២០១៦
សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស ៖ គុណធម៌​ដែល​វេញ​ត្របាញ់​ចូល​គ្នា
December 2016


សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស ៖ គុណធម៌​ដែល​វេញ​ត្របាញ់​ចូល​គ្នា

នៅពេល​យើង​វេញ​ភ្ជាប់​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស​ចូល​ទៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​យើង​ប្រែក្លាយ​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​របស់​ព្រះអង្កសង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
rope and blocks

រូបថត​មក​ពី iStock/Thinkstock

ថ្វីដ្បិត​តែ​គម្ពីរ​មរ៉ូណៃ​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​សរសេរ​ខ្លី ដូច​ជា​​មាន​តែ ១០ ជំពូកប៉ុណ្ណោះ ប៉ុន្តែ​វា​ផ្តល់​នូវ​ការទូន្មាន​ដ៏​អស្ចារ្យ​បំផុត ។ ទាំង​មរ៉ូណៃ និង មរមន​បង្រៀន​គោលការណ៍​ដ៏​មាន​តម្លៃ​អំពី​ដំណឹង​ល្អ ។ នៅពេល​មរ៉ូណៃ​កំពុង​សរសេរ​បញ្ចប់​នូវ​ការសង្ខេប​ព្រះគម្ពីរ​មរមន​របស់​ឪពុក​លោក នោះ​លោក​បាន​រំឭក​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការបង្រៀន​របស់​ឪពុក​លោក អំពី​ទំនាក់ទំនង​រវាង​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស ។ មរមន និង មរ៉ូណៃ ចង់​គូស​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​សារៈសំខាន់​នៃ​គោលការណ៍​ទាំង​បី​នេះ ។

កាល​ពី​គ្រា​ដំបូង​ដែល​ខ្ញុំ​សិក្សា​ព្រះគម្ពីរ​មរមន ខ្ញុំ​តែងតែ​គិត​ថា​គោលការណ៍​ទាំង​បី​នេះ​ហាក់បី​ដូច​ជា​ដុំ​ឥដ្ឋ​តម្រៀប​ត​លើ​គ្នា ។ សេចក្តីជំនឿ​ត្រូវ​កើត​ឡើង​ជា​មុន បន្ទាប់​មក​សេចក្តីសង្ឃឹម ហើយ​បន្ទាប់​ទៀត​គឺ​សេចក្តីសប្បុរស ។ វា​ហាក់​បីដូច​ជា​ដំណើរការ​ជា​ចង្កោម​ជាប់​គ្នា ។ នៅពេល​សេចក្តីជំនឿ​របស់​យើង​រីកចម្រើន នោះ​ការសិក្សា និង ចំណេះ​ដឹង​របស់​យើង​កើន​ឡើង ហើយ​យើង​ចាប់​ផ្តើម​អនុវត្ត​គោលការណ៍​នៃ​សេចក្តីសង្ឃឹម ។ សេចក្តីជំនឿ និង សេចក្តីសង្ឃឹម​រួម​គ្នា​រៀបចំ ហើយ ដឹកនាំ​យើង​នៅលើ​ផ្លូវ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ដើរ ហើយ​យើង​ចាប់ផ្តើម​ទទួលបាន​បុគ្គលិក​លក្ខណៈ​នៃ​សេចក្តីសប្បុរស ។

ប៉ុន្តែ​នៅក្នុង​ការសិក្សា​បន្ថែម​ទៀត​ក្នុង​ពេល​ថ្មីៗ​នេះ ខ្ញុំ​បាន​យល់​អំពី​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស​តាម​របៀប​មួយ​ផ្សេង​ទៀត ។ ឥឡូវ​នេះ​ខ្ញុំ​គិត​អំពី​ពាក្យ​ទាំង​បីនេះ​កាន់តែ​ច្រើន​ថាជា​គុណធម៌​ដែល​វេញ​ត្របាញ់​ចូល​គ្នា គុណធម៌​នីមួយៗ​ដើរ​តួ​យ៉ាង​សំខាន់នៅក្នុង​ការ​បង្កើន និង ការចង្អុលបង្ហាញ​ពី​ទីបន្ទាល់​របស់​យើង ។

