២០១៦
« មើល​ន៎​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា » ៖ ការរៀន​បង្រៀន​កុមារ
July 2016


ការបង្រៀនតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ

« មើល​ន៎​កូន​តូចៗ​របស់​អ្នក​រាល់​គ្នា » ៖ ការរៀន​បង្រៀន​កុមារ

« [ ព្រះយេស៊ូវ ] បាន​យក​កូន​ក្មេង​របស់​ពួកគេ ម្តង​ម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួកគេ ។ … ហើយ​ទ្រង់​មាន​បន្ទូល​ទៅ​ហ្វូង​មនុស្ស​ថា មើល​ន៏ ! កូន​តូចៗ​របស់​អ្នក​រាល់​គ្នា » ( នីហ្វៃទី ៣ ១៧:២១, ២៣ ) ។

ប្រសិនបើ​អ្នក​ជា​ឪពុក​ម្តាយ ឬ ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​កុមារ នោះ​អ្នក​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​អំណោយ​ទាន​ដ៏​មហិមា​មួយ ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « [ អ្នក ] គឺ​ជា​មនុស្ស​ម្នាក់​ដែល​ព្រះ​តែងតាំង​ឲ្យ​ឱបក្រសោប​ដល់​កុមារ​តូចៗ នា​សព្វថ្ងៃ​នេះ​ដោយ​ក្តី​ស្រឡាញ់ និង​ដោយ​ភ្លើង​នៃ​សេចក្តី​ជំនឿ និង​ការយល់​ដឹង​អំពី​អត្តសញ្ញាណ​ថា ពួកគេ​ជា​នរណា » ។

កុមារ​នឹង​នាំ​មក​នូវ​ក្តី​អំណរ ហើយ​បំផុស​គំនិត​អ្នក​ឲ្យ​ធ្វើ​ជា​គំរូល្អ ។ នៅពេល​ដែល​អ្នក​ទទួល​ស្គាល់​ភាព​ស្មោះត្រង់ សេចក្ដី​ស្រឡាញ់ ការ​ជឿ​ទុកចិត្ត និង​សេចក្ដី​សង្ឃឹម​របស់​កុមារ នោះ​អ្នក​នឹង​ខិត​កាន់​តែ​ជិត​ព្រះអម្ចាស់ និង​យល់​កាន់​តែ​ច្បាស់​ពី​ព្រះបញ្ញត្តិ​របស់​ទ្រង់ ដើម្បី « ត្រឡប់​ដូច​ជា​កូន​តូច » ( ម៉ាថាយ ១៨:៣ ) ។

នេះ​ជា​ចំណុច​ទាំង​ប្រាំបី​ដែល​ត្រូវ​ចងចាំ​អំពី​កុមារ នៅពេល​អ្នក​ព្យាយាម​ស្រឡាញ់ និង បង្រៀន​ពួកគេ​តាម​របៀប​របស់​ព្រះសង្គ្រោះ​ធ្វើ ។

១. កុមារ​មាន​តែ​ជំនឿ ។ ពួកគេ​ងាយ​ទទួល​យក​សេចក្ដី​ពិត ។ សូម​បង្រៀន​ពួកគេ​នូវ​គោលលទ្ធិ​ត្រឹមត្រូវ​ដែល​សាមញ្ញ និង​ឲ្យ​ច្បាស់ៗ ដោយ​ប្រើ​ភាសា និង​ឧទាហរណ៍​ដែល​ពួកគេ​អាច​យល់​បាន ។

២. កុមារ​អាច​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​ពួកគេ​ថា អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង ក្តី​អំណរ​ដែល​ពួកគេ​មាន​នៅ​ពេលដែល​ពួកគេ​និយាយ ឬ​ច្រៀង​ពី​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ កើត​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា អារម្មណ៍​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ទីបន្ទាល់ ។

៣. កុមារ​យល់​ពី​ការនិយាយ​ត្រង់ៗ ។ ការប្រៀបធៀប​ស្មុគស្មាញ​អាច​ធ្វើ​ឲ្យ​ពួកគេ​ភាន់ច្រឡំ ។ ពេល​អ្នក​បង្រៀន សូម​និយាយ​ពី​ព្រឹត្តិការណ៍ និង សកម្មភាព​នានា​ដែល​ពួកគេ​ធ្លាប់​ស្គាល់​ដូចជា ៖ គេហដ្ឋាន ក្រុមគ្រួសារ និង​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​ពួកគេ ។

៤. កុមារ​មាន​ចិត្ត​ចង់​រៀន​ជា​ខ្លាំង ។ ពួកគេ​ចូលចិត្ត​ការរៀនសូត្រ​តាមរយៈ​បទពិសោធន៍​ផ្សេងៗ និង ការយល់ដឹង​ជាច្រើន ។ ពួកគេ​ឆ្លើយ​តប​បាន​យ៉ាង​ល្អ និង សកម្ម​ក្នុង​មេរៀន​នៅពេល​ប្រើ​រូបភាព ។ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​បញ្ចេញ​ចលនា រុករក និង​សាកល្បង​អ្វី​ថ្មីៗ ។

៥. កុមារ​មាន​ចិត្ត​ចង់​ចែកចាយ និង ជួយ​ជា​ខ្លាំង ។ ពួកគេ​មាន​អ្វីៗ​ជាច្រើន​ដែល​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅមក និង បង្រៀន​អ្នក​ផងដែរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​អាន​ព្រះគម្ពីរ កាន់​រូបភាព ឆ្លើយ​សំណួរ ឬ សរសេរ​អក្សរ​លើ​ក្តារខៀន ។

៦. កុមារ​មាន​ក្ដី​ស្រឡាញ់ ហើយ​ចង់​បាន​ក្ដី​ស្រឡាញ់ ។ សូម​រកមើល​ឱកាស​ដើម្បី​ជំរុញ​ឲ្យ​មាន​អាកប្បកិរិយា​នៃ​ក្តី​សប្បុរស និង​គួរ​ឲ្យ​ស្រឡាញ់ ដែល​កើត​ឡើង​ពី​ធម្មជាតិ​ចំពោះ​ពួកគេ ។ សូម​កសាង​ទំនុកចិត្ត​របស់​ពួកគេ ដោយ​ការ​បង្ហាញ​ក្តីស្រឡាញ់ និង អំណរគុណ​របស់​អ្នក ព្រមទាំង​ស្តាប់​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​ពួកគេ​និយាយ ។

៧. កុមារ​ធ្វើតាម​គំរូ​របស់​អ្នក ។ អ្នក​កំពុងតែ​បង្រៀន​ជានិច្ច ទោះ​ជា​ពេល​ដែល​អ្នក​មិន​ដឹង​ខ្លួន​ក៏​ដោយ ។ កុមារ​នឹង​កត់សម្គាល់​ពី​របៀប​ដែល​អ្នក​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​ដែល​អ្នក​បង្រៀន ។ គំរូ​ដ៏​សុចរិត​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការរីកចម្រើន​ឡើង​នៃ​ទីបន្ទាល់​របស់​ពួកគេ ។

៨. កុមារ​តូចៗ​មាន​ពេល​យក​ចិត្ត​ទុក​ដាក់​ខ្លី ។ អាកប្បកិរិយា​ដែល​មិន​យកចិត្ត​ទុកដាក់​អាច​មាន​ន័យ​ថា ពួកគេ​នឿយហត់ ឬ​ឃ្លាន ឬ​ពួកគេ​មិន​យល់​ពី​អ្វី​ដែល​អ្នក​បាន​និយាយ ឬ​ថា​ពួកគេ​ត្រូវ​ការ​រត់លេង ឬ​ក៏​ពួកគេ​មាន​ការ​ធុញ​ទ្រាន់ ។ ពួកគេ​ចូលចិត្ត​ការ​រៀនសូត្រ​តាមរយៈ ការ​ថា​ឡើងវិញ​ច្រំដែលៗ វិធីសាស្ត្រ​ខុសៗគ្នា រឿង​និទាន​ងាយៗ បទចម្រៀង និង​សកម្មភាព​នានា ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​ក្នុង​មេរៀន ។

រូបភាព
little-girl-with-president-monson-quote

កំណត់​ចំណាំ

  1. អិម រ័សុល បាឡឺដ « Great Shall Be the Peace of Thy Children » Ensign, ខែ មេសា ឆ្នាំ ១៩៩៤ ទំព័រ ៦០ ។