២០២០
ជំពូក​ថ្មី​មួយ​ដ៏​អស្ចារ្យ
ខែ មករា ឆ្នាំ ២០២០


ជំពូក​ថ្មី​មួយ​ដ៏​អស្ចារ្យ

រូបភាព
chapter of life

រចនា​រូបភាពដោយ ខារ៉ូលីន វីបប៊ើត

ខ្ញុំ​បាន​បិទ​ជំពូក​មួយ​នៃ​ជីវិត​របស់​ខ្ញុំ ពេល​ខ្ញុំ​បាន​ក្លាយ​ជា​ស្ត្រី​មេម៉ាយ​នៅក្នុង​ខែ តុលា ឆ្នាំ ២០១០ ។ ពេលនោះ​ខ្ញុំ​បាន​ធ្វើការ​ជា​គ្រូ​ម្នាក់​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង ។ ឧប្បទ្ទវហេតុមួយ​នៅ​កន្លែង​ធ្វើការ​បាន​កម្រិត​ដល់​ការធ្វើ​ចលនា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ធុញថប់​ណាស់​ដែល​ខ្ញុំ​មិន​អាច​កើន​សុខភាព និង​កម្លាំង​ខ្ញុំ​មក​វិញ​ឆាប់ៗ ។ ខ្ញុំ​បាន​រីករាយ​នឹង​ការងារ​ដ៏​ល្អ​មួយ​អស់​រយៈពេល ១១ឆ្នាំ ។ ខ្ញុំ​ស្រឡាញ់​ការងារ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​មិត្តភក្ដិ​ជា​ច្រើន ។ ប៉ុន្តែ​ខ្ញុំ​ពុំ​អាច​បំពេញ​តម្រូវការ​នៃ​ការងារ​របស់​ខ្ញុំ​បាន​ទៀត​ទេ ។

ខ្ញុំ​ត្រូវតែ​ទទួលស្គាល់​វា បន្ទាប់​ពី​អនុវត្ត​ច្បាប់​ពាក្យគតិបណ្ឌិត​អស់ ៣៣​ឆ្នាំ ខ្ញុំ​បាន​ឆ្ងល់​ថា​ហេតុអ្វី​ខ្ញុំ​ពុំ​អាច « រត់​ទៅ​ឥត​ដែល​ហត់ » ឬ « ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ( សូម​មើល ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៩:២០ ) ។ ទីបំផុត ខ្ញុំ​បាន​ចូល​និវត្តន៍​មុន​ពេល​រំពឹង​ទុក ដោយ​បិទ​ជំពូក​មួយ​ទៀត​នៃ​ជីវិត​ខ្ញុំ ។

ខ្ញុំ​បាន​រស់នៅ​ជាមួយ​កូនស្រី​ខ្ញុំ ពេល​ទទួល​ដំណឹង​ថា​ការងារ​របស់​នាង​នឹង​ប្ដូរ​ទៅ​តំបន់​ទីក្រុង​ប៉ារីស ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​គួរ​ទៅ​ជាមួយ​នាង ហើយ​បើក​ជំពូក​ថ្មី​មួយ​នៅក្នង​ជីវិត​ខ្ញុំ​នៅ​កន្លែង​ថ្មី ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​មក​ដល់ យើង​ទាំងពីរ​នាក់​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ារីស​ប្រទេស​បារាំង ។ ការហៅឲ្យ​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ បាន​បញ្ជាក់​ដល់​ខ្ញុំ​ថា ខ្ញុំ​ស្ថិត​នៅក្នុង​កន្លែង​ដែល​ត្រឹមត្រូវ នៅ​ពេល​វេលា​ដ៏​ស័ក្ដិសម ព្រោះ​ព្រះអម្ចាស់​បាន​នាំ​ខ្ញុំ​មក​ទីនេះ ។ ខ្ញុំ​បាន​រកឃើញ​អំណរ​ជា​ច្រើន ក្នុង​ការបម្រើ​ជា​ទៀងទាត់​នៅក្នុង​ដំណាក់​របស់​ព្រះ ហើយ​វា​អស្ចារ្យ​ណាស់​ដែល​បាន​ចែកចាយ​បទពិសោធន៍​ទាំងឡាយ​នោះ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​កូនស្រី​ខ្ញុំ ។ វា​ធ្វើ​ឲ្យ​ដួងចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរ ។

ថ្ងៃនេះ ខ្ញុំ​ឃើញ​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​ដំបូង​ឡើយ​ត្រូវបាន​លាក់​ខាង​ក្រោយ​ការរងទុក្ខ​មួយ ។ ការដែល​មាន​កម្រិត​នៅក្នុង​ការធ្វើ​ចលនា​របស់​ខ្ញុំ មិន​អាច​ធ្វើ​ការងារ​របស់​ខ្ញុំ​បាន និង​ត្រូវតែ​ចូល​និវត្តន៍​មុន​ពេល​គឺ​ពិបាក​ណាស់ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​បាន​បី​ខ្ញុំ ។ ទ្រង់​បាន​ជួយ​ខ្ញុំ​ឲ្យ​បន្ថយ​ល្បើន ហើយ​ស្វែងរក​ការ​សម្រាក ក្ដីសង្ឃឹម និង​ក្ដី​សុខសាន្ត ដែល​ឥឡូវ​នេះ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៅក្នុង​ជីវិត​ខ្ញុំ ។

គ្រប់ពេល​ដែល​ខ្ញុំ​ដើរកាត់​ទ្វារ​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​ពេល​លំបាកៗ​ជាមួយ​នឹង​សម្ពាធ​ពី​ពិភពលោក​ដែល​មាន​មក​លើ​យើង វា​ជា​ការ​ប្រសើរ​ណាស់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​បាន​ប្រទាន​ទីបរិសុទ្ធ​ដល់​យើង​ដែល​អ្វីៗ​គ្រប់​យ៉ាង​មាន​របៀប​រៀបរយ និង​ស្រស់ស្អាត ។ ខ្ញុំ​មាន​អំណរគុណ​ដ៏​ធំធេង​ចំពោះ​ជំពូក​ថ្មី​នៃ​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ វា​អស្ចារ្យ​ណាស់ !