២០១៦
ការ​រៀបចំ​កន្លែង​មួយ​សម្រាប់​ព្រះអម្ចាស់
December 2016


ការ​រៀបចំ​កន្លែង​មួយ​សម្រាប់ ព្រះអម្ចាស់

គ្រប់​ពេល​ដែល​ខ្ញុំ​បាន​ស្តាប់​ឮ​អំពី​រឿង​នៃ​ការប្រសូត និង ការបម្រើ​នៅលើ​ផែនដី​របស់​ព្រះអង្គសង្គ្រោះ ខ្ញុំ​គិត​អំពី​ការទទួលខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ដើម្បី​រៀបចំ​កន្លែង​ដ៏​ស្វាគមន៍​សម្រាប់​ទ្រង់​នា​ថ្ងៃ​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ ។

រូបភាព
Salt Lake Temple during Christmastime

រូប​ភ្លើង​ពន្លឺ© iStock/Thinkstock

ឆ្នាំ​មុន​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​បាន​ចូលរួម​ទទួលទាន​អាហារ​ពេលល្ងាច ដែល​ផ្តល់​ឲ្យ​ដោយ​កិត្តិយស​ពី​មន្ត្រី​បារាំង​ដ៏​មាន​បុណ្យសក្តិ​ខ្ពស់​ម្នាក់ ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ឡើយ ។ ការទទួលទាន​អាហារ​ពេល​ល្ងាច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អគារ​រំឭក​ចាំ យ៉ូសែប ស៊្មីធ នៅ​ក្នុង​ទី​ក្រុង សតល៍ លេក រដ្ឋ យូថាហ៍ ។

ពីមុន​អង្គុយ​បរិភោគ​អាហារ​របស់​យើង យើង​បាន​នាំ​ភ្ញៀវ​របស់​យើង​ទៅ​មើល​តាម​បង្អួច​នៅ​ជាន់​ទី ១០ ដែល​ភ្ញៀវ​របស់​យើង​អាច​មើល​ឃើញ​ទេសភាព​ដ៏​ស្រស់​ត្រកាល​របស់​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ទេសភាព​នោះ​គឺ​អស្ចារ្យ​បំផុត ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ឈរ​យ៉ាង​ខ្ពស់​សន្លឹម​នៅ​កណ្តាល​ពន្លឺ​ភ្លើង​ពណ៌​ព្រិចៗ​ជា​ច្រើន ។ ពួកយើង​បាន​ឈរ​នៅ​ទីនោះ​អស់​ពេល​បួន​ប្រាំ​នាទី ដោយ​រកអ្វី​មក​ថ្លែង​ពុំ​បាន​ឡើយ ។

នៅពេល​ត្រឡប់​មក​បន្ទប់​ទទួល​ទាន​អាហារ​របស់​យើង​វិញ មន្ត្រី​រូប​នោះ​បាន​សួរ​សំណួរ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​ពួកយើង ៖ « តើ​លោក​ជឿ​លើ​ការបញ្ចប់​នៃ​ពិភពលោក​ដែរ​ឬ​ទេ ? » សំណួរ​នេះ​នាំ​ឲ្យ​មាន​ការបំផុស​ឲ្យ​មាន​ការពិភាក្សា​មួយ អំពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ និង សារៈសំខាន់​សម្រាប់​ពួកយើង​គ្រប់​គ្នា​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ទ្រង់​នៅ​ថ្ងៃ​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ ។

នៅពេល​ខ្ញុំ​កំពុង​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​យើង​ទើប​តែ​បាន​សរសើរ​នោះ គំនិត​ដ៏​អស្ចារ្យ​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ៖ « នៅពេល​ទ្រង់​យាង​មក​វិញ យ៉ាង​ហោច​ណាស់ ព្រះយេស៊ូវ​នឹង​មាន​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​ដើម្បី​គង់​នៅ ! » 

សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ចែង​ថា​ព្រះវិហារ​បរិសុទ្ធ​គឺ « ពិតជា ដំណាក់​នៃ​ព្រះអម្ចាស់ » ។ និយាយ​ម្យ៉ាង​ទៀត​ថា ព្រះវិហារ​បរិសុទ្ធ​មិន​មែន​គ្រាន់តែ​ជា​និមិត្តរូប​នៃ​ទីកន្លែង​មួយ​ឡើយ ។ ព្រះវិហារ​បរិសុទ្ធ​នា​គ្រាកាន់កាប់​ត្រួតត្រា​របស់​យើង​នេះ គឺ​ជា​ដំណាក់​ដែល​ត្រូវបាន​រៀបចំ និង​ឧទ្ទិស​ឡើង ជា​ទី​ដែល​ទ្រង់​អាច​យាង​មក​គង់​នៅ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា សាសនាចក្រ​របស់​ទ្រង់​គួរតែ​ត្រូវបាន​ស្ថាបនា​ឡើង « ប្រយោជន៍​ឲ្យ​រាស្ត្រ​របស់​យើង ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា អាច​បាន​ប្រមូល​គ្នា​តែ​មួយ នៅ​ក្នុង​ថ្ងៃ​នោះ កាលដែល​យើង​នឹង​យាង​មក​ព្រះ​វិហារ​របស់​យើង »គ. និង ស. ៤២:៣៦ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

វា​ជា​ភាពផ្ទុយ​គ្នា​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការចាប់ផ្តើម​ក្នុង​ជីវិត​រមែង​ស្លាប់​ដ៏​រាបទាប​របស់​ព្រះអង្គសង្គ្រោះ ។ ទ្រង់​គឺ​ជា​ស្តេច​នៃ​អស់​ទាំង​ស្តេច ហើយ​ជា​ព្រះអម្ចាស់​នៃ​អស់​ទាំង​ព្រះអម្ចាស់ បាន​ប្រសូត​មក​នៅក្នុង​ក្រោល​សត្វ​ដ៏​សាមញ្ញ ហើយ​ផ្ទុំ​នៅក្នុង​ស្នូក « ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​ … គ្មាន​កន្លែង​ណា​នៅ​ទេ » ( លូកា ២:៧ ) ។ អំឡុង​ពេល​កុមារ​ភាព​របស់​ទ្រង់ ព្រះយេស៊ូវ​គ្មាន​ពេល​រីករាយ​នឹង​ការ​គង់​នៅ​ជាប់​ជានិច្ច​នៅ​ក្នុង​ផ្ទះ​ដ៏​ស្រណុកសុខស្រួល​ឡើយ ដូច​ជា​គ្រា​ដែល​គ្រួសារ​របស់​ទ្រង់​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​អេស៊ីព្ទ ដើម្បី​គេច​ខ្លួន​ពី​ភាព​សាហាវ​ឃោរឃៅ​របស់​ក្សត្រ​ដែល​កាន់​អំណាច​ផ្តាច់ការ ( សូមមើល ម៉ាថាយ ២:១៣–១៤ ) ។

យើង​ពុំ​បាន​ដឹង​ច្បាស់​អំពី​រយៈពេល​ដែល​គ្រួសារ​ទ្រង់​ទៅ​ប្រទេស​អេស៊ីព្ទ​ឡើយ ប៉ុន្តែ​ទំនង​ជា​ទ្រង់ និង ឪពុក​ម្ដាយ​ទ្រង់​បាន​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​យាប់​យឺន​ជា​ជន​ភៀស​ខ្លួន—ជា​ស្ថានភាព​រស់​នៅ​ដែល​អាច​ប្រៀប​ទៅ​នឹង​ជន​ចំណាក​ស្រុក​ជាច្រើន​នា​ជំនាន់​យើង​នេះ ដែល​បាន​រត់​គេច​ខ្លួន​ពី​ការគំរាម​កំហែង​នៃ​សង្គ្រាម និង ជម្លោះ​ផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក និង ពួក​មជ្ឈិម​ប្រទេស ។

ទោះបី​អំឡុង​ពេល​ពេញ​វ័យ​ក្តី ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ទ្រង់​គ្មាន​ផ្ទះ​ជាប់​លាប់​ឡើយ ។ នា​ថ្ងៃ​មួយ​បុរស​ម្នាក់​បាន​មក​ជួប​ទ្រង់ ហើយ​និយាយ​ថា « ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ » ។ ព្រះអង្គសង្គ្រោះ​បាន​តប​វិញ​ថា « កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ » ( លូកា ៩:៥៧, ៥៨ ) ។

