២០១៦
រៀបចំ​ខ្លួន—ហើយ​ធ្វើ​កិច្ចការ
July 2016


រៀបចំ​ខ្លួន — ហើយ​ធ្វើ​កិច្ចការ

ការរៀបចំ​ខ្លួន​របស់​អ្នក ហើយ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់​នឹង​ផ្លាស់ប្តូរ​ជីវិត​របស់​អ្នក ។

រូបភាព
young women talking

ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់សិក្ខាសាលា​រយៈពេល​ប្រាំមួយ​ឆ្នាំ ។ យើង​ជួប​គ្នា​រៀងរាល់​ថ្ងៃ​នៅ​ម៉ោង ៦ ព្រឹក​នៅក្នុង​ផ្ទះ​របស់​យើង​នៅ​ក្នុង​ទីក្រុង ព័រតូ រីកូ ។ វា​ជា​កិច្ចការ​ដែល​ត្រូវ​រៀបចំ​មេរៀន​ជាច្រើន​រៀងរាល់​ថ្ងៃ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ។ ប៉ុន្តែ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​កិច្ចការ​នេះ​ណាស់ ហើយ​វា​បាន​ជួយ​ខ្ញុំ​ឲ្យ​អភិវឌ្ឍ​នូវ​សេចក្តីស្រឡាញ់​កាន់តែ​ច្រើន​ឡើង​ចំពោះ​ពួកយុវវ័យ​នៃ​សាសនាចក្រ ។

រូបភាព
young man reading scriptures

ខ្ញុំ​កត់សម្គាល់​ឃើញ​ថា ភាគច្រើន​អ្វី​ដែល​កូនសិស្ស​បាន​ទទួលមក​ពី​ថ្នាក់​សិក្ខាសាលា​នោះ គឺ​អាស្រ័យ​នឹង​ការរៀបចំ​ខ្លួន​របស់​ពួកគេ ។ ដូច្នោះ​ប្រសិនបើ​អ្នក​ចង់​ចេះ​កាន់តែ​ច្រើន​ពី​មេរៀន​ថ្នាក់​សិក្ខាសាលា នោះ​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​មេរៀន​នោះ​ជា​មុន ហើយ​ពិចារណា​ពី​វា ។ មក​ថ្នាក់​រៀន​ដោយ​មាន​អារម្មណ៍​ស្រែកឃ្លាន​នូវ​ចំណេះដឹង ។ ចូរ​មក​ដូចជា​កូន​តូច ដែល​មាន​ចិត្ត​ចង់​រៀនសូត្រ​ជានិច្ច ។ ចូរ​រៀបចំ​ខ្លួន​ដើម្បី​ចូលរួម ប្រយោជន៍​ឲ្យ​អ្នក​អាច​បង្រៀន​គ្នា​ទៅវិញទៅមក ។ ហើយ​យើង​មក​រៀន​ដោយ​មាន​សំណួរ ។ មួយ​ទៀត​យុវជន​អើយ ការសិក្សា​ព្រះគម្ពីរ ឬ ប្រហែល​ជា​យោបល់​របស់​គ្រូ​បង្រៀន​អាច​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​បាន ។

ការណែនាំ​ដ៏​ល្អបំផុត​អំឡុង​ពេល​រៀន ឬ ការប្រជុំ​នានា​នៅក្នុង​សាសនាចក្រ​កើត​មាន​ឡើង នៅពេល​អ្នក​រៀបចំ​ខ្លួន ហើយ​អ្នក​ទទួល​ការបំផុស​គំនិត​ខាង​វិញ្ញាណ​ដែល​កើត​ឡើង​ជា​គំនិត ។ ចូរ​សរសេរ​គំនិត​ទាំងនោះ​ទុក ហើយ​ក្រោយ​មក​អនុវត្ត​វា ។ ចូរ​រកមើល​យោបល់​នានា​ពី​ព្រះគម្ពីរ ឬ សុន្ទរកថា​សន្និសីទ​ទូទៅ ឬ អត្ថបទ​នានា​មក​ពី​ទស្សនាវដ្តី​សាសនាចក្រ​ឲ្យ​កាន់តែ​ច្រើន​ឡើង ។ ចូរ​ពិចារណា​អំពី​យោបល់​ទាំងនោះ​នៅក្នុង​គំនិត និង ដួងចិត្ត​របស់​អ្នក ហើយ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បម្រើ ដោយសារ​នៅពេល​ណា​អ្នក​មាន​សេចក្តីពិត​ទាំង​នេះ​នៅក្នុង​ខ្លួន​អ្នក នោះ​ព្រះអម្ចាស់​នឹង​ប្រើអ្នក​ឲ្យ​ជួយ​អ្នក​ដទៃ ។

ក្រោយមក កាល​ខ្ញុំ​បម្រើ​ជា​ប្រធាន​បេសកកម្ម​ជាមួយ​ភរិយា​របស់​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា​ថ្នាក់​សិក្ខាសាលា​គឺ​ជា​កន្លែង​រៀបចំ​ខ្លួន​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ អស់​ពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​ឃើញ​ព្រះចេស្តា​ដ៏​មហិមា​នៃ​ដំណឹង​ល្អ​ប្រទាន​ពរ​ដល់​សិស្ស​ដែល​ស្មោះត្រង់​ចូលរៀន​ថ្នាក់​សិក្ខាសាលា ។ ពួកគេ​បាន​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​ទាំងនោះ នៅក្នុង​ឧបសគ្គ​ធំៗ​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ​នានា សូម្បី​តែ​ជា​ការត្រឡប់​មក​កាន់​ព្រះវិហារ​វិញ​បន្ទាប់​ពី​មិន​សូវ​សកម្ម​មួយ​រយៈ ។