ចយ កូនស្រី​របស់​ពួកយើង ចូលចិត្ត​ធ្វើ​រូបសត្វ និង​វត្ថុ​ផ្សេងៗ​ដោយ​ការកាច់​បត់បែន​ប៉េងប៉ោង​ចូល​គ្នា ។ ថ្ងៃ​មួយ​នៅពេល​ខ្ញុំ​បាន​មើល​នាង​ធ្វើ​វា ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ខ្សែ​ពួរ​មួយ​ត្រូវបាន​បង្កើត​ឡើង ដោយ​ការ​វេញ​ត្របាញ់​នៃ​ខ្សែ​តូច​ឆ្មាៗ​ជា​ច្រើន​ចូលគ្នា ។ ការណ៍​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​គិត​ដល់​ការយល់ដឹង​ថ្មី​របស់​ខ្ញុំ​អំពី​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស​ថា​ជា​ខ្សែ​តូច​ឆ្មាៗ​ដែល​វេញ​ត្រាបាញ់​ជាមួយ​គ្នា ដើម្បី​បង្កើត​បាន​ជា​ខ្សែ​ពួរ​ដ៏​មាំ​មួយ ។

សេចក្តី​ជំនឿ ៖ « អ្នក​រាល់​គ្នា​នឹង​មាន​អំណាច »

សេចក្តីជំនឿ​លើ​ព្រះវរបិតាសួគ៌ និង ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ គឺ​មិនមែន​គ្រាន់តែ​ជា​ការចាប់​ផ្តើម​ដំបូង ដើម្បី​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ឡើយ ប៉ុន្តែ​ថែម​ទាំង​ជា​ការចាប់ផ្តើម​ជីវិត​របស់​យើង​នៅលើ​ផែនដី​នេះ​ផងដែរ ។ « ហើយ​ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះបន្ទូល​ថា ៖ បើសិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្តីជំនឿ​ជឿ​ដល់​យើង នោះ​អ្នក​រាល់គ្នា​នឹង​មាន​អំណាច ប្រយោជន៍​នឹង​ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការចាំបាច់​ដល់​យើង » ( មរ៉ូណៃ ៧:៣៣ ) ។ ខ្ញុំ​បាន​អនុវត្ត​អំណាច​នេះ​តាមរយៈ សេចក្តីជំនឿ​ជា​ច្រើន​ដង​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ ហើយ​ខ្ញុំ​បាន​ពឹង​ផ្អែក​លើ​សេចក្តីជំនឿ ដើម្បី​នាំ​ខ្ញុំ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​លំបិន​ជា​ច្រើន ។

កាល​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ ខ្ញុំ​បាន​ស្ថិតនៅ​ក្នុង​បរិយាកាស​មួយ​ថ្មី​ស្រឡាង ហើយ​ភាសា​អង់គ្លេស​មិនមែន​ជា​ភាសា​កំណើត​របស់​ខ្ញុំ​ឡើយ ។ វា​ជា​ឧបសគ្គ​ណាស់ ហើយ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ការសិក្សា ទើប​ខ្ញុំ​អាច​ទទួល​បាន​អាហា​រូបករណ៍​សិក្សា​បន្ត​ទៀត ។ បើ​គ្មាន​អាហារូបករណ៍​នេះ​ទេ ខ្ញុំ​នឹង​មិន​អាច​ស្នាក់​នៅក្នុង​សាលា​បាន​ទៀត​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​បាន​តាំងចិត្ត​ថា ខ្ញុំ​នឹង​មិន​សិក្សា​នៅ​ថ្ងៃ​អាទិត្យ​ឡើយ ។

