២០២០
ទូរសព្ទ​ទៅ​ប៉ា
ខែ តុលា ឆ្នាំ ២០២០


ទូរសព្ទ​ទៅ​ប៉ា

យូ​បាន​គិត​ថា បើ​ខ្ញុំ​ធាក់​កង់​ឲ្យ​ខ្លាំង ខ្ញុំ​អាច​ទៅដល់​ផ្ទះ​មុន​ពេល​ផ្លូវ​លេច​ទឹក ។

« ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៨ ) ។

រូបភាព
Call Dad

យូ​បាន​ចេញ​ពី​សាលា​រៀន​ឯកជន​ទៅលើ​ផ្លូវ​​ដ៏អូរអរនោះ ។ ខួរក្បាល​គាត់​ពេញ​ដោយ​អង្គហេតុ​គណិតវិទ្យា​ពី​ថ្នាក់​បន្ថែម​ម៉ោង​ក្រោយ​សាលា​ចប់ ។ មនុស្ស​ម្នា​បាន​ប្រញាប់​ប្រញាល់​ជាមួយ​នឹង​ឆ័ត្រ ។ ដំណក់​ភ្លៀង​ធំៗ​ធ្លាក់​មក​ឈូៗ ហើយ​ផ្លូវ​នោះ​ក៏​សើមជោក ។

មិត្ត​របស់​យូ ឈ្មោះ​លីន បាន​ចេញ​មក​នៅ​ក្បែរ​គាត់ ។ លីន​បាន​និយាយ​ថា « ឯង​គួរតែ​ទូរសព្ទ​ទៅ​ប៉ា​ឯង​ឲ្យ​មក​ទទួល​ឯង​ទៅ » ។ « លោក​ស្ស៊ែង​និយាយ​ថា វា​មាន​ទឹក​ជន់​នៅ​ផ្នែក​ខ្លះៗ​នៃ​ទីក្រុង​នេះ » ។

« ខ្ញុំ​អាច​ទៅ​ដល់​ផ្ទះ​ដោយ​ខ្លួនឯង ! »

« ប៉ុន្តែ មើល​ទឹក​ទាំងអស់​នោះ​ន៎ ! » លីន​បាន​និយាយ ដោយ​ចង្អុល​ទៅ​ទឹក​ដែល​កំពុង​ហូរ​យ៉ាង​ខ្លាំង​ទៅក្នុង​ប្រឡាយ ។

យូ​បាន​អារម្មណ៍​អស់សំណើចមួយ​សន្ទុះ ។ តើ​លីន​និយាយ​ត្រូវ​ទេ ? ប្រហែល​ជា​គាត់​គួរតែ​ទូរសព្ទ​ទៅ​ប៉ា​ឲ្យ​មក​យក​គាត់​ទៅ​ផ្ទះ​មុន​ពេល​ផ្លូវ​លេច​ទឹក ។ ប៉ុន្តែ​គាត់ និង​ប៉ា​ទើប​ឈ្លោះ​គ្នា​កាល​ពី​យប់​ម៉ិញ ហើយ​យូ​នៅ​ខឹង​នៅឡើយ ។ គាត់​មិន​ចង់​សូម​ប៉ា​ឲ្យ​ជួយ​នោះ​ទេ ។

យូ​បាន​ដោះ​ច្រវ៉ាក់​ចេញ​ពី​កង់​គាត់ ហើយ​បាន​និយាយ​លា​លីន ។ យូ​បាន​គិត​ថា បើ​ខ្ញុំ​ធាក់​កង់​ឲ្យ​ខ្លាំង ខ្ញុំ​អាច​ទៅដល់​ផ្ទះ​មុន​ពេល​ផ្លូវ​លេច​ទឹក ។

គាត់​បាន​ធាក់​កង់​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ដៃ​គាត់​ត្រជាក់ សំលៀកបំពាក់​គាត់​ទទឹក​ជោក ហើយ​គាត់​អស់​កម្លាំង ។ គំនិត​ឲ្យ​ទូរសព្ទ​ហៅ​ប៉ា បាន​លេច​ឡើង​ម្ដង​ទៀត ។ តើ​អារម្មណ៍​នេះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ ? ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់ បាន​និយាយ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជា​អ្នកដឹកនាំ​គាត់ ។ យូ​បាន​សម្លឹង​មើល​មេឃ ។ មេឃ​ងងឹត​ណាស់ រហូត​គាត់​មិន​អាច​មើលឃើញ​កំពូល​អគារ​ទេ ។ ប៉ុន្តែ​គាត់​នៅ​តែ​ខឹង​នឹង​ប៉ា​នៅ​ឡើយ ។

