាន​តម្រង់​ខ្លួន​បន្តិច ហើយ​បាន​សម្លឹង​មើល​នាង ។ « មែនហើយ ។ ខ្ញុំ​ចូលចិត្ត​សត្វ​ដាយណូស័រ​ណាស់ » ។

« អូ ខ្ញុំ​ក៏​អញ្ចឹង​ដែរ ។ ខ្ញុំ​ចូលចិត្ត​ត្រៃស៊ើរ៉ាថបស៍​ជាង​គេ » ។

ក្មេងប្រុស​នោះបាន​ញញឹម ។

ហើយ​កណ្តឹង​ក៏​បាន​រោទិ៍​ឡើង ។ ខាលី​បាន​ក្រោក​ឈរឡើង ហើយ​បាន​គ្រវី​ដៃ​លា​ទៅ​ក្មេងប្រុស​នោះ ។ នាង​បាន​ញញឹម កាលដែល​នាង​បាន​ដើរ​ត្រឡប់​ទៅ​ថ្នាក់​រៀន​នាង​វិញ​តែ​ម្នាក់ឯង ។ នាង​អាច​នឹង​មិន​មាន​មិត្តល្អ​បំផុត​ម្នាក់ ប៉ុន្តែ​នាង​បាន​មាន​អារម្មណ៍​សប្បាយ​រីករាយ ដោយ​ដឹង​ថា នាង​បាន​ធ្វើ​ឲ្យ​ម៉ោង​ចេញ​លេង​របស់​មនុស្ស​ម្នាក់​បាន​ប្រសើរ​ឡើង​បន្តិច ។ ●