២០២០
« តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ »
ខែ មករា ឆ្នាំ ២០២០


« តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ »

រូបភាព
man on the phone

រចនា​រូបភាព​ដោយ គ្រីស្ទស្ទូហ្វើរ វរម៉ែល

ពេល​ខ្ញុំ​ចូល​មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ម្នាក់ ខ្ញុំ​បាន​ឃើញ​ថា​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​រៀន ។ ខ្ញុំ​បាន​ខំ​រៀន​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ និង​ដើម្បី​សង់​នៅ​លើ​គ្រឹះ​ដែល​ខ្ញុំ​បាន​មាន​រួចទៅ​ហើយ ។ ខ្ញុំ​អធិស្ឋាន សួរ​សំណួរ​ព្រះវរបិតាសួគ៌ រួចហើយ​ស្វែងរក​ចម្លើយ ។ ការ​អនុវត្ត​នេះ​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ ។

ថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​នៅ​ប្រទេស​ពេរ៉ូ មាន​អែលឌើរ​ម្នាក់​បាន​ទទួល​សំបុត្រ​មួយ​ដែល​ប្រាប់​គាត់​ថា​ឪពុក​របស់​មិត្តភក្ដិ​ជិតដិត​បំផុត​របស់​គាត់​បាន​ទទួល​មរណភាព​ទាំង​មិន​បាន​រំពឹង​ទុក ។ គាត់​បាន​យំ ។ គាត់​បាន​យំស្រែក​ថា « ហេតុអ្វី​ព្រះវរបិតាសួគ៌​ទុក​ឲ្យ​រឿង​នេះ​កើត​ឡើង ? »

សំណួរ​នេះ​បាន​ចាក់​ដល់​ដួងចិត្ត​ខ្ញុំ ។ នៅ​យប់​នោះ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​ទូល​សួរ​ទៅ​កាន់​ព្រះវរបិតា​សួគ៌​នូវ​សំណួរ​ដូច​គ្នា​នោះ ។ បន្ទាប់​មក ដោយ​បាន​ស្រាវជ្រាវ​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​ខ្ញុំ​បាន​ប្រទះ​នឹង នីហ្វៃទី២ ២:២៤ ដែល​ចែង​ថា « ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វសារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ » ។

បទគម្ពីរ​នោះ​បាន​ជ្រាត​ចូល​ក្នុង​ដួងចិត្ត​ខ្ញុំ ហើយ​មិន​បាន​ចាកចេញ​ទេ ។ ខ្ញុំ​បាន​សរសេរ​កាត​មួយ​ទៅ​អែលឌើរ​នោះ ហើយ​បាន​បញ្ចូល​ខគម្ពីរ​នោះ​ជា​ផ្នែក​នៃ​ទីបន្ទាល់​របស់​ខ្ញុំ ។ ខ្ញុំ​បាន​បញ្ជាក់​ដល់​គាត់​ថា អ្វីៗ​គ្រប់​យ៉ាង​នឹង​មិន​អី​ទេ ព្រោះ​ព្រះវរបិតាសួគ៌​ធ្វើ​កិច្ចការ​នៅក្នុង​ប្រាជ្ញា ។ យើង​អាច​ទុកចិត្ត​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់​យើង ហើយ​ជ្រាប​ការណ៍​ទាំងអស់ ។

ប្រហែល​មួយ​ឆ្នាំ​កន្លះ​ក្រោយ​មក ខ្ញុំ​បាន​កំពុង​បម្រើ​នៅ​ជួរភ្នំ​ពេរ៉ូ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​ដែល​មិន​រំពឹង​ទុក​មួយ​ពី​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​ខ្ញុំ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម ហើយ​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ។ មិន​យូរ​ប៉ុន្មាន ឪពុក​ខ្ញុំ​បាន​ទទួល​មរណភាព ។ ខ្ញុំ​មាន​ការ​ពិបាក​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​បាន​មាន​អារម្មណ៍​ញាំញី​នឹង​សំណួរ​ដូចជា « តើ​ខ្ញុំ​អាច​ហែល​ឆ្លង​ការណ៍​នេះ​ដោយ​របៀប​ណា ? »

ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ទូល​សូម​ចម្លើយ ។ ភាគច្រើន​បំផុត​ខ្ញុំ​ចង់​ដឹង​ថា ហេតុអ្វី​ឪពុក​របស់​ខ្ញុំ​ត្រូវ​ចាក​ចេញ​ទៅ​ដោយ​ខ្ញុំ​មិន​បាន​ទាំង​មាន​ឱកាស​និយាយ​ពាក្យ​លា​សោះ​នោះ ។ ខ្ញុំ​បាន​ងាក​ទៅ​រក​ព្រះគម្ពីរ​មរមន បាន​បើក​វា ហើយ​អាន​ពាក្យ​ពេចន៍​ដដែល​នោះ​ដែល​ខ្ញុំ​បាន​ចែក​ចាយ​ជាមួយ​អែលឌើរ​នោះ​ជាច្រើន​ខែ​មុន ៖ « ប៉ុន្តែ​មើល​ចុះ អ្វីៗ​សព្វ​សារពើ​បាន​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ប្រាជ្ញា​របស់​ទ្រង់ ដែល​ជ្រាប​គ្រប់​ការណ៍​ទាំងអស់ » ។ ពាក្យ​ពេចន៍​ទាំងនេះ​បាន​គ្រប​ដណ្ដប់​ខ្ញុំ​ឲ្យ​មាន​ភាព​សុខ​សាន្ត​ដូច​ជា​ភួយ ហើយ​បាន​ផ្ដល់​ដល់​ខ្ញុំ​នូវ​ព្រះគុណ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​វង្វេង ។

ឪពុក​ខាង​លោកិយ​របស់​ខ្ញុំ​បាន​ចាកចេញ​ទៅ​ហើយ ប៉ុន្តែ​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​នឹង​តែងតែ​គង់​នៅ​ទីនោះ​សម្រាប់​ខ្ញុំ ។ ព្រះវរបិតាសួគ៌​បាន​ធ្វើ​ការណ៍​គ្រប់​យ៉ាង​នៅក្នុង​ប្រាជ្ញា​ទ្រង់ ហើយ​កាល​ដែល​យើង​ស្វែងរក ហើយ​រៀបចំ​ខ្លួន​យើង​ឲ្យ​អស់​ពី​សមត្ថភាព នោះ​យើង​អាច​រកឃើញ​ចម្លើយ​ដ៏​មាន​តម្លៃ​បាន ។