២០២០
ការសូម​អភ័យទោស
ខែ មករា ឆ្នាំ ២០២០


សណ្ដាន​ចិត្ត​ល្អ​គឺ​សំខាន់

ការសូម​អភ័យទោស

រូបភាព
The Apology

ថ្ងៃ​មួយ នៅ​សាលា មិត្ត​រួម​ថ្នាក់​ខ្ញុំ​ពីរបី​នាក់​បាន​ចំអក​ឲ្យ​សិស្ស​ម្នាក់​ទៀត​ដោយ​ប្រើ​ពាក្យ​មិនល្អ​ទៅ​គាត់ ។ មើល​ទៅ​វា​សប្បាយ ដូច្នេះ​ខ្ញុំ​បាន​ចូលរួម​នឹង​ពួកគេ​ដែរ ។ អស់រយៈ​ពេល​ពីរបី​សប្ដាហ៍ ខ្ញុំ​បាន​ចំអក​ឲ្យ​គាត់​ជាមួយ​នឹង​មិត្តភក្ដិ​ខ្ញុំ ។

ជាច្រើន​សប្ដាហ៍​ក្រោយមក ក្មេងប្រុស​នោះ​បាន​ប្រាប់​ខ្ញុំ​ពី​អារម្មណ៍​របស់​គាត់ ។ ទោះជា​គាត់​បាន​ធ្វើពុត​ដូច​ជា​គាត់​មិន​ខ្វល់​ដែល​យើង​កំពុង​ចំអក​ដល់​គាត់​ក្ដី គាត់​មាន​ការ​ឈឺចាប់​ដោយសារ​ពាក្យ​សម្ដី​របស់​ពួកយើង ។ គាត់​បាន​និយាយ​ថា គាត់​យំ​រាល់ថ្ងៃ ។ ខ្ញុំ​ស្ទើរ​តែ​យំ​ដែរ ពេល​គាត់​បាន​ប្រាប់​ខ្ញុំ ។ ខ្ញុំ​ចង់​ជួយ​គាត់ ហើយ​បាន​សម្រេច​ចិត្ត​សូមទោស​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់ ។

ដូច្នេះ​នៅ​ថ្ងៃ​បន្ទាប់​នោះ ខ្ញុំ​បាន​ដើរ​ទៅកាន់​គាត់ ហើយ​ដាក់​ដៃ​ខ្ញុំ​នៅលើ​ស្មា​គាត់ ។ ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​សូមទោស​ដែល​ខ្ញុំ​បាន​ចំអក​ដល់​ឯង » ។ គាត់​ងក់​ក្បាល​តប​មក​ខ្ញុំ​ទាំង​ទឹកភ្នែក​រលីង​រលោង ។ ប៉ុន្តែ​ក្មេងៗ​ផ្សេងទៀត​នៅតែ​ចំអក​ឲ្យ​គាត់ ។ បន្ទាប់​មក ខ្ញុំ​បាន​ចងចាំ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​បឋម​សិក្សា ៖ ជ្រើសរើស​ត្រូវ ។

ខ្ញុំ​បាន​ប្រាប់​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ដោយ​ក្លាហាន​ថា « ឈប់​ចំអក​ឲ្យ​គាត់​ទៅ ! តើ​ពួក​ឯង​មិន​ដឹង​ថា​វា​ពិបាក​ប៉ុណ្ណា​សម្រាប់​គាត់​ទេ​ឬ​អី ? សូម​និយាយ​ថា ពួកឯង​សូមទោស​ចំពោះ​អ្វី​ដែល​ពួកឯង​បាន​ធ្វើ ហើយ​ធ្វើ​ជា​មិត្ត​គាត់​ទៅ » ។

ប៉ុន្តែ​ពួកគេ​ពុំ​ផ្លាស់ប្ដូរ​ដោយ​ងាយៗ​ឡើយ ។ ផ្ទុយទៅ​វិញ ពួកគេ​ខឹង​នឹង​ខ្ញុំ ហើយ​បាន​និយាយ​ថា « តើ​ឯង​មាន​បញ្ហា​អ្វី​ភ្លាមៗ​ហ្នឹង ? » ឯង​ក៏​បាន​ចំអក​ដល់​គាត់​ដែរ ! »

ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ពីមុន​មក ។ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​បាន​និយាយ​សូមទោស​ទៅ​គាត់​រួចហើយ ។ ខ្ញុំ​ចង់​ឲ្យ​ពួកឯង​យល់​ថា​គាត់​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​ឈប់​ចំអក​ឲ្យ​គាត់​ដែរ » ។

ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​និយាយ​សូមទោស ហើយ​ពួក​យើង​ទាំងបី​នាក់​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា ។ ក្មេងៗ​ពីរបី​នាក់​នៅតែ​ចំអក​ឲ្យ​គាត់ ប៉ុន្តែ​គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​ដោយសារ​គាត់​មាន​ពួកយើង ។ ខ្ញុំ​នឹង​ជ្រើសរើស​ត្រូវ ដោយ​ការជួយ​មិត្ត​ម្នាក់​ដែល​ត្រូវការ​ជំនួយ ។