២០១៦
ការផ្តល់​ឲ្យ​ដែល​លើស​ពី​អំណោយ​ទៅ​ទៀត
December 2016


ការផ្តល់​ឲ្យ​ដែល​លើស ពី​អំណោយ​ទៅ​ទៀត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

តើ​អ្នក​ចង់​ធ្វើ​ជា​អ្នក​បរិច្ចាគ​បែប​ណា ?

រូបភាព
family at Christmastime

រដូវ​បុណ្យ​គ្រីស្ទម៉ាស់​គឺ​ជា​អ្វីៗ​ទាំង​អស់​អំពី​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង វិញ្ញាណ​នៃ​ការផ្តល់​ឲ្យ ។ ដោយសារ​វា​ជា​រឿង​អស្ចារ្យ​ដើម្បី​ផ្តល់ និង ទទួល​អំណោយ សូម​ចាំ​ថា​យើង​អាច​ផ្តល់​អំណោយ​ដែល​វា​លើស​ពី​អំណោយ​ទៅ​ទៀត ។ រៀងរាល់​ថ្ងៃ​យើង​អាច​លះបង់​ពេលវេលា ទេពកោសល្យ និង សេចក្តីសប្បុរស​របស់​យើង—ហើយ​អ្វីៗ​ទាំង​នោះ​គឺ​ជា​មធ្យោបាយ​ដ៏​មាន​ខ្លឹមសារ​មួយ​ចំនួន​ដែល​យើង​អាច​បម្រើ​បាន ។

ដូច្នេះ​តើ​អ្នក​ធ្វើ​បាន​ល្អ​កម្រិត​ណា លើ​ការផ្តោត​ទៅ​លើ​ការផ្តល់​អំណោយ​ដោយ​មិន​គិត​ពី​ខ្លួន​ឯង​នោះ ? សូម​ធ្វើ​លំហាត់​នេះ​ដើម្បី​ស្វែងយល់​ពី​រឿង​នេះ ។

លំហាត់

អ្នក​កំពុង​រៀបចំ​ខ្លួន​ទៅ​សាលា​រៀន ។ ម៉ាក់​របស់​អ្នក​សុំ​អ្នក​ឲ្យ​មក​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ហើយ​គាត់​បាន​ឆ្លៀត​ពេល​រៀបចំ​អាហារ​ដែល​អ្នក​ចូលចិត្ត ។ តើ​អ្នក​ធ្វើ​យ៉ាង​ដូចម្តេច ?

  1. ស្រែក​ថា​ចាំសិន « កូន​មិន​ទាន់​រៀបចំ​ខ្លួន​ហើយ​ទេ ! » ហើយ​បន្ទាប់​មក​ចំណាយ​ពេល​រៀបចំ​ខ្លួន​ឲ្យ​បាន​រួច ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​យឺត ហើយ​ខក​ជើង​ឡាន​ក្រុង ដូច្នោះ​គាត់​ត្រូវ​ជូន​អ្នក​ទៅ​សាលា​រៀន ។

  2. ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​យ៉ាង​លឿន ហើយ​រត់​ចេញ​ទៅ​យ៉ាង​រហ័ស គាត់​ធ្វើ​កិច្ចការ​ទាំង​នេះ​ជានិច្ច—វា​ជា​កិច្ចការ​ដែល​ម្តាយ​ត្រូវ​ធ្វើ ។

  3. អរគុណ​ម៉ាក់ រៀបចំ​ខ្លួន​ឲ្យ​រួច​យ៉ាង​រហ័ស ហើយ​ចំណាយពេល​ស្រស់ស្រូប​អាហារ​ជាមួយ​គ្រួសារ​របស់​អ្នក ។

ម៉ោង ១០ ព្រឹក​ហើយ គ្រូ​បង្រៀន​របស់​អ្នក​ហៀប​នឹង​ចែក​ក្រដាស​កិច្ចការ​ហើយ ។ អ្នក​ពុំ​ស្គាល់​មនុស្ស​ដែល​អង្គុយ​ជាប់​អ្នក​ច្បាស់​ទេ ប៉ុន្តែ​អ្នក​ឃើញ​ថា នាង​អន្ទះសារ​រក​មើល​អ្វី​មួយ​ពី​កាបូប​របស់​នាង ។ តើ​អ្នក​ធ្វើ​យ៉ាង​ដូចម្តេច ?

