២០២០
ហ្វានេវ៉ា ជា​អ្នក​ផ្សព្វផ្សាយ​សាសនា
ខែ តុលា ឆ្នាំ ២០២០


ហ្វានេវ៉ា ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

រូបភាព
Faneva the Missionary

ហ្វានេវ៉ា​បាន​សម្លឹង​ទៅ​ក្រៅ​បង្អួច​ទៅ​ផ្លូវ​ដ៏​រវល់​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​គាត់ ។ គាត់​អាច​ឃើញ​មនុស្ស​ម្នា​ទាញ​រទេះ​បន្លែ អង្ករ សំលៀកបំពាក់ និងទំនិញ​ផ្សេងៗ​ទៀត​ដើម្បី​លក់ ។ គាត់​អាច​ឮ​ស៊ីភ្លេ​ឡាន និង​ឆ្កែ​ព្រុស ។ បន្ទាប់​មក​គាត់​បាន​ឮ​សំឡេង​មួយ ។

« ម៉ាម៉ា មាន​នរណា​ម្នាក់​កំពុង​គោះ​ទ្វារ ! » ហ្វានេវ៉ា​បាន​ស្រែក​ប្រាប់ ។ ម៉ាម៉ា​បាន​បើក​ទ្វារ ។ យុវជន​ពីរនាក់​ពាក់​អាវ​ធំ និង​ក្រវ៉ាត់ក នៅ​ឯ​មាត់​ទ្វារ ។ ហ្វានេវ៉ា​មិន​ដែល​បាន​ឃើញ​នរណា​ម្នាក់​ស្លៀកពាក់​បែបនោះ​នៅក្នុង​ភូមិ​របស់​គាត់​នៅក្នុង​ប្រទេស​ម៉ាដាហ្គាស្ការ​ពីមុន​មក​ឡើយ ។

ម្នាក់​បាន​និយាយ​ថា « ពួកយើង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ « យើង​បង្រៀន​មនុស្ស​អំពី​ព្រះយេស៊ូវ ។ តើ​យើង​អាច​ចែកចាយ​សារ​មួយ​ជាមួយ​នឹង​បង​បាន​ទេ ? »

ហ្វេនេវ៉ា​រំភើប​ចិត្ត​ពេល​ម៉ាម៉ា​បាន​អញ្ចើញ​ពួកគេ​ឲ្យ​ចូល​ក្នុង ។ គ្រួសារ​ទាំងមូល​បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ស្ដាប់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​សាសនាចក្រ​របស់​ទ្រង់​បាន​មាន​លើ​ផែនដី​ម្ដង​ទៀត ។

បន្ទាប់​ពី​ថ្ងៃ​នោះ​មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក​ជួប​គ្រួសារ​របស់​ហ្វានេវ៉ា​ជា​ច្រើន​ដង ។ ពួកគេ​បានយក​សៀវភៅ​មួយ​មក​ហៅ​ថា ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ។ ហ្វានេវ៉ា​ចូលចិត្ត​អាន​វា​ជាមួយ​គ្រួសារ​គាត់ !

ហ្វានេវ៉ា​បាន​និយាយ​ទៅកាន់​ខ្លួនឯង ថ្ងៃ​មួយ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​មនុស្ស​ផ្សេង​ទៀត ។

នៅ​ពេល​ផ្សេង​ទៀត ពេលដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក ពួកគេ​បាន​បង្រៀន​គ្រួសារ​ហ្វានេវ៉ា​អំពី​របៀប​អធិស្ឋាន ។ ហ្វានេវ៉ា​បាន​រៀន​ថា គាត់​អាច​និយាយ​ទៅ​កាន់​ព្រះវរបិតាសួគ៌​គ្រប់​ពេល គ្រប់​ទីកន្លែង ។

ហ្វានេវ៉ា​បាន​គិត​ថា ថ្ងៃ​មួយ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បង្រៀន​មនុស្ស​អំពី​ការអធិស្ឋាន ។

