២០១៦
ភាពសុខសាន្ត​នៅ​ក្នុង​ជីវិត​នេះ
December 2016


សារលិខិត​គណៈប្រធាន​ទី​មួយ

ភាពសុខសាន្ត នៅ​ក្នុង​ជីវិត​នេះ

រូបភាព
emblems of the sacrament

ចំពោះ​ពួកយើង​ទាំងអស់​គ្នា ដែល​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា « នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន » ( យ៉ូហាន ១៦:៣៣ ) ។ ប៉ុន្តែ​ទ្រង់​បាន​ប្រទាន​ការសន្យា​ដ៏​អស្ចារ្យ​នេះ​ដល់​ពួកសិស្ស​របស់​ទ្រង់ អំឡុង​ពេល​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ៖ « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ » ( យ៉ូហាន ១៤:២៧ ) ។ វា​ជា​ការលួងលោម​ចិត្ត​មួយ​ដោយ​ដឹង​ថា ការសន្យា​នៃ​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន​នេះ​បន្ត​មាន​ដល់​ពួកសិស្ស​របស់​ទ្រង់​នា​សព្វថ្ងៃ​នេះ ។

ពួក​យើង​មួយ​ចំនួន​រស់នៅ​ក្នុង​បរិយាកាស​ដ៏​ស្រស់​ស្អាត និង មាន​ភាពសុខសាន្ត ប៉ុន្តែ​យើង​កំពុង​ជួប​ប្រទះ​នូវ​ភាព​ចលាចល​ផ្ទាល់​ខ្លួន​របស់​យើង ។ មាន​អ្នក​ខ្លះ​ទទួល​អារម្មណ៍​សុខសាន្ត និង ភាពស្ងប់សុខ​ក្នុង​អំឡុង​ពេល​នៃ​ការបាត់បង់ សោកនាដកម្ម និង ការសាកល្បង​ដែល​មាន​ជា​បន្ត​បន្ទាប់​ផ្ទាល់​ខ្លួន ។

អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​អព្ភូតហេតុ​នៃ​ភាពសុខសាន្ត​នៅ​លើ​ទឹកមុខ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ឬ ស្តាប់​ឮ​ពាក្យ​នោះ​ពី​ពួកគាត់ ។ ខ្ញុំ​បាន​ឃើញ​អព្ភូតហេតុ​នោះ​ជា​ច្រើន​ដង ។ ជួនកាល​ខ្ញុំ​បាន​ឃើញ​វា​កើត​ឡើង​នៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ ជា​កន្លែង​ដែល​អ្នក​បម្រើ​របស់​ព្រះ​បាន​មក​ជួបជុំ​គ្នា​នៅ​ជុំ​វិញ​គ្រួសារ​មួយ​ដែល​មាន​មនុស្ស​ហៀប​នឹង​ស្លាប់ ។

ខ្ញុំ​ចាំ​ពី​ការ​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ ពីរបី​ថ្ងៃ​ពី​មុន​គាត់​បាន​ចែក​ឋាន​ទៅ ដោយ​សារ​ជំងឺ​មហារីក ។ ខ្ញុំ​បាន​នាំ​កូនស្រី​ខ្ញុំ​ពីរ​នាក់​ទៅ​ជា​មួយ​ខ្ញុំ​ដែរ ដោយ​សារ​ស្ត្រី​ដ៏​អស្ចារ្យ​នោះ​ធ្លាប់​ធ្វើ​ជា​គ្រូ​បឋម​សិក្សា​របស់​ពួកគេ ។

សមាជិក​គ្រួសារ​របស់​គាត់​បាន​ជួបជុំ​គ្នា​ជុំ​វិញ​គ្រែ​ដេក​របស់​គាត់ ដោយ​ចង់​នៅ​ជាមួយ​គាត់​អំឡុង​គ្រា​ចុង​ក្រោយ​នៃ​ជីវិត​របស់​គាត់​នៅ​លើ​ផែនដី​នេះ ។ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ដោយសារ​គាត់​បាន​ក្រោក​អង្គុយ​នៅ​លើ​គ្រែ ។ គាត់​បាន​ឈោង​ដៃ​ទៅ​រក​កូនស្រី​ខ្ញុំ ហើយ​បាន​ណែនាំ​កូន​ស្រី​ទាំង​ពីរ​នាក់​របស់​ខ្ញុំ​ឲ្យ​សមាជិក​គ្រួសារ​គាត់​ស្គាល់​ម្នាក់​ម្តងៗ ។ គាត់​បាន​និយាយ​ដូច​ជា​កូន​ស្រី​របស់​ខ្ញុំ​ទាំង​ពីរ​ជា​ពូជ​ស្តេច​ដែល​កំពុង​មាន​វត្តមាន​នៅ​ឯ​ព្រះ​រាជ​រោង​របស់​ម្ចាស់ក្សត្រី ។ គាត់​បាន​និយាយ​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​បន្ទប់​នោះ​គឺ​ជា​សិស្ស​របស់​ព្រះអង្គសង្គ្រោះ ។ ខ្ញុំ​នៅ​ចាំ​ពី​ពាក្យ​សម្តី​ដ៏​រឹងប៉ឹង សុភាព​ទន់ភ្លន់ និង មាន​ក្តីស្រឡាញ់​របស់​គាត់ ។ ហើយ​ខ្ញុំ​នៅ​ចាំ​ពី​ភាព​អស្ចារ្យ​ចំពោះ​ស្នាម​ញញឹម​ដ៏​រីករាយ​របស់​គាត់ ទោះ​បី​ជា​គាត់​បាន​ដឹង​ថា​គាត់​នឹង​ជិត​ស្លាប់​ក្តី ។

