២០១៦
របៀប​អត់ធ្មត់
December 2016


ចម្លើយ​មក​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ

របៀប អត់ធ្មត់

ដក​ស្រង់​ចេញ​ពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១០ ។

រូបភាព
how to be patient

ការរង់ចាំ​អាច​ជា​ការលំបាក ។ កុមារ​ដឹង​ថា វា​លំបាក ហើយ​មនុស្ស​ពេញ​វ័យ​ក៏​ដឹង​ដូច្នោះ​ដែរ ។ យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ ដែល​មាន​ភោជនីយដ្ឋាន​លក់​អាហារ​លឿន​ទាន់​ចិត្ត ការផ្ញើ​សារ​បន្ទាន់ ខ្សែភាពយន្ត​ដែល​អាច​រើស​បាន​តាម​ចិត្ត និង ឆ្លើយតប​ភ្លាមៗ​លើ​សំណួរ​ជ្រៅៗ ឬ សំណួរ​រាក់​កំផែល ។ យើង​មិន​ចូលចិត្ត​រង់ចាំ​នោះ​ទេ ។ មាន​អ្នក​ខ្លះ​មាន​អារម្មណ៍​ថា សម្ពាធ​ឈាម​របស់​ពួកគេ​បាន​ឡើង នៅពេល​ពួកគេ​ឈរ​តម្រង់​ជួរ​ទិញ​អីវ៉ាន់​នៅ​ហាង​លក់​គ្រឿង​ទេស ដោយ​រំកិល​ទៅ​មុខ​យឺត​ជាង​អ្នក​ដែល​នៅជុំវិញ​ពួកគេ ។

ភាពអត់ធ្មត់—ជា​លទ្ធភាព​ដើម្បី​ដាក់​ចំណង់​របស់​យើង​ឲ្យ​នៅ​ស្ងៀម​ក្នុង​រយៈ​ពេល​មួយ—គឺ​ជា​គុណធម៌​ដ៏​មាន​តម្លៃ និង កម្រ​រក​បាន ។ យើង​ចង់​បាន​អ្វី​ដែល​យើង​ចង់​បាន ហើយ​យើង​ចង់​បាន​វា​ឥឡូវ​នេះ ។ ហេតុដូច្នោះ​ហើយ គំនិត​នៃ​ភាពអត់ធ្មត់​នោះ​ឯង ដែល​វា​ហាក់​ដូចជា​មិន​ទទួល​បាន​ការពេញ​ចិត្ត ហើយ​មាន​រសជាតិ​ល្វីង​ជូរចត់ ។

យ៉ាង​ណា​ក្ដី គ្មាន​ការអត់ធ្មត់ យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះហឫទ័យ​ឡើយ យើង​មិន​អាច​ទទួល​បាន​ភាពគ្រប់​លក្ខណ៍​ឡើយ ។ ប្រាដកណាស់​ការអត់ធ្មត់ គឺ​ជា​របៀប​ធ្វើ​ឱ្យ​មាន​បរិសុទ្ធភាព ដែល​ដុសខាត​ឲ្យ​មាន​ការយល់​ដឹង បង្កើន​សុភមង្គល ផ្តោតលើ​ទង្វើ ហើយ​និង​ផ្តល់​សេចក្តីសង្ឃឹម​សម្រាប់​ភាពសុខសាន្ត ។

