២០១៦
និស្ស័យ​ដ៏​ពិត​នៃ​ព្រះ
December 2016


លុះត្រា​ជួប​ទៀត

និស្ស័យ​ដ៏​ពិត​នៃ​ព្រះ

ដកស្រង់​មក​ពី « The Grandeur of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០–៧៣ ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ភស្តុតាង​ដ៏​ល្អ​ឥតខ្ចោះ​នៃ​ការខ្វល់ខ្វាយ​ដ៏​ខ្លាំងក្លា​របស់​ព្រះ​វរបិតា ។

រូបភាព
Christ healing

ស្ត្រី​ដែល​បាន​ប្រោស​ឲ្យ​ជា ដោយ ជេ ឃើរ រីឆាដ

បន្ទាប់​ពី​ព្យាការី​ជា​ច្រើន​ជំនាន់​បាន​ព្យាយាម​បង្រៀន​គ្រួសារ​នៃ​មនុស្ស​លោក​ពី​ព្រះឆន្ទៈ និង របៀប​របស់​ព្រះវរបិតា ដែល​តែងតែ​មាន​ជោគជ័យ​តិចតួច នោះ​នៅក្នុង​កិច្ចខិតខំ​ដ៏​ខ្ពង់ខ្ពស់​របស់​ទ្រង់ ព្រះ​បាន​ឲ្យ​យើង​ស្គាល់​ទ្រង់ ហើយ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ និង ឥតខ្ចោះ​របស់​ទ្រង់ ដែល​បាន​បង្កើត​ឡើង​ដូច និង មាន​រូបកាយ​ដូច​ទ្រង់ ដើម្បី​រស់នៅ ហើយ​បម្រើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ដ៏​លំបាក​រៀង​រាល់​ថ្ងៃ​នេះ ។

ដោយ​យាង​មក​លើ​ផែន​ដី​ជាមួយ​នឹង​ការទទួលខុសត្រូវ​បែប​នេះ ដើម្បី​ឈរ​ជំនួស​ឲ្យ​អេឡូហីម—មាន​បន្ទូល​ដូច​ដែល​ទ្រង់​មាន​បន្ទូល ជំនុំជម្រះ និង​បម្រើ ស្រឡាញ់ ហើយ​ព្រមាន អត់ធ្មត់ ព្រមទាំង​អភ័យទោស​ដូច​ដែល​ទ្រង់​នឹង​ធ្វើ—នេះ​គឺ​ជា​កាតព្វកិច្ច​ដ៏​មហិមា ដែល​អ្នក និង ខ្ញុំ​ពុំ​អាច​យល់​នូវ​រឿង​បែប​នេះ​បាន​ទេ ។ ប៉ុន្តែ​នៅ​ក្នុង​ភាពស្មោះត្រង់ និង ការប្តេជ្ញា​ចិត្ត​ដែល​ជា​បុគ្គលិក​លក្ខណៈ​នៃ​កូន​របស់​ព្រះ នោះ​ព្រះយេស៊ូវ​អាច​យល់​ពី​វា ហើយ​ទ្រង់​បាន​ធ្វើ​វា ។ នៅពេល​ការកោត​សរសើរ និង កិត្តិយស​បាន​ចាប់ផ្តើម​កើត​ឡើង នោះ​ទ្រង់​បាន​ដឹកនាំ​ការកោតសរសើរ​ទាំង​អស់​ដោយ​រាបសា​ទៅ​កាន់​ព្រះវរបិតា ។

ទ្រង់​មាន​បន្ទូល​ដោយ​ស្មោះ​អស់​ពី​ព្រះទ័យ​ថា « ព្រះវរបិតា … ធ្វើ​កិច្ចការ​នេះ » ។ « ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី​ដោយ​ព្រះអង្គ​ទ្រង់​បាន​ទេ ធ្វើ​បាន​តែ​ការ​អ្វី​ដែល​ឃើញ​ព្រះវរបិតា​ធ្វើ ដ្បិត​ការណ៍​អ្វី​ក៏​ដោយ​ដែល [ ព្រះវរបិតា ] ធ្វើ នោះ​ព្រះរាជបុត្រា​ក៏​ធ្វើ​ដូច្នោះ​ដែរ » [ យ៉ូហាន ១៤:១០; យ៉ូហាន ៥:១៩ ] ។ មាន​គ្រា​មួយ​នោះ​ទ្រង់​បាន​មាន​បន្ទូល​ដូច​នេះ ៖ « ឯ​ខ្ញុំៗ​និយាយ​តែ​សេចក្តី​ណា​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ឯ​ព្រះវរបិតា​ខ្ញុំ » [ យ៉ូហាន ៨:៣៨ ] ។ …

… មនុស្ស​មួយ​ចំនួន​នៅក្នុង​សម័យ​ជាមួយ​គ្នា​នេះ​រងទុក្ខ​មក​ពី​ការ​អន់ចិត្ត​នឹង​ការភាន់ច្រឡំ​អំពី [ ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ] ។ ក្នុង​ចំណោម​ការយល់​ច្រឡំ​ទាំង​នោះ​មាន​ទំនោរ​មួយ ដែល​មាន​អារម្មណ៍​នៅ​ឆ្ងាយ​ពី​ព្រះវរបិតា គឺ​ធ្វើ​ឲ្យ​លែង​មាន​ទំនាក់ទំនង​ជាមួយ​ទ្រង់ ប្រសិនបើ​ពួកគេ​ជឿ​លើ​ទ្រង់​នោះ ។ … តាមរយៈ​ការអាន​ដោយ​យល់​ខុស​នេះ ( ហើយ​ប្រាកដ​ណាស់ ក្នុង​ករណី​មួយ​ចំនួន​គឺ​ដោយ​ការបកប្រែ​ខុស ) របស់​ព្រះគម្ពីរ​ប៊ីប ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​យល់​ឃើញ​ថា​ព្រះ​ជា​ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះរាជបុត្រា​ទ្រង់ មាន​បុគ្គលិក​លក្ខណៈ​ផ្សេង​គ្នា​យ៉ាង​ខ្លាំង ទោះបី​ការពិត​ថា ទាំង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង ព្រះគម្ពីរ​សញ្ញា​ថ្មី​ក្តី​បង្រៀន​ថា ព្រះរាជបុត្រា​នៃ​ព្រះ​គឺ​ជា​អង្គ​តែ​មួយ ហើយ​ដូច​គ្នា ធ្វើ​កិច្ចការ​នានា​ដូច​ដែល​ទ្រង់​តែងតែ​ធ្វើ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ដែល​ព្រះអង្គ​ទ្រង់​ផ្ទាល់​គឺ​នៅ​តែ​ដដែល « ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ » ។ …

ដូច្នេះ ការ​ឲ្យ​អាហារ​ដល់​អ្នក​ស្រេក​ឃ្លាន ការ​ព្យាបាល​អ្នក​ឈឺ ការ​វាយ​ផ្ចាល​ដល់​មនុស្ស​លាក់​ពុត ការ​ទូលអង្វរ​សុំ​សេចក្ដីជំនឿ—គឺ​ជា​របៀប​ដែល​ព្រះគ្រីស្ទ​បាន​បង្ហាញ​យើង​ពី​មាគ៌ា​នៃ​ព្រះវរបិតា​ទ្រង់ ដែល​ជា​អង្គ « ប្រកប​ដោយ​ក្ដីមេត្តា​ករុណា និង ព្រះគុណ កម្រ​នឹង​ព្រះពិរោធ អត់ធ្មត់ និង​ពោរ​ពេញ​ដោយ​សេចក្ដីល្អ » ។ នៅក្នុង​ជីវិត​របស់​ទ្រង់ និង​ជាពិសេស​នៅក្នុង​ការសុគត​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​កំពុង​ប្រកាស​ថា « នេះ​គឺ​ជា​សេចក្តី​មេត្តា​ករុណា របស់​ព្រះ ដែល​យើង​កំពុង​បង្ហាញ​ដល់​អ្នក ព្រមទាំង​វា​ក៏​ជា​សេចក្តីមេត្តា​ករុណា​របស់​យើង​ផ្ទាល់​ផងដែរ » ។ នៅក្នុង​ការបង្ហាញ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះរាជបុត្រា​អំពី​ការខ្វល់ខ្វាយ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះវរបិតា នៅក្នុង​ការរងទុក្ខ​រួម​គ្នា​របស់​ទ្រង់ ហើយ​បាន​ចែក​រំលែក​ក្តី​ទុក្ខព្រួយ​ចំពោះ​អំពើ​បាប និង ការខូច​ចិត្ត​របស់​ពួកយើង​ទាំងអស់​គ្នា នោះ​យើង​ឃើញ​ពី​អត្ថន័យ​ដ៏​ធំធេង​បំផុត​នៅក្នុង​ប្រកាស​ដូច​នេះ ៖ « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជ​បុត្រា​នោះ​មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ ។ ពី​ព្រោះ​ព្រះ​ទ្រង់​មិន​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​ឲ្យ​មក​ក្នុង​លោកិយ ដើម្បី​នឹង​ជំនុំជម្រះ​លោកិយ​នោះ​ទេ​គឺ ឲ្យ​លោកិយ​បាន​សង្គ្រោះ​ដោយសារ​ទ្រង់​វិញ » [ យ៉ូហាន ៣:១៦–១៧ ] ។