បងប្អូន​ប្រុសស្រី គ្រប់​ពេល​ដែល​ខ្ញុំ​បាន​ស្តាប់​ឮ​អំពី​រឿង​នៃ​ការប្រសូត និង ការបម្រើ​នៅលើ​ផែនដី​របស់​ព្រះយេស៊ូវគ្រីស្ទ ខ្ញុំ​គិត​អំពី​ការទទួលខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង ដើម្បី​រៀបចំ​កន្លែង​ដ៏​ស្វាគមន៍​សម្រាប់​ទ្រង់​នា​ថ្ងៃ​ដែល​ទ្រង់​យាង​ត្រឡប់​មក​វិញ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ?

ទៅ​ព្រះវិហារ​បរិសុទ្ធ

ទីមួយ ចូរ​យើង​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ទ្រង់​នៅក្នុង​ដំណាក់​របស់​ទ្រង់​ផ្ទាល់​—គឺ​ព្រះវិហារ​បរិសុទ្ធ ។ តើ​មាន​នរណា​ខ្លះ​ដែល​នៅក្នុង​ចំណោម​ពួកយើង​មិន​ធ្លាប់​ស្រមៃ​ថា ទៅ​ទស្សនា​កន្លែង​នានា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រសូត គង់​នៅ និង បាន​សម្រេច​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​នោះ ? មាន​មនុស្ស​ជាច្រើន ដោយ​មាន​ការលះបង់​ខ្ពស់ បាន​ធ្វើ​ដំណើរ​ទៅ​ទឹកដី​ដ៏​បរិសុទ្ធ​ទាំង​នោះ ។ ប៉ុន្តែ​វា​សំខាន់​ខ្លាំង​ណាស់ ដែល​យើង​ទស្សនា​ទី​កន្លែង​នានា​ដែល​ទ្រង់​អាច​នឹង​យាង​ត្រឡប់​មក​វិញ​នា​ពេល​ខាង​មុខ ។ វិធី​មួយ​ដ៏​ប្រសើរ​បំផុត ក្នុងនាម​យើង​ជា​ពួកសិស្ស​របស់​ទ្រង់​អាច​ធ្វើ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់​នោះ គឺ​ការ​ទៅ​ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ឲ្យ​បាន​ទៀងទាត់ ហើយ​ចុះ​កិច្ចសន្យា​រវាង​ពួកយើង​នឹង​ទ្រង់​តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ ។

រៀបចំ​គេហដ្ឋាន​របស់​អ្នក

ទី​ពីរ យើង​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ក្លាយ​ជា​កន្លែង​មួយ ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​គង់​នៅ ។ នៅក្នុង​ព្រះគម្ពីរ យើង​បាន​អាន​ដំណើរ​រឿង​ជា​ច្រើន​នៃ​មនុស្ស​មាន​ចិត្ត​សប្បុរស​ដែល​ស្វាគមន៍ និង ទទួល​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ទៅ​ផ្ទះ​របស់​ពួកគេ ។ ដូច្នេះ​ចូរ​ពួកយើង​សួរ​សំណួរ​នេះ​ដល់​ខ្លួន​យើង ៖ តើ​ព្រះអម្ចាស់​ទទួល​យក​ផ្ទះ​របស់​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ផ្ទះ​របស់​ខ្ញុំ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព សុខសាន្ត និង ជា​កន្លែង​ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ជា​កន្លែង​ដែល​ទ្រង់​នឹង​មាន​អារម្មណ៍​នៃ​ផាសុកភាព​ដែរ​ទេ ? គេហដ្ឋាន​របស់​យើង​ពុំ​បាច់​ថា​ត្រូវតែ​ធំ ឬ ល្អ​ប្រណិត​នោះ​ឡើយ ។ គេដ្ឋាន​ដែល​មាន​ការរស់នៅ​ដ៏​រាបទាប ផ្តោត​លើ​ដំណឹង​ល្អ និង ពោរពេញ​ដោយ​គ្រួសារ និង មិត្តភក្ដិ​ដែល​ចេះ​មើល​ថែ​ទាំ​គ្នា នោះ​ធ្វើ​ឲ្យ​ទ្រង់​សប្បាយ​ព្រះទ័យ​ហើយ ។