យូ​បាន​ព្រងើយ​កន្ដើយ​នឹង​អារម្មណ៍​នោះ ហើយ​បាន​បន្ត​ធាក់​កង់​ទៅ​ទៀត ។ ទឹក​បាន​ឡើង​ខ្ពស់ រហូត​ដល់​ម្ចាស់​ហាង​ទាំងឡាយ​បាន​បិទ​ហាង​របស់​ពួកគេ ។ មនុស្ស​បាន​រើ​របស់របរ​ទៅ​កន្លែង​ខ្ពស់ ។ យូ​បាន​ឃើញ​ម្ដាយ​ម្នាក់​រុញ​កូន​របស់​គាត់​ពីរ​នាក់​កាត់​ទឹកជន់​នៅក្នុង​ទូក​ផ្លាស្ទិច​តូច​មួយ ។

ឥឡូវ​នេះ​ដោយ​ទឹក​ឡើង​ដល់​កជើង​គាត់ យូ​ពុំ​អាច​ធាក់​កង់​គាត់​បាន​ទៀត​ទេ ។ គាត់​បាន​ចុះ​ពី​កង់ ហើបណ្តើរ ។ វា​ប្រហែល​ជា​យឺត​ពេល​នឹង​ទូរសព្ទ​ទៅ​ប៉ា​ហើយ​ឥឡូវ​នេះ ហើយ​ភ្លៀង​នៅតែ​ធ្លាក់​មក ។ ផ្គរលាន់​យ៉ាង​ខ្លាំង ហើយ​ផ្លេក​បន្ទោល​ចាំង​ឆ្វាច​ពីលើ​គាត់ ។ យូ​មាន​អារម្មណ៍​ភ័យ​ខ្លាច ។ ហើយ​គាត់​ហត់​ណាស់ ! គាត់​បាន​មើល​ទៅ​មុខ ។ នៅ​ឆ្ងាយ​ទៀត​ទើប​ដល់​ផ្ទះ ។ គាត់​មិន​គួរ​ព្រងើយ​កន្ដើយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​ព្រោះ​តែ​ការឈ្លោះ​ដ៏​លីលា​មួយ​នោះ​ទេ ។

យូ​បាន​ឈប់​ដើម្បី​អធិស្ឋាន​ខ្លី​មួយ ។ គាត់​មិន​អាច​ឮ​សំឡេង​របស់​គាត់​ទេ​ដោយ​សារតែ​ភ្លៀង និង​ផ្គរលាន់ ប៉ុន្តែ​គាត់​បា​ន​ដឹង​ថា ព្រះវរបិតាសួគ៌​អាច​ឮ​គាត់ ។

យូ​បាន​អធិស្ឋាន​ថា « ព្រះវរបិតាសួគ៌ » ។ « សូម​ជួយ​កូន​ឲ្យ​ទៅដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ផង » ។ ពេល​គាត់​បាន​បញ្ចប់ គាត់​បាន​មាន​អារម្មណ៍​ថា​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បន្ត​ទៅ​មុខ​ទៀត ។

នៅ​ទី​បំផុត យូ​អាច​មើល​ឃើញ​ផ្ទះ​គាត់​ដែល​នៅ​លើ​ទួល ។ ទាំង​ត្រជាក់ អស់កម្លាំង ហើយ​មិន​ដឹង​ថា​យ៉ាង​ណា​គាត់​បាត់​ស្បែក​ជើង​ម្ខាង យូ​បាន​ប្រឹង​ដើរ​ឡើង​ទួល​នោះ​ទាំង​លំបាក ។ គាត់​បាន​ឃើញ​ប៉ា​ចាំ​គាត់​នៅ​ខាងក្រៅ ។ ប៉ា​បាន​ប្រញាប់​ដើរ​ចុះ​ពី​ទួល​ដើម្បី​មក​ជួយគាត់ ទឹក​បាចសាច​ពេល​គាត់​បាន​រត់​មក ។

ពេល​ប៉ា​មក​ដល់ គាត់​បាន​ឱប​យូ ។ « ប៉ា​បារម្ភ​ខ្លាំង​ណាស់! » ប៉ា​បាន​និយាយ ។ « កូន​គួរតែ​ទូរសព្ទ​មក​ប៉ា ! »

 យូ​បាន​និយាយ​ថា « កូន​បាន​គិត​ថា យើង​ខឹង​គ្នា​ទៅវិញ​ទៅ​មក » ។

ប៉ា​បាន​ថា « ប៉ា​មិន​ដែល​ខឹង​កូន​រហូត​ដល់​ថ្នាក់​មិន​ជួយ​កូន​នោះ​ទេ » ។ បន្ទាប់​មក គាត់​បាន​យក​កង់​របស់​យូ ហើយ​បាន​រុញ​វា​ឡើង​ទួល​រហូត​ដល់​ផ្ទះ ។

ថ្វី​បើ​មាន​ផ្គរលាន់​រណ្ដំ​នៅ​ចន្លោះ​អគារ​ធំៗ ហើយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្ដីក៏​យូ​បាន​មាន​អារម្មណ៍​កក់ក្ដៅ​នៅក្នុង​ចិត្ត​គាត់ ។ គាត់​បាន​មាន​អារម្មណ៍​សុខសាន្ត និង​សុវត្ថិភាព ពេល​គាត់​ដើរ​តាម​ប៉ា​ទៅ​ផ្ទះ ។ ●