២០១៦
ការ​យល់​ចិត្ត​យុវវ័យ​ដែល​អ្នក​បង្រៀន
July 2016


ការបង្រៀនតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ

ការ​យល់​ចិត្ត យុវវ័យ​ដែល​អ្នក​បង្រៀន

ការខិតខំ​រៀន​ពី​យុវវ័យ​ដែល​អ្នក​បង្រៀន​អាច​ចាក់​សោបើក​ទ្វារ​ឆ្ពោះ​ទៅរក​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។

រូបភាព
teacher-with-youth

សមាជិក​វ័យក្មេង​ជាច្រើន​មាន​ការរំភើប និង ចិត្តស្វាហាប់ ដែលអាចធ្វើឲ្យការ​បង្រៀន និង ការប្រឹក្សា​ដល់​ពួកគេ​ជាទី​រីករាយ​ចិត្ត ។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ក៏​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​នានា​នៅពេល​ពួកគេ​ធំឡើង និង មាន​ភាព​ចាស់ទុំ​ — គឺ​អ្វីៗ​គ្រប់យ៉ាង​មក​ពីការ​សម្របសម្រួល​ទៅរក​ការផ្លាស់ប្តូរ​រាងកាយ​របស់​ពួកគេ ភាព​តានតឹង​ចិត្ត​នៅ​ឯ​សាលា​រៀន ការគាបសង្កត់​នៃ​វប្បធម៌​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​ពួកគេ​កុំ​ឲ្យ​រស់នៅ​តាម​ដំណឹង​ល្អ ។ យុវវ័យ​ត្រូវការ​គ្រូបង្រៀន​ដែល​យល់​ចិត្ត​ពួកគេ ហើយ​ខ្វាយខ្វល់​ពី​ពួកគេ ។ ពួកគេ​ត្រូវការ​អ្នក​ប្រឹក្សា​ដែល​ជំរុញ​ឲ្យ​មាន​បរិយាកាស​សុវត្ថិភាព​មួយ​សម្រាប់​ពួកគេ ដើម្បី​រៀន និង អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​បាន​រៀន ។

នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​អាច​ជា​ប្រយោជន៍​ដើម្បី​ដឹង​អំពី​យុវវ័យ នៅពេល​អ្នក​ដាក់​ផែនការ រៀបចំ និង បង្រៀន​ពួកគេ​តាម​របៀប​របស់​ព្រះអម្ចាស់ ៖

១. យុវវ័យ​មាន​ចិត្ត​ចង់ ហើយ​ត្រូវការ​រៀន​គោលលទ្ធិ ។ នៅក្នុង​ពិភពលោក​ដែល​ងាក​ចេញ​បន្តិច​ម្តងៗ​ពី​បទដ្ឋាន​នៃ​ដំណឹង​ល្អ​នេះ យុវវ័យ​កំពុង​ស្រែកឃ្លាន​នូវ​សេចក្តីពិត​អស់កល្ប​ជានិច្ច ។ ពួកគេ​ចង់​រៀន​ពី « រឿង​ទាំង​ឡាយ តាម​ដែល​មាន​នៅ​ពេល​នេះ ហើយ​អំពី​រឿង​ទាំង​ឡាយ​តាម​ដែល​មាន​នៅ​ពេល​ខាង​មុខ » ( យ៉ាកុប ៤:១៣ ) ។ រឿង​ទាំង​នោះ​គឺ​មាន​នៅក្នុង​គោលលទ្ធិ​នៃ​ដំណឹង​ល្អ ។ នៅពេល​អ្នក​បង្រៀន សូម​ផ្តោត​ទៅលើ​គោលលទ្ធិ​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ការបង្រៀន​របស់​ពួកព្យាការី និង​ពួក​សាវក​នៅរស់ ព្រមទាំង​ឯកសារ​ជា​ផ្លូវការ​ដទៃ​ផ្សេង​ទៀត​របស់​សាសនាចក្រ ។ សូម​លើក​ទឹកចិត្ត​យុវវ័យ​ឲ្យ​សិក្សា​ធនធាន​ទាំង​នេះ​ដោយ​ខ្លួន​ឯង ។ គោលលទ្ធិ​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំងក្លា ( សូមមើល អាលម៉ា ៣១:៥ ) ។