ប្រមូល​ពួក​អ្នក​រើសតាំង

ទីបី យើង​អាច​ជួយ​ប្រមូល​ពួកអ្នក​រើស​តាំង​របស់​ទ្រង់ មក​ពី​គ្រប់ទិសទី​លើ​ពិភពលោក​នេះ—ទោះបី ការធ្វើ​ការណ៍​នេះ​តម្រូវ​ឲ្យ​យើង​ចាកចោល​ផ្ទះសម្បែង​របស់​យើង​មួយ​រយៈ ដើម្បី​ជួយ​ស្ថាបនា​នគរ​របស់​ទ្រង់​នៅលើ​ផែនដី​នេះ​ក្តី ។ ប្រវត្តិ​របស់​រាស្ត្រ​នៃ​ព្រះ​គឺ​ជា​ប្រវត្តិ​នៃ​ពួកបរិសុទ្ធ ដែល​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង មាន​ឆន្ទៈ​ដើម្បី​ចេញ​ទៅ​ទី​កន្លែង​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​ពួកគេ​ទៅ ។ ខ្ញុំ​គិត​អំពី​ព្យាការី​ពី​បុរាណ​ដូច​ជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប យ៉ូសែប ម៉ូសេ លីហៃ និង ព្យាការី​ជា​ច្រើន​ទៀត ។ ខ្ញុំ​គិត​ពី​ពួកសាវក​របស់​ព្រះអម្ចាស់​នៅក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រកាស​ដំណឹង​ដោយ​ឥត​ឈប់ឈរ​នៅ​ទូទាំង​ប្រទេស​តំបន់​មេឌីទែរ៉ាណេ ។

ពួក​ព្យាការី និង ពួកសាវក​ថ្ងៃ​ចុងក្រោយ រួមទាំង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់​ពាន់​នាក់ បាន​យក និង កំពុង​បន្ត​នាំ​យក​សារលិខិត​របស់​ព្រះគ្រីស្ទ​ទៅ​កាន់​ទិស​ទាំង​បួន​នៃ​ផែន​ដី​នេះ ។ ពួកគេ​មាន​ឆន្ទៈ​ចាកចេញ​ពី​ផ្ទះ​ដ៏​ស្រណុក​សុខ​ស្រួល​របស់​ខ្លួន ដើម្បី​ផ្តល់​ការបម្រើ​របស់​ពួកគេ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះអម្ចាស់ ។

ជួយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត

ជា​ទី​បញ្ចប់ របៀប​មួយ​ដ៏​អស្ចារ្យ​ដើម្បី​រៀបចំ​កន្លែង​មួយ​សម្រាប់​ព្រះអម្ចាស់ គឺ​ជួយ​អ្នក​ជិតខាង​របស់​យើង​ដែល​គ្មាន​ផ្ទះ​នៅ ។ នា​គ្រា​ដំបូងៗ​នៃ​ការស្តារ​ឡើង​វិញ រួម​ទាំង​ពេល​ដែល​ពួកបរិសុទ្ធ​គ្មាន​ទី​ជម្រក​ជ្រក​កោន​ផងដែរ ។ ជា​ញយៗ ការ​គ្មាន​សេរីភាព​ខាង​សាសនា និង អំពើ​ទុច្ចរិត​មក​ពី​សត្រូវ​របស់​ខ្លួន នោះ​ពួក​បរិសុទ្ធ​បាន​បង្ខំ​ចិត្ត​ចាកចោល​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន នៅក្នុង​ការស្វែងរក​ក្រុង​ស៊ីយ៉ូន​របស់​ពួកគេ ។

ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បាន​ប្រើ​ពាក្យ​ដ៏​រំជួល​ចិត្ត​ទាំង​នេះ ដើម្បី​ពិពណ៌នា​អំពី​ស្ថានភាព​ដ៏​លំបាក​របស់​ពួកគេ​ដូច​នេះ ៖ « យើង​ត្រូវបាន​បណ្តេញ​ចេញ​ម្តងហើយ​ម្តង​ទៀត ពី​ផ្ទះ​ដ៏​សុខសាន្ត​របស់​យើង ហើយ​ភរិយា និង កូនៗ​របស់​យើង​ត្រូវ​បាន​បង្ខំ​ឲ្យ​រស់នៅ​លើ​ទីវាល​ដ៏​ធំ នៅ​ក្នុង​ព្រៃ នៅ​តាម​ដង​ផ្លូវ និង នៅក្នុង​រោង នៅ​ក្នុង​រដូវ​រងារ ដោយ​រង​ការឈឺចាប់​នៃ​ក្តី​លំបាក​គ្រប់​បែប​យ៉ាង រហូត​ឈាន​ទៅ​ដល់​ការបាត់បង់​ជីវិត » ។

ព្រឹត្តិការណ៍​ដ៏​បំផុស​គំនិត​មួយ​ចេញ​ពី​យុគសម័យ​នោះ ផ្តោត​សំខាន់​លើ​ភូមិ ឃ្វីនស៊ី ដ៏​តូច​មួយ​នៃ​រដ្ឋ អិលលីណោយ អំឡុង​រដូវ​រងារ​នា​ឆ្នាំ ១៨៣៩ ។ នា​គ្រា​នោះ សហគមន៍​នៃ​អ្នក​តាំង​ទីលំនៅ និង កសិករ​បាន​តាំង​ទីលំនៅ​លើ​ដង​ទន្លេ​មិស៊ីស៊ិបពី ដោយ​មាន​មនុស្ស​ប្រហែល ១៥០០ នាក់​រស់នៅក្នុង​ស្ថានភាព​មួយ​ដ៏​ត្រដាបត្រដួស ។ នៅ​ពាក់​កណ្តាល​នៃ​រដូវ​រងារ​ដ៏​ត្រជាក់​ខ្លាំង​នោះ ពួកគេ​បាន​ជួប​នឹង​ការ​មក​ដល់​នៃ​សមាជិក​សាសនាចក្រ​ប្រហែល​ជា ៥០០០ នាក់ ដែល​បាន​រត់​ភៀស​ខ្លួន​ពី​ការបញ្ជា​សម្លាប់​ផ្ដាច់​ពូជ ដែល​បាន​ចេញ​ដោយ​អភិបាល​នៃ​រដ្ឋ​មិសសួរី ។ ពួកបរិសុទ្ធ​បាន​ស្ថិត​ក្នុង​សភាព​ក្រ​តោក​យ៉ាក និង មាន​ទុក្ខព្រួយ​បំផុត ដោយ​ត្រូវ​ដើរ​ឆ្លង​កាត់​ទឹក​ដែល​កក​នៃ​ទន្លេ​មិស៊ីស៊ិបពី ។ ដោយ​សេចក្តី​សប្បុរស​ដ៏​អស្ចារ្យ ពួក​ប្រជាពលរដ្ឋ​នៃ​ភូមិ ឃ្វីនស៊ី បាន​ស្វាគមន៍​ពួកគេ​ដោយ​ភាព​កក់ក្តៅ ដោយ​បើក​ផ្ទះ​ពួកគេ​ឲ្យ​ពួកបរិសុទ្ធ​ស្នាក់​នៅ និង ចែក​ស្បៀង​បន្តិចបន្តួច​ដែល​ពួកគេ​មាន​ដល់​ពួកបរិសុទ្ធ ។

ប្រជាពល​រដ្ឋ​ម្នាក់​នៃ​ភូមិ ឃ្វីនស៊ី បាន​ពិពណ៌នា​អំពី ការមក​ដល់​នៃ​ពួកជន​ភៀស​ខ្លួន​ទាំង​នេះ ៖ « ពួកបរិសុទ្ធ​ជាច្រើន​បាន​សប្បាយ​ចិត្ត​នឹង​បាន​ជម្រក​ជ្រក​កោន​នៅក្នុង​ផ្ទះ​របស់​ខ្ញុំ ពី​ព្យុះ​ភ្លៀង រហូត​ដល់​ពួកគេ​អាច​រកបាន​កន្លែង​មួយ​រស់នៅ ។ រៀងរាល់​យប់ ទាំង​នៅ​លើ​កម្រាល​ឥដ្ឋ ជាន់លើ និង ជាន់​ក្រោម មាន​សុទ្ធតែ​គ្រែ​ដេក​កៀកៗ​គ្នា ដែល​មិន​អាច​ជាន់​ទីណា​បាន​ក្រៅ​ពី​ជាន់​លើ​គ្រែ​ដេក​ឡើយ » ។