ប្អូនៗ​ទាំងអស់​គ្នា​សំខាន់​ណាស់​ចំពោះ​ព្រះអម្ចាស់ ។ ប្អូនៗ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ។ កិច្ចការ​របស់​ពួកយុវវ័យ​គឺ​ត្រូវរៀបចំ​ខ្លួន​ធ្វើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បន្ទាប់​មក​ធ្វើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ឥឡូវ​នេះ​អ្នក​ត្រូវតែ​យល់​ថា នៅពេល​អ្នក​បន្ត​ធ្វើ​កិច្ចការ​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​នៅពេល​អ្នក​បន្ត​រៀបចំ​ខ្លួន ការណ៍​នេះ​នឹង​ជំរុញ ព្រមទាំង​នាំ​ឲ្យ​អ្នក​មាន​ការរីកចម្រើន​នា​ពេល​អនាគត ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះអម្ចាស់ ។ អ្នក​ពុំ​ត្រូវការ​ស្លាក​ឈ្មោះ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នោះ​ឡើយ ដោយសារ​អ្នក​ពាក់​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​ចារ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ដោយសារ​សេចក្តីសញ្ញា​របស់​អ្នក ។

រូបភាព
friends

ការណ៍​នេះ​ក៏​ពិត​ចំពោះ​កិច្ចការ​ពង្សប្រវត្តិ និងកិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ឧទាហរណ៍ នៅក្នុង​តំបន់ ការីប៊ៀន ជា​កន្លែង​ដែល​ខ្ញុំ​បម្រើ ស្តេក​ជាច្រើន​ប្រើ​ពួកយុវវ័យ​ឲ្យ​ធ្វើ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ខាង​ពង្សប្រវត្តិ បាន​ធ្វើ​ឲ្យ​មាន​សមាជិក​ដែល​ស្វែងរក​ឈ្មោះ​សម្រាប់​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​នោះ​កើន​ចំនួន​ឡើង ។ នៅក្នុង​ស្តេក​មួយ​មាន​ពួកយុវវ័យ ២០ នាក់​ដែល​ត្រូវបាន​ហៅ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ខាង​ពង្សប្រវត្តិ រយៈពេល​មួយ​ឆ្នាំ​ពីមុន​ពួកគេ​មាន​អាយុ​គ្រប់​ទៅ​បេសកកម្ម ។ នៅពេល​ពួកគេ​សួរសុខទុក្ខ​សមាជិក​នៅតាម​ផ្ទះ​របស់​ពួកគេ ដើម្បី​បង្ហាញ​សមាជិក​ពី​របៀប​ធ្វើ​ពង្សប្រវត្តិ​របស់​ខ្លួន នោះ​ពួកគេ​និយាយ​ជាមួយ​មនុស្ស​នៅ​តាមផ្លូវ ហើយ​ប្រាប់​ពួកគេ​អំពី​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ ។ នោះ​គឺ​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ហើយ !

ខ្ញុំ​សង្ឃឹម​ថា​នៅពេល​ពួកគេ​បម្រើ​បេសកកម្ម នោះពួកគេ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​រួច​ស្រេច​ក្នុង​របៀប​មួយ​ដ៏​មាន​ព្រះចេស្តា — ពោរពេញ​ដោយ​សេចក្តីសង្ឃឹម​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ប៉ុន្តែ​ប្រសិន​បើ​គ្មាន​ទេ នោះ​ពួកគេ​នឹង​មាន​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់មក​នៅពេល​ពួកគេ​ចូល​ទៅ​ក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​ប្រាប់​ខ្ញុំ​ថា « ខ្ញុំ​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្លាំង​នៅ​ទីនេះ ជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ជីវិត​របស់​ខ្ញុំ » ។ ពួកគេ​គួរតែ​ទទួល​អារម្មណ៍​នៃ​ព្រះចេស្តា​របស់​ទ្រង់​ដ៏​ខ្លាំង​នេះ​តាំងតែ​ពីមុន​មក​ម៉្លេះ ។

ព្រះអម្ចាស់​ស្រឡាញ់​ប្អូនៗ ។ ទស្សនវិស័យ​របស់​ទ្រង់​គឺ​ថា អ្នក​គឺ​ជា​អ្នក​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ព្រះវិហារ​បរិសុទ្ធ និង កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ប្អូនៗ​ទាំង​អស់​គ្នា​មាន​ជំនាញ និង ចំណេះ​ដឹង ។ នៅពេល​ប្អូនៗ​រៀបចំ​ខ្លួន​បាន​ល្អ នោះ​ប្អូនៗ​អាច​ធ្វើ​កិច្ចការ​នេះ ។ វា​នឹង​ប្រទានពរ ព្រមទាំង​ផ្លាស់ប្តូរ​ជីវិត​របស់​ប្អូន ។