ថ្ងៃ​មួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បានមាន​សំនួរ​ដ៏​សំខាន់​មួយ ។

អ្នកផ្សព្វផ្សាយ​ម្នាក់​បាន​សួរ​ថា « តើ​បងប្អូន​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ​ឬ​ទេ ? »

ហ្វានេវ៉ា​មាន​អារម្មណ៍​សប្បាយ នៅ​ក្នុង​ចិត្ត​គាត់ ។ គាត់​បាន​ឆ្លើយ​ថា « បាទ ! »

បងប្រុស និង​ម៉ាម៉ា​គាត់​បាន​និយាយ​ថា « បាទ និង​ចាស៎ ! »

ប៉ាប៉ា​បាន​និយាយ​ថា គាត់​មិន​ទាន់​រួចរាល់​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅឡើយ​ទេ ។ ប៉ុន្តែ គាត់​យល់ស្រប​បើ​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ដូច្នេះ ពួកគាត់​ទទួល​បុណ្យ​ជ្រមុជ​ទឹក ! ហ្វានេវ៉ា​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​បាន​បង្រៀន​គាត់​អំពី​ព្រះយេស៊ូវ ។

ហ្វានេវ៉ា​បាន​គិត​ថា ថ្ងៃ​មួយ​ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ជួយ​មនុស្ស​ឲ្យ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

ផ្នែក​ដ៏​ល្អ​បំផុត​មួយ​នៃ​ការធ្វើ​ជា​សមាជិក​របស់​សាសនាចក្រ​គឺ​ការទៅ​ថ្នាក់​កុមារ ។ ហ្វានេវ៉ា​ចូលចិត្ត​សកម្មភាព​នានា និង​ការជួប​មិត្ត​ថ្មី ។ ប៉ុន្តែ អ្វី​ដែល​គាត់​ចូលចិត្ត​ជាងគេ​ទាំងអស់ គឺ​ការច្រៀង​ចម្រៀង​កុមារ ។ នៅ​ថ្ងៃ​អាទិត្យ​មួយ​ក្នុង​ថ្នាក់​កុមារ ពួកគេ​កំពុង​ច្រៀង​ចម្រៀង​អំពី​ការ​ចែកចាយ​ដំណឹង​ល្អ ។

ហ្វានេវ៉ា​បាន​ច្រៀង​ថា « ខ្ញុំ​ចង់ក្លាយ​ជាអ្នក​ផ្សាយ​សាសនា​ពេល​នេះ » ។ « ខ្ញុំមិន​ចង់​រង់ចាំ​រហូត​ធំឡើង​ឡើយ » ។

ហ្វានេវ៉ា​បាន​ដឹង​ថា ខ្ញុំ​អាច​ចាប់ផ្ដើម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឥឡូវ​នេះ  ។ ខ្ញុំ​ពុំ​ចាំបាច់​រង់ចាំ​រហូត​ដល់​ថ្ងៃ​មួយ​នោះ​ទេ !

តាំង​ពី​ពេល​នោះ​មក ហ្វានេវ៉ា​បាន​ស្វែងរក​របៀប​នានា​ដែល​គាត់​អាច​ចែកចាយ​ដំណឹងល្អ ។ គាត់​បាន​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ ។ គាត់​បាន​អញ្ជើញ​មនុស្ស​ឲ្យ​មក​ព្រះវិហារ ។ គាត់​បាន​ជួយ​អ្នក​ជិតខាង​របស់​គាត់ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​ធំ​គ្រប់គ្រាន់​ដើម្បីជួយ​ដល់ក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​បង្រៀន​មនុស្ស​នៅក្នុង​ទីក្រុង​របស់​គាត់ ។ នៅ​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត គាត់​បាន​បម្រើ​បេសកកម្ម​មួយ​ខ្លួនឯង—ជួប​នឹង​មនុស្ស​ថ្មីៗ និង​ចែកចាយ​ដំណឹងល្អ គឺ​ដូច​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចែកចាយ​ជាមួយ​គាត់​ដែរ ។ ●