២០២០
ប្រព្រឹត្ត​ដោយ​សេចក្ដីជំនឿ
ខែ មករា ឆ្នាំ ២០២០


ប្រព្រឹត្ត​ដោយ​សេចក្ដីជំនឿ

រូបភាព
2020 youth theme

ប្រធានបទ​របស់​យើង​ឆ្នាំ​នេះគឺ​ផ្តោត​លើ​ពាក្យ « ទៅ ហើយ​ធ្វើ » ជា​ការ​ប្រកាស​ដ៏​មោះមុត​របស់​នីហ្វៃ​ជា​ព្យាការី​ដ៏​ស្មោះត្រង់​នៅក្នុង​ព្រះគម្ពីរ​មរមន នៅក្នុង នីហ្វៃទី១ ៣:៧ ។ ប៉ុន្តែ​ប្រហែល​ជា​ផ្នែក​ដ៏​លួងលោម​បំផុត​នៃ​ខ​នេះ គឺ​នៅពេល​ដែល​នីហ្វៃ​បង្រៀន​ថា ព្រះអម្ចាស់​នឹង​តែងតែ « រៀបចំ​ផ្លូវ » ដើម្បី​ឲ្យ​កិច្ចការ​របស់​ទ្រង់​បាន​សម្រេច ។

ជំនឿ​ដែល​ថា​ព្រះ​នឹង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ជ្រាលជ្រៅ ។ នីហ្វៃ​បាន​ដឹង​ថា ប្រសិនបើ​ព្រះ​សូម​ឲ្យ​លោក​ធ្វើ​អ្វី​មួយ នោះ​ព្រះ​ក៏​នឹង​ជួយ​លោក​ឲ្យ​សម្រេច​កិច្ចការ​នោះ ។ ហើយ​យើង​ដឹង​ថា ដោយសារ​សេចក្ដី​ជំនឿ និង​ទំនុកចិត្ត​របស់​នីហ្វៃ​លើ​ព្រះអម្ចាស់ នោះ​លោក​អាច​ទៅយក​ផ្ទាំង​លង្ហិន​បាន​ដោយ​ជោគជ័យ ។

ដូច​នីហ្វៃ​ដែរ យើង​អាច​មាន​ជំនឿ​ដើម្បី « ទៅ​ហើយ​ធ្វើ » ។ អ្នក​ប្រហែល​ជា​មិន​តែងតែ​យល់​ពី « មូលហេតុ » ដែល​នៅ​ពី​ក្រោយ​ការណែនាំ​ទាំងឡាយ​មក​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ឪពុក​ម្តាយ ឬ​សូម្បី​មក​ពី​ការបំផុស​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្តី ។ វា​នឹង​មិនមែន​ងាយ​យល់​ជានិច្ច​នោះ​ទេ ឬវា​ហាក់បីដូច​ជា​មិន​ទាំងអាច​សម្រេច​បាន​ផង ។ ប៉ុន្តែ « ដ្បិត​ការណ៍អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ​ពុំ​បាន​នោះ​គ្មាន​សោះ​ឡើយ » ( លូកា ១:៣៧ ) ។ កាលដែល​អ្នក​ឈាន​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ នោះ​អ្នក​នឹង​ឃើញ​ថា ព្រះ​តែងតែ​មាន​ហេតុផល និង​ផែនការ ។

រូបភាព
young woman walking toward a door

ព្រះ​នឹង​មិន​ដែល​សូម​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ទ្រង់​ជ្រាប​ថា​អ្នក​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ ។ និយាយ​ឲ្យ​ងាយ​ទៅ ទ្រង់​នឹង​មិនដែល​ដាក់​កិច្ចការ​ឲ្យ​អ្នក​ធ្វើ​ឲ្យ​បរាជ័យ​នោះ​ទេ ។ ប៉ុន្តែ​ទ្រង់​អាច​សូម​អ្នក​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង និង​ការ​ពឹងផ្អែក​លើ​ព្រះវិញ្ញាណ​ដើម្បី​បាន​ការដឹកនាំ ។

គន្លឹះ​ដើម្បី​ទទួល​បាន​សេចក្ដី​ជំនឿ​ដើម្បី « ទៅ​ហើយ​ធ្វើ » គឺ​បង្កើត​នូវ​ទំនុក​ចិត្ត ។ ពេល​អ្នក​មាន​ទំនុកចិត្ត​លើ​ព្រះអម្ចាស់ នោះ​អ្នក​ទុកចិត្ត​ថា ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​មាន​សមត្ថភាព​ធ្វើ​គ្រប់​កិច្ចការ ។ សូម​គិត​អំពី​វា—អ្នក​ត្រូវ​បាន​បញ្ចូល​មក​ផែនដី​នៅ​ជំនាន់​នេះ ព្រោះ​អ្នក​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​មាន​លទ្ធភាព​ដើម្បី​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ទីនេះ និង​ពេលនេះ ។ អ្នក​ត្រូវបាន​ជ្រើស​រើស​ឲ្យ​រស់នៅ​ក្នុង​ជំនាន់​នេះ ដោយសារ​ព្រះអម្ចាស់​ទុក​ព្រះទ័យ​នឹង​អ្នក ។

ពរជ័យ​ដែល​អ្នក​បាន​ទទួល​ដោយសារ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ជំនឿ និង​ទំនុកចិត្ត​គឺ​អស្ចារ្យ​ណាស់ ។ អ្នក​នឹង​ស្គាល់​ពី​អត្តសញ្ញាណ និង​គោលបំណង​របស់​អ្នក​នៅក្នុង​ទស្សនវិស័យ​ដែល​កាន់តែ​ធំធេង និង​កាន់តែ​ផ្ដោត​យក​ចិត្ត​ទុកដាក់ ។ អ្នក​នឹង​បង្កើន​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ហើយ​អ្នក​នឹង​ដឹង​ថា ជាមួយ​នឹង​ជំនួយ​ពី​ព្រះអម្ចាស់ អ្នក​គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ ។