២០១៦
ភាពរឹងមាំ​ដើម្បី​ជ្រើសរើស
December 2016


ភាពរឹងមាំ​ដើម្បី​ជ្រើសរើស

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

តើ​ត្រូវ​បម្រើ​បេសកកម្ម ឬ ក្លាយ​ជា​កីឡាករ​កាយ​វប្បកម្ម​អាជីព ? ខគម្ពីរ​មួយ និង ការដកស្រង់​ដែល​មិត្តភក្តិ​របស់​ខ្ញុំ​បាន​ចែកចាយ​វា​ជាមួយ​ខ្ញុំ បាន​ជួយ​ខ្ញុំ​ធ្វើ​ការសម្រេច​ចិត្ត ។

រូបភាព
weightlifting

ខ្ញុំ​មាន​ក្តី​រំភើប នៅពេល​បុរស​ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ​នា​ថ្ងៃ​មួយ ហើយ​និយាយ​ថា គាត់​បាន​ឃើញ​កម្មវិធី​កាយ​វប្បកម្ម​របស់​ខ្ញុំ ហើយ​គាត់​ចង់​ឧបត្ថម្ភ​ដល់​ខ្ញុំ ។ គាត់​នឹង​បង់​ថ្លៃ​សម្លៀកបំពាក់ និង អាហារ​ប្រូតេអ៊ីន និង ថ្លៃ​សំបុត្រ​យន្តហោះ​ទៅ​ទ្វីប​អើរ៉ុប​ដើម្បី​ធ្វើ​កម្មវិធី​បង្ហាញ​នៅ​ទីនោះ ។ គាត់​ថែម​ទាំង​បាន​និយាយ​ថា ខ្ញុំ​នឹង​អាច​ត្រូវបាន​បង្ហាញ​មុខ​នៅក្នុង​ទស្សនាវដ្តី ។ កាយ​វប្បកម្ម​គឺ​ជា​ចំណង់ចំណូល​ចិត្ត ហើយ​វា​គឺ​ជា​ក្តី​សុបិន​របស់​ខ្ញុំ ! បញ្ហា​តែ​មួយ​គត់​នោះ​គឺ​ថា ខ្ញុំ​បាន​ផ្ញើ​ទម្រង់​បែបបទ​បេសកកម្ម​របស់​ខ្ញុំ​កាល​ពី​ពីរបី​ថ្ងៃ​មុន ។ ខ្ញុំ​បាន​ប្រាប់​បុរស​នោះ​វិញ​ថា ខ្ញុំ​នឹង​គិត​អំពី​ការផ្តល់​ជូន​របស់​គាត់ ហើយ​នឹង​ទូរសព្ទ​ប្រាប់​គាត់​នៅ​ពេល​ក្រោយ ។

ខ្ញុំ​បាន​ប្រឈម​នឹង​ការសម្រេច​ចិត្ត​ដ៏​លំបាក​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ចំពោះ​ឪពុក​ម្តាយ​ខ្ញុំ ការទទួល​យក​អ្នក​ឧបត្ថម្ភ​គឺ​ជា​រឿង​ដែល​មិន​ត្រូវ​ទទួល​យក​ឡើយ ។ ពួកគាត់​បាន​និយាយ​ថា « ប្រហែល​ជា​កូន​នឹង​មាន​ឱកាស​នេះ​បន្ទាប់​កូន​ចប់​បេសកកម្ម » ។ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឈប់​គិត​ពី​វា​ឡើយ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​គប្បី​ទៅ​បម្រើ​បេសកកម្ម ហើយ​បម្រើ​ព្រះអម្ចាស់ ប៉ុន្តែ​ក្តី​សុបិន​របស់​ខ្ញុំ​កំពុង​នៅ​នឹង​មុខ​របស់​ខ្ញុំ​ហើយ ។

ខ្ញុំ​បាន​សួរ​មិត្តភក្តិ​របស់​ខ្ញុំ​ជា​ច្រើន នូវ​អ្វី​ដែល​ពួកគេ​គិត​ថា​តើ​ខ្ញុំ​គួរធ្វើ​ដូចម្តេច ។ មាន​អ្នក​ខ្លះ​បាន​និយាយ​ថា ខ្ញុំ​គួរតែ​ទទួល​យក​អ្នក​ឧបត្ថម្ភ​នោះ ហើយ​អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា វា​គឺ​ជា​កិច្ចការ​របស់​សាតាំង​ប្រឆាំង​នឹង​រូប​ខ្ញុំ ដោយសារ​វា​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម​ឡើយ ។

ថ្ងៃ​មួយ មិត្តភក្តិ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ​ម្នាក់​បាន​ចែកចាយ​ការដកស្រង់​មួយ​មក​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) ជាមួយ​ខ្ញុំ​ដូច​នេះ ៖ « បុរស និង ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ​នឹង​រក​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​អំណរ​ចាក់​ចូល​យ៉ាង​ជ្រៅ​ក្នុង​ចិត្ត​ពួកគេ ពង្រីក​ទស្សន​វិស័យ​របស់​ពួកគេ ពន្លឿន​គំនិត​ពួកគេ ពង្រឹង​កម្លាំង​ពួកគេ លើក​វិញ្ញាណ​ពួកគេ​ឡើង ចម្រើន​ពរជ័យ​ពួកគេ បង្កើន​ឱកាស​ពួកគេ លួងលោម​ព្រលឹង​ពួកគេ បង្កើត​មិត្តភាព ហើយ​ចាក់​ស្រោច​នូវ​សេចក្ដី​សុខសាន្ត » ។

ការដកស្រង់​នេះ​បាន​ទាក់​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ ដូច​ជា​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​បាន​អាន​នៅក្នុង​ព្រះគម្ពីរ​មរមន​ថា ៖ « ហើយ​បើ​សិនជា​កូនចៅ​មនុស្ស​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ នោះ​ទ្រង់​នឹង​ចិញ្ចឹម​គេ ហើយ​ផ្ដល់​កម្លាំង​ដល់​គេ ព្រមទាំង​ផ្ដល់​ផ្លូវ​ឲ្យ ដើម្បី​គេ​អាច​សម្រេច​នូវ​អ្វី​ដែល​ទ្រង់ បាន​បញ្ជា​ពួកគេ » ( នីហ្វៃទី ១ ១៧:៣ ) ។

ដោយ​មាន​ជំនួយ​មក​ពី​ការដកស្រង់ និង ខគម្ពីរ​នេះ ព្រមទាំង​ការគាំ​ទ្រ​ពី​មិត្តភក្តិ និង គ្រួសារ​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ហើយ​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​បេសកកម្ម​បូលីវី កូឆាបាមបា ។

ការ​បម្រើ​បេសកកម្ម​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​រើស​យក ។ ខ្ញុំ​បាន​ឃើញ​ពរជ័យ​ជាច្រើន ខណៈ​កំពុង​បម្រើ រួមទាំង​ពរជ័យ​ដែល​បាន​រៀន​ភាសា​អេស្ប៉ាញ​ឆាប់​ចេះ ។

ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​ខ្ញុំ​ផងដែរ ។ អំឡុង​ពេល​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ ដោយ​ប្រាប់​ខ្ញុំ​ថា បងប្រុស​របស់​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​វិញ​ជា​លើក​ទីមួយ​ក្រោយ​ពី​អសកម្ម​អស់ ១២ ឆ្នាំ ។ ក្រោយ​មក​គាត់​បាន​ប្តូរ​កាលវិភាគ​ធ្វើការ​របស់​គាត់ ប្រយោជន៍​ឲ្យ​គាត់​អាច​ទៅ​ព្រះវិហារ​រៀងរាល់​ថ្ងៃ​អាទិត្យ ហើយ​គាត់​ដាក់​គោលដៅ​មួយ​អាន​ព្រះគម្ពីរ​មរមន ។ ហើយ​ប្អូន​ប្រុស​របស់​ខ្ញុំ​ក៏​បាន​ពុះពារ​ធ្វើ​ការផ្លាស់ប្តូរ​មួយ​ចំនួន​នៅក្នុង​ជីវិត​របស់​គាត់ ហើយ​ពង្រឹង​សេចក្តីជំនឿ​របស់​គាត់​ផងដែរ ។ បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​ត្រឡប់​មក​ជា​សកម្មវិញ ហើយ​ចាប់ផ្តើម​ទៅ​ព្រះវិហារ​បរិសុទ្ធ​រៀងរាល់​សប្តាហ៍ ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដល់​មរណជន ។ យើង​ពិត​ជា​បាន​ទទួល​ពរ ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Ezra Taft Benson ( ឆ្នាំ ២០១៤ ) ទំព័រ ៤២–៤៣ ការ​គូស​បញ្ជាក់​បាន​បន្ថែម ។