២០២០
ការចែកចាយ​ដំណឹងល្អ
ខែ តុលា ឆ្នាំ ២០២០


ការចែកចាយ​ដំណឹងល្អ

« រៀន​នឹង​ខ្ញុំ​ចុះ … នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សម្រាក​ដល់​ព្រលឹង » ( ម៉ាថាយ ១១:២៩ ) ។

រូបភាព
Sharing the Gospel

បុរស​ម្នាក់​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​គាត់ បាន​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដល់​ខ្ញុំ ។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​អាន​វា​ទេ​អស់​ជិត​ពីរ​ឆ្នាំ ។ ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​យក​ព្រះគម្ពីរ​មរមន​មក ហើយ​បាន​ទៅ​ឯ​ផ្លូវ​រថភ្លើង​ក្រៅ​ក្រុង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស​ហ្សីមបាវេ ។ ខ្ញុំ​បាន​អង្គុយ​ចុះ ហើយ​បាន​ចាប់ផ្ដើម​អាន ។

ពី​ដំបូង វា​ពិបាក​នឹង​យល់ ។ ប៉ុន្តែ ខ្ញុំ​បាន​អាន​អំពី​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ ម្ដង​ហើយ​ម្ដង​ទៀត ។ ពាក្យ​សម្ដី​របស់​លោក​បាន​រំជួល​ចិត្ត​ខ្ញុំ ។

ក្រោយមក មាន​មនុស្ស​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ ។ ពី​ដំបូង ខ្ញុំ​មិន​ស្រណុក​ចិត្ត​ទេ ដូច្នេះ​ខ្ញុំ​បាន​អង្គុយ​នៅ​ជួរ​ខាង​ក្រោយ ។ ប៉ុន្តែ​ពេល​មនុស្ស​ម្នាក់​បាន​ចាប់ផ្ដើម​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​ពី​ព្រះគម្ពីរ​មរមន ខ្ញុំ​បាន​ទទួលអារម្មណ៍​អស្ចារ្យ​មួយ​នៅ​ក្នុង​ចិត្ត ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​នោះ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ភូមិ​របស់​ខ្ញុំ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​មាន​កិត្តិយស​បម្រើ​បេសកកម្ម​មួយ ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ជា​ច្រើន ។

សាសនាចក្រ​បាន​លូតលាស់​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​ហ្សីមបាវេ ។ ប៉ុន្តែ​នៅតែ​មាន​អ្វីៗ​ជា​ច្រើន ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ចែកចាយ​ដំណឹងល្អ មិន​ថា​យើង​រស់នៅ​ទីណា​នោះ​ទេ ។ តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​រាត្រី​ជួបជុំ​គ្រួសារ បងប្អូន​អាច​ពង្រីក​ទីបន្ទាល់​របស់​បងប្អូន ហើយ​បន្ត​នៅ​ជិត​ព្រះវរបិតាសួគ៌ ។ ទីបន្ទាល់​របស់​បងប្អូន​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​នេះ ។ ●