ចំពោះ​ពួក​យើង​ដែល​មាន​ពរ​ដោយ​បាន​រស់នៅ ក្នុង​ស្ថានភាព​ដ៏​ស្ងប់សុខ និង រុងរឿង​ជាង​នោះ ដំណើរ​រឿង​នេះ​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ណាស់ ។ ពួកគេ​បង្រៀន​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ជួយ​ដល់​អ្នក​ដែល​គ្មាន​ផ្ទះ និង ក្រ​តោក​យ៉ាក ។ មិន​ថា​យើង​រស់នៅ​ក្នុង​តំបន់​ដែល​មាន​ការហូរចូល​យ៉ាង​ច្រើន ឬ តិចតួច ឬ សហគមន៍​ដែល​ដាច់​ស្រយាល​តែ​ឯង​នៃ​ជនភៀស​ខ្លួន​យ៉ាង​ណា​នោះ​ទេ មាន​របៀប​ជា​ច្រើន​ដែល​យើង​បម្រើ​ដល់​អស់​អ្នក​ដែល ជួប​ការលំបាក​ដើម្បី​មាន​វត្ថុ​ចាំបាច់​បន្តិចបន្តួច​សម្រាប់​ជីវិត​រស់នៅ ។ យើង​អាច​បរិច្ចាគ​ទៅ​ឲ្យ​មូលនិធិ​ជំនួយ​សប្បុរសធម៌​របស់​សាសនាចក្រ ។ យើង​អាច​ធ្វើ​ការ​ជាមួយ​អ្នក​ដទៃ​នៅក្នុង​សហគមន៍​របស់​យើង ដែល​ផ្ដល់​ការបម្រើ​ដោយ​ក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​ទៅ​ដល់​ជន​ទុគ៌ត​ទាំងនោះ ។ ពួកយើង​អាច​បង្កើន​មិត្តភាព​របស់​យើង​ដល់​អស់​អ្នក​ដែល​ត្រូវបាន​បណ្តេញ​ចេញ នៅពេល​ពួកគេ​បាន​មក​ដល់​សហគមន៍​របស់​យើង ។ យើង​អាច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ជន​ប្លែក​មុខ​ដែល​មក​លេង​វួដ និង សាខា​របស់​យើង ។

ទំនុកតម្កើង​ដ៏​ពិរោះ​បំផុត​មួយ​របស់​យើង រំឭក​អំពី​ដំណើរ​របស់​ជន​ប្លែក​មុខ​ម្នាក់ ដែល​បាន​ទីជ្រក​កោន​ពី​បុរស​ម្នាក់​ដែល​មាន​ចិត្ត​សប្បុរស​ដ៏​ខ្លាំង ។

កាល​យប់​យន់​ទឹក​ជោរ​ជន់​ហូរ​មក

ព្យុះ​ភ្លៀង​ផាត់​បក់​បោក​ពី​ចម្ងាយ ។

ខ្ញុំ​ឮ​សំឡេង​គាត់​នៅ​ឯ​នាយ

ដង្ហោយ​អង្វរ​សុំ​ផ្ទះ​ជ្រក​កោន

ខ្ញុំ​បំពាក់​អាវ​ឲ្យ​ភ្ញៀវ​កក់​ក្ដៅ

ដាក់​ឲ្យ​គាត់​នៅ​សម្រាក​លើ​គ្រែ

ឯ​ខ្ញុំ​យក​ធរណី​ស្រមៃ​ធ្វើ

ហាក់​ដូចជា​បាន​នៅ​សួន​អេ​ដែន ។ …

រំពេច​នោះ​ខ្ញុំ​បាន​ឃើញ​យ៉ាង​ច្បាស់

ស្គាល់​ស្នាម​ដែក​គោល​ដែល​នៅ​ព្រះ​ហស្ដ

ខ្ញុំ​ចាំ​យ៉ាង​ជាក់​ព្រះ​អង្គ​សង្គ្រោះ

ប្រត្យក្ស​ទ្រង់​ឈរ​ចំពោះ​មុខ​ខ្ញុំ

ដោយ​រាប​ទាប​ទ្រង់​ហៅ​ឈ្មោះ​ខ្ញុំ​ទាំង​ថា

« អ្នក​ឥត​អាម៉ាស​ដល់​ខ្ញុំ​ឡើយ ។

កិច្ចការ​អ្នក​ធ្វើ​នឹង​ត្រូវ​ចងចាំ

កុំ​ភ័យ ដ្បិត​អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ » ។

រូបភាព
hands of the Christus statue

ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​សមាជិក​ក្នុង​សាសនាចក្រ​មួយ​ដែល ជួយ​ដល់​ជន​ក្រីក្រ និង អ្នក​ខ្វះខាត​នៅលើ​ផែន​ដី​នេះ ។ ខ្ញុំ​មាន​ក្តី​រាបទាប​ដោយសារ​ទង្វើ​នៃ​ក្តីស្រឡាញ់ និង សប្បុរស​ដែល​រាប់​មិន​អស់ ទាំង​តូច ទាំង​ធំ ដែល​បាន​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​ដោយ​សាសនាចក្រ និង សមាជិក​សាសនាចក្រ ។ ទង្វើ​ទាំង​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​នៃ​បេសកកម្ម​របស់​សាសនាចក្រ ដោយសារ​នេះ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​យើង​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។

ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ និង ជា​ព្រះប្រោសលោះ​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​បាន​ប្រសូត​មក​ក្នុង​កាល​ដ៏​ខ្ពង់ខ្ពស់​បំផុត ថា​ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ថ្ងៃ​ខាង​មុខ ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ ដោយ​នៅក្នុង​សិរី​ល្អ ដើម្បី​គ្រប់គ្រង និង គ្រងរាជ​លើ​នគរ​ទ្រង់​នៅ​លើ​ផែនដី​នេះ ។

តាម​របៀប​នៃ​ការរៀបចំ នោះ​ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទៅ​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ញឹកញាប់ បង្កើត​បរិយាកាស​មួយ​ដែល​មាន​សុខ​សុវត្ថិភាព ក្តីស្រឡាញ់ និង សុខសាន្ត​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ហើយ​ចូលរួម​ក្នុង​ការប្រមូល​ពួក​អ្នក​រើស​តាំង​របស់​ទ្រង់​ពី​ទិស​ទាំង​បួន​នៃ​ផែនដី​នេះ ។ ខ្ញុំ​ក៏​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​មាន​ក្តីប្រាថ្នា​យ៉ាង​ពិសេស ដើម្បី​ជួយ​ដោយ​ក្តីស្រឡាញ់​ដល់​អស់​អ្នក​ដែល​នៅក្នុង​ចំណោម​ពួកយើង ដែល​គ្មាន​ផ្ទះសម្បែង និង ក្រ​លំបាក​តោកយ៉ាក ។ តាម​រយៈ​ការធ្វើ​បែប​នេះ នោះ​បងប្អូន​នឹង​រៀបចំ​កន្លែង​មួយ​នៅក្នុង​ចិត្ត និង គេហដ្ឋាន​របស់​បងប្អូន ដើម្បី​ស្វាគមន៍​ព្រះអង្គសង្គ្រោះ និង ការយាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ ដែល​ពិត​ជា​នឹង​ក្លាយ​ជា​ថ្ងៃ​មួយ​ដ៏​មហិមា និង អស្ចារ្យ ។

កំណត់​ចំណាំ

  1. សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះវិហារបរិសុទ្ធ » ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  2. ព្រិកហាំ យ៉ង់ នៅក្នុង B. H. Roberts A Comprehensive History of the Church ២:៥០៩ ។

  3. Wandle Mace នៅក្នុង Ora H. Barlow The Israel Barlow Story and Mormon Mores ( ឆ្នាំ ១៩៦៨ ) ទំព័រ ១៥៦ សូមមើល​ផងដែរ​នៅ​ទំព័រ ១៥៤–៥៥ ។

  4. « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ទំនុកតម្កើង លេខ ១៧ ។