នា​ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​អាន​គោលលទ្ធិ និង សេចក្ដីសញ្ញា មាន​ខគម្ពីរ​ពិសេស​មួយ​បាន​ទាក់ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង ។ នៅពេល​ខ្ញុំ​អាន​នៅក្នុង​កណ្ឌ​ទី ១០៩ ខ​ទី ៧ ខ្ញុំ​បាន​ជួប​នឹង​ឃ្លា​មួយ ៖ « ចូរ​ស្វែងរក​ការ​រៀន​គឺ​ដោយ​ការសិក្សា និង​ដោយ​សេចក្ដីជំនឿ​ផង » ។ ខគម្ពីរ​នោះ​បាន​ប្រែ​ជា​គន្លឹះ​សំខាន់​ចំពោះ​ភាពជោគជ័យ​នៃ​ការសិក្សា​របស់​ខ្ញុំ ។ ដោយ​សេចក្តីជំនឿ និង ការសិក្សា​ដោយ​ឧស្សាហ៍​ព្យាយាម​រយៈពេល​ប្រាំមួយ​ថ្ងៃ​ក្នុង​សប្តាហ៍ នោះ​ខ្ញុំ​មាន​ពរ​នៅក្នុង​ការសិក្សារ​របស់​ខ្ញុំ ។ មិត្តភក្តិ​មួយ​ចំនួន​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ​បាន​ឆ្ងល់​ពី​របៀប​ដែល​ខ្ញុំ​បាន​រៀន​ពូកែ ដោយ​មិន​ចាំបាច់​សិក្សា​នៅ​ថ្ងៃ​អាទិត្យ ដូច​ពួកគេ​បាន​ធ្វើ ។ អ្វី​ដែល​ខ្ញុំ​បាន​រៀន​នោះ​គឺ​ថា ការ​រៀន​ដោយ​ការសិក្សា និង​ដោយ​សេចក្ដីជំនឿ អាច​យក​ឈ្នះ​លើ​ឧបសគ្គ​ជា​ច្រើន ។

មាន​បទពិសោធន៍​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង នៅពេល​ខ្ញុំ​កំពុង​អភិវឌ្ឍ​អាជីព​របស់​ខ្ញុំ​នៅក្នុង​ផ្នែក​ជំនួញ ។ មាន​ឱកាស​ការងារ​ដ៏​ល្អ​បំផុត​មួយ​បាន​ផ្តល់​ដល់​ខ្ញុំ ប៉ុន្តែ​ការងារ​នោះ​ទំនង​ដូច​ជា​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​បាន​តាំងចិត្ត​មិន​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ ។ ទីបំផុត ខ្ញុំ​បាន​បដិសេធ​ការផ្តល់​ឲ្យ​នោះ ។ ខ្ញុំ​ពុំ​អាច​បង្ខូច​ការតាំងចិត្ត​របស់​ខ្ញុំ ក្នុងការ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​បរិសុទ្ធ​ឡើយ ។ ដូច​ជា​ការតាំងចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​មហាវិទ្យាល័យ​ដែរ ក្រោយ​មក​នោះ​ខ្ញុំ​បាន​ទទួល​ពរ​ឲ្យ​ជួប​ឱកាស​ដទៃ​ទៀត​ជា​ច្រើន​ក្នុង​ជំនួញ ដែល​មិន​តម្រូវ​ឲ្យ​ខ្ញុំ​បង្ខូច​ការ​តាំង​ចិត្ត​របស់​ខ្ញុំ ហើយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ ទុក​ថ្ងៃ​អាទិត្យ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់ ។

នៅពេល​យើង​បង្កើត​ខ្សែពួរ​ដ៏​មាំ​របស់​យើង ដែល​ចង់​ភ្ជាប់​យើង​ទៅ​នឹង​ពរជ័យ​មក​ពី​ព្រះ ចូរ​យើង​ចាប់ផ្តើម​ជាមួយ​នឹង​ខ្សែ​តូច​ឆ្មាៗ​នៃ​សេចក្តីជំនឿ ។