២. យុវវ័យ​កំពុង​ស្ថាបនា​អត្តសញ្ញាណ​របស់​ខ្លួន ។ ពួកគេ​កំពុង​តែ​ស្វែងយល់​ថា​ពួកគេ​គឺ​ជា​នរណា ហើយ​ថា​ពួកគេ​ចង់​ប្រែក្លាយ​ទៅ​ជា​នរណា ។ នៅពេល​ពួកគេ​រៀបចំ​ខ្លួន​សម្រាប់​តួនាទី​នាពេល​អនាគត នោះពួកគេ​អាច​ងឿងឆ្ងល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ផែនការ​សម្រាប់​ពួកគេ ហើយ​ថាតើ​ពួកគេ​អាច​នឹង​ធ្វើ​នូវ​កិច្ចការ​ទាំងអស់​ដែល​បាន​រពឹងទុក​ពី​ពួកគេ​ដែរ​ឬ​ទេ ។ ក្នុង​នាម​ជា​ឪពុកម្តាយ ឬ គ្រូបង្រៀន អ្នក​អាច​បំផុស​ឲ្យ​មាន​ទំនុកចិត្ត​អំពី​អនាគត និង ផ្តល់​ការណែនាំ​ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​វា ។ ជួយ​ពួកគេ​ឲ្យ​កាន់តែ​ខិតជិត​ព្រះ ហើយ​ស្ថាបនា​ជីវិត​របស់​ពួកគេ​លើ​បទដ្ឋាន​នៃ​ដំណឹង​ល្អ ។ បង្រៀន​ពួកគេ​ពី​សារៈ​សំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ និង​តួនាទី​របស់​ពួកគេ​ក្នុង​ការស្ថាបនា​នគរ​ព្រះ ។

៣. យុវវ័យ​ដឹង​នៅពេល​អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ ។ ដើម្បី​ឲ្យ​យុវវ័យ​ពិតជា​ចុះ​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​ការរៀនសូត្រ​ដំណឹង​ល្អ នោះពួកគេ​ត្រូវតែ​ដឹង​ថា​អ្នក​ស្រឡាញ់​ពួកគេ ហើយ​អ្នក​ចាប់​អារម្មណ៍​ពី​ពួកគេ​ម្នាក់ៗ ។ ស្តាប់​ពួកគេ ។ រកមើល​លក្ខណៈ​វិជ្ជមាន​ដែល​ពួកគេ​មាន ហើយ​ស្ថាបនា​ពួកគេ​ចេញ​ពី​ចំណុច​នោះ​មក ។ បង្ហាញ​ទំនុក​ចិត្ត​របស់​អ្នក​លើ​ពួកគេ ហើយ​ផ្តល់​ការធានាអះអាង​ថា​ពួកគេ​មាន​តម្លៃ និង មាន​គេ​ត្រូវការ ។

៤. យុវវ័យ​មាន​ចំណាប់​អារម្មណ៍​ជាច្រើន ។ យុវវ័យ​ម្នាក់ៗ​មាន​នូវ​លក្ខណៈ​ពិសេស​រៀងៗខ្លួន ។ ព្យាយាម​ស្គាល់​ពី​ចំណាប់​អារម្មណ៍ តម្រូវការ និង ឧបសគ្គ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ចំណុច​នេះ​អាច​តម្រូវ​ឲ្យ​ជួយ​ដល់​ពួកគេ លើស​ពី​កាលវិភាគ​ប្រជុំ ថ្នាក់​រៀន និង សកម្មភាព​ទៀងទាត់​នានា​ទៅ​ទៀត ។ តាមរយៈ​ការព្យាយាម​ស្គាល់​ពួកគេ នោះ​អ្នក​អាច​ទទួល​បាន​ការយល់​ដឹង និង បំផុស​គំនិត​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​តម្រូវការ​របស់​ពួកគេ ដែល​អាច​ជះឥទ្ធិពល​លើ​របៀប​ដែល​អ្នក​បង្រៀន​ពួកគេ ។ នៅពេល​យុវវ័យ​ដឹង​ពី​ចំណាប់​អារម្មណ៍​ដ៏​ស្មោះសរ​របស់​អ្នក​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ដួងចិត្ត​របស់​ពួកគេ​នឹង​បើក​ទទួល​យក​ការបង្រៀន និង ទីបន្ទាល់​របស់​អ្នក ។

៥. យុវវ័យ​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​របស់​ខ្លួន ។ អ្នក​រៀន​គ្រប់​វ័យ​ទាំងអស់​រីករាយ​នឹង​ស្វែងយល់​ពី​ចំណេះដឹង​នៃ​ដំណឹង​ល្អ ប៉ុន្តែ​វា​សំខាន់​ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ជំទង់ នៅពេល​ពួកគេ​អភិវឌ្ឍ​គុណតម្លៃ និង ជំនឿ​របស់​ពួកគេ ។ មេរៀន​ដំណឹង​ល្អ​ដែល​មាន​ឥទ្ធិពល​យូរ​អង្វែង នៅពេល​ពួកគេ​រៀន​ដោយ​ខ្លួន​ឯងផ្ទាល់ — ហើយ​រស់នៅ​តាម​មេរៀន​នោះ ។ ជំនួស​ឲ្យ​ការផ្តល់​ចម្លើយ​ដល់​យុវវ័យ អ្នក​អាច​ប្រើ​វិធីសាស្ត្រ​បង្រៀន ដែល​អញ្ជើញ និង បំផុស​គំនិត​ពួកគេ​ឲ្យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន ។ ការណ៍​នេះ​នឹង​នាំ​ទៅរក​ការផ្លាស់ប្រែចិត្តជឿ​កាន់តែ​ជ្រាលជ្រៅ — ដែល​ជា​គោលដៅ​ចម្បង​បំផុត​នៃ​ការណែនាំ​ទាំងអស់​នៃ​ដំណឹង​ល្អ ។

៦. យុវវ័យ​អាច​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក ។ យុវវ័យ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការផ្តល់​យោបល់​អំពី​អ្វី​ដែល​បាន​បង្រៀន ហើយ​រំភើប​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង ។ តាមរយៈ​គំរូ និង ការណែនាំ​របស់​អ្នក នោះ​អ្នក​អាច​ជួយ​ពួកគេ​រៀន​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ដោយ​មាន​ការណែនាំ​ពី​អ្នក នោះ​ពួកគេ​អាច​ចាប់ផ្តើម​ដោយ​ការបង្រៀន​ផ្នែក​ណា​មួយ​នៃ​មេរៀន ឬ ដឹកនាំ​ការពិភាក្សា​ខ្លីៗ ។ នៅពេល​ពួកគេ​ទទួល​បទពិសោធន៍ ហើយ​មាន​ទំនុក​ចិត្ត នោះពួកគេ​អាច​មាន​ឱកាស​យូរៗ​ម្តង​បង្រៀន​មេរៀន​ទាំង​មូល ។ នៅពេល​យុវវ័យ​រៀន​ពី​គ្នា​ទៅវិញ​ទៅមក នោះ​ពួកគេ​ជួយ​ពង្រឹង​គ្នា​ទៅវិញ​ទៅមក​ទប់ទល់​នឹង​សម្ពាធ​ពី​អស់​អ្នក​ដែល​ពុំ​មាន​គុណតម្លៃ​ដូច​ពួកគេ ។

៧. យុវវ័យ​កំពុង​រៀន​ពី​ភាព​ជា​អ្នក​ដឹកនាំ ។ គណៈប្រធាន​ថ្នាក់ និង គណៈប្រធាន​កូរ៉ុម​មាន​ការហៅបម្រើ​ដ៏​ពិសិដ្ឋ​ដើម្បី​ដឹកនាំ​ក្រុម​របស់​ខ្លួន​ដែល​មាន​អាយុ​ស្របាល​គ្នា ។ ប៉ុន្តែ ទោះបី​ជា​ពួកគេ​មាន​បទពិសោធន៍​នៃ​ភាព​ជាអ្នក​ដឹកនាំ​ក្តី ពួកគេ​នៅតែ​ត្រូវការ​ការណែនាំ​ពី​អ្នក​ស្តី​អំពី​របៀប​ដើម្បី​ដឹកនាំ​ការប្រជុំ ជួយ​អ្នក​ដទៃ​ឲ្យ​រៀន និង បម្រើ ។ ឱកាស​នៃ​ភាពជា​អ្នក​ដឹកនាំ​ផ្សេងៗ​ទៀត​អាច​កើត​មាន​នៅក្នុង​គេហដ្ឋាន នៅពេល​យុវវ័យ​ត្រូវបាន​ផ្តល់​ឲ្យ​នូវ​ការទទួលខុសត្រូវ​នានា​ដ៏​មាន​ន័យ ។

៨. យុវវ័យ​រៀន​ពី​ឪពុក​ម្តាយ និង មនុស្ស​ពេញ​វ័យ​ដ៏​គំរូ​ផ្សេងៗ​ទៀត ។ ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន គឺ​ត្រូវ​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​យុវវ័យ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ និង ឪពុក​ម្ដាយ​របស់​ពួកគេ ។ អ្នក​អាច​ជួយ​យុវវ័យ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន​របស់​ពួកគេ ប៉ុន្តែ​សំណួរ​មួយ​ចំនួន​របស់​ពួកគេ​នឹង​មាន​ចម្លើយ​កាន់តែ​ប្រសើរ ប្រសិនបើ​ឪពុក​ម្តាយ ឬ ថ្នាក់​ដឹកនាំ​របស់​ពួកគេ​ជា​អ្នក​ឆ្លើយ ។ សូម​ដឹកនាំ​តម្រែតម្រង់​យុវវ័យ​ឲ្យ​ទៅរក​ឪពុក​ម្ដាយ​របស់​ពួកគេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ពង្រឹង​ចំណងមិត្តភាព​ក្រុមគ្រួសារ ។ សូម​និយាយ​ជាមួយ​ឪពុកម្តាយ​ឲ្យ​បាន​ទៀងទាត់ អំពី​អ្វី​ដែល​អ្នក​កំពុង​សិក្សា​នៅក្នុង​ថ្នាក់ ហើយ​ចែកចាយ​ទេពកោសល្យ ការ​រីកចម្រើន និង ការរួម​ចំណែក​ជា​វិជ្ជមាន​ដែល​អ្នក​សង្កេត​ឃើញ​នៅ​ក្នុង​កូនប្រុស​ស្រី​របស់​ពួកគេ ។ សូម​សួរ​ពួកគេ​ពី​អ្វី ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួកគេ នៅពេល​ដែល​ពួកគេ​បង្រៀន​កូនៗ​របស់​ខ្លួន ។

ការជួយ​យុវវ័យ​ឲ្យ​ប្រែចិត្ត​ជឿ ត្រូវការ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ពី​ឪពុកម្ដាយ អ្នកដឹកនាំ អ្នកប្រឹក្សា​យោបល់ និង គ្រូបង្រៀន រួមទាំង​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា​ផងដែរ ។ ពេល​អ្នក​ធ្វើការ​ជាមួយ​គ្នា នោះ​អ្នក​អាច​បង្កើត​បទពិសោធន៍​នៃ​ការរៀនសូត្រ​ឲ្យ​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង សម្រាប់​យុវវ័យ​ជាង​អ្នក​ធ្វើ​វា​តែ​ឯកឯង ។