២០១៦
អំពូល​ភ្លើង​ពណ៌​ខៀវ​មួយ
December 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

អំពូល​ភ្លើង​ពណ៌​ខៀវ​មួយ

រូបភាព
one blue bulb

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ម្តាយ និង ឪពុក​ខ្ញុំ​ពុំ​យល់​ស្រប​គ្នា​នឹង​របៀប​តុបតែង​ផ្ទះ​របស់​ពួកគាត់​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​ឡើយ ។ ឪពុក​របស់​ខ្ញុំ​មាន​ជំងឺ​ងងឹត​ពណ៌ ដូច្នោះ​ចំពោះ​គាត់​ពណ៌​ក្រហម បៃតង និង ពណ៌​ត្នោត​គឺ​គាត់​មើល​ទៅ​វា​ស្រដៀង​គ្នា ហើយ​ស្រអាប់ ។ ប៉ុន្តែ​គាត់​មើល​ឃើញ​ពណ៌​ខៀវ​ថា​ជា​ពណ៌​ដែល​ភ្លឺ និង ស្រស់​ស្អាត ។ គាត់​ក៏​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ដល់​ក្រុម​បាល់​ឱប​នៃ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ ដែល​មាន​ឯកសណ្ឋាន​ពណ៌​ខៀវ​ដែរ ។

ដោយសារ​ពណ៌​ខៀវ​គឺ​ជា​ពណ៌​ដែល​គាត់​ចូលចិត្ត នោះ​គាត់​ចង់​ដាក់​តាំង​ភ្លើង​ដែល​មាន​ពណ៌​ខៀវ ។ ប៉ុន្តែ​ម្តាយ​របស់​ខ្ញុំ​បាន​និយាយ​ថា ពណ៌ខៀវ​មិន​មែន​ជា​ពណ៌​សម្រាប់​បុណ្យ​គ្រីស្ទម៉ាស់​ទេ ដូច្នោះ​រៀងរាល់​ឆ្នាំ ប៉ា​បាន​ចង​ខ្សែ​ភ្លើង​បុណ្យ​គ្រីស្ទម៉ាស់​ពណ៌​ក្រហម បៃតង និង ពណ៌​ស​នៅលើ​ដំបូល​ផ្ទះ​របស់​ពួកគាត់ ។ ដើម្បី​ឌឺដង​ដាក់​ម៉ាក់ គាត់​ជំនួស​អំពូល​ភ្លើង​មួយ​ដោយ​ដាក់​អំពូល​នោះ​ពណ៌​ខៀវ ។ ប្រសិនបើ​អ្នក​មើល​វា​ឲ្យ​កៀក អ្នក​នឹង​ឃើញ​អំពូល​ពណ៌​ខៀវ​មួយ​ក្នុង​ចំណោម​អំពូល​ភ្លើង​ពណ៌​ក្រហម បៃតង និង ស ។

រៀងរាល់​ឆ្នាំ​អំពូល​ភ្លើង​ពណ៌​ខៀវ​នោះ​បាន​ភ្លឺ​នៅ​ទីតាំង​ផ្សេងៗ​គ្នា ។ ជួលកាល​វា​ភ្លឺ​នៅ​ជុំវិញ​តំបន់​កាច់​ជ្រុង​ដែល គ្មាន​នរណា​ចាប់​អារម្មណ៍​នឹង​ឃើញ​វា​ឡើយ ប៉ុន្តែ​ជួនកាល​គាត់​បាន​ដាក់​វា​នៅ​លើ​កន្លែង​ចត​ឡាន ឬ នៅ​មុខ​ហោណ័ង ។ វា​ជា​ល្បែង​កម្សាន្ត​ដ៏​សប្បាយ​រវាង​ម៉ាក់ និង ប៉ា ។

នា​គ្រា​មួយ​នោះ ប៉ា​បាន​ស្លាប់​ដោយ​ចៃដន្យ​ពីរ​ថ្ងៃ​ពី​មុន​បុណ្យ​គ្រីស្ទម៉ាស់ ។ នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់ មាន​អ្នក​និយាយ​ប្រាប់​រឿង​មួយ​អំពី​អំពូល​ភ្លើង​ពណ៌​ខៀវ ដែល​ប៉ា​បាន​ដាក់​វា​រៀងរាល់​ឆ្នាំ ។ យប់​ស្អែក​ឡើង ម្តាយ​របស់​ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​ក្រៅ​តាម​បង្អួច ។ នៅ​ផ្លូវ​ម្ខាង​ទៀត ក្នុង​ចំណោម​អំពូល​ភ្លើង​ពណ៌​ស​មាន​អំពូល​ភ្លើង​ពណ៌​ខៀវ​មួយ នៅ​ខាង​លើ​ហោណ័ង​របស់​អ្នក​ជិត​ខាង​របស់​ម៉ាក់ ។ ក្នុង​អំឡុង​ពេល​ពីរ​បី​ថ្ងៃ​នោះ មាន​អ្នក​ជិត​ខាង និង មិត្តភក្ដិ​ជា​ច្រើន​បាន​បន្ថែម​អំពូល​ភ្លើង​ពណ៌​ខៀវ​លើ​ខ្សែ​អំពូល​ភ្លើង​បុណ្យ​គ្រីស្ទម៉ាស់​របស់​ពួកគេ ។ មាន​អ្នក​ខ្លះ​បាន​តុបតែង​ដើម​ឈើ​របស់​ពួកគេ​ជា​ពណ៌​ខៀវ​សុទ្ធ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​មិត្តភក្តិ​របស់​ម្តាយ​ខ្ញុំ បាន​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គាត់ ដោយ​ការតុបតែង​ផ្ទះ​ជាមួយ​អំពូល​ភ្លើង​ពណ៌​ខៀវ ។ ពួកគេ​បាន​ជួយ​ខ្ញុំ​ដឹង​ពី​អត្ថន័យ​នៃ​ការ « ទួញយំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ … ហើយ​កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​កម្សាន្ត​ទុក្ខ » ( ម៉ូសាយ ១៨:៩ ) ។ ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះវរបិតាសួគ៌​ពេញ​ដោយ​ក្តី​ស្រឡាញ់ ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ជា​អំណោយ​ដល់​យើង ។ ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​នឹង​អាច​ជួប​ប៉ា​ខ្ញុំ​ម្តង​ទៀត ។