២០១៦
សូម​អរគុណ​ចំពោះ​ការណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ដំណឹង​ល្អ
July 2016


សូម​អរគុណ​ចំពោះ​ការណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​ដំណឹង​ល្អ

ស្កត់ អេឌហ្គា រដ្ឋ យូថាហ៍ ស.រ.អា.

រូបភាព
man-talking-on-the-phone

រូបគំនូរ​ដោយ ស្ទេន ហ្វែឡូ

កាល​ពី​ដើម​ទស្សវត្សរ៍​ឆ្នាំ ១៩៨០ គ្រួសារ​របស់​ខ្ញុំ​បាន​រស់នៅ​ក្នុង​ប្រទេស អាល្លឺម៉ង់ ភាគ​ខាង​លិច ហើយ​យើង​គឺ​ជា​សមាជិក​នៅ​ស្តេក​ទាហាន​ខាយសើរស្លោធើន អាល្លឺម៉ង់ ។ នៅគ្រា​នោះ ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​របស់​យើង​បានសង្កត់​ធ្ងន់​លើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ពួកលោក​បាន​ប្រាប់​យើង​ថា​នៅក្នុង​រង្វង់​មិត្តភក្តិ​របស់​យើង ព្រះអម្ចាស់​បាន​ដាក់​កូន​វិញ្ញាណ​ជម្រើស​របស់​ទ្រង់​មួយ​ចំនួន ដែល​ស្វែងរក​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ភរិយា​ខ្ញុំ ជេនី និង រូប​ខ្ញុំ​បាន​ជឿ​ថា​នោះ​គឺ​ជា​ការពិត ។ ថ្នាក់​ដឹកនាំ​របស់​យើង​បាន​លើក​ទឹកចិត្ត​យើង​ម្នាក់ៗ ឲ្យ​កត់សម្គាល់​ពី​មិត្តភក្តិ​មិនមែន​ជា​សមាជិក ដែល​យើង​គិត​ថា​ចាប់អារម្មណ៍​ស្តាប់​ដំណឹង​ល្អ ។ យើង​បាន​ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស​ប្រហែល ១០ នាក់ ហើយ​បន្ទាប់មក​បាន​តមអាហារ និង អធិស្ឋាន​អំពី​បញ្ជី​ឈ្មោះ​របស់​មិត្តភក្តិ​យើង ហើយ​បាន​សម្រេចចិត្ត​ថា​អ្នកណា​ដែល​យើង​ទៅជួប​មុន​គេ ។ យើង​បាន​សម្រេចចិត្ត​ទាក់ទង​បុរស​ពីរ​នាក់​ដែល​ជា​សហការី​នៅក្នុង​ការិយាល័យ​របស់​ខ្ញុំ ។ ដំបូង​ខ្ញុំ​បាន​និយាយ​ជាមួយ​យុវមជ្ឈិមវ័យ​ម្នាក់​ឈ្មោះ គ្រីស្ទ ប៉ុន្តែ​គេ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​តិចតួច​នៅ​ពេល​នោះ ។ ក្រោយ​មក​យើង​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​ទៅ​ជួប ប្រ៊ូស ហាំប៊ី ជា​មនុស្ស​ម្នាក់​ដែល​ល្អ និង មាន​ចិត្ត​សប្បុរស​ដែល​ទើប​តែ​មាន​គ្រួសារ​ថ្មោងថ្មី ។

ប៉ុន្តែ​បួន​ប្រាំ​ថ្ងៃ​បាន​កន្លង​ផុត​ទៅ ខ្ញុំ​បាន​ឃើញ​ថា​ខ្ញុំ​ភ័យ​ខ្លាច​ក្នុង​ចិត្ត​ពុំ​ហ៊ាន​និយាយ​ដំណឹង​ល្អ​ប្រាប់​គាត់​ឡើយ ។ ទីបំផុត នៅ​ថ្ងៃ​មួយ ជេនី បាន​ទូរសព្ទ​មក​ខ្ញុំ​ពេល​ខ្ញុំ​នៅ​ការិយាល័យ ហើយ​បាន​សួរ​ខ្ញុំ​ថា « តើ​បង​បាន​និយាយ​ជាមួយ ប្រ៊ូស ហើយ​ឬ​នៅ ? » ខ្ញុំ​បាន​និយាយ​ថា « ទេ បង មិន​ទាន់​បាន​និយាយ​ជាមួយ​គេ​នៅ​ឡើយ​ទេ ប៉ុន្តែ​បង​នឹង​និយាយ​ជាមួយ​គេ​ឆាប់ៗ​នេះ » ។ ក្រោយមក​នាង​បាន​សួរ​ថា តើ​ប្រ៊ូស នៅក្នុង​ការិយាល័យ​ទេ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​បាន​និយាយ​ថា បាទ គាត់​នៅ ។ នៅ​ពេល​នោះ​នាង​បាន​និយាយ​ថា « ស្តត សូម​ដាក់​ទូរសព្ទ​ចុះ ។ អូន​នឹង​នៅ​ចាំ ពេល​បង​និយាយ​ជាមួយ​គាត់ ! »

ខ្ញុំ​បាន​ដាក់​ទូរសព្ទ​ចុះ ហើយ​បាន​ដើរ​ទៅ​រក ប្រ៊ូស ទាំង​ភ័យ​ក្នុង​ចិត្ត ហើយ​សួរ​ថា « ប្រ៊ូស តើ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មែន​ទេ ?» គាត់​បាន​និយាយ​ថា បាទ​ខ្ញុំ​ដឹង ហើយ​ខ្ញុំ​បាន​និយាយ​ថា « តើ​អ្នក​ចាប់​អារម្មណ៍​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ​នេះ​ឬ​ទេ ? » គាត់​បាន​ឆ្លើយ​ថា « បាទ​ខ្ញុំ​ចង់​រៀន » ។

រំលង​ជា​ពីរបី​សប្តាហ៍​ក្រោយ​មក ប្រ៊ូស ភរិយា​របស់​គាត់ អ៊ីឡា និង កូនស្រី​របស់​ពួកគេ ថានយ៉ា បាន​មក​ផ្ទះ​របស់​យើង​បរិភោគ​អាហារ​ពេល​ល្ងាច ហើយ​បាន​ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​បាន​រៀន​មេរៀន ចូលរួម​ការប្រជុំ​សាសនាចក្រ​ជាមួយ​យើង បាន​ទទួល​ដំណឹង​ល្អ ហើយ​បាន​ជ្រមុជទឹក ។ វា​គឺ​ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស និង រីករាយ​បំផុត ។ ប្រ៊ូស មាន​អំណរគុណ​ដែល​យើង​បាន​ណែនាំ​គ្រួសារ​របស់​គាត់​ឲ្យ​ស្គាល់​ដំណឹង​ល្អ ។ សូម្បី​តែ គ្រីស្ទ ជា​យុវវជន​នៅក្នុង​ការិយាល័យ​របស់​យើង​បាន​ចូលរួម​បុណ្យ​ជ្រមុជទឹក ហើយ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ក្រោយ​មក ប្រ៊ូស និង អ៊ីឡា បាន​ទៅ​ជួប គ្រីស្ទ​ប្រាប់​អំពី​ដំណឹង​ល្អ ។ ដោយ​ការរាប់អាន​របស់​ពួកគេ នោះ​គ្រីស្ទ​បាន​រៀន​ដំណឹង​ល្អ​ពី​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ចូលរួម​សាសាចក្រ​ផងដែរ ។