  1. មិន​ខ្វល់​នឹង​នាង ។ អ្នក​ក៏​មាន​ភាពតានតឹង​ផងដែរ ហើយ​បង្ខំ​រៀន​សម្រាប់​ការប្រលង ។

  2. ជូន​ពរ​នាង​ឲ្យ​មាន​សំណាង​ល្អ ។

  3. សួរ​នាង​ប្រសិនបើ​នាង​កំពុង​រក​មើល​អ្វី​មួយ ។ នៅពេល​អ្នក​ឮ​ថា​នាង​ត្រូវការ​ខ្មៅ​ដៃ នោះ​អ្នក​ឲ្យ​ខ្មៅ​ដៃ​អ្នក​ទៅ​នាង ។ អ្នក​ប្រាប់​នាង​ដោយ​ញញឹម​ថា « ទុក​វា​ប្រើ​ចុះ » ។

បន្ទាប់​ពី​ម៉ោង​រៀន មាន​ម្នាក់​នៅក្នុង​ក្រុម​បាល់​ឱប​របស់​អ្នក មាន​ការលំបាក​ក្នុង​ការ​បញ្ជូន​បាល់​បាន​ត្រឹមត្រូវ—តែ​អ្នក​ជំនាញ​ខាង​បញ្ជូន​បាល់​នេះ ។ គាត់​បាន​មក​បន្ទាប់​ពី​ហាត់​សម ហើយ​សួរ​ប្រសិន​បើ​អ្នក​អាច​ជួយ​គាត់ ។ តើ​អ្នក​និយាយ​ដូចម្តេច ?

  1. ប្រាប់​គាត់​ថា​អ្នក​រវល់​ណាស់ ។ ប្រហែល​ជា​ចាំ​ថ្ងៃ​ក្រោយ ។

  2. យល់​ព្រម​ទាំង​ស្ទាក់ស្ទើរ​ចិត្ត ហើយ​បញ្ជូន​បាល់​ឲ្យ​គាត់​បាន​ពីរបី​ដង បង្រៀន​គាត់​ពីរបី​ស្នៀត​យ៉ាង​លឿន ពីមុន​ប្រញាប់​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ​របស់​អ្នក ។

  3. ចំណាយ​ពេល​ច្រើន​ជាមួយ​គាត់​ដោយ​បង្រៀន​គាត់​ជាច្រើន​ស្នៀត ហើយ​ណាត់​ម៉ោង​ពេល​ក្រោយ​ទៀត​ដើម្បី​ហាត់​សម​ជាមួយ​គ្នា ។

នៅ​ម៉ោង ៥:៣០ ល្ងាច​ហើយ ម៉ាក់​របស់​អ្នក​បាន​ដាក់​អ្នក​ចុះ​នៅ​ហាង​ទំនិញ ដើម្បី​ទិញ​អំណោយ​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​សម្រាប់​ប្អូនស្រី​របស់​អ្នក ។ តើ​អ្នក​ទិញ​អ្វី​ខ្លះ ?

  1. វា​កិច្ចការ​ងាយ​ណាស់ ។ អ្នក​បាន​ទៅ​ទិញ​បាល់​បោះ​ថ្មី​ដែល​អ្នក​បាន​ចាប់​អារម្មណ៍​ជាច្រើន​ខែ​មុន​មក​ហើយ ។ … នាង​ប្រហែល​ជា​ចូលចិត្ត​បាល់​នេះ​ផងដែរ មែន​ទេ ?

  2. ជ្រើសរើស​វត្ថុ​ដែល​ថោក​បំផុត​ដែល​មាន​នៅក្នុង​បញ្ជី​របស់​នាង—នាង​នឹង​មិន​អាក់អន់​ចិត្ត​ឡើយ ហើយ​អ្នក​មិន​អស់​លុយ​ច្រើន​ឡើយ ។

  3. ស្វែងរក​សៀវភៅ​ថ្មី​បំផុត​មួយ​ដែល​មាន​អ្នក​និពន្ធ ដែល​នាង​ពេញចិត្ត ។ អ្នក​ទន្ទឹង​រង់ចាំ​ឃើញ​ពី​ក្តី​រំភើប​នៅលើ​ទឹកមុខ​របស់​ប្អូន​ស្រី​របស់​អ្នក នៅពេល​នាង​បើក​កញ្ចប់​អំណោយ​នោះ !

វា​ដល់​ម៉ោង​ដេក ហើយ​អ្នក​អស់​កម្លាំង​ជា​ខ្លាំង ។ អ្នក​ពុំទាន់​បាន​អាន​ព្រះគម្ពីរ​នៅ​ឡើយ ។ តើ​អ្នក​ធ្វើ​យ៉ាង​ដូចម្តេច ?

  1. រាប់​ខគម្ពីរ​ដែល​អ្នក​បាន​អាន​កាលពី​ថ្ងៃ​អាទិត្យ​ជំនួស​វិញ ។

  2. អំឡុង​ពេល​ស្រាវជ្រាវ​ព្រះគម្ពីរ អ្នក​បាន​ឃើញ​រឿង​ប្រលោម​លោក​ដែល​អ្នក​ចូលចិត្ត ។ សាមសិប​នាទី​ក្រោយ​មក អ្នក​បាន​ចាំ​ថា​ត្រូវ​អាន​ព្រះគម្ពីរ ហើយ​អ្នក​បាន​អាន​វគ្គ​បទគម្ពីរ​មួយ​យ៉ាង​លឿន ពីមុន​បិទ​ភ្លើង​ចូល​ដេក ។

  3. អាន​ទាំង​ព្រះគម្ពីរ និង រឿង​ប្រលោម​លោក​ដែល​អ្នក​ពេញចិត្ត​នោះ ប៉ុន្តែ​សម្រេច​ចិត្ត​ផ្តល់​អាទិភាព​ដំបូង​ដល់​ព្រះវរបិតាសួគ៌ ហើយ​អធិស្ឋាន​មួយ​ខ្លី ពីមុន​អ្នក​ចាប់​ផ្តើម​អាន ។ អ្នក​កត់​គំនិត​មួយ​ចំនួន​របស់​អ្នក នៅពេល​អ្នក​សិក្សា ហើយ​អ្នក​ថ្លែង​អំណរគុណ​ទ្រង់​ម្តង​ទៀត​ពេល​អធិស្ឋាន ពីមុន​អ្នក​ចូល​ដេក ។

លទ្ធផល !

ប្រសិនបើ​អ្នក​បាន​ឆ្លើយ​ចម្លើយ (ក) ភាគច្រើន នោះ​អ្នក​អាច​បង្វែរ​ការផ្តោត​ចិត្ត​របស់​អ្នក​ថែម​បន្តិច​ទៀត​ចំពោះ​មនុស្ស​ដទៃ ។ សូម​ចងចាំ​ថា ការផ្តល់ និង ការបម្រើ​មនុស្ស​ដទៃ​នឹង​នាំ​មកនូវ​សុភមង្គល​ដ៏​អស្ចារ្យ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ពាក់ព័ន្ធ ( សូមមើល ម៉ាថាយ ២៥:៣៤–៤៦ ) ។

ប្រសិនបើ​អ្នក​បាន​ឆ្លើយ​ចម្លើយ (ខ) ភាគច្រើន នោះ​សូម​ពិចារណា​ថា « អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ » ( ម៉ាថាយ ១០:៨ ) ។ សូម​គិត​អំពី​របៀប​ដែល​ការផ្តល់​ឲ្យ​កាន់តែ​ច្រើន​ដោយ​មាន​ឆន្ទៈ អាច​ជួយ​អ្នក​ស្វែងរក​អំណរ​កាន់តែ​ច្រើន​ឡើង ។

ប្រសិនបើ​អ្នក​បាន​ឆ្លើយ​ចម្លើយ (គ) ភាគច្រើន សូម​បន្ត​ធ្វើ​វា​ទៀត​ចុះ ! ទង្វើ​របស់​អ្នក​បង្ហាញ​ពី​វិញ្ញាណ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​ពិត ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ផ្តល់​អំណោយ​ទាន​ដោយ​ចិត្ត​សប្បុរស ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​នា​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ មិន​ថា​អ្នក​មាន​ទេពកោសល្យ​បែប​ណា​នោះ​ទេ អ្នក​អាច​ស្វែងរក​របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​របស់​អ្នក និង អំណរ​គុណ​ចំពោះ​អ្នក​ដទៃ តាមរយៈ​ទាំង​អំណោយ​ដែល​អ្នក​ផ្តល់ និង របៀប​ដែល​អ្នក​ផ្តល់​អំណោយ​នោះ​រៀងរាល់​ថ្ងៃ ។ ការផ្តល់​ឲ្យ​ក្លាយ​ជា​ពរជ័យ ហើយ​មិនមែន​ជា​ការសាកល្បង​ដ៏​លំបាក​ឡើយ នៅពេល​យើង​យល់​ថា តាមរយៈ​ការបម្រើ​មនុស្ស​ដទៃ នោះ​យើង​ពិតជា​បម្រើ​ដល់​ព្រះវរបិតាសួគ៌​របស់​យើង ( សូមមើល ម៉ូសាយ ២:១៧ ) ។