ភាពអត់ធ្មត់​មិនមែន​គ្រាន់តែ​ជា​ការរង់ចាំ​នោះ​ទេ។ ការ​អត់ធ្មត់​ពុំ​មែន​ជា​ការ​ចាំ​រង​តែ​អំពើ ឬ​ក៏​ពុំ​មែន​ជា​ការ​ពុំ​ធ្វើ​អ្វី​សោះ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​របស់​យើង​នោះ​ឡើយ ។ ការអត់ធ្មត់​មាន​ន័យ​ថា​ជា ការរង់ចាំ និង ការកាន់ខ្ជាប់យ៉ាង​សកម្ម ។ វា​មាន​ន័យ​ថា ទ្រាំទ្រ​នឹង​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព—ដោយ​ខិតខំ សង្ឃឹម ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ទទួល​បន្ទុក​ដោយ​អត់ធន់ ទោះ​ជា​បំណង​ក្នុង​ចិត្ត​យើង​ត្រូវបាន​ពន្យារ​ពេល​ក៏​ដោយ ។ ការអត់ធ្មត់​ពុំ​គ្រាន់ តែ​ជា​ការ​ប្រកាន់​ខ្ជាប់​ដោយ​ធម្មតា​នោះ​ទេ វា​គឺ​ជា ការប្រកាន់ខ្ជាប់​បាន​យ៉ាង​ល្អ ! ការអត់ធ្មត់​មាន​ន័យ​ថា បន្ត​ស៊ូទ្រាំ​ជាមួយ​អ្វី​មួយ រហូត​ដល់​ទី​បញ្ចាប់ ។ វា​មាន​ន័យ​ថា ជា​ការពន្យារ​នូវ​ការចង់​បាន​ភ្លាមៗ ដើម្បី​បាន​ពរជ័យ​នា​ពេល​អនាគត ។ វា​មាន​ន័យ​ថា​ជា​ការទប់​កំហឹង និង មិន​ពោល​ពាក្យ​អសុរស ។ វា​មាន​ន័យ​ថា​ជា​ការតទល់​នឹង​សេចក្តី​អាក្រក់ ទោះបី​វា​ទំនង​មើល​ទៅ​ដូច​ជា​ល្អ​ក្តី ។

ការអត់ធ្មត់​មាន​ន័យ​ថា ការទទួល​យក​អ្វី​ដែល​ពុំ​អាច​ផ្លាស់ប្ដូរ​បាន ហើយ​ប្រឈម​មុខ​នឹង​វា​ដោយ​ចិត្ត​ក្លាហាន ព្រះគុណ និង​សេចក្ដី​ជំនឿ ។ វា​មាន​ន័យ​ថា « ព្រម​ទទួល​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះអម្ចាស់​ទ្រង់​ទត​ឃើញ​ថា​ល្អ​ចំពោះ [ យើង ] ដូចជា​កូនក្មេង​ព្រម​ធ្វើតាម​ឪពុក​ខ្លួន​ដូច្នោះ » (ម៉ូសាយ ៣:១៩) ។ នៅ​ទីបញ្ចប់ ការអត់ធ្មត់​មាន​ន័យ​ថា « រឹងប៉ឹង និង​ខ្ជាប់ខ្ជួន ហើយ​ឥតបែរ​ចេញ​ក្នុង​ការកាន់​តាម​បញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះអម្ចាស់ »នីហ្វៃទី ១ ២:១០ ) រៀងរាល់​ពេល រៀងរាល់​ថ្ងៃ ទោះជា​វា​លំបាក​ក្នុង​ការធ្វើ​យ៉ាង​ណា​ក៏​ដោយ ។

កិច្ចការ​នៃ​ការអត់ធ្មត់​គឺ​មាន​ន័យ​ខ្លឹម​សារ​ជា​កិច្ចការ​ទាំង​អស់​នេះ​ថា ៖ រក្សា​ព្រះបញ្ញត្តិ ទុកចិត្ត​លើ​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង បម្រើ​ទ្រង់​ដោយ​ភាពទន់ភ្លន់ និង​ដោយ​សេចក្តីស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ អនុវត្ត​សេចក្តីជំនឿ និង សង្ឃឹម​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​សូម​កុំ​ចុះ​ចាញ់​ឡើយ ។ មេរៀន​ដែល​យើង​រៀន​ពី​សេចក្តីអត់ធ្មត់​នឹង​បណ្តុះ​បុគ្គលិក​លក្ខណៈ​របស់​យើង លើក​ស្ទួយ​ជីវិត​យើង​ឡើង ហើយ​លើក​កម្ពស់​សុភមង្គល​របស់​យើង ។ វា​នឹង​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ជា​សិស្ស​ស្មោះត្រង់​របស់​លោក​ចៅហ្វាយ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ ។