២០២០
ចូរធ្វើ​ដូច​ជា​នីហ្វៃ
ខែ មករា ឆ្នាំ ២០២០


ចូរធ្វើ​ដូច​ជា​នីហ្វៃ

ពេល​នីហ្វៃ​បាន​និយាយ​ទៅកាន់​ឪពុក​របស់​លោក​ថា « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ( នីហ្វៃ​ទី១ ៣:៧ ) លោក​បាន​ផ្ដល់​ដល់​យើង​នូវ​គំរូ​ដ៏​បំផុស​គំនិត​មួយ​អំពី​សេចក្ដី​ជំនឿ និង​ការ​គោរព​ប្រតិបត្តិ​ដ៏​ឧស្សាហ៍​ព្យាយាម ។ ការប្ដេជ្ញា​ចិត្ត​របស់​នីហ្វៃ​ដើម្បី​ទៅ ហើយ​ធ្វើ គឺ​បាន​មក​ពី​គុណសម្បត្តិ​សំខាន់​ពីរ​ដែល​យើង​ទាំងអស់​គ្នា​អាច​បង្កើត​បាន ៖ ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​ព្រះអម្ចាស់ ព្រមទាំង​ពួក​ព្យាការី​របស់​ទ្រង់ និង​ភាពធន់​ខាង​វិញ្ញាណ​របស់​លោក ។

ការ​អភិវឌ្ឍន៍​ទីបន្ទាល់​មួយ

នីហ្វៃ​គោរព​ប្រតិបត្តិ​ដោយសារ​លោក​បាន​ស្វែងរក និង​បាន​ទទួល​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​លោក​អំពី​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ទៅកាន់​ឪពុក​លោក ( សូមមើល នីហ្វៃទី១ ២:១៦–២០ ) ។ លោក​បាន​ដឹង​ថា ភារកិច្ច​ទៅយក​ផ្ទាំង​លង្ហិន​នឹង​ពិបាក ។ ប៉ុន្តែ​មិន​ដូច​ជា​បងប្រុស​ទាំងឡាយ​របស់​លោក​ទេ លោក​បានដឹង​ថា ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​លោក ហើយ​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​សម្រេច​កិច្ចការ​នោះ​បាន ។

សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់ បាន​ផ្ដល់​ពរ និង​គាំទ្រ​នីហ្វៃ​អស់​មួយ​ជីវិត​លោក ហើយ​បាន​ជួយ​លោក​ឲ្យ​សម្រេច​បាន​កិច្ចការ​ដ៏​អស្ចារ្យ​ទាំងឡាយ ។ ដូច​ជា​នីហ្វៃ​ដែរ យើង​អាច​ធ្វើ​កិច្ចការ​ធំៗ​នៅក្នុង​ជីវិត​យើង កាល​ណា​យើង​ពុះពារ​ដើម្បី​គោរព​ប្រតិបត្តិ​ដល់​ដំបូន្មាន​ដែល​យើង​ទទួល​ពី​ពួក​ព្យាការី​នៅរស់ ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ព្រះគម្ពីរ ។ ឧទាហរណ៍ ព្យាការី​របស់​ព្រះអម្ចាស់​សព្វថ្ងៃ​នេះ គឺ​ប្រធាន រ័សុល អិម ណិលសុន បាន​សូម​យើង​ឲ្យ​ជួយ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ហើយ​រៀបចំ​សម្រាប់​ការយាង​ត្រឡប់​មក​របស់​ព្រះអង្គ​សង្គ្រោះ ។

កាល​ដែល​យើង​សិក្សា​ព្រះបន្ទូល​របស់​ព្រះ ហើយ​គោរព​ប្រតិបត្តិ នោះ​សេចក្ដី​ជំនឿ​របស់​យើង​នឹង​លូតលាស់​ឡើង ហើយ​យើង​នឹង​ទទួល​អារម្មណ៍​នៅ​ក្នុង​ដួងចិត្ត​យើង​នូវ​ការ​ប្ដេជ្ញា​ចិត្ត​មួយ ដើម្បី​បន្ត​គោរព​ប្រតិបត្តិ សូម្បី​ពេល​យើង​ដឹង​ថា​កិច្ចការ​ទាំង​ឡាយ​មាន​ភាពលំបាក​ក្ដី ។

រូបភាព
young man hiking

ការអភិវឌ្ឍ​ភាពធន់​ខាង​វិញ្ញាណ

គំរូ​របស់​នីហ្វៃ​ក៏​បង្រៀន​ដល់​យើង​អំពី​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​គឺ​ភាពធន់—ការធ្វើ​កិច្ចការ​ឆ្លងកាត់​ឧបសគ្គ​នានា​ជាជាង​ព្យាយាម​ចៀសវាង​មិន​ធ្វើ​វា ។​ មាន​គ្រា​ទាំងឡាយ​នៅក្នុង​ជីវិត​យើង​ទាំងអស់​គ្នា ពេល​ដែល​យើង​ត្រូវបាន​សូម​ឲ្យ​ធ្វើ​កិច្ចការ​លំបាកៗ និង​ត្រូវការ​ការព្យាយាម​ច្រើន ។ នៅក្នុង​ស្ថានភាព​ទាំងនោះ ប្រសិន​បើ​យើង​ពឹងផ្អែក​លើ​សេចក្ដី ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ហើយ​ជ្រើសរើស « ផ្លូវ​ត្រូវ​ជានិច្ច​ទោះ​ជា​វា​លំបាក​ក្ដី កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ » យើង​នឹង​ទទួល​ពរជ័យ ។

ពេល​អ្នក​ឃើញ​ថា​ខ្លួន​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​សម្រេចចិត្ត ឬ​កិច្ចការ​លំបាកៗ ការមាន​ឥរិយាបថ « ទៅ​ហើយ​ធ្វើ » នឹង​ជួយ​អ្នក​ជំនះ​តស៊ូ​បាន ។ ការឆ្លើយ​តប​ដោយ​ស្មោះត្រង់​ចំពោះ​ការដឹកនាំ​ដែល​អ្នក​បាន​ទទួល បង្ហាញ​ដល់​ព្រះអម្ចាស់​ថា ទ្រង់​អាច​ទុក​ព្រះទ័យ​លើ​អ្នក ហើយ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

កាល​ដែល​អ្នក​ធ្វើ​កិច្ចការ​ដោយ​ស្មោះត្រង់​ដើម្បី​អភិវឌ្ឍ​ទីបន្ទាល់ ភាពធន់​ខាង​វិញ្ញាណ និង​ឥរិយាបថ « ទៅ​ហើយ​ធ្វើ » របស់​អ្នក នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក ពង្រឹង​អ្នក និង​គាំទ្រ​អ្នក​នៅ​ឆ្នាំ​នេះ និង​អស់​មួយ​ជីវិ​តអ្នក ។

កំណត់​ចំណាំ

  1. សូមមើល​ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  2. ថូម៉ាស អេស ម៉នសុន « ការជ្រើសរើស » សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០១៦ ។