សេចក្តី​សង្ឃឹម ៖ « ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច »

រូបភាព
man standing in field

រូបថត © Djorje_Stojilijkovic និង urfinguss/Thinkstock

យើង​សង្ឃឹម​ចង់​បាន​អ្វីៗ​ជា​ច្រើន ៖ ថា​យើង​អាច​បាន​រីកចម្រើន​ឈាន​មុខ​នៅក្នុង​អាជីព​របស់​យើង ថា​កូនចៅ​របស់​យើង​នឹង​បាន​សម​ប្រកប ថា​យើង​នឹង​បំពេញ​តាម​ការរំពឹង​ទុក​ចំពោះ​ការបម្រើ​ក្នុង​សាសនាចក្រ​របស់​យើង ថា​យើង​នឹង​បន្ត​មាន​សុខភាព​ល្អ ថា​យើង​នឹង​មាន​នូវ​អ្វីៗ​ដែល​យើង​ត្រូវការ ដើម្បី​ទ្រទ្រង់​ជីវិត និង ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​យើង ។ ប៉ុន្តែ តើ​សេចក្តីសង្ឃឹម​ដ៏​ខ្ពស់​បំផុត​នោះ​កើត​ឡើង​មក​ពី​ណា ហើយ​តើ​វា​អាច​នាំ​យើង​ពី​ត្រង់​ចំណុច​ណា​ទៅ ?

មរមន​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដែល​នៅ​ក្នុង​សាសនាចក្រ​នេះ ដែល​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដោយ​សុខសាន្ត ហើយ​ដែល​បាន​ទទួល​សេចក្ដី​សង្ឃឹម​គ្រប់​គ្រាន់ ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់ » ( មរ៉ូណៃ ៧:៣ ) ។

នៅពេល​មរមន​បន្ត​ការអញ្ជើញ​របស់​លោក ឲ្យ​ពួកយើង​ក្លាយ​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះគ្រីស្ទ នោះ​លោក​បាន​ត្រឡប់​ទៅ​និយាយ​ម្តង​ទៀត​អំពី​ប្រធាន​បទ​នៃ​សេចក្តីសង្ឃឹម នៅពេល​លោក​សួរថា « ហើយ​តើ​អ្វី​ទៅ​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​ចង់​បាន ? » ក្រោយ​មក​លោក​ឆ្លើយ​សំណួរ​ដ៏​សំខាន់​នេះ ៖ « មើលចុះ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តីសង្ឃឹម តាម​រយៈដង្វាយធួន​នៃ​ព្រះគ្រីស្ទ និង អំណាច​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​នេះ​ក៏​មក​ពី​សេចក្តី​ជំនឿ​អ្នក​ដល់​ទ្រង់ ស្រប​តាម​ពាក្យ​សន្យា » ( មរ៉ូណៃ ៧:៤១ ) ។

សេចក្តីសង្ឃឹម​បែប​នេះ​គឺ​វា​ខុស​ពី​សេចក្តីសង្ឃឹម​ធម្មតា ។ សេចក្តីសង្ឃឹម​មក​ពី​ព្រះ​នេះ​នឹង​កើត​មាន​ឡើង តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​គឺ​ជា​សេចក្តីសង្ឃឹម​ដ៏​អស់កល្ប​ជានិច្ច ។ ប្រសិនបើ​គ្មាន​សេចក្តីសង្ឃឹម​បែប​នេះ​ទេ យើង​នឹង​មក​ព្រះវិហារ​រាល់​សប្តាហ៍​ដោយ​ពុំ​ដឹង​ថា ពរជ័យ​ដ៏​អស្ចារ្យ​ទាំង​នេះ​គឺ​នៅក្នុង​រង្វង់​ដៃ​របស់​យើង​ឡើយ ។ តាម​រយៈ​ព្រះគ្រីស្ទ​សេចក្តីសង្ឃឹម​របស់​យើង អាច​នាំ​យើង​ត្រឡប់​ទៅ​ព្រះវរបិតា​សួគ៌ និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

នៅក្នុង​សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ថា « [ ព្រះវរបិតា ] អនុញ្ញាត​ឲ្យ​បុត្រា​ទ្រង់​ប្រទាន​ក្ដី​សង្ឃឹម​លួងលោម​យើង តាមរយៈ​ពលិកម្មធួន មិន​ថា​ការត្រឡប់​ទៅ​ទ្រង់​វិញ​លំបាក​យ៉ាង​ណា​ឡើយ » ។ តាមរយៈ​សេចក្តីសង្ឃឹម​យើង​អាច​មើល​ឃើញ​ពរជ័យ និង ឱកាស​នានា​ដែល​រង់ចាំ​យើង នៅពេល​យើង​បន្ត​ស្មោះត្រង់​ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​បម្រើ​ទ្រង់​ដោយ​អស់​ពី​ដួងចិត្ត ពលំ គំនិត និង​កម្លាំង​របស់​យើង​ផងដែរ ។

ជាមួយ​នឹង​ការយល់​ដឹង​នោះ ចូរ​បន្ថែម​នូវ​ខ្សែ​តូច​ឆ្មាៗ​បន្ទាប់​ទៅ​នឹង​ខ្សែ​ពួរ​របស់​យើង​ទៀត គឺ​ជា​សេចក្តី​សង្ឃឹម ។

សេចក្តីសប្បុរស ៖ ប្រទាន​ដល់​អ្នក​ដើរ​តាម​ដ៏​ពិត

រូបភាព
mother studying with child

គុណធម៌​ទី​បី​ដើម្បី​ពង្រឹង​ខ្សែ​ពួរ​របស់​យើង​ថែម​ទៀត​នោះ​គឺ​សេចក្តីសប្បុរស ។ យើង​ចាប់ផ្តើម​អភិវឌ្ឍ​អំណោយ​ទាន​នៃ​សេចក្តីសប្បុរស តាមរយៈ​ការខំ​ខ្នះខ្នែង​ដោយ​ស្មោះសរ​របស់​យើង ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះ​អង្គសង្គ្រោះ ។ ប៉ុន្តែ ភាពពោរពេញ​នៃ​អំណោយ​ទាន​នេះ​ត្រូវបាន​ប្រទាន​ដល់​ពួកយើង​តាមរយៈ​ព្រះ នៅពេល​យើង​ព្យាយាម​ស្វែងរក​អំណោយ​ទាន​នេះ​ក្នុង​ការអធិស្ឋាន ។ នៅពេល​យើង​ធ្វើ​តាម​ទ្រង់ ដែល​ជា​អង្គ​ដែល​ប្រទាន​ជីវិត​ដល់​ពួកយើង នោះ​យើង​ចាប់ផ្តើម​រៀន​ពី​អត្ថន័យ​ពិត​នៃ​សេចក្តីសប្បុរស ដែល​វា​ជា « សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៧ ) ។

នៅពេល​មរមន​បង្រៀន ៖ « ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ក្លាយ​ទៅ​ជា​កូន​ព្រះ » ( មរ៉ូណៃ ៧:៤៨ ) ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម ដោយ​សុខសាន្ត នោះ​យើង​អាច​ទទួល​បាន​សេចក្តីសង្ឃឹម​គ្រប់គ្រាន់ ប៉ុន្តែ​ដើម្បី​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​សេចក្តីសប្បុរស នោះ​យើង​ត្រូវ​ក្លាយ​ជា​អ្នក​ដើរ​តាម​ដ៏ ពិត ។ ប្រសិនបើ​យើង​ជា​អ្នក​ដើរ​តាម​ដ៏ ពិត នោះ​យើង​នឹង​ប្រែ​កាន់តែ​ដូច​ទ្រង់ ដែល​នោះ​គឺ​ជា​គោលបំណង​នៃ​ជីវិត​នេះ ។

តាមរយៈ​ការបណ្តុះ​នៅក្នុង​ចិត្ត​របស់​យើង​នូវ​សេចក្តីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ នោះ​យើង​កាន់តែអភិវឌ្ឍបុគ្គលិកលក្ខណៈនៃសេចក្តីសប្បុរសដូចជា​ព្រះ—ដើម្បី​បម្រើ​ទាំង​បងប្អូន និង ព្រះ​របស់​យើង ។ « បើ​សិន​ជា​មនុស្ស​នោះ​ស្លូតបូត ហើយ​សុភាព​រាបសា ហើយ​ទទួល​ស្គាល់​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស ដ្បិត​បើ​សិន​ជា​គេ​គ្មាន​សេចក្ដី​សប្បុរស​ទេ អ្នក​នោះ​គ្មាន​ជា​អ្វី​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ អ្នក​នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស » ( មរ៉ូណៃ ៧:៤៤ ) ។

ឥឡូវ​នេះ​យើង​មាន​ខ្សែ​តូច​ឆ្មាៗ​ចាំបាច់​ចំនួន​បី​នៅក្នុង​ខ្សែ​ពួរ​របស់​យើង ។ ចូរ​មើល​ពី​របៀប​វា​ធ្វើការ​រួមគ្នា ។

គុណធម៌​ទាំងបី​នេះ​ធ្វើ​ការរួម​គ្នា

« ហេតុ​ដូច្នោះ​ហើយ ត្រូវ​តែ​មាន​សេចក្ដី​ជំនឿ ហើយ​បើ​សិន​ជា​មាន​សេចក្ដី​ជំនឿ នោះ​ត្រូវ​តែ​មាន​សេចក្ដី​សង្ឃឹម​ផង ហើយ​បើ​សិន​ជា​មាន​សេចក្ដី​សង្ឃឹម នោះ​ត្រូវ​តែ​មាន​សេចក្ដី​សប្បុរស​ផង​ដែរ ។

ហើយ​លើក​លែង​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សប្បុរស បើ​ពុំ​នោះ​សោត​ទេ អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ឡើយ ហើយ​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ដែរ បើ​សិន​ជា​អ្នក​រាល់​គ្នា​គ្មាន​សេចក្ដី​ជំនឿ ហើយ​អ្នក​ក៏​ពុំ​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ព្រះ​ដែរ បើ​សិន​ជា​អ្នក​គ្មាន​សេចក្ដី​សង្ឃឹម » ( មរ៉ូណៃ ១០:២០–២១ ) ។

នៅពេល​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង សេចក្តីសប្បុរស​រួម​បញ្ចូល​គ្នា វា​លែង​ជា​ដុំ​ឥដ្ឋ​តម្រៀប​ត​លើ​គ្នា​ដូច​ខ្ញុំ​យល់​កាល​ពីមុន​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ វា​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យ៉ាង​ស្អិត​រមួត ។ យើង​មិន​បញ្ឈប់​ការស្ថាបនា​សេចក្តី​ជំនឿ ហើយ​បន្ទាប់​មក​ទើប​មាន​សេចក្តី​សង្ឃឹម ឬ បន្ទាប់​ពី​មាន​សង្ឃឹម ហើយ​ជា​ចុងក្រោយ​អភិវឌ្ឍ​សេចក្តីសប្បុរស​នោះ​ទេ ។ គុណធម៌​ទាំងបី​នេះ​ធ្វើការ​រួមគ្នា ។ ហើយ​នៅពេល​វា​វេញ​ត្របាញ់​បញ្ចូល​គ្នា នោះ​គុណធម៌​ទាំង​អស់​នេះ​ជួយ​បង្កើត​បុគ្គលិក​លក្ខណៈ និង ទីបន្ទាល់​របស់​យើង ។

កំណត់​ចំណាំ

  1. ហិនរី ប៊ី. អាវរីង « The Comforter » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២០ ។