គាត់​បាន​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព​នៃ​ការលួងលោម ប៉ុន្តែ​គាត់​បាន​ថ្លែង​ទីបន្ទាល់​ដោយ​ក្តី​សោមនស្ស​ដល់​ពួកយើង​ទាំងអស់​គ្នា​ថា ការសន្យា​របស់​ព្រះអង្គសង្គ្រោះ​អំពី​ភាពសុខសាន្ត​នោះ​គឺ​ជា​ការពិត ៖ « ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ។ ដោយសារ​ខ្ញុំ នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។

គាត់​បាន​ទទួល​យក​ការអញ្ជើញ​របស់​ទ្រង់ ជា​អ្វី​ដែល​ពួកយើង​អាច​ធ្វើ​បាន​ផងដែរ ទោះបី​ជា​យើង​មាន​ការសាកល្បង និង មាន​ក្តី​អំពល់​យ៉ាង​ណា​ក្តី ៖

« អស់​អ្នក​ដែល​នឿយ​ព្រួយ និង​មាន​បន្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​កន្លែង​សម្រាក។

« ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង » ( ម៉ាថាយ ១១:២៨–២៩ ) ។

មាន​តែ​តាម​រយៈ​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ​ប៉ុណ្ណោះ ដែល​យើង​ម្នាក់ៗ​អាច​ជួប​នូវ​ភាពសុខសាន្ត និង ភាពស្ងប់សុខ​នៅក្នុង​ការសាកល្បង​នានា​ដែល​នឹង​កើត​ឡើង​ចំពោះ​រូប​យើង​នោះ ។

ពាក្យ​អធិស្ឋាន​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប ដើម្បី​ស្វែងរក​ភាពសុខសាន្ត​នៅក្នុង​អំឡុង​ពេល​នៃ​សេចក្តីទុក្ខលំបាក​ក្នុង​ជីវិត​នេះ ។ នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​អាច​កំណត់​ពី​ភាពស្មោះត្រង់​ចំពោះ​សេចក្តីសញ្ញា​របស់​យើង ដើម្បី​ធ្វើ​តាម​ទ្រង់ ។

យើង​ម្នាក់ៗ​សន្យា​ថា​ចងចាំ​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ជ្រើសរើស​ចងចាំ​ទ្រង់ តាម​របៀប​មួយ​ដែល​ចិត្ត​របស់​អ្នក​ខិត​កាន់តែ​ជិត​ទ្រង់​បំផុត ។ ចំពោះ​រូប​ខ្ញុំ ជួលកាល ក្នុង​គំនិត​ខ្ញុំ​ស្រមៃ​ឃើញ​ទ្រង់​លុត​ជង្គង់​ចុះ​នៅក្នុង​ច្បារ​គែតសេម៉ានី ឬ ឃើញ​ទ្រង់​ហៅ ឡាសារ ឲ្យ​ចេញ​មក​ពី​ផ្នូរ ។ នៅ​ពេល​ខ្ញុំ​មាន​អារម្មណ៍​បែប​នោះ ខ្ញុំ​កាន់តែ​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ទ្រង់ និង​មាន​ក្តី​កតញ្ញូតា ដែល​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​ភាពសុខសាន្ត ។

អ្នក​ក៏​សន្យា​ថា រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ដែរ ។ អ្នក​សន្យា​ថា លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះ​នាម​របស់​ទ្រង់ ហើយ​ធ្វើ​ជា​សាក្សី​ទ្រង់ ។ ទ្រង់​សន្យា​ថា នៅពេល​អ្នក​រក្សា​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​ទ្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​គង់​នៅ​ជាមួយ​អ្នក ។ ( សូម​មើល គ. និង ស. ២០:៧៧, ៧៩ ) ។

យ៉ាង​ហោច​ណាស់​ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​មាន​ភាពសុខសាន្ត​តាម​របៀប​ពីរ​យ៉ាង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​សម្អាត​យើង​ពី​អំពើ​បាប ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ប្រទាន​ភាពសុខសាន្ត​ដល់​យើង ដែល​កើត​មក​ពី​ការអនុម័ត​របស់​ព្រះ និង សេចក្តីសង្ឃឹម​នៃ​ជីវិត​អស់កល្ប​ជានិច្ច ។

សាវក​ប៉ុល​បាន​មាន​ប្រសាសន៍​អំពី​ពរជ័យ​ដ៏​អស្ចារ្យ​នេះ ៖ « តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » ( កាឡាទី ៥:២២ ) ។

នៅពេល​សារទូត​របស់​ស្ថានសួគ៌​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ នោះ​ពួកគេ​បាន​ប្រកាស​ថា « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ សេចក្តីសុខសាន្ត នៅ​ផែនដី​នៅ​បណ្តាល​មនុស្ស » ( លូកា ២:១៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ក្នុង​នាម​ជា​សាក្សី​មួយ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា ព្រះវរបិតា និង បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ទ្រង់ អាច​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ធ្វើ​ឲ្យ​យើង​អាច​ជួប​នូវ​ភាព​សុខសាន្ត​នៅក្នុង​ជីវិត​នេះ មិន​ថា​ការសាកល្បង​បែប​ណា​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង និង មនុស្ស​ដែល​យើង​ស្រឡាញ់​នោះ​